គ្រូបង្រៀននៅអនុវិទ្យាល័យ ស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី រួមទាំងគណៈកម្មការទ្រទ្រង់សាលា ចោទប្រកាន់នាយកអនុវិទ្យាល័យ ថាអសកម្មការងារមិនមកធ្វើការច្រើនខែ និងចាយវាយប្រាក់ផ្គត់ផ្គង់សម្ភារៈសិក្សារបស់អនុវិទ្យាល័យមិនត្រឹមត្រូវ។ ក្រុមគ្រូបង្រៀនទាំងអស់នេះ បានធ្វើពហិការមិនចូលបង្រៀន ដើម្បីទាមទារឲ្យផ្លាស់ប្ដូរនាយកអនុវិទ្យាល័យនេះ។
គ្រូបង្រៀនទាំងអស់នៅអនុវិទ្យាល័យ ស្រែអង្គ្រង នៅថ្ងៃទី៤ ខែកុម្ភៈ អំពាវនាវជាថ្មីសុំឲ្យមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡា ចាត់វិធានការទៅលើសំណើសុំដកនាយកអនុវិទ្យាល័យ ដោយសារតែលោកអសកម្មការងារ និងប្រើប្រាស់ថវិកាទ្រទ្រង់សាលាមិនត្រឹមត្រូវ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីគ្រូបង្រៀនទាំងអស់មានគ្នា ៨នាក់ កាលពីខែធ្នូ បានផ្ដិតមេដៃលើលិខិតស្នើសុំទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី ឲ្យស៊ើបអង្កេតទៅលើភាពអសកម្ម និងអំពើពុករលួយរបស់នាយកអនុវិទ្យាល័យ និងសុំជ្រើសរើសនាយកថ្មី ប្រសិនរកឃើញថា នាយកអនុវិទ្យាល័យចាស់ពិតជាមានកំហុសក្នុងវិជ្ជាជីវៈរបស់ខ្លួន ក៏ប៉ុន្តែរហូតបច្ចុប្បន្ន មន្ទីរអប់រំ បានចុះអង្កេតពីរលើកហើយ ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការបែបណា។
គ្រូបង្រៀនចំនួនពីរនាក់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ប្រហាក់ប្រហែលគ្នាថា គ្រូបង្រៀនទាំងអស់ចង់ឃើញលទ្ធផលនៃការស៊ើបអង្កេត ដើម្បីផ្តល់យុត្តិធម៌ដល់ក្រុមគ្រូបង្រៀនដែលខិតខំបំពេញការងាររបស់ខ្លួន ប៉ុន្តែបែរជាទទួលរងការស្តីបន្ទោសពីក្រុមការងារស៊ើបអង្កេតរបស់មន្ទីរអប់រំ ពាក់ព័ន្ធការតវ៉ានេះ។ លើសពីនេះទៀត គ្រូទាំងអស់មានឆន្ទៈចង់ឲ្យមានការបោះឆ្នោតជ្រើសរើសនាយកអនុវិទ្យាល័យថ្មី រៀបចំដឹកនាំនៅអនុវិទ្យាល័យនេះឲ្យបានប្រសើរឡើងវិញ៖ « ខាងមន្ទីរមានអ្នកចុះមក ក៏ប៉ុន្តែអត់ដឹងត្រូវធ្វើម៉េចខ្លះ ? យូរទៅកាន់តែយូរទៅ។ ណាមួយនាយកខ្ញុំឃ្លាតឆ្ងាយពីពួកខ្ញុំយូរពេក ទោះបីគាត់មកធ្វើការជាមួយពួកខ្ញុំ ក៏ពិបាក។ នៅសាលាខ្វះសម្ភារៈបង្រៀន និងរៀន »។
