គ្រូបង្រៀនម្នាក់នៅវិទ្យាល័យ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចោទមេឃុំ និងអាជ្ញាធរពាក់ព័ន្ធ ថាបានរំលោភយកដីពលរដ្ឋ ហើយថែមទាំងធ្វើទុក្ខបុកម្នេញគាត់ដែលជាតំណាងពលរដ្ឋ និងជាគ្រូបង្រៀនក្រីក្រទៀត ប៉ុន្តែអាជ្ញាធរបដិសេធចំពោះការចោទប្រកាន់នេះ។
គ្រូបង្រៀនមួយរូប និងជាតំណាងពលរដ្ឋចំនួន ២១គ្រួសារដែលមានជម្លោះដីធ្លីជាមួយរដ្ឋបាលព្រៃឈើ គឺលោក សោម សារាវុត។ លោកឲ្យដឹងនៅថ្ងៃទី១១ ខែមករា ថា ស្ថាប័នអប់រំបានបញ្ឈប់តួនាទីគាត់ជាគ្រូបង្រៀន ចំណែកអាជ្ញាធរមូលដ្ឋានវិញមិនឲ្យគាត់ជួបជុំមនុស្សចាប់ពី ៥នាក់ឡើងទៅទេ។
ការហាមឃាត់នេះ គឺបន្ទាប់ពីចៅក្រមនៃសាលាដំបូងខេត្តពោធិ៍សាត់ កាត់ទោសលោកឲ្យជាប់គុក ៥ឆ្នាំ ទាក់ទងនឹងការកាប់រានព្រៃលើដីដែលខ្លួនធ្លាប់ធ្វើតាំងពីដូនតា ប៉ុន្តែអាជ្ញាធរបានយកដីរបស់ពួកគាត កាត់ធ្វើជាដីព្រៃសហគមន៍កាលពីឆ្នាំ២០១២។ ការចោទប្រកាន់នេះ កើតឡើងនៅឆ្នាំ២០១៣ ក្រោយពីរូបលោក និងពលរដ្ឋផ្សេងទៀត ព្យាយាមចូលទៅព្រោះស្រូវ និងសណ្ដែកបាយលើដីដែលបានកំណត់នោះ។
លោក សោម សារាវុត មានប្រសាសន៍ថា សព្វថ្ងៃ គ្រួសារគាត់កំពុងជួបនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ ដោយសារកូនដើររើសកួរស្រូវ និងរកត្រីលក់ចិញ្ចឹមជីវិត ខណៈបៀវត្សរ៍ខែ១២ របស់គាត់ត្រូវបានបង្កក។ លោកចោទមេឃុំស្នាអន្សា ថាជាអ្នកបង្កើតបញ្ហាឲ្យរូបលោក និងពលរដ្ឋផ្សេងទៀត ដោយរំលោភយកដីពលរដ្ឋ ហើយរករឿងចោទប្រកាន់ប្រជាពលរដ្ឋ និងចាប់រូបលោកដាក់គុកថែមទៀត៖ «ខ្ញុំឮចេញពីមាត់ លោក កែ សុខ ថាលោកប្រាប់កូនផង កុំឲ្យជួបជុំជាមួយលោកគ្រូ វុត ចាប់ពីប្រាំនាក់ឡើងទៅ។ គេឃាត់ខ្លួនហើយ។ ខ្ញុំសំណូមពរតាំងពីដើមរហូតមក រឿងរ៉ាវរបស់ខ្ញុំនេះកើតឡើងអាស្រ័យលើអាជ្ញាធរប្រព្រឹត្តអំពើអាក្រក់។ បើគាត់ងាកមករកផ្លូវត្រូវ ប្រជាពលរដ្ឋរស់នៅបានស្មើភាពគ្នាចំពោះមុខច្បាប់។ ខ្ញុំគិតថា ខ្ញុំក៏ពុំមានបញ្ហាអ្វីជំទាស់ជាមួយពួកគាត់ដែរ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេឃុំស្នាអន្សា លោក មោក កោ បដិសេធម្ដងហើយម្ដងទៀតថា រូបលោកមិនសាងបញ្ហាឲ្យ លោក សោម សារាវុត ឬពលរដ្ឋក្នុងឃុំរបស់ខ្លួនដែលចាត់ទុកជាកូនចៅលោកនោះទេ ហើយលោកក៏មិនដែលទៅនិយាយហាមឃាត់ លោក សារាវុត មិនឲ្យជួបជុំមនុស្សចាប់ពី ៥នាក់ឡើងទៅដែរ។ លោកថា ទោសដែល លោក សារាវុត ទទួលគឺកើតចេញពីអំពើល្មើសច្បាប់ខ្លួនឯង៖ «ខ្ញុំឯងយកដីទៅលក់ឲ្យគេ ហើយចោទថាខ្ញុំលក់។ បើខ្ញុំធ្វើអាក្រក់ គេមិនបោះឆ្នោតឲ្យខ្ញុំទេ»។
ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា បើទោះបី លោក សោម សារាវុត មានសាលក្រមផ្ដន្ទាទោសពីសាលាដំបូង ប៉ុន្តែគាត់មិនទាន់ជាទណ្ឌិតទេ ព្រោះមិនទាន់មានសាលក្រមស្ថាពរពីតុលាការកំពូល។ ដូច្នេះការបង្កកប្រាក់ខែ ឬបញ្ចប់ការងារជាគ្រូបង្រៀន គឺមិនត្រឹមត្រូវឡើយ។ លោកថា បើ លោក សារាវុត ត្រូវបានហាមឃាត់មិនឲ្យជួបជុំមនុស្សចាប់ពី ៥នាក់ឡើងទៅមែននោះ គឺជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ៖ «បើថាមិនឲ្យជួបពីពីរនាក់ ឬប្រាំនាក់ អ៊ីចឹងគ្រួសារគាត់មានតែម្នាក់ឯង ឬមានគ្នាច្រើនអ៊ីចឹង បើគាត់នៅជួបជុំគ្រួសារត្រូវចាប់ដែរ។ ការជួបជុំ ការពិភាក្សា និងការស្វែងរកដំណោះស្រាយអី គឺជាសិទ្ធិរបស់ពលរដ្ឋ»។
លោក សោម សារាវុត ត្រូវខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដាក់ពាក្យប្ដឹងទៅតុលាការកាលពីឆ្នាំ២០១៣ ដោយចោទពីបទកាប់រុករានដីព្រៃបម្រុងទុក។ បណ្ដឹងនេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលចេញសេចក្ដីជូនដំណឹងកំណត់ដីទំហំ ៥០០ហិកតារ នៅចំណុចអន្សក្ដាម ធ្វើជាព្រៃសហគមន៍កាលពីឆ្នាំ២០១១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
