គ្រូបង្រៀន​វិទ្យាល័យ​វ៉ារិន​ខេត្ត​សៀមរាប​រអ៊ូរទាំ​ថា​មិន​ទាន់​បាន​បើក​ប្រាក់​បន្ថែម​ម៉ោង

0:00 / 0:00

ជា​ញឹកញាប់ គេ​តែង​តែ​ឮ​គ្រូបង្រៀន​ខ្លះ​នៅ​ថ្នាក់​វិទ្យាល័យ​តាម​បណ្ដា​ខេត្ត​នៃ​ប្រទេស​កម្ពុជា បាន​នាំ​គ្នា​តវ៉ា និង​ទាមទារ​បើក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង ដោយសារ​ការ​បើក​ប្រាក់​នេះ​យឺតយ៉ាវ​ជាច្រើន​ខែ ជាដើម។ បញ្ហា​ដូច​គ្នា​នេះ គឺ​កំពុង​តែ​កើត​មាន​នៅ​វិទ្យាល័យ​វ៉ារិន នៃ​ស្រុក​វ៉ារិន ដែល​ជា​តំបន់​ដាច់​ស្រយាល​ចម្ងាយ​ជាង ៨០​គីឡូម៉ែត្រ នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។

ក្រុម​គ្រូបង្រៀន​មួយ​ចំនួន​នៅ​វិទ្យាល័យ​វ៉ារិន បាន​រអ៊ូរទាំ​ថា ពួក​គេ​កំពុង​ពិបាក​នឹង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដោយសារ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​ម្ហូប​អាហារ និង​ចាក់​សាំង​ម៉ូតូ ដើម្បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​សិស្ស​ទេ។

ការ​ត្អូញត្អែរ​បែប​នេះ កើត​ឡើង​បន្ទាប់​ពី​គេ​អះអាង​ថា រដ្ឋាភិបាល​បាន​ធ្វើ​ការ​យឺតយ៉ាវ​ក្នុង​រឿង​បើក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង និង​ប្រាក់​តំបន់​មក​ឲ្យ​ពួក​គេ។

គ្រូបង្រៀន​ថ្នាក់​ទី​១២ ម្នាក់​ក្នុង​ចំណោម​គ្រូបង្រៀន​ជាច្រើន​ទៀត​នៅ​វិទ្យាល័យ​វ៉ារិន នៃ​ស្រុក​វ៉ារិន គឺ​លោក គូ ឃា។ លោក​មាន​ប្រសាសន៍​ថា រូប​លោក​ក៏ដូចជា​គ្រូបង្រៀន​ជាច្រើន​ទៀត កំពុង​ជួប​ការ​ខ្វះខាត​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ លោក គូ ឃា មាន​ប្រសាសន៍​ទៀត​ថា នៅ​សាលា​របស់​លោក គឺ​មន្ទីរ​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ឲ្យ​មាន​ការ​បង្រៀន​បន្ថែម​ម៉ោង ព្រម​ទាំង​ឧបត្ថម្ភ​ប្រាក់​តំបន់​ដល់​គ្រូ​ទាំងអស់​បន្ថែម​ទៀត ដោយសារ​តែ​តំបន់​នោះ គឺ​ជា​ទី​ជនបទ​ដាច់​ស្រយាល។ លោក គូ ឃា ឲ្យ​ដឹង​ថា តាម​ធម្មតា​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​នៅ​សាលា​របស់​លោក​យ៉ាង​ហោច​ណាស់ ក៏​គ្រូ​ម្នាក់​អាច​ទទួល​បាន​ពី​ជាង ១០​ម៉ឺន​រៀល ទៅ​ជិត ២០​ម៉ឺន​រៀល ព្រម​ទាំង​ប្រាក់​តំបន់​ចំនួន ៤​ម៉ឺន​រៀល​ទៀត​ក្នុង ១​ខែៗ ក៏ប៉ុន្តែ​រយៈពេល ៩​ខែ​ហើយ ប្រាក់​ទាំង​នេះ​នៅ​មិន​ទាន់​បើក​មក​ឲ្យ​គ្រូបង្រៀន​ទេ៖ «គ្រូ​សុទ្ធតែ​មក​ពី​ខេត្ត​ឆ្ងាយៗ ហើយ​ស្រុក​នេះ​ជា​តំបន់​ដាច់​ស្រយាល​ផង ខ្វល់​នឹង​ការ​ហូប​ចុក ស៊ី​ចាយ​វា​អត់​ទាន់​គ្រប់គ្រាន់។ មាន​គ្រូ​ខ្លះ​គាត់​រត់​ទៅ​ខ្ចី​លុយ​ធនាគារ​ខ្ចី​អី​ចាយ​សិន​ទៅ»

