គ្រូបង្រៀននៃសាលាបឋមសិក្សាស្រុកថាឡាបរិវ៉ាត់ និងគ្រូនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចោទប្រធានមន្ទីរអប់រំខេត្តនេះថា បានលុបឈ្មោះពួកគាត់ចេញ ដោយគ្មានហេតុផល។ ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីប្រធានការិយាល័យអប់រំស្រុកថាឡាបរិវ៉ាត់ បានដាក់សំណើលុបឈ្មោះបុគ្គលិកអប់រំទៅមន្ទីរអប់រំខេត្ត ដោយចោទថា ពួកគាត់បានបោះបង់ការងារបង្រៀន។
ប្ដីប្រពន្ធជាគ្រូបង្រៀនដូចគ្នា ដោយម្នាក់បង្រៀននៅស្រុកថាឡាបរិវ៉ាត់ និងម្នាក់បង្រៀននៅសាលាបឋមសិក្សាក្រុងស្ទឹងត្រែង នៅថ្ងៃទី២០ ធ្នូ អំពាវនាវឲ្យក្រសួងអប់រំ ស៊ើបអង្កេតពីភាពមិនប្រក្រតីរបស់ប្រធានមន្ទីរអប់រំខេត្ត និងប្រធានការិយាល័យអប់រំស្រុកថាឡាបរិវ៉ាត់ បានលុបឈ្មោះពួកគាត់ចេញពីបញ្ជីដោយគ្មានមូលដ្ឋាន។
គ្រូបង្រៀនសាលាបឋមសិក្សាមន នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ អ្នកស្រី កែវ គន្ធា ចោទប្រកាន់ថា ប្រធានការិយាល័យអប់រំស្រុកថាឡាបរិវ៉ាត់ លោក សេង សំអៀន មានចេតនាលុបឈ្មោះគាត់ចេញពីបញ្ជីគ្រូបង្រៀន កាលពីខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីគាត់បានរំលូតកូនចេញ និងសុំច្បាប់ឈប់សម្រាកអំឡុងខែមិថុនា ឆ្នាំ២០១៣។ អ្នកស្រីបន្តថា ប្រធានមន្ទីរអប់រំខេត្តស្ទឹងត្រែង លោក ហៀង ប៉ូលី ពុំអង្កេតរកការពិតនោះទេ ក៏បានសម្រេចតាមសំណើរបស់ប្រធានការិយាល័យអប់រំស្រុកតែម្ដង។ អ្នកស្រីស្នើទៅក្រសួងអប់រំ ជួយដោះស្រាយជូនគាត់វិញ ព្រោះថា ក្រោយពីបាត់បង់អាជីពជាគ្រូបង្រៀនមក គឺបង្កការលំបាកដល់ជីវភាពរស់នៅពួកគាត់ធ្ងន់ធ្ងរ។
អ្នកស្រីថា បន្ទាប់ពីកើតមានបញ្ហានេះ អ្នកស្រីបានសុំអន្តរាគមន៍ពីស្ថាប័នកំពូលថ្នាក់ជាតិ ដូចជារដ្ឋសភា ព្រឹទ្ធសភា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីទាមទារឈ្មោះគ្រូបង្រៀនមកវិញ តែពុំទាន់ទទួលលទ្ធផល៖ «បើសិនអាច ប្រធានការិយាល័យគាត់ធ្វើលិខិតទៅប្រធានមន្ទីរថា ខ្ញុំហ្នឹងជាគ្រូអសកម្មក្នុងការបង្រៀន ចឹងសំណើសុំលុបឈ្មោះខ្ញុំចឹង ប្រធានមន្ទីរត្រូវមកសាកសួរខ្ញុំសិន តើការចោទប្រកាន់របស់លោកគ្រូ សេង សំអៀន ហ្នឹងវាត្រូវពិតប្រាកដអត់»។
អ្នកស្រី កែវ គន្ធា ចាត់ទុកការលុបឈ្មោះនេះ ថាជារឿងគំនុំបុគ្គលរវាងអ្នកស្រី និងប្រធានការិយាល័យអប់រំស្រុកថាឡាបរិវ៉ាត់ លោក សេង សំអៀន។
ចំណែកគ្រូបង្រៀនម្នាក់ទៀតនៃសាលាបឋមសិក្សាអូរពងមាន់ ក្រុងស្ទឹងត្រែង ដែលត្រូវជាស្វាមី អ្នកស្រី កែវ គន្ធា លោក អេង នាវារតនៈ អះអាងថា ការលុបឈ្មោះលោកអាចមានភាពមិនប្រក្រតីរបស់ប្រធានមន្ទីរអប់រំខេត្ត ព្រោះសេចក្តីប្រកាសរបស់ក្រសួងអប់រំ ស្ដីពីការលុបឈ្មោះបុគ្គលិកអប់រំ ១២នាក់ កាលពីចុងឆ្នាំ២០១១ ចំនួនពីរដង។ លោកថា បន្ទាប់ពីលុបឈ្មោះ ប្រាក់ខែរបស់លោកអាចបើកបានរហូតដល់ខែមេសា