ប្រធានមន្ទីរអប់រំខែត្រក្រចេះ ព្រមានគ្រូបង្រៀនម្នាក់ឲ្យបញ្ឈប់ការផ្សព្វផ្សាយពីការរៃអង្គាសប្រាក់ពីសិស្សានុសិស្សសម្រាប់វិភាគទានជួយដល់ទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិ។
ប្រធានមន្ទីរអប់រំខេត្ត ចាត់ទុកថា ទង្វើនេះជាការឃោសនាសម្រាប់បក្សនយោបាយ ផ្ទុយពីសេចក្ដីណែនាំរបស់ក្រសួងអប់រំ។
គ្រួបង្រៀននៅសាលាបឋមសិក្សាអនុវត្ត ក្រុងក្រចេះអះអាងថា ប្រធានមន្ទីរអប់រំខែត្រក្រចេះ តម្រូវឲ្យលោកធ្វើកិច្ចសន្យាដើម្បីបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងការរៃអង្គាសប្រាក់ពីសិស្សានុសិស្សដែលគេអះអាងថា ផ្ទុយពីសារាចរណែនាំរបស់ក្រសួងអប់រំ និងផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។
គ្រូបង្រៀនថ្នាក់ទី៦ សាលាបឋមសិក្សាអនុវត្តក្រុងក្រចេះ សុំមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី៦ កញ្ញា ថា កាលពីចុងខែសីហា លោកបានផ្សព្វផ្សាយ និងរាយអង្គាសប្រាក់តាមការស្ម័គ្រចិត្តពីសិក្សានៅក្រៅម៉ោងសិក្សា ឬម៉ោងបង្រៀនគួរ ដើម្បីចូលរួមវិភាគទានដល់ទូរទស្សន៍ព្រះអាទិត្យ។ តែសកម្មភាពនេះ ត្រូវបានប្រធានមន្ទីរអប់រំ ខែត្រក្រចេះ ចាត់ទុកថា ជាការឃោសនាសម្រាប់បក្សនយោបាយ ផ្ទុយពីសេចក្ដីណែនាំរបស់ក្រសួងអប់រំទៅវិញ។
លោកយល់ថា ការរឹតត្បិតមិនឲ្យផ្សព្វផ្សាយ និងរៃអង្គាសប្រាក់ដើម្បីចូលរួមទូរទស្សន៍ព្រះអាទិត្យថា ជាការបំបិទសិទ្ធិសេរីភាពចូលរួមអភិវឌ្ឍសង្គមជាតិ៖ «ឥឡូវហ្នឹងគេសម្របសម្រួល ប៉ុន្តែខ្ញុំអត់ចង់បានការសម្របសម្រួល បើសិនខ្ញុំធ្វើខុសខ្ញុំសុខចិត្តទទួលតាមច្បាប់ ឥឡូវគេឲ្យយើងធ្វើកិច្ចសន្យាថា ថ្ងៃក្រោយឈប់រៃអង្គាសថវិកាក្រៅផ្លូវការ ឬក៏ពុំមានការអនុញ្ញាត សេចក្ដីណែនាំរបស់ក្រសួងហ្នឹងគឺត្បិតត្បៀត ក្នុងការទទួលបានព័ត៌មានក្នុងការចូលរួមអភិវឌ្ឍន៍របស់កុមារ»។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរអប់រំខែត្រក្រចេះ លោក ឡាយ បូរ៉ា ឲ្យដឹងនៅថ្ងៃទី០៦ កញ្ញា ថា សារាចរណែនាំរបស់ក្រសួងអប់រំ ហាមមិនឲ្យគ្រូបង្រៀនផ្សព្វផ្សាយទាក់ទិននឹងបក្សនយោបាយក្នុងម៉ោងរដ្ឋបាលក្របខ័ណ្ឌរបស់រដ្ឋនោះឡើយ។
