គ្រូបង្រៀននៅស្រុកអណ្ដូងមាស ខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា បានអះអាងថា ប្រាក់បំប៉នជីវភាពគ្រូបង្រៀននៅគ្រប់សាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងស្រុកនេះ ត្រូវប្រធានការិយាល័យអប់រំស្រុកកាត់យកចំនួន ៣ម៉ឺនរៀល សម្រាប់បីត្រីមាស។
គ្រូបង្រៀនស្រុកអណ្ដូងមាស មួយរូបសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍បញ្ជាក់ថា មន្ត្រីអប់រំស្រុកបានកាត់យកប្រាក់បំប៉នជីវភាពចាប់ពីខែតុលា ឆ្នាំ២០១២ រហូតដល់ខែមិថុនា ឆ្នាំ២០១៣។ ហើយគ្រូនៅសាលាបឋមសិក្សាខ្លះទៀត ត្រូវមន្ត្រីអប់រំស្រុកកាត់ប្រាក់បំប៉នជីវភាពច្រើនជាងនេះទៀត ហេតុនេះធ្វើឲ្យគ្រូបង្រៀននៅតំបន់ជនបទជួបប្រទះកង្វះខាតប្រាក់សម្រាប់ជីវភាពគ្រួសារគ្រូបង្រៀនដែលពឹងអាស្រ័យលើប្រាក់បៀវត្ស និងប្រាក់បំប៉នជីវភាពតែប៉ុណ្ណោះ។
លោកបន្តថា មន្ត្រីអប់រំស្រុកមិនបានប្រាប់ពីមូលហេតុនៃការកាត់ប្រាក់បំប៉ននោះទេ៖ «គ្រូគ្នានៅឆ្ងាយកាត់ប្រាក់ពីរពេលផង កាត់គ្នាអាងតែបងប្អូនជនជាតិទៅបង្រៀន។ បើកជីវភាពហ្នឹង ការិយាល័យអប់រំស្រុកកាត់ដល់តែបីម៉ឺន ខ្ញុំសួរគេៗថាសុំ ៣ម៉ឺន លុយតំបន់ ឬលុយជីវភាព គេឧបត្ថម្ភគ្រូនៅតំបន់ដាច់ស្រយាល។ បីត្រីមាស គឺ ៩ខែបាន ៥៩ម៉ឺន តែគេសុំកាត់»។
ទាក់ទិនសេចក្តីចោទប្រកាន់នេះ ប្រធានការិយាល័យអប់រំស្រុកអណ្ដូងមាស លោក ព្រំ យីតា បានបិទទូរស័ព្ទនៅពេលអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី សួរសំណួរសុំការបំភ្លឺពីលោក។
វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា មិនអាចទាក់ទងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី អ្នកស្រី ចាន់ ខាំឃឿ សុំអធិប្បាយបញ្ហានេះបាននៅឡើយ។
ក្រសួងអប់រំបានកំណត់ប្រាក់បំប៉នជីវភាព ឬប្រាក់តំបន់គ្រូបង្រៀននៅជនបទក្នុងមួយខែចំនួន ៦ម៉ឺនរៀល ដូចគ្នាទាំងគ្រូបឋមសិក្សា និងគ្រូកម្រិតអនុវិទ្យាល័យ។
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍បញ្ជាក់ថា សមាគមលោកក៏ទទួលបានព័ត៌មាន និងពាក្យប្ដឹងពីករណីកាត់ប្រាក់គ្រូបង្រៀននៅខេត្តរតនគិរី រួចហើយ។ លោកបន្តថា នឹងអន្តរាគមន៍ករណីនេះទៅក្រសួងអប់រំ ដើម្បីស៊ើបអង្កេតករណីនេះ៖ «ក្រសួងអប់រំហ្នឹង មិនយកចិត្តទុកដាក់មិនមានវិធានការចំពោះមន្ត្រីខិលខូចដែលកេងប្រវ័ញ្ចកម្លាំងញើសឈាមគ្រូបង្រៀន។ ក៏ប៉ះពាល់ទៅដល់ដំណើរការបង្រៀន ការរៀនរបស់សិស្សានុសិស្ស បើសិនប៉ះពាល់អារម្មណ៍គ្រូហើយ»។
នៅស្រុកអណ្ដូងមាស មានសាលាបឋមសិក្សាជាង ២០ និងអនុវិទ្យាល័យចំនួន។
ជាទូទៅនៅពេលបច្ចុប្បន្ន ប្រាក់ខែគ្រូបឋមជាមធ្យមទទួលបានប្រមាណ ២៤ម៉ឺនរៀលក្នុងមួយខែ ឬប្រហាក់ប្រហែល ៦០ដុល្លារសហរដ្ឋអាមេរិក។ គ្រូអនុវិទ្យាល័យទទួលបានប្រមាណជិត ៤០ម៉ឺនរៀលក្នុង១ខែ ឬប្រហាក់ប្រហែល ៨០ដុល្លារ និងគ្រូវិទ្យាល័យជាមធ្យមទទួលបានជាង ៤០ម៉ឺនរៀលក្នុង១ខែ ឬប្រហែលជាង ១០០ដុល្លារក្នុងមួយខែ។ គ្រូបង្រៀនសរុបនៅទូទាំងប្រទេសកម្ពុជា មានជាង ១០ម៉ឺន ៤ពាន់នាក់។
យ៉ាងនេះក្តី គ្រូបង្រៀនសុំមិនឲ្យបញ្ចេញឈ្មោះដដែល ឲ្យដឹងថា មិនមែនតែករណីកាត់ប្រាក់បំប៉នជីវភាពគ្រូនោះទេ សូម្បីតែការបើកប្រាក់បៀវត្សក៏មានភាពយឺតយ៉ាវស្ទើររៀងរាល់ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
