អស់រយៈពេលជាច្រើនខែមកហើយដែលគ្រូបង្រៀនសាលាបឋមសិក្សានៅខេត្តតាកែវ មិនទាន់បានទទួលប្រាក់បង្រៀនបន្ថែមថ្ងៃព្រហស្បតិ៍។ ពួកគាត់បានស្នើឲ្យមានការដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីអាចទទួលបានប្រាក់ដែលជាកម្លាំងពលកម្មរបស់គាត់។
គ្រូបង្រៀនសាលាបឋមសិក្សានៅខេត្តតាកែវ ត្អូញត្អែរមិនបានទទួលប្រាក់ឧបត្ថម្ភបង្រៀនថ្ងៃព្រហស្បតិ៍ របស់ខ្លួន ដែលមន្ទីរអប់រំខេត្តមិនទាន់បានបើកជូនតាំងពីខែមករា ឆ្នាំ២០១៥។
គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាត្រពាំងធំ ក្នុងស្រុកទ្រាំង ខេត្តតាកែវ លោក ជឹម វណ្ណៈ បានឲ្យដឹងថា មន្ទីរអប់រំខេត្តមិនបានបើកប្រាក់បន្ថែមថ្ងៃព្រហស្បតិ៍ ឲ្យរូបលោក និងគ្រូបង្រៀនដទៃទៀតអស់រយៈពេលជាច្រើនខែមកហើយ។ បន្ថែមពីលើនេះ ប្រាក់តំបន់ដាច់ស្រយាលក៏លោកគ្រូអ្នកគ្រូនៅទីនោះ មិនទាន់បានទទួលដែរ៖ «តំបន់ហ្នឹងជាងមួយឆ្នាំហើយ ហើយជាងមួយឆ្នាំសិក្សាហើយ បើគិតទៅតាំងពីខែ៩ មកទល់ពេលឥឡូវ ហើយនិងប្រាក់ប្រជុំថ្ងៃព្រហស្បតិ៍ ហ្នឹង ក៏អត់ទាន់មានដែរ អត់ទាន់ដែលបានបើកអ្វីមួយសេនដែរ»។
គ្រូបង្រៀនម្នាក់ទៀតនៅសាលាបឋមសិក្សាព្រៃឈើនាង ស្រុកត្រាំកក់ ខេត្តតាកែវ ក៏បានឲ្យដឹងស្រដៀងគ្នានេះដែរថា មន្ទីរអប់រំខេត្តមិនទាន់បើកប្រាក់បង្រៀនបន្ថែមនៅថ្ងៃព្រហស្បតិ៍ ដល់រូបលោក និងគ្រូបង្រៀនឯទៀតនៅក្នុងស្រុកត្រាំកក់ នៅឡើយ។ លោកថា លោកត្រូវការប្រាក់បន្ថែមនោះដើម្បីយកមកដោះស្រាយជីវភាព៖ «ធ្វើម៉េចឲ្យគាត់បើកឲ្យរួសរាន់ ព្រោះគ្រូៗប្រាក់ខែគាត់តិច ហើយបង្រៀនហ្នឹងជួនកាលទៅថ្ងៃព្រហស្បតិ៍ គាត់ទៅបង្រៀនហ្នឹង ហើយទៅបង្រៀនម៉េចបើបង្រៀនអត់មានលុយ គាត់ចេះតែទៅអង្គុយលេងទៅ»។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពី លោក ស៊ីវ សាខន ប្រធានមន្ទីរអប់រំខេត្តតាកែវ បានទេនៅរសៀលថ្ងៃទី១៤ ខែកក្កដា ប៉ុន្តែបើតាម លោក អ៊ុត សំនិត ប្រធានការិយាល័យអប់រំស្រុកត្រាំកក់ បានឲ្យដឹងថា ប្រាក់សរុបរបស់គ្រូសាលាបឋមសិក្សានៅខេត្តតាកែវ នឹងត្រូវបើកជូននៅត្រឹមខែកក្កដា នេះ។ លោកក៏មិនដឹងពីមូលហេតុនៃការយឺតយ៉ាវនេះដែរ តែលោកអះអាងថា ការចាត់ចែងប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងទៀត ជាការសហការគ្នារវាងមន្ទីរអប់រំខេត្តជាមួយនឹងធនាគារ៖ «ការងារនេះស្ថិតនៅលើខេត្ត ហើយខេត្តហ្នឹងគាត់ធ្វើចូលអស់ហើយ ប៉ុន្តែមិនដឹងយ៉ាងម៉េច? យឺតយ៉ាវនៅធនាគារ ឬមួយលុយយើងម៉េច? យើងអត់ដឹងដែរអាហ្នឹង។ យើងអត់ឆ្លើយថាម៉េចដែរ ប៉ុន្តែគ្រាន់តែថា ការងារហ្នឹងគេចាត់ចែងនៅខេត្តអស់ហើយ បញ្ចូលក្នុងកុងរបស់គាត់អស់ហើយ»។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងគ្រូសាលាបឋមសិក្សានៅខេត្តតាកែវ ស្នើឲ្យថ្នាក់ដឹកនាំក្រសួង និងមន្ទីរអប់រំ ជួយអន្តរាគមន៍ពន្លឿនការបើកប្រាក់បន្ថែមនេះជូនពួកគាត់ ដើម្បីអាចយកទៅប្រើប្រាស់តាមតម្រូវការ៖ «ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋមន្ត្រីក្រសួងអប់រំ ជួយធ្វើអន្តរាគមន៍ធ្វើម៉េចឲ្យមានប្រាក់ឧបត្ថម្ភហ្នឹងបើកឲ្យគ្រូផង ព្រោះអីមានតែថវិកាតិចតួចទេ ដែលជួយផ្គត់ផ្គង់គ្រួសារហ្នឹង។ មានតែប៉ុណ្ណឹង ហើយបើមិនឲ្យទៀត មើលទៅដូចជាពិបាកដែរ»។
ប្រាក់ឧបត្ថម្ភថ្ងៃព្រហស្បតិ៍ គឺជាប្រាក់ផ្តល់ឲ្យដោយក្រសួងអប់រំ យុវជន និងកីឡា ចំពោះលោកគ្រូអ្នកគ្រូដែលបង្រៀនបន្ថែមនៅពេលព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីបំប៉នការសិក្សារបស់សិស្សសាលាបឋមសិក្សា។ ក្នុងមួយខែមានការបង្រៀន ៣ដង ដោយមួយដង លោកគ្រូអ្នកគ្រូទទួលបានប្រាក់បន្ថែមចំនួន ១ម៉ឺន ២ពាន់រៀល។ ហើយបើគិតជាសរុប ប្រាក់ដែលពួកគាត់ត្រូវទទួលបានតាំងពីដើមឆ្នាំ២០១៥ មក មានចំនួនជាង ២០ម៉ឺនរៀលក្នុងម្នាក់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
