លោកគ្រូអ្នកគ្រូនៅវិទ្យាល័យ សុខ អាន ក្តីទន្ទឹម កំពុងរង់ចាំការដោះស្រាយរបស់ក្រសួងអប់រំ ជាង ២ខែមកហើយលើបណ្ដឹងសុំដកនាយកសាលា។ បញ្ហានេះ អ្នកនាំពាក្យក្រសួងអប់រំ ឲ្យដឹងថា លោកបានឲ្យអាជ្ញាធរខេត្តតាកែវ ដោះស្រាយបន្ត ចំណែកក្រសួងអប់រំ កំពុងសិក្សាលើរបាយការណ៍ជុំវិញរឿងនេះបន្ថែម។
គ្រូៗវិទ្យាល័យ សុខ អាន ក្តីទន្ទឹម ក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ សុំឲ្យក្រសួងអប់រំ ពន្លឿនការអនុវត្តច្បាប់ជុំវិញរឿងសុំដកនាយកសាលាពីតំណែង។ ការស្នើសុំនេះ បានធ្វើឡើងក្រោយពីក្រុមអធិការកិច្ចក្រសួងអប់រំ ជួបចរចាជាមួយគ្រូៗ អាជ្ញាធរខេត្ត និងនាយកសាលា កាលពីខែឧសភា ហើយសន្យាដោះស្រាយបញ្ចប់បញ្ហានៅថ្ងៃទី២៦ ខែកក្កដា។
តំណាងគ្រូៗតវ៉ា លោក មាស ម៉ុង ឲ្យដឹងថា មន្ត្រីអធិការកិច្ចក្រសួងអប់រំ បានសម្របសម្រួលឲ្យពួកគាត់ធ្វើជានាយករង ២នាក់ ដើម្បីបញ្ចប់រឿង។ ប៉ុន្តែពួកគាត់គិតថា ការស្នើឲ្យពួកគាត់ឡើងឋានៈនាយករង ហាក់ដូចជារុញឲ្យពួកគាត់ចូលរួមទៅក្នុងកញ្ចប់ពុករលួយ ព្រោះពួកគាត់ទាមទារដកនាយក ដោយសារនាយកពាក់ព័ន្ធអំពើពុករលួយ។ លោកស្នើសុំឲ្យក្រសួងអប់រំ ពិចារណាឡើងវិញ៖ «ដល់ថ្ងៃកំណត់ ២ខែនេះហើយ អត់ទាន់ឃើញសេចក្តីសម្រេចណាមួយឲ្យមកពួកខ្ញុំអស់ចិត្តសោះ ហើយឥឡូវហ្នឹង ពួកខ្ញុំធ្វើការទាំងមើលមុខគ្នាមិនចំទេ ហើយមានតែការគុំកួន»។
បន្ថែមលើនោះ លោកគ្រូ ចាប សុផាត ថ្លែងថា អភិបាលខេត្តតាកែវ បានសន្យាដោះស្រាយបញ្ចប់បញ្ហានៅថ្ងៃទី២៦ ខែកក្កដា។ ពួកគាត់រង់ចាំមកដល់ថ្ងៃនេះ មិនមានចំណាត់ការពីអាជ្ញាធរខេត្ត និងក្រសួងអប់រំ នៅឡើយទេ។ លោកបន្តថា ពួកគាត់ស្នើសុំឲ្យក្រសួងអប់រំ ក៏ដូចអភិបាលខេត្ត ពន្លឿនការដោះស្រាយវិវាទរវាងគ្រូ និងនាយកសាលា សុខ អាន ក្តីទន្ទឹម៖ «សំណូមពរថា ឲ្យក្រសួងហ្នឹងចាត់វិធានការជាបន្ទាន់ ព្រោះអីសតិអារម្មណ៍របស់លោកគ្រូអ្នកគ្រូ ដូចជាមានបញ្ហា បើសិនជាបន្តនៅឆ្នាំក្រោយទៀត ក៏នៅតែមានបញ្ហាដដែល»។
ពាក់ព័ន្ធបញ្ហានេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ថ្លែងថា លោកបានបញ្ជូនឲ្យមន្ទីរអប់រំខេត្ត ដោះស្រាយបញ្ហាកើតឡើងនៅវិទ្យាល័យ សុខ អាន ក្តីទន្ទឹម នោះហើយ ប៉ុន្តែ លោក ស៊ីវ សុខន ប្រធានមន្ទីរអប់រំខេត្តតាកែវ បំភ្លឺថា របាយការណ៍ទាំងអស់បានផ្តល់ទៅក្រសួងអប់រំ អស់ហើយ។
ក្នុងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន ថ្លែងថា កំពុងសិក្សារបាយការណ៍បន្ថែមពីជម្លោះនៅវិទ្យាល័យ សុខ អាន ក្តីទន្ទឹម នោះ៖ «ក្នុងករណីអធិករណ៍នេះ យើងបានរៀបចំត្រួតពិនិត្យហើយ ហើយក្រសួងក៏បានចាត់ចែងក្រុមការងារមានក្រុមអធិការកិច្ច ហើយយើងបានធ្វើការជាមួយមន្ទីរ ហើយបញ្ជូនព័ត៌មានទៅថ្នាក់ខេត្តដើម្បីត្រួតពិនិត្យបន្ត»។
ថ្លែងការពារខ្លួនក្រោយរងនូវការចោទពីលោកគ្រូអ្នកគ្រូនៅក្នុងវិទ្យាល័យ លោក ឡុង អិត នាយកវិទ្យាល័យ សុខ អាន ក្តីទន្ទឹម ឲ្យដឹងថា រូបគាត់ និងនាយករង ២នាក់ទៀត បានទៅបំភ្លឺនៅមន្ទីរអប់រំខេត្តតាកែវ និងអាជ្ញាធរខេត្តតាកែវ រឿងចំណាយលុយទ្រទ្រង់នោះចប់សព្វគ្រប់អស់ហើយ។ លោកបញ្ជាក់ទៀតថា លោកអនុវត្តតាមការណែនាំពីក្រសួងអប់រំ ត្រឹមត្រូវ។
ទោះយ៉ាងណា គ្រូៗវិទ្យាល័យ សុខ អាន ក្តីទន្ទឹម ដែលបានប្ដឹងសុំដកនាយកសាលាពីតំណែងនេះ ដោយសារពួកគាត់រកឃើញលុយជំនួយទ្រទ្រង់សាលា ភីប៊ី (PB) និងលុយជំនួយសិស្សក្រីក្រ (SIG) ច្រើនលានរៀល ត្រូវបាននាយកចាយមិនត្រឹមត្រូវ ចាប់តាំងពីឆ្នាំ២០១០ មកដល់បច្ចុប្បន្ន។ បញ្ហានេះ ទើបពួកគាត់ប្ដឹងរឿងនោះទៅអាជ្ញាធរខេត្តតាកែវ ក្រសួងអប់រំ ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋសភា ជាដើម សុំដកតំណែងនាយកវិទ្យាល័យ សុខ អាន ក្តីទន្ទឹម នេះ និងសុំឲ្យស៊ើបអង្កេតដោយតម្លាភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
