គ្រូបង្រៀនជាប់កិច្ចសន្យានៅខេត្តកំពង់ចាម ត្អូញត្អែរពីជីវភាពខ្វះខាតដោយសារភាពយឺតយ៉ាវក្នុងការបើកប្រាក់ខែជូនពួកគាត់។ គ្រូបង្រៀនទាំងនោះថា ប្រាក់បៀវត្សរ៍ជាងមួយឆ្នាំទៅហើយដែលពួកគាត់មិនទាន់ទទួលបាន។ បញ្ហានេះបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ពួកគាត់ គ្រូខ្លះត្រូវខ្ចីប្រាក់គេចាយវាយ ខ្លះទៀតគ្មានប្រាក់សម្រាប់ធ្វើបុណ្យទានជាដើម។
គ្រូកិច្ចសន្យាជាច្រើននៅខេត្តកំពង់ចាម ស្នើឱ្យក្រសួងអប់រំ ឬក្រសួងពាក់ព័ន្ធ មេត្តាពន្លឿនដោះស្រាយរឿងប្រាក់បៀវត្សរ៍ជូនពួកគាត់ឱ្យទាន់រដូវបុណ្យភ្ជុំបិណ្ឌ។ ការស្នើសុំនោះ ដោយសារគ្រូបង្រៀនខ្លះត្រូវការប្រាក់ជាចាំបាច់សម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ ខ្លះទៀតត្រូវការប្រាក់សម្រាប់ធ្វើបុណ្យទានក្នុងរដូវភ្ជុំបិណ្ឌ។
គ្រូបង្រៀនកិច្ចសន្យានៅសាលាបឋមសិក្សា កង តាណឹង ស្រុកកងមាស លោក ខៀវ ធន មានប្រសាសន៍ថា រយៈពេលមួយឆ្នាំជាងទៅហើយ ដែលពួកគាត់ទន្ទឹងរង់ចាំប្រាក់បៀវត្សរ៍របស់ខ្លួន។ គ្រូចូលនិវត្តន៍រូបនេះបន្តថា ដោយសារជីវភាពខ្វះខាត ទើបលោកស្នើសុំគេបង្រៀនកិច្ចសន្យា គ្រាន់បានប្រាក់ខ្លះឧបត្ថម្ភគ្រួសារបន្ថែមលើប្រាក់ចូលនិវត្តន៍របស់លោក៖ «ប៉ះពាល់ប្រឹងទៅបង្រៀនហើយ តែវាអត់បានលុយ ហើយក្នុងជីវភាពក្នុងគ្រួសារនេះ មិនមែនទៅជាអ្នកមានអី»។
គ្រូកិច្ចសន្យា គឺជាគ្រូដែលក្រសួងសម្រេចជ្រើសរើសបន្ថែមសម្រាប់ជួយបង្រៀននៅតាមសាលាដែលខ្វះខាតគ្រូ ហើយពួកគាត់ទទួលបានប្រាក់ខែចំនួន ៤៩ម៉ឺនរៀលក្នុងមួយខែ។
ស្រដៀងគ្នានេះ គ្រូបង្រៀនមួយរូបទៀត លោក អោន តាំងកោ ឱ្យដឹងថា លោកត្រូវយកពេលកន្លះថ្ងៃ ដើម្បីជួយបង្រៀនកូនក្មេងតូចៗ ព្រោះតែចង់បានប្រាក់ជួយឧបត្ថម្ភគ្រួសារដែលមានសមាជិកក្នុងបន្ទុកច្រើន។
លោកគ្រូដដែលហាក់មិនសូវមានសង្ឃឹមសោះថា ប្រាក់ខែគ្រូកិច្ចសន្យានឹងបានមកដល់មុនថ្ងៃភ្ជុំធំ ប៉ុន្តែយ៉ាងណា លោកស្នើឱ្យក្រសួងអប់រំ ជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ទាំងនេះ៖ «(ថ្លៃ) ភ្លើងផង ទឹកផង ហើយការហូបចុកគ្នា ៥នាក់ នៅនឹងផ្ទះខ្ញុំហ្នឹង ហើយកូនស្រីឈឺទៀត»។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម លោក ស្វាយ ផល្លា មានប្រសាសន៍នៅថ្ងៃទី៨ តុលា ថា ដោយសារខាងមន្ទីរត្រូវការផ្ទៀងផ្ទាត់សំណុំឯកសារគ្រូកិច្ចសន្យាទាំងនោះឱ្យបានច្បាស់លាស់ មុននឹងបញ្ជូនទៅក្រសួងដើម្បីស្នើសុំថវិកា ជៀសវាងមានបញ្ហាកើតឡើង ម្យ៉ាងទៀត ប្រាក់បៀវត្សរ៍គ្រូកិច្ចសន្យាត្រូវការបើកតាមប្រព័ន្ធធនាគារផង។ យ៉ាងណាលោកថា ខាងលោកកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ហើយប្រាក់ខែនោះ នឹងអាចធ្លាក់មកដល់នៅពេលឆាប់ៗ៖ «អាហ្នឹងនិយាយឱ្យខ្លីទៅ បែបបទខាងរដ្ឋបាល។ គឺការកំណត់ខាងមុខងារសាធារណៈ និងក្រសួងអប់រំហ្នឹង ត្រូវសិក្សាថា យើងធ្វើនៅតាមខេត្តហ្នឹងបានជាក់លាក់ ឬទេ»។
គ្រូកិច្ចសន្យានៅខេត្តកំពង់ចាម គឺមានជាង ៩០០នាក់។ បន្ថែមពីនេះ លោក ស្វាយ ផល្លា អះអាងថា ប្រាក់បៀវត្សរ៍គ្រូទាំងនោះ គឺមិនបាត់បង់ឡើយ។
ទោះបីជាបែបនេះក្តី ប្រធានស្ដីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា បញ្ហានេះកើតឡើងស្ទើរទូទាំងប្រទេសកម្ពុជា ហើយអ្នកស្រីថា អាចជាចេតនាច្រើនជាង ពីព្រោះកន្លងមកបញ្ហាស្រដៀងគ្នានេះតែងតែកើតមានឡើងជារឿយៗ៖ «ប្រាក់ម៉ោងគឺថា យឺតយ៉ាវរាល់តែពេល អ៊ីចឹងស្នើឱ្យក្រសួងអប់រំហ្នឹងធ្វើយ៉ាងណាដើម្បីឱ្យលោកគ្រូ អ្នកគ្រូដែលបានចំណាយពេលហ្នឹង ទទួលបានប្រាក់របស់គាត់ទាន់ពេលវេលាផង»។
អ្នកស្រីឱ្យដឹងទៀតថា ជានិច្ចកាលខាងសមាគមអ្នកស្រីតែងទទួលបានពាក្យបណ្ដឹង ឬបញ្ហាប្រឈមរបស់គ្រូបង្រៀន ហើយក៏តែងដាក់របាយការណ៍ទាំងនោះទៅខាងក្រសួងអប់រំ ដើម្បីជួយដោះស្រាយ ប៉ុន្តែគ្មានចំណាត់ការទេ។ ជាមួយគ្នានេះ ខាងក្រសួងក៏មិនដែលឆ្លើយតបទៀត ទើបរាល់បញ្ហាប្រឈមរបស់គ្រូបង្រៀននៅតែជួបដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។