ទាក់ទិនករណីនេះដែរ ប្រធានការិយាល័យអប់រំស្រុកកូនមុំ លោក ផន សុភាព កត់សម្គាល់ថា លោកបានធ្វើរបាយការណ៍ជូនទៅមន្ទីរអប់រំ រួចរាល់ហើយ បន្ទាប់ពីចុះប្រមូលព័ត៌មានពីករណីបិទសាលា និងការតវ៉ារបស់គ្រូ។ លោកថា គ្រូបង្រៀន គណៈកម្មការទ្រទ្រង់សាលា រួមទាំងមន្ត្រីមូលដ្ឋាន បានសំណូមពរដូចគ្នាសុំឲ្យផ្លាស់ប្ដូរនាយកអនុវិទ្យាល័យនេះ និងទាមទារឲ្យសងប្រាក់ទ្រទ្រង់សាលាជាបន្ទាន់ ដើម្បីគ្រូប្រើប្រាស់ជាប្រយោជន៍ដល់សិស្សសាលា៖ « ហៅមកប្រជុំនៅការិយាល័យស្រុក ក៏មិនមក ទៅតាមនៅផ្ទះក៏មិនឃើញ។ អ៊ីចឹងវាពិបាកបញ្ហាមួយស្រុកស្ទះសាលាមួយ ស្ទះមួយស្រុក »។
ឆ្លើយតបបញ្ហានេះ នាយកអនុវិទ្យាល័យ ស្រែអង្គ្រង លោក ឯក ពិសី ទទួលស្គាល់ថា លោកពិតជាមានកំហុសទាំងពីរករណី និងមានបំណងសុំលាលែងតាមសំណូមពររបស់គ្រូបង្រៀន។ លោកថា នឹងសុំកែប្រែកំហុសនៅចំពោះមុខគ្រូ និងគណៈកម្មការទ្រទ្រង់សាលានៅសប្ដាហ៍ក្រោយ ប្រសិនគ្រូបង្រៀន និងគណៈកម្មការសាលាយល់ព្រម៖ « ខ្ញុំទទួលខុស ព្រោះទទួលខុសហ្នឹងហើយ ខ្ញុំតាំងចិត្តសន្យាជាមួយគ្រូ ជាមួយគណៈកម្មការ ជាមួយឃុំទាំងអស់ យើងមកធ្វើការងារហ្នឹងឡើងវិញ »។
យ៉ាងណាក៏ដោយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី អ្នកស្រី ចាន់ ខាំឃឿ ថ្លែងបញ្ជាក់ថា មន្ទីរនឹងចាត់វិធានការរឿងនេះនៅពេលឆាប់ៗ បន្ទាប់ពីប្រមូលរបាយការណ៍ពីក្រុមការងារស៊ើបអង្កេត។ អ្នកស្រីបន្តថា ប្រសិននាយកសាលាមានកំហុសពិតមែន ការដាក់វិន័យរដ្ឋបាលនឹងត្រូវធ្វើឡើងដោយគ្មានការលើកលែង៖ « ប្រហែលជាស្អែកខ្ញុំនឹងមានកិច្ចប្រជុំថ្នាក់មន្ទីរ ដើម្បីពិនិត្យមើលរបាយការណ៍ក្រុមការងារស្រាវជ្រាវទាំងអស់ហ្នឹង។ អ៊ីចឹងបានន័យថា នឹងមានវិធានការដោះស្រាយក្នុងរឿងហ្នឹង »។
កាលពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៥ ខែមករា គ្រូបង្រៀនទាំងអស់នៅអនុវិទ្យាល័យ ស្រែអង្គ្រង បាននាំគ្នាមិនបង្រៀនសិស្ស ក្រោមហេតុផលបីយ៉ាង រួមមាន គ្មានសម្ភារៈប្រើប្រាស់សម្រាប់បង្រៀនសិស្ស នាយកអនុវិទ្យាល័យមិនមកធ្វើការច្រើនខែ និងអាក់អន់ចិត្តចំពោះក្រុមការងារស៊ើបអង្កេតមន្ទីរអប់រំ បានស្ដីបន្ទោស និងគំរាមកំហែងគ្រូដែលបានធ្វើការតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
