គ្រូបង្រៀន​នៅ​ពោធិ៍សាត់​ចោទ​មន្ត្រី​អប់រំ​ស្រុក​ភ្នំក្រវាញ​ថា​កិបកេង​ប្រាក់​តំបន់

0:00 / 0:00

ក្រុម​គ្រូបង្រៀន​នៅ​តាម​សាលា​ដាច់​ស្រយាល​មួយ​ចំនួន នៃ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ចោទ​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​នេះ ថា​បាន​កិបកេង​ប្រាក់​តំបន់​របស់​គ្រូបង្រៀន។ ពួក​គាត់​អះអាង​ថា ក្រៅ​ពី​បញ្ហា​កិបកេង​នេះ មាន​គ្រូបង្រៀន​ខ្លះ​កំពុង​ប៉ះពាល់​បញ្ហា​ជីវភាព ដោយសារ​ប្រាក់​តំបន់ និង​ប្រាក់​បង្រៀន​សិស្ស​ថ្ងៃ​ព្រហស្បតិ៍ អាក់​ខាន​បើក​ជាច្រើន​ខែ​មក​ហើយ។

គ្រូបង្រៀន​កម្រិត​បឋម​សិក្សា​ជាច្រើន​នាក់​ក្នុង​ស្រុក​ភ្នំក្រវាញ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​អប់រំ ដោយ​ពួក​គាត់​មិន​ទាន់​បើក​ប្រាក់​បេសកកម្ម​បង្រៀន​សិស្ស​តំបន់​ដាច់​ស្រយាល​ប្រចាំ​ខែ​ចំនួន ៤​ម៉ឺន​រៀល តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៤។ ចំណែក​ប្រាក់​បង្រៀន​សិស្ស​ថ្ងៃ​ព្រហស្បតិ៍ សរុប​ក្នុង​មួយ​ខែ​ជាង ៤​ម៉ឺន​រៀល​ទៀត ក៏​មិន​ទាន់​បាន​បើក​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៥ មក​ដែរ។

គ្រូ​ម្នាក់​បង្រៀន​នៅ​សាលា​បឋម​សិក្សា​សំរោង អ្នកស្រី ប្រាង្គ ចំណាន មាន​ប្រសាសន៍​ថា នៅ​រៀង​រាល់​ថ្ងៃ​បើក​ប្រាក់​តំបន់ ឬ​ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ មាន​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​ភ្នំក្រវាញ ចំនួន​បី​នាក់ បាន​ដាក់​ហិប​សុំ​លុយ​ពី​គ្រូបង្រៀន​ក្នុង​ម្នាក់​ចន្លោះ​ពី ១.៥០០​រៀល ទៅ ២​ពាន់​រៀល។ អ្នកស្រី​យល់​ថា ការ​សុំ​ប្រាក់​ដោយ​មិន​ប្រាប់​ពី​គោល​បំណង​ច្បាស់លាស់​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ៖ «មន្ត្រី​ការិយាល័យ​អប់រំ​យក (ប្រាក់​តំបន់) ម្ដង​មួយ​ខែ ឬ​ពីរ​ខែ​អ៊ីចឹង គាត់​ប្រើ​វប្បធម៌​មួយ គឺ​ពួក​គាត់​នាំ​គ្នា​អង្គុយ​តម្រៀប​គ្នា​ចាំ​សុំ​លុយ​ពី​លោកគ្រូ​អ្នកគ្រូ​ម្នាក់ ១.៥០០​រៀល ទៅ ២​ពាន់​រៀល មាន​ដូចជា​លោកគ្រូ (ជា​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក) លោក តូ ជីវណ្ឌី លោក គៀត សាន និង​លោកគ្រូ អ៊ុន ណូ»