លោកថា មន្ទីរអប់រំគ្រាន់តែហៅគ្រូបង្រៀនដែលប្រព្រឹត្តទង្វើដូច្នេះ មកធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ទង្វើនេះកុំឲ្យមានជាលើកទីពីរ មិនមែនជាករណីមានទោសទណ្ឌធ្ងន់ធ្ងរនោះទេ៖ «ខ្ញុំមានភស្តុតាងជាក់ស្ដែង ដោយសារគាត់មានប័ណ្ណរបស់គណបក្សសង្គ្រោះជាតិហ្នឹង ផ្ដល់ឲ្យសិស្សដូចថា រាយពីសិស្សបានប៉ុន្មានៗ យើងមានភស្តុតាង ប៉ុន្តែយើងប្រជុំក្រុមប្រឹក្សាពិន័យរបស់មន្ទីរដើម្បីណែនាំគាត់ ដើម្បីឲ្យគាត់យល់ពីភារកិច្ចរបស់គាត់។ រឿងការងារបក្សនយោបាយជារឿងសាមីខ្លួនគាត់កុំឲ្យធ្វើការងារក្នុងក្របខ័ណ្ឌរបស់រដ្ឋ»។
ទាក់ទងបញ្ហានេះ ប្រធានស្ដីទីនៃសមាគមសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី មានប្រសាសន៍បញ្ជាក់ថា គ្រូបង្រៀនបានផ្សព្វផ្សាយនៅក្រៅម៉ោងរដ្ឋបាលមិនមែនក្របខ័ណ្ឌរដ្ឋ មិនមានអ្វីខុសឆ្គងដែលផ្ទុយពីសារាចរណែនាំរបស់ក្រសួងឡើយ ព្រោះវាជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗដើម្បីចូលរួមអភិវឌ្ឍសង្គម។
អ្នកស្រីចាត់ទុកការហាមឃាត់មិនឲ្យគ្រូបង្រៀនចូលរួមផ្សព្វផ្សាយទាក់ទិនការរៃអង្គាសប្រាក់ ដើម្បីចូលរួមជាវិភាគទានសម្រាប់ទូរទស្សន៍ព្រះអាទិត្យក្រៅម៉ោងរដ្ឋបាល ថាជាការរឹតត្បិតសេរីភាពគ្រូបង្រៀន តាមរយៈការស្ម័គ្រចិត្តរបស់សិស្សានុសិស្សក្រៅម៉ោងរដ្ឋបាល៖ «ឲ្យតែកន្លែងណាដែលមិនមែនជាម៉ោងរដ្ឋបាលរបស់គ្រូ គឺអត់ខុសទេ គាត់អាចផ្សព្វផ្សាយបាន គឺជាការបិទសិទ្ធិសេរីភាពក្នុងការតស៊ូមតិ ក្នុងការផ្សព្វផ្សាយព័ត៌មាន»។
គ្រូបង្រៀនឲ្យដឹងថា មន្ត្រីមន្ទីរអប់រំខែត្រក្រចេះ បានចោទប្រកាន់លោកត្រង់ចំណុចទី៦ ស្ដីពីគោលការណ៍ណែនាំរបស់ក្រសួងអប់រំលេខ ០១ ចេញកាលពីខែមករា ឆ្នាំ២០១៤ បានចែងថា ក្នុងករណីបុគ្គលិកអប់រំធ្វើសកម្មភាពឲ្យប៉ះពាល់ដល់អព្យាក្រឹតភាពរបស់ស្ថាប័នអប់រំ និងគ្រឹះស្ថានសិក្សាត្រូវទទួលទណ្ឌកម្មតាមមាត្រា៥២ នៃច្បាប់ស្ដីពីការអប់រំ ដែលកំណត់ថា គ្រប់សកម្មភាពនយោបាយ ឬការឃោសនានយោបាយឲ្យគណបក្សនយោបាយណាមួយនៅក្នុងស្ថាប័នអប់រំ ឬគ្រឹះស្ថានសិក្សាដែលផ្ទុយនឹងមាត្រា ៣៤ នៃច្បាប់នេះ ត្រូវទទួលពិន័យអន្តរកាលជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
