គ្រូបង្រៀនជាង ២០នាក់នៅវិទ្យាល័យ សុខ អាន ក្តីទន្ទឹម ខេត្តតាកែវ ចោទថា នាយកសាលានោះចាយលុយទ្រទ្រង់សាលា ភីប៊ី (PB) និងលុយជួយសិស្សក្រីក្រ (SIG) មិនត្រឹមត្រូវ និងធ្វើឲ្យបាត់លុយនោះច្រើនលានរៀលក្នុងមួយឆ្នាំៗ។
គ្រូបង្រៀននៅវិទ្យាល័យ សុខ អាន ក្តីទន្ទឹម ក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី១៦ ខែមិថុនា បាននាំគ្នាធ្វើកូដកម្មមិនបង្រៀនសិស្ស និងទាមទារសុំដកនាយកសាលាពីតំណែង។
ការធ្វើកូដកម្មនេះ បានធ្វើឡើងក្រោយពីគ្រូៗបានរកឃើញថា នាយកសាលានោះបានបំបាត់ថវិកាជំនួយច្រើនលានរៀល តាំងពីឆ្នាំ២០១០ មក។ ក្នុងនោះមានប្រាក់សម្រាប់ទ្រទ្រង់សាលាភីប៊ី និងប្រាក់ជួយដល់សិស្សក្រីក្រដែលរៀនខ្សោយ ជាជំនួយពីប្រទេសស៊ុយអែត (Sweden)។
លោកគ្រូ ឆែ សុគន្ធ អះអាងថា លោកនាយកឈ្មោះ ឡុង អិត បានធ្វើឲ្យប្រាក់ទ្រទ្រង់សាលា និងប្រាក់ជំនួយសិស្សក្រីក្រក្នុងមួយឆ្នាំជិត ៤០លានរៀលបាត់បង់ ដោយសារនាយកសាលារូបនោះដកចាយមិនត្រូវខ្ទង់៖ «បើដក គឺដកឲ្យហើយ មិនអាចទុកឲ្យចាយថវិកាឆ្នាំ២០១៥ ដែលមានថវិកាភីប៊ី ជាង ២៨លានរៀល និងថវិកាអេស.អាយ.ជី ជាង ៣ពាន់ដុល្លារបន្ថែមពីលើនោះទៀត។ អ៊ីចឹងបើសិនជាបន្តទុកឲ្យចាយទៀត អ៊ីចឹងរួចខ្លួនម្តងទៀតគាត់ គាត់ថាលើកលែងទៅបានដកចេញ អ៊ីចឹងសហគមន៍ខ្ញុំគ្មានការអភិវឌ្ឍសោះហើយ»។
បន្ថែមលើនោះ លោកគ្រូ មាស ម៉ុង ថ្លែងថា គ្រូបង្រៀនក្នុងវិទ្យាល័យបានប្ដឹងពីកំហុសរបស់នាយកទៅមន្ទីរអប់រំខេត្តតាកែវ សុំពិនិត្យការចាយប្រាក់របស់ លោក ឡុង អិត នាយកវិទ្យាល័យ សុខ អាន ក្តីទន្ទឹម។ ប៉ុន្តែមន្ទីរអប់រំ និងអភិបាល មិនអាចអនុវត្តច្បាប់លើនាយកបាន គ្រូៗបានប្ដឹងករណីនេះបន្តទៅក្រសួងអប់រំ ទៀត។ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ក្រសួងអប់រំ បានចេញលិខិត១២៣៤ បញ្ជាឲ្យមន្ទីរអប់រំខេត្ត ហៅលោកនាយកសាលាទៅអប់រំផ្ទាល់មាត់។ លោកថា ការហៅអប់រំឲ្យកែប្រែនេះ វាមានបញ្ហាទៀតនៅក្នុងប្រាក់ជំនួយឆ្នាំ២០១៥ ទើបគ្រូៗមិនសុខចិត្ត ធ្វើបាតុកម្មទាមទារដកនាយកវិទ្យាល័យ សុខ អាន ក្តីទន្ទឹម នេះពីតំណែង។
បំភ្លឺចំពោះការលើកឡើងរបស់គ្រូៗក្រោមឱវាទ លោក ឡុង អិត នាយកវិទ្យាល័យ សុខ អាន ក្តីទន្ទឹម ថ្លែងថា លោក និងនាយករង ២នាក់ទៀត បានទៅបំភ្លឺរឿងលុយកាក់នោះនៅមន្ទីរអប់រំខេត្តតាកែវ ចប់សព្វគ្រប់អស់ហើយ។ ដោយលោកបានអនុវត្តតាមការណែនាំពីក្រសួងអប់រំ ត្រឹមត្រូវ៖ «រឿងនេះខ្ញុំពិបាកឆ្លើយណាស់ សុំសួរទៅក្រសួង ព្រោះអីក្រសួងជាអ្នកដែលចុះមកសង្កេតពិនិត្យផ្ទាល់ គាត់អាចដឹងថា យ៉ាងម៉េចៗមួយ គឺគាត់ជម្រាបបាន»។
