គ្រូបង្រៀន​នៅ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង ស្នើសុំ​ដក​តំណែង​នាយក​សាលា

0:00 / 0:00

គ្រូបង្រៀន​មួយ​ចំនួន​នៅ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង បាន​ប្ដឹង​នាយក​សាលា លោក ង៉ូវ ឈុនហាក់ ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ពាក់ព័ន្ធ​នឹង​រឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និង​បាន​គ្រប់គ្រង​បែប​អនាធិបតេយ្យ​នៅ​ក្នុង​វិទ្យាល័យ។

ក្រុម​គ្រូបង្រៀន​វិទ្យាល័យ​នេះ ស្នើ​ឲ្យ​ក្រសួង​អប់រំ ដក​នាយក​សាលា​នេះ​ចេញ។ ចំណែក​ឯ​នាយក​សាលា បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ គ្រូបង្រៀន​នៅ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ឲ្យ​ដក​តំណែង​នាយក​សាលា​នេះ​ចេញ និង​ស្នើ​ឲ្យ​ស្ថាប័ន​នេះ​ស្រាវជ្រាវ និង​ត្រួត​ពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​តួនាទី និង​ភារកិច្ច​របស់​នាយក​សាលា​នេះ។

គ្រូបង្រៀន​ម្នាក់​ក្នុង​ចំណោម​គ្រូបង្រៀន​ដទៃ​ទៀត ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ក្រសួង​អប់រំ លោកគ្រូ ហូ ផល្លា បាន​ឲ្យ​ដឹង​ថា លោក​ជា​ជន​រងគ្រោះ​មួយ​រូប​បាន​រង​នូវ​ការ​គំរាម​កំហែង​ផ្លូវ​កាយ ផ្លូវ​ចិត្ត​ពី​សំណាក់​នាយក និង​បក្ខពួក។ លោក​ថា នាយក​សាលា​ខ្វះ​នូវ​គរុកោសល្យ ធ្វើ​ឲ្យ​ចំនួន​សិស្ស​នៅ​ក្នុង​វិទ្យាល័យ​បាន​ថយ​ពី​ចំនួន​ជាង ៣​ពាន់​នាក់ មក​នៅ​ប្រមាណ ១​ពាន់​នាក់ ហើយ​សព្វថ្ងៃ​មាន​សិស្ស​មិន​ដល់ ១​ពាន់​នាក់​មក​រៀន ដោយសារ​វិន័យ​សាលា​ត្រូវ​បាន​អនុវត្ត​ធូរ​រលុង៖ «ការ​អប់រំ​នៅ​ក្នុង​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង បាន​ស្រុត​ចុះ​ខ្លាំង ហើយ​សភាព​អប់រំ​ទាំង​គ្រូ​ទាំង​សិស្ស​មាន​សភាព​កាន់​តែ​រញ៉េរញ៉ៃ។ គ្រូ គឺ​ថា​មាន​ជម្លោះ​នៅ​ក្នុង​អង្គ​ប្រជុំ ហើយ​រឿង​ចាយ​លុយ​នៅ​ក្នុង​សាលា​អត់​មាន​បញ្ជី​អី​ច្បាស់លាស់​ប្រាប់​មក​បុគ្គលិក»

គ្រូបង្រៀន​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា នាយក​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង មិន​ត្រឹម​តែ​ខ្វះ​នូវ​គរុកោសល្យ ធ្វើ​ឲ្យ​ចំនួន​សិស្ស​នៅ​ក្នុង​វិទ្យាល័យ​បាន​ថយ​ចុះ​ប៉ុណ្ណោះ​ទេ ហើយ​ចំពោះ​ទីធ្លា​សាលា​វិញ បាន​ពុះ​ជា​កង់​ជួល​ឲ្យ​ឯកជន​រក​ស៊ី មាន​ជួល​ដាក់​ឡាន ជួល​ដាក់​កន្លែង​លេង​បាល់ ជាដើម។ លោក​សុំ​ឲ្យ​ក្រសួង​អប់រំ ត្រួត​ពិនិត្យ​ករណី​នេះ ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​ក្នុង​សាលា​ឡើង​វិញ។