គ្រូបង្រៀន​ម្នាក់​ទៀត​ឈ្មោះ ទួន បូរ៉ា បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា ជា​រៀង​រាល់​ថ្ងៃ គ្រូបង្រៀន​ដែល​នៅ​តំបន់​ដាច់​ស្រយាល​ដូច​ពួក​គាត់ បើ​ទីពឹង​តែ​លើ​ប្រាក់​ខែ​ចំនួន ៨០​ម៉ឺន​រៀល គឺ​ប្រាកដ​ជា​ពិបាក​ខ្លាំង​ណាស់។ គ្រូបង្រៀន​ដដែល​បញ្ជាក់​ថា ប្រាក់​ខែ​គ្រូបង្រៀន​ពេល​បច្ចុប្បន្ន មិន​អាច​ដោះស្រាយ​លើ​ការ​រស់នៅ​រាល់​ថ្ងៃ​បាន​ទាំងអស់​ទេ គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង និង​ប្រាក់​ឧបត្ថម្ភ​តំបន់​ខ្លះ​ទៀត ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង និង​ប្រាក់​ឧបត្ថម្ភ​តំបន់ មិន​ឃើញ​បើក​រយៈពេល ៩​ខែ​មក​ហើយ​នោះ គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​គ្រូបង្រៀន​កំពុង​តែ​ប្រឈម​មុខ៖ «ប្រាក់​បន្ថែម​ម៉ោង​ដែល​ពួក​ខ្ញុំ​បាន​មក​ហ្នឹង គឺ​សម្រាប់​ទិញ​សម្លៀកបំពាក់។ ទី​២ គឺ​ទាក់ទង​នឹង​ការ​ចាក់​សាំង​ម៉ូតូ​ជិះ​ទៅ​បង្រៀន ជាពិសេស​គឺ​ម្ហូប​អាហារ។ នៅ​កន្លែង​ខ្ញុំ​ម្ហូប​អាហារ​ថ្លៃ​ខុស​ពី​ទីប្រជុំជន ពួក​ខ្ញុំ​នៅ​កន្លែង​ឆ្ងាយ​ដាច់​ស្រយាល ជាពិសេស​គឺ​គ្មាន​ផ្សារ»

ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​វ៉ារិន អំពាវនាវ​ឲ្យ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​សៀមរាប ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​បើក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​នេះ ពីព្រោះ​នៅ​តាម​សាលា​ជាច្រើន​ទូទាំង​ប្រទេស គឺ​បាន​បើក​អស់​ហើយ។

នាយក​វិទ្យាល័យ​វ៉ារិន លោក រឹម ចាន់សេន មាន​ប្រសាសន៍​ថា គ្រូបង្រៀន​ភាគ​ច្រើន​នៅ​សាលា​របស់​លោក គឺ​សុទ្ធតែ​មាន​ជីវភាព​យ៉ាប់យ៉ឺន ហើយ​ពេល​ដែល​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​បើក​យឺតយ៉ាវ​ទៀត​នោះ គឺ​មាន​ការ​ពិបាក​ខាង​ជីវភាព​ជា​ខ្លាំង ក៏ប៉ុន្តែ​លោក​មិន​អាច​ជួយ​ដោះស្រាយ​បាន​ទេ៖ «ដូចជា​ខាង​គ្រូ​បឋម​សិក្សា​គេ​មាន​ប្រាក់​ពីរ​ពេល ប្រាក់​នោះ​គេ​បើក​អស់​ហើយ ឯ​ខាង​មធ្យម​ប្រាក់​បន្ថែម​ម៉ោង​វា​ដូចជា​ប្រាក់​ពីរ​ពេល​ដែរ ប៉ុន្តែ​មិន​ទាន់​បើក អ៊ីចឹង​បាន​ជា​គ្រូបង្រៀន​នាំ​គ្នា​សួរ​នាំ»

