លោកគ្រូអ្នកគ្រូនៅស្រុកសំរោង ខេត្តតាកែវ ចោទប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក ថាបានកាត់ប្រាក់របបឧបត្ថម្ភរបស់ពួកគាត់យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។
ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកសំរោង បានបើកវគ្គសិក្ខាសាលាមួយមានរយៈពេល ៣ថ្ងៃ ចាប់ផ្ដើមកាលពីថ្ងៃទី៣ វិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី៥ វិច្ឆិកា ស្ដីអំពីកម្មវិធីបង្រៀនភាសាខ្មែរកម្រិតបឋមសិក្សាថ្នាក់ទី៣។ សិក្ខាសាលានេះ ធ្វើឡើងនៅការិយាល័យស្រុកសំរោង ដែលមានលោកគ្រូអ្នកគ្រូមកពីសាលានានាប្រមាណ ១០០នាក់ចូលរួម ក្រោមការឧបត្ថម្ភថវិកាដោយក្រសួងអប់រំ យុវជន និងកីឡា។
ប្រភពពីលោកគ្រូអ្នកគ្រូជាសិក្ខាកាមមួយចំនួន ឲ្យដឹងថា ថវិកាឧបត្ថម្ភនោះចែកចេញជាពីរផ្នែក។ ផ្នែកទី១ ឧបត្ថម្ភប្រាក់ ១៨ដុល្លារកន្លះក្នុងមួយថ្ងៃ ដល់លោកគ្រូអ្នកគ្រូដែលមានផ្ទះនៅឆ្ងាយពីការិយាល័យអប់រំស្រុកលើសពី ១០គីឡូម៉ែត្រ និងផ្នែកទី២ ឧបត្ថម្ភ ៤ដុល្លារក្នុង១ថ្ងៃសម្រាប់លោកគ្រូអ្នកគ្រូដែលរស់នៅតំបន់ចម្ងាយតិចជាង ១០គីឡូម៉ែត្រពីការិយាល័យអប់រំស្រុក។
ក៏ប៉ុន្តែ លោកគ្រូៗដែលសុំមិនបញ្ចេញឈ្មោះ ចោទថាប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំរោង លោក កង ថាន់ ប្រព្រឹត្តអំពើពុករលួយ ដោយបានកាត់យកប្រាក់ពួកគាត់មួយចំនួនទុក៖ «សំឡេងតវ៉ារួម... ខ្ញុំដូចវាមិននេះទេ តែគ្រាន់ថាធ្វើអ៊ីចឹងដូចវានេះពេក កាត់លុយកាត់អីដូចវាពេក ឲ្យនាយកកត់ឈ្មោះតាមសាលា បើសាលាណាចូលកត់ឈ្មោះ អ្នកណាអត់ចូលក៏គេកត់ឈ្មោះដែរ។ ដល់អ៊ីចឹងទៅ មនុស្សខ្លះមានសតិអារម្មណ៍អត់ល្អដែរហ្នឹងណា សកម្មភាពអ៊ីចឹងៗ។ សំឡេងទី២៖ អ្នកនៅក្រោម ១០គីឡូ គឺមួយថ្ងៃបានតែ ៤ដុល្លារទេ ហើយអ្នកលើសពី ១០គីឡូ គេបានមួយថ្ងៃ ១៨កន្លះដុល្លារ។ អ៊ីចឹង ១៨ដុល្លារហ្នឹង បូកចូលគ្នា ៣ថ្ងៃទៅ វាបាន៥៤ អ៊ីចឹងគេសុំ ៤ដុល្លារចុងហ្នឹងណា។ ពេលហ្នឹង គឺគេថា បើឲ្យកុំស្រែក កុំស្រែកបានសេចក្ដីថា កុំផ្សព្វផ្សាយព័ត៌មាន អ្នកមិនឲ្យកុំស្រែក អ្នកឲ្យក៏កុំស្រែក»។
ក្រុមលោកគ្រូទាំងនោះបន្តថា នេះមិនមែនជាលើកទីមួយទេ ដែលប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកសំរោង កាត់ប្រាក់ឧបត្ថម្ភពួកគាត់ ដោយបានរំឭកថា ពេលសិក្ខាសាលាកាលពីខែតុលា ឆ្នាំ២០១៤ ក៏ លោក កង ថាន់ បានកាត់លុយលោកគ្រូអ្នកគ្រូដែរ។
តែការចោទប្រកាន់នេះ ត្រូវបាន លោក កង ថាន់ ឆ្លើយតបបែបអស់សំណើចថា ជារឿងមួលបង្កាច់ និងបង្ខូចឈ្មោះលោកទៅវិញ៖ «មានកាត់ឯណាលោកម្ចាស់អើយ មានកាត់ឯណា មិនទាន់កាត់ឯណា មិនទាន់បើកផងហ្នឹង មិនទាន់មានឃើញក្រសួងគេយកលុយយកកាក់អីមកផងហ្នឹង មិនទាន់បើកផងហ្នឹង មានកាត់ឯណា»។
ក្រៅពីនេះ លោកក៏បានបដិសេធចំពោះការចោទប្រកាន់ ដែលថា លោកបានកាត់លុយលោកគ្រូអ្នកគ្រូក្នុងពេលធ្វើសិក្ខាសាលាកាលពីខែតុលា កន្លងមកដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