ឆ្នាំ២០១២។ លោកចាត់ទុកករណីនេះ ថាជារឿងអយុត្តិធម៌ បន្ទាប់ពីលោក និងប្រពន្ធរបស់លោកពុំបានប្រព្រឹត្តខុស ដូចការចោទប្រកាន់៖ «ខ្ញុំតាំងពីខ្ញុំផ្លាស់ចូល គេចង់លុបឈ្មោះខ្ញុំបណ្តោយ ដើម្បីយកប្រាក់ខែខ្ញុំ។ ខ្ញុំគិតថា ចឹងការធ្វើឯកសារក្លែងក្លាយ។ ចោទប្រកាន់ប្រធានមន្ទីរថាធ្វើឯកសារក្លែងក្លាយ យកប្រាក់ខែដើម្បីលុបឈ្មោះ យកប្រាក់ខែរបស់គ្រូបង្រៀន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរអប់រំខេត្តស្ទឹងត្រែង លោក ហៀង ប៉ូលី ដើម្បីសុំការបំភ្លឺករណីនេះបានទេ នៅថ្ងៃទី២០ ខែធ្នូ។
ចំណែកប្រធានការិយាល័យអប់រំស្រុកថាឡាបរិវ៉ាត់ លោក សេង សំអៀន បដិសេធការចោទប្រកាន់នោះ ដោយអះអាងថា មុននឹងការិយាល័យអប់រំស្រុកស្នើសុំមន្ទីរអប់រំខេត្តលុបឈ្មោះបុគ្គលិកអប់រំ គឺនាយកសាលាបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយសិស្សនៅមូលដ្ឋាន ទាក់ទិនអវត្តមានគ្រូមិនបានបំពេញកាតព្វកិច្ចបង្រៀនរបស់ខ្លួន៖ «មុននឹងគេលុបពីណាម្នាក់ គ្រូអត់ដូចទាហានដូចប៉ូលិសទេ ឈប់ៗគេលុបហើយ តែគ្រូគេហៅមកណែនាំនីតិវិធីរបស់គេច្រើនណាស់បង។ មិនស្រួលទេបង គេធ្វើអីគេប្រយ័ត្នណាស់។ ដល់តែមនុស្សហ្នឹងកែលែងកើត»។
ទាក់ទងករណីនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ដែលចុះអង្កេតករណីនេះ កត់សម្គាល់ថា មុនក្រសួងអប់រំ សម្រេចលុបឈ្មោះបុគ្គលិកអប់រំ គួរតែណែនាំលោកគ្រូ ឬអ្នកគ្រូ និងធ្វើកិច្ចសន្យាព្រមានជាមុនសិន ពុំគួរសម្រេចបញ្ហាដ៏ធំនេះជឿតែរបាយការណ៍មន្ត្រីមូលដ្ឋាននោះទេ។ ករណីនេះ អាចឲ្យមន្ត្រីថ្នាក់ក្រោម ប្រើអំណាចតាមអំពើចិត្ត មានជាអាទិ៍ លុបឈ្មោះគ្រូ និងផ្ទេរទីតាំងបង្រៀន ជាដើម។ អ្នកស្រីចាត់ទុកករណីនេះថា រំលោភសិទ្ធិគ្រូបង្រៀនមួយចំនួនធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់សិស្ស និងជីវភាពរបស់ពួកគាត់៖ «ផ្ដោតទៅលើក្រសួងអប់រំ មិនបានយកចិត្តទុកដាក់ដល់មន្ត្រីថ្នាក់ក្រោម ឲ្យគាត់ធ្វើអ្វីស្រេចតែចិត្តគាត់ បើមិនបានស៊ើបអង្កេតត្រឹមត្រូវ។ តាមពិតទៅ ក្រសួងអប់រំ បើសិនជាបញ្ឈប់បុគ្គលិកដោយគ្មានមូលហេតុ។ នេះជាការខុសឆ្គង ហើយធ្វើឲ្យក្រសួងអប់រំ មិនបានឈានទៅរកកំណែទម្រង់»។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ គ្រូបង្រៀនពីរនាក់ប្ដីប្រពន្ធបានដាក់ពាក្យប្ដឹងករណីនេះទៅប្រធានគណៈកម្មការទី១ នៃព្រឹទ្ធិសភា គឺគណៈកម្មការទទួលពាក្យបណ្ដឹង សិទ្ធិមនុស្ស និងអង្កេត ដើម្បីសុំអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ និងក្រសួងអប់រំ ឲ្យជួយដោះស្រាយករណីនេះឲ្យបានឆាប់។ ក្នុងពាក្យបណ្ដឹងនោះ ពួកគាត់ទាមទារឲ្យក្រសួងអប់រំ ផ្តល់ឈ្មោះពួកគាត់ជាបុគ្គលិកអប់រំដូចដើមវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