ជាមួយ​គ្នា​នេះ​ដែរ ពាក្យ​បណ្ដឹង​របស់​គ្រូបង្រៀន​នៅ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង ដែល​បាន​ដាក់​ទៅ​កាន់​ក្រសួង​អប់រំ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ក៏​បាន​ទទូច​ឲ្យ​ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ ដក​នាយក​សាលា​ចេញ​ពី​តំណែង ហើយ​ក្រសួង​ត្រូវ​តែ​ពិនិត្យ ស្រាវជ្រាវ និង​តាម​ដាន​ទង្វើ​របស់ លោក ង៉ូវ ឈុនហាក់ ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ កសាង​ទំនុក​ចិត្ត​លោកគ្រូ​អ្នកគ្រូ​នៅ​វិទ្យាល័យ​នេះ​ឡើង​វិញ។

ចំណែក​នាយក​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង លោក ង៉ូវ ឈុនហាក់ បាន​បដិសេធ​ការ​ចោទ​នោះ ដោយ​លោក​បាន​អះអាង​ថា គ្មាន​ការ​ពិត​ទាំងអស់។ លោក​ថា ថវិកា​ចំណាយ​មាន​គណៈកម្មការ​ត្រឹមត្រូវ មាន​បញ្ជី​ស្នាម​ត្រឹមត្រូវ មិន​ពិត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «រឿង​ចោទ​ខ្ញុំ​ហ្នឹង​វា​អត់​ការ​ពិត​ទេ កន្លង​មក​ការ​ចំណាយ​ផ្សេងៗ គឺ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ»

ឆ្លើយ​តប​នឹង​បញ្ហា​ចម្រូងចម្រាស​នៅ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង នេះ នាយក​ខុទ្ទកាល័យ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន ឲ្យ​ដឹង​ថា កន្លង​មក​ក្រសួង​ធ្លាប់​ចុះ​អធិការ​កិច្ច​នៅ​វិទ្យាល័យ​នេះ​រួច​មក​ហើយ ប៉ុន្តែ​រាល់​បណ្ដឹង​ទាំងឡាយ​ណា​ដែល​បាន​ដាក់​មក​កាន់​ក្រសួង​ជា​ថ្មី​ទៀត​នោះ ក្រសួង​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង​ទៅ​លើ​ស្ថានភាព​នៅ​វិទ្យាល័យ​នេះ៖ «នៅ​ក្នុង​ករណី​នេះ ក្រសួង​នឹង​ចុះ​អធិការកិច្ច​ជាក់ស្តែង ដោយ​មើល​លើ​អង្គហេតុ​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ ក្រោយ​ពី​ក្រសួង​ទទួល​បាន​ពាក្យ​បណ្ដឹង»

កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា កន្លង​ទៅ នៅ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង ធ្លាប់​មាន​រឿងរ៉ាវ​កើត​ឡើង​ពី​ជម្លោះ​សិស្ស​ស្រី​ថ្នាក់​ទី​១០ ម្នាក់ មាន​ការ​បង្ហោះ​រូបភាព​ចែក​ចាយ​តាម​ហ្វេសប៊ុក (facebook) ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កក្កដា ក្រុម​គ្រួសារ​សិស្ស​ស្រី​រូប​នោះ បាន​មក​សុំ​ឲ្យ​នាយក​វិទ្យាល័យ​ពន្យល់​ពី​ការ​អនុញ្ញាត​ឲ្យ​មនុស្ស​វ័យ​ចំណាស់ ចូល​ទៅ​ទះ​កំផ្លៀង​កូន​ស្រី​គាត់​ដល់​ក្នុង​ទីធ្លា​សាលា។ ទោះ​ជា​យ៉ាង​ណា ទាំង​ក្រុម​គ្រួសារ និង​សិស្ស​ស្រី​ដែល​ត្រូវ​គេ​ទះ​កំផ្លៀង​នោះ បាន​ទទួល​យក​សំណង​ជំងឺ​ចិត្ត ៥០០​ដុល្លារ បញ្ចប់​រឿង​អស់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។