ក្រុមគ្រូបង្រៀនបានបញ្ជាក់ដោយចាត់ទុកការរឹតបន្តឹងអវត្តមានរបស់គ្រូបង្រៀនថា ជាការរឹតត្បិត និងបិទសិទ្ធិសេរីភាពរបស់គ្រូបង្រៀនមិនឲ្យបញ្ចេញមតិ ប្រឆាំងនឹងរដ្ឋាភិបាល។ ថ្នាក់ដឹកនាំរបស់មន្ត្រីអប់រំ ចាប់ផ្ដើមប្រើធម៌ក្ដៅទៅលើគ្រូបង្រៀន ដោយវិធីស្រង់អវត្តមាននេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ារបស់គ្រូបង្រៀននៅតាមបណ្ដាខេត្តមួយចំនួនដែលមិនបង្រៀន និងទាមទារដំឡើងប្រាក់របស់ខ្លួន ដើម្បីឲ្យរស់ឲ្យបានសមរម្យជាបន្តបន្ទាប់ទូទាំងប្រទេសមក។
គ្រូបង្រៀនវិទ្យាល័យនៅក្រុងស្វាយរៀង សុំមិនបញ្ចេញឈ្មោះម្នាក់ ថ្លែងនៅថ្ងៃទី១៣ មករា ថា កន្លងមកពុំធ្លាប់មានការរឹតបន្តឹងស្រង់ឈ្មោះអវត្តមានរបស់គ្រូបង្រៀន ឡើងទៅការិយាល័យអប់រំស្រុករៀងរាល់ថ្លៃដូចពេលនេះឡើយ។ លោកបញ្ជាក់បន្ថែមថា បញ្ហារឹតបន្តឹងនេះ ទើបតែមាននៅអំឡុងដើមខែមករា គឺបន្ទាប់ពីការបង្ក្រាបរបស់កងកម្លាំងប្រដាប់អាវុធ ទៅលើក្រុមកម្មករដែលបង្កឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់នៅរាជធានីភ្នំពេញមក៖ «ពីមុនមក យើងធ្វើការធម្មតា ទើបតែដល់ពេលមានបញ្ហាបាតុកម្មអ៊ីចឹងទៅ ស្រាប់តែមានសេចក្ដីណែនាំ។ ណែនាំ ហើយគ្រប់សាលាទាំងអស់ គ្រប់អង្គភាពទាំងអស់ ត្រូវរាយការណ៍អង្គភាពក្នុងមួយថ្ងៃ ២ដង ឡើងទៅការិយាល័យស្រុកចាប់ផ្ដើមមានវត្តមាននៅក្នុងថ្ងៃហ្នឹងមានប៉ុន្មានអវត្តមាន ប៉ុន្មាននាក់។ គណៈគ្រប់គ្រងគេអ្នកទទួល ហើយដល់មិនបានរាយការណ៍ទៅ អាហ្នឹងការណែនាំយ៉ាងម៉េច គណៈគ្រប់គ្រង តែក្នុងអង្គភាពមួយៗសុទ្ធតែរាយការណ៍អ៊ីចឹងទាំងអស់ អត់មានអង្គភាពណាអត់រាយការណ៍ទេ វាប្លែកទើបតែប្លែកឥឡូវហ្នឹង»។
ស្រដៀងគ្នានេះ គ្រូបង្រៀននៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សុំមិនបញ្ចេញឈ្មោះម្នាក់ទៀត បង្ហើបឲ្យដឹងថា ក្នុងមួយថ្ងៃ គឺតម្រូវឲ្យនាយកសាលាបញ្ជូនឈ្មោះអវត្តមានរបស់គ្រូបង្រៀន រាយការណ៍ទៅការិយាល័យអប់រំស្រុកយ៉ាងហោចណាស់ពី ២ ទៅ ៤ដងដែរ។ លោកថ្លែងបន្តថា ទាំងគ្រូបង្រៀន និងនាយកសាលាបឋមសិក្សា