ក្រុមគ្រូបង្រៀនខ្លះនៅខេត្តឧត្តរមានជ័យ ដែលជាខេត្តជាប់ព្រំដែនជាមួយនឹងប្រទេសថៃ បានឱ្យដឹងថា ពួកគេមួយចំនួនបានខកខានទៅបង្រៀនសិស្សឱ្យបានទៀងទាត់ ដោយសារតែពុំមានលុយចាក់សាំងធ្វើដំណើរ។
ការត្អូញត្អែរនេះ កើតមានឡើងបន្ទាប់ពីប្រាក់ខែគ្រូបង្រៀនសម្រាប់ខែឧសភា មានការយឺតយ៉ាវ។ គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាអូររំចេក នៃឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺលោក ញន សារុន។ លោកបានមានប្រសាសន៍នៅពីថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ថា លោកកំពុងប្រឈមមុខនឹងភាពខ្វះខាតជាខ្លាំង ដោយសារតែប្រាក់សម្រាប់ខែឧសភា មានការយឺតយ៉ាវកន្លះខែមកហើយ។ ការយឺតយ៉ាវប្រាក់ខែនេះ ធ្វើឱ្យរូបលោកប្រឈមនឹងបញ្ហាខ្វះខាតខាងជីវភាព ហើយការទៅបង្រៀនសិស្ស ក៏មិនបានទៀងទាត់ពេលវេលា៖ «បើកប្រាក់ខែយឺតរហូតដល់កន្លះខែនេះ គឺខ្ញុំអត់បានទៅបង្រៀនទេ ព្រោះខ្ញុំអត់មានថវិកាសម្រាប់ចាក់សាំងទៅបង្រៀនសិស្សទេ។ ខ្ញុំខានថ្ងៃសៅរ៍ ហ្នឹង ដោយសារខ្ញុំអត់មានថវិកាសម្រាប់ចាក់សាំងទេ ហើយណាមួយម៉ូតូខូចផង ហើយផ្លូវឆ្ងាយពីផ្ទះរបស់ខ្ញុំរហូតទៅដល់សាលារៀនមានចម្ងាយ ៣២គីឡូម៉ែត្រ»។
មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានទទួលស្គាល់ថា ប្រាក់ខែសម្រាប់គ្រូបង្រៀនទូទាំងខេត្តនេះ ពិតជាមានការយឺតយ៉ាវដូច្នេះមែន។
ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា លោក អ៊ឹង បូរ៉ាត់ បានមានប្រសាសន៍ថា មិនមែនតែគ្រូបង្រៀនប៉ុណ្ណោះទេដែលមិនទាន់បានទទួលប្រាក់សម្រាប់ខែឧសភា ចំណែករូបលោកដែលជាមន្ត្រីមន្ទីរអប់រំ ក៏មិនទាន់បានទទួលប្រាក់ខែនៅឡើយ។ លោក អ៊ឹង បូរ៉ាត់ បានបញ្ជាក់ថា លោកក៏មិនមានវិធីដោះស្រាយចំពោះការយឺតយ៉ាវប្រាក់ខែនេះទេ ដោយសារតែរតនាគារខេត្ត មិនទាន់មានប្រាក់៖ «យើងរៀបឯកសារទៅអស់ហើយ តែរតនាគារគេមិនទាន់មានលុយបើកឱ្យ។ យឺតយ៉ាវពីខាងរតនាគារទេណា!»។
ក្រុមគ្រូបង្រៀនខ្លះដែលនៅតំបន់ជនបទដាច់ស្រយាល បានត្អូញត្អែរថា ការបើកប្រាក់ខែយឺតយ៉ាវនេះ ក៏អាចធ្វើឱ្យការងារកសិកម្មសម្រាប់រដូវវស្សាឆ្នាំនេះមានការយឺតយ៉ាវដែរ។
គ្រូបង្រៀនមួយរូបនៅសាលាបឋមសិក្សាអូរអង្រែ នៃស្រុកអន្លង់វែង គឺលោក ចាន់ សំណាង បានមានប្រសាសន៍ថា ប្រាក់ខែគ្រូនេះក្រៅតែពីសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ក៏យកទៅទិញសម្ភារៈកសិកម្មផងដែរ ក៏ប៉ុន្តែនៅពេលដែលប្រាក់ខែយឺតយ៉ាវ គឺការធ្វើស្រែចម្ការក៏កាន់តែយឺតយ៉ាវពេលវេលា។ ម្យ៉ាងវិញទៀត រៀងរាល់ថ្ងៃនៅពេលដែលទៅបង្រៀនសិស្ស បើពុំមានលុយសម្រាប់ស្រស់ស្រូបអាហារពេលព្រឹកទេ គឺទ្រាំអត់ពោះទទេ ធ្វើឱ្យសុខភាពមិនល្អ មិនសូវមានកម្លាំងបង្រៀនសិស្សឡើយ។
ក្រុមគ្រូបង្រៀននៅតាមសាលាបឋមសិក្សាខ្លះ ឱ្យដឹងថា ប្រាក់ខែរបស់គេចំនួនជាង ៣០ម៉ឺនរៀលក្នុង ១ខែៗ ក៏ប៉ុន្តែរយៈពេល ៥ខែដើមឆ្នាំ២០១៣ គេសម្គាល់ឃើញថា ការបើកប្រាក់ខែតែងមានការយឺតយ៉ាវជាញឹកញាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