ថ្លែងការពារមន្ត្រីរបស់ខ្លួន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អះអាងថា បណ្ដឹងនៅវិទ្យាល័យ សុខ អាន ក្តីទន្ទឹម នោះ ក្រុមអធិការកិច្ចក្រសួងបានចុះទៅសាកសួរ និងបានព្រមាននាយកសាលានោះ ព្រមទាំងបានណែនាំផ្ទាល់មាត់ពីការចាយវាយថវិការបស់សាលាឲ្យត្រឹមត្រូវរួចរាល់ហើយ។ លោក ហង់ ជួនណារ៉ុន សង្ស័យថា ការធ្វើកូដកម្មរបស់គ្រូៗនៅវិទ្យាល័យ សុខ អាន ក្តីទន្ទឹម នោះ អាចមានពាក់ព័ន្ធនឹងគណបក្សនយោបាយនៅពីក្រោយ៖ «ខ្ញុំនឹងពិនិត្យមើលស្ថានភាពជាក់ស្តែងតែម្តង ថាតើវាមានរឿងនយោបាយ ឬក៏អត់? ហើយបើសិនជាដក ហើយតើដាក់ពីណាដែលអាចមានសមត្ថភាពធ្វើ ព្រោះការងារធ្វើនាយកនេះ ការងារអត់មានការឧបត្ថម្ភទេ មានឧបត្ថម្ភតែបន្តិចបន្តួចតែប៉ុណ្ណោះ»។
ពាក់ព័ន្ធការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ នេះ តំណាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក នី ចាន់តារ៉ាវុធ អះអាងថា នាយកសាលាកម្រនឹងមានការបោះឆ្នោតជ្រើសរើសណាស់ គឺនាយកសាលាភាគច្រើនកើតចេញពីការតែងតាំងគ្រូ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។ ហើយគ្រូៗនៅក្រោមឱវាទ មិនសូវហ៊ានលើកពីបញ្ហាពុករលួយក្នុងសាលាទេ។ ប៉ុន្តែការបង្ហាញភស្តុតាងពុករលួយរបស់នាយកវិទ្យាល័យ សុខ អាន ក្តីទន្ទឹម ពីករណីកិបកេងប្រាក់ទ្រទ្រង់សាលា ឬ ភីប៊ី និងប្រាក់ជំនួយសិស្សក្រីក្រ ឬអេស.អាយ.ជី ក្រសួងអប់រំ គួរតែស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ដើម្បីស្វែងរកការពិតក្នុងរឿងនេះ។
គ្រូនៅក្នុងវិទ្យាល័យ សុខ អាន ក្តីទន្ទឹម ឈ្មោះ គាន ពន្លក ឲ្យដឹងថា គ្រូតវ៉ាសុំដកនាយកពីតំណែងមាន ២៧នាក់ ក្នុងចំណោមបុគ្គលិក ៤៩នាក់។ លោកបន្តថា ការធ្វើកូដកម្មរបស់គ្រូៗបានសុំច្បាប់ពីអាជ្ញាធរ ភូមិ ឃុំ នៅក្នុងមូលដ្ឋាន។ លោកបន្ថែមថា ការតវ៉ានេះនឹងធ្វើបន្តទៀត ហើយបើសិនជាមិនមានការដោះស្រាយឲ្យបានឆាប់ទេ ការតវ៉ានេះអាចនឹងប៉ះពាល់ដល់ការសិក្សាឆមាសទី២ របស់សិស្សក្នុងវិទ្យាល័យនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។