ត្អូញត្អែរធុញទ្រាន់ចំពោះសកម្មភាពរឹតបន្តឹងស្រង់ឈ្មោះគ្រូបង្រៀនរបស់មន្ត្រីថ្នាក់ដឹកនាំរបស់ខ្លួន។ ប៉ុន្តែ ពុំទាន់មានគ្រូបង្រៀនណាហ៊ានប្រឆាំង ដោយមិនចូលរួមនឹងការរឹតបន្តឹងអវត្តមានរបស់គ្រូនេះនៅឡើយទេ៖ «ការទាមទារសុំឡើងប្រាក់ខែហ្នឹងអាចឲ្យគ្រូបង្រៀនហ្នឹងរស់នៅឲ្យបានសមរម្យ ព្រោះរាល់ថ្ងៃប្រាក់ខែតិចពេក។ ដល់អ៊ីចឹងទៅ គ្រូបង្រៀនបងឃើញស្រាប់ហើយ ខ្លះទៅរត់ម៉ូតូឌុប ខ្លះជួញជ្រូកគ្រប់តែមុខហ្នឹង ដើម្បីរកមកបង្គ្រប់។ ហើយតម្លៃទំនិញទីផ្សាររាល់ថ្ងៃ វាឡើងកប់ពពក។ អ៊ីចឹងបានតែថាប្រាក់ប៉ុណ្ណឹងៗវាមិនគ្រប់គ្រាន់ក្នុងជីវភាពទេ។ អ៊ីចឹង ប្រសិនបើមានអ្នកទៅធ្វើបាតុកម្មមានអ្នកទៅសុំទាមទារនោះ គួរតែផ្ដល់សិទ្ធិឲ្យគាត់ទៅ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង លោក កែ ឆាន់ មានប្រសាសន៍បញ្ជាក់ថា លោកប្រើធម៌ក្ដៅរឹតបន្តឹងអវត្តមានរបស់គ្រូបង្រៀនយូរមកហើយ។ លោក កែ ឆាន់ ថ្លែងបន្តថា ការរឹតបន្តឹងអវត្តមានគ្រូបង្រៀន ដើម្បីពង្រឹងមន្ត្រីក្នុងវិស័យអប់រំឲ្យចេះគោរពវិន័យ និងពង្រឹងគុណភាពរបស់គ្រូបង្រៀន៖ «ធម្មតាទេអាហ្នឹងរបៀបរបបការងារយើងមិនទៅធ្វើអីឲ្យលើសពីអ្វីដែលជាក្របខ័ណ្ឌច្បាប់ទេបាទ។ បើយើងមិនស្រង់អវត្តមាន យើងធ្វើអី យើងម៉េចមិនដឹង គាត់អញ្ជើញធ្វើការឬអត់ធ្វើ។ ខ្ញុំអត់មានធ្វើអីលើសពីការងារធម្មតាទៅតាមក្រិត្យក្រមនៃច្បាប់ទេបាទ។ រឿងវត្តមាន កាលណាគាត់មកធ្វើការគាត់ត្រូវចុះ ហើយបើកាលណាគាត់អត់មក គាត់អត់ចុះទៅ ហើយបើគាត់មក ត្រូវតែចុះដើម្បីសម្គាល់ថា គាត់អញ្ជើញមកធ្វើការឬអត់តែប៉ុណ្ណឹងទេ»។
តែយ៉ាងណា ក្រុមគ្រូបង្រៀនបង្ហើបថា វិធានការរឹតបន្តឹងអវត្តមានរបស់ថ្នាក់ដឹកនាំអប់រំពេលនេះ គឺពុំមែនជាការធ្វើឡើងដើម្បីពង្រឹងវិន័យរបស់គ្រូបង្រៀននោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ ការរឹតត្បិតអវត្តមានរបស់គ្រូបង្រៀនអំឡុងពេលនេះ អាចជាគោលបំណងមួយដើម្បីទប់ស្កាត់មិនឲ្យពួកគាត់ចូលរួមធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែរបស់មន្ត្រីអប់រំទៅវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