កាល​ពី​សប្ដាហ៍​មុន ក្រុម​គ្រូបង្រៀន​ខ្លះ​នៅ​វិទ្យាល័យ​វ៉ារិន បាន​ផ្ញើ​សារ​អេឡិចត្រូនិក​មក​វិទ្យុ​អាស៊ីសេរី ដោយ​រអ៊ូរទាំ​ជុំវិញ​បញ្ហា​បើក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង និង​ប្រាក់​តំបន់​យឺតយ៉ាវ​នេះ។ នៅ​ក្នុង​សារ​លិខិត បាន​រ៉ាយរ៉ាប់​ថា នៅ​វិទ្យាល័យ​វ៉ារិន ក្នុង​ខេត្ត​សៀមរាប គឺ​ជា​វិទ្យាល័យ​តែ​មួយ​គត់​នៅ​តំបន់​ដាច់​ស្រយាល គ្មាន​ផ្សារ និង​គ្មាន​មណ្ឌល​សុខភាព​នៅ​ជិត ហើយ​គ្រូបង្រៀន​សុទ្ធតែ​មក​ពី​ខេត្ត​ឆ្ងាយៗ។ ចំណែក​ឯ​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​បើក​យឺតយ៉ាវ​ទៀត​នោះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​គ្រូបង្រៀន​ជួប​ការ​លំបាក​ថែម​ទៀត។

ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​វ៉ារិន លោក កែវ សំងាត់ មាន​ប្រសាសន៍​ថា បញ្ហា​បើក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​មាន​ការ​យឺតយ៉ាវ​នេះ មិន​មែន​តែ​វិទ្យាល័យ​វ៉ារិន មួយ​ប៉ុណ្ណោះ​ទេ គឺ​នៅ​ទូទាំង​ខេត្ត​សៀមរាប។ លោក​ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក បញ្ជាក់​ទៀត​ថា នៅ​វិទ្យាល័យ​វ៉ារិន នេះ គឺ​មាន​គ្រូបង្រៀន​ជាង ១០​នាក់ ហើយ​ភាព​យឺតយ៉ាវ​នៃ​ការ​បើក​ប្រាក់​បង្រៀន​បន្ថែ​ម​ម៉ោង​នេះ គឺ​ដោយសារ​តែ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​សៀមរាប កំពុង​រៀបចំ​បញ្ចូល​សាច់​ប្រាក់​ទៅ​តាម​គណនេយ្យ ហើយ​កំពុង​ផ្ទៀងផ្ទាត់​ឡើង​វិញ​ខ្លាច​ក្រែង​គ្រូ​ខ្លះ​បាន​ទទួល​ប្រាក់​ខ្វះ និង​ខ្លះ​ទៀត​ទទួល​លើស​ចំនួន ជាដើម៖ «រឿង​ថវិកា គឺ​នៅ​ខាង​មន្ទីរ​អប់រំ យុវជន និង​កីឡា ជា​អ្នក​ចាត់​ចែង។ ខាង​ខ្ញុំ​បាន​តែ​ធ្វើ​សំណើ​សុំ​ឲ្យ​ទេ ប៉ុន្តែ​ខាង​មន្ទីរ​ជា​អ្នក​ទម្លាក់​លុយ​ឲ្យ អត់​ដឹង​ថា​កំណត់​នៅ​ថ្ងៃ​ណា​ទេ»

បញ្ហា​ដែល​ក្រុម​គ្រូបង្រៀន​ទាមទារ​បើក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​នេះ ឧស្សាហ៍​កើត​មាន​ញឹកញាប់​នៅ​តាម​បណ្ដា​ខេត្ត​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ខែ​មិថុនា កន្លង​ទៅ ក្រុម​គ្រូបង្រៀន​ជាច្រើន​នាក់​នៅ​វិទ្យាល័យ​គូលែន នៃ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ក៏​ធ្លាប់​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស ដើម្បី​ទាមទារ​បើក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​នេះ​ដែរ។ ការ​ទាមទារ​របស់​ក្រុម​គ្រូបង្រៀន​កាលណោះ បាន​ធ្វើ​ឲ្យ​នាយក​វិទ្យាល័យ​គូលែន បង្ខំ​ចិត្ត​លា​លែង​ពី​មុខ​តំណែង នៅ​ពេល​ដែល​មិន​អាច​រក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​បើក​ជូន​លោកគ្រូ​អ្នកគ្រូ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។