ចំណែក​គ្រូ​ម្នាក់​ទៀត​បង្រៀន​នៅ​សាលា​បឋម​សិក្សា​លាជ លោក សំ ឈឿន បញ្ជាក់​ថា គ្រូបង្រៀន​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង ឬ​ប្រាក់​តំបន់ គួបផ្សំ​នឹង​ប្រាក់​ខែ ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ។ បច្ចុប្បន្ន ក្រៅ​ពី​បង្រៀន​សិស្ស រូប​លោក​បាន​ឆ្លៀត​ដើរ​ថត​រូប​តាម​ពិធី​ផ្សេងៗ ដើម្បី​រក​កម្រៃ​បន្ថែម ប៉ុន្តែ​វា​ជា​ការ​លំបាក​សម្រាប់​គ្រូ​ដែល​មាន​មុខ​របរ​គ្រូបង្រៀន​តែ​មួយ​មុខ​នោះ៖ «ខ្ញុំ​សូម​ឲ្យ​តំណាង​ខាង​ក្រសួង​អប់រំ មេត្តា​ជួយ​សម្រួល​នូវ​ប្រាក់​បៀវត្សរ៍​ទៀង​ពេល ប្រាក់​តំបន់ និង​ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ គឺ​សុំ​ឲ្យ​មួយ​ខែ​បើក​ឲ្យ​មួយ​ខែ​តែ​ម្ដង​មក កុំ​ឲ្យ​ពន្យារ​ពេល​យូរៗ​ពេក»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ភ្នំក្រវាញ លោក អ៊ុំ គឹមហ៊ន ថ្លែង​ទទួល​ស្គាល់​ថា បុគ្គលិក​ការិយាល័យ និង​លោកគ្រូ​អ្នកគ្រូ​សរុប​ជាង ៥០០​នាក់ ពិត​ជា​អាក់​ខាន​បើក​ប្រាក់​តំបន់ និង​គ្រូ​ខ្លះ​មិន​ទាន់​ទទួល​ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ ជាច្រើន​ខែ​មក​ហើយ​មែន។ ប៉ុន្តែ​រយៈពេល​ជាង ២០​ថ្ងៃ​មក​ហើយ​ដែល​លោក​បញ្ជូន​ឯកសារ​បើក​ប្រាក់​នេះ​ទៅ​មន្ទីរ ដើម្បី​ដោះស្រាយ តែ​មិន​ទាន់​ឆ្លើយ​តប។

ចំពោះ​ការ​ចោទ​របស់​ក្រុម​គ្រូបង្រៀន​រឿង​កិបកេង​ប្រាក់​វិញ លោក អ៊ុំ គឹមហ៊ន បដិសេធ​ថា មន្ត្រី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អ្វី​នោះ​ទេ ហើយ​ប្រាក់​ដែល​សុំ​ពី​គ្រូបង្រៀន​នោះ គឺ​ក្នុង​ម្នាក់​តែ ៥០០​រៀល​ប៉ុណ្ណោះ មិន​បាន​សុំ​ច្រើន​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ប្រាក់​នេះ​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ជួល​ឡាន​ដឹក​ប្រាក់ និង​ថ្លៃ​កម្លាំង​សមត្ថកិច្ច​តាម​ការពារ៖ «បើ​មិន​សុំ​គេ យើង​អត់​មាន​សោហ៊ុយ​ទៅ​ដឹក​ទេ ព្រោះ​យើង​ត្រូវ​យក​ឡាន យក​នគរបាល​ទៅ​បើក។ បើក​រហូត​ទើប​រយៈពេល​មួយ​ពីរ​ខែ​នេះ​ទេ ដែល​យើង​កែ​ទម្រង់ (របៀប​បើក​ប្រាក់​តាម​ធនាគារ) យើង​អត់​បាន​បើក ប៉ុន្តែ​ការ​ឈ្មោះ ឬ​បញ្ជី​អី​ហ្នឹង​បាន​ឲ្យ​ទៅ​ថ្នាក់​លើ​អស់​ហើយ ប៉ុន្តែ​ថ្នាក់​មន្ទីរ និង​ថ្នាក់​មុខ​ងារ​សាធារណៈ មិន​ទាន់​ទម្លាក់»

ទាក់ទង​បញ្ហា​នេះ​ដែរ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ពោធិ៍សាត់ លោក សួង សុភី ថ្លែង​បែប​គំរោះគំរើយ​ថា ការងារ​នេះ​លោក​បាន​ចាត់ចែង និង​បញ្ជូន​ឯកសារ​ទៅ​ថ្នាក់​លើ​អស់​ហើយ រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ​តែ​ម្ដង។ ការ​ឆ្លើយ​តប​របស់​ប្រធាន​មន្ទីរ​នេះ ត្រូវ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រចាំ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី គឹម តារានី រិះគន់​ថា ជា​សម្ដី​អសុរោះ​មិន​ទទួល​ខុស​ត្រូវ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​អប់រំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។