គ្រូបង្រៀន​នៅ​រតនគិរី​តវ៉ា​ចំពោះ​ផែនការ​ដំឡើង​ម៉ោង​បង្រៀន

គ្រូបង្រៀន​នៅ​ខេត្ត​រតនគិរី បាន​នាំ​គ្នា​តវ៉ា​ចំពោះ​ផែនការ​ដំឡើង​ម៉ោង​បង្រៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី។ បុគ្គលិក​សិក្សា​ទាំង​នោះ​សម្រេច​ចិត្ត​មិន​ទទួល​យក​ម៉ោង​បង្រៀន​ខុស​ប្រក្រតី​នោះ​ទេ។

0:00 / 0:00

លោកគ្រូ​អ្នកគ្រូ​ប្រមាណ ៩០​នាក់ នៅ​វិទ្យាល័យ​សម្ដេច​ឪ​សម្ដេច​ម៉ែ ខេត្ត​រតនគិរី បាន​ផ្ដិត​មេដៃ​តវ៉ា​ភ្លាមៗ​មិន​ទទួល​យក​ការ​សម្រេច​ឲ្យ​ពួក​គាត់​បង្រៀន​ក្នុង​មួយ​ថ្ងៃ ៦​ម៉ោង​ខុស​ពី​ចំនួន​ម៉ោង​បង្រៀន​រៀង​រាល់​ឆ្នាំ​ដែល​បាន​កំណត់​ក្នុង​កម្មវិធី​បង្រៀន​ឡើយ។

ការ​តវ៉ា​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១២ ខែ​តុលា នា​វិទ្យាល័យ​សម្ដេច​ឪ​សម្ដេច​ម៉ែ ខេត្ត​រតនគិរី ដោយ​មាន​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត និង​គ្រូ​ជាង ៩០​នាក់​ចូល​រួម​ប្រជុំ។

គ្រូបង្រៀន​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​មួយ​រូប នៅ​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​តុលា មាន​ប្រសាសន៍​បញ្ជាក់​ថា កម្មវិធី​បង្រៀន​រៀង​រាល់​ឆ្នាំ​របស់​ក្រសួង​អប់រំ គឺ​គ្រូ​ម្នាក់​បង្រៀន ៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ក៏​ប៉ុន្តែ​កម្មវិធី​ថ្មី​តម្រូវ​ឲ្យ​គ្រូ​បង្រៀន ៥​ម៉ោង ឬ ៦​ម៉ោង។

លោក​បន្ត​ថា គ្រូបង្រៀន​មាន​ប្រាក់​បៀវត្សរ៍​តិចតួច ហើយ​បើក​មិន​ទៀង​ទាត់​ទៀត ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​ក្នុង​គ្រួសារ​ខ្វះខាត​រៀង​រាល់​ខែ ដូច្នេះ​គ្រូ​ខ្លះ​ត្រូវ​ចេញ​ទៅ​រក​ការងារ​ក្រៅ​ម៉ោង​បន្ថែម​ដើម្បី​បាន​ប្រាក់​កម្រៃ​បង្គ្រប់​ចំណាយ ហេតុ​នេះ​ការ​បន្ថែម​ម៉ោង​បង្រៀន​ដោយ​មិន​មាន​បន្ថែម​ប្រាក់​បៀវត្សរ៍​ដល់​គ្រូ​បង្រៀន នឹង​ជំរុញ​ឲ្យ​ជីវភាព​គ្រូ​បង្រៀន​កាន់​តែ​ធ្លាក់​ដុនដាប៖ «គេ​អត់​ទាន់​ដោះស្រាយ​ឲ្យ​យើង​ទេ​ពី​បញ្ហា​នៅ​ចម្រូងចម្រាស​គ្នា នៅ​តវ៉ា នៅ​ផ្ដិត​មេដៃ។ បុគ្គលិក​ទាំង​អស់​បាន​ផ្តិត​មេដៃ​ក្រោយ​ពេល​ចុះ​ពី​ប្រជុំ​វិញ​នៅ​ម៉ោង ១១ ម្សិលមិញ ជំទាស់​ទាំង​អស់។ បើ​សិន​ជា​ឡើង​ម៉ោង​ហ្នឹង ប្រាក់​ខែ​នៅ​ដដែល គោលការណ៍​របស់​ក្រសួង​ដដែល គិត​ទៅ​អត់​ឡើង»

កម្មវិធី​ថ្មី​ដែល​តម្រូវ​ឲ្យ​គ្រូបង្រៀន ៥​ម៉ោង គឺ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៦ ដល់​ម៉ោង ១១ ឬ​រសៀល​ចាប់​ពី​ម៉ោង ១២ ដល់​ម៉ោង ៥។

គ្រូ​បង្រៀន​មួយ​រូប​ទៀត​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដូច​គ្នា មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា កម្មវិធី​បង្រៀន​ថ្មី​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​គ្រូបង្រៀន​ទេ ក៏​ប៉ុន្តែ​កម្មវិធី​នេះ​នឹង​បង្ក​ការ​លំបាក​ដល់​ពេល​វេលា​អាណាព្យាបាល​សិស្សានុសិស្ស​ថែម​ទៀត​ផង។

លោក​កត់​សម្គាល់​ថា នៅ​វិទ្យាល័យ​សម្ដេច​ឪ​សម្ដេច​ម៉ែ ខេត្ត​រតនគិរី បញ្ហា​ចោទ​គឺ​បរិមាណ​សិស្ស​កើន​ច្រើន ត្រូវ​ខ្វះ​អាគារ​សិក្សា​មួយ​ខ្នង​មាន ១២​បន្ទប់។ ចំណែក​គ្រូបង្រៀន​មាន​គ្រប់គ្រាន់​មិន​ខ្វះ ដែល​ត្រូវ​បន្ថែម​ម៉ោង​បង្រៀន​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​តុលា មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​រតនគិរី សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ នាយក​វិទ្យាល័យ​សម្ដេច​ឪ​សម្ដេច​ម៉ែ លោក មាស ផានី មាន​ប្រសាសន៍​បញ្ជាក់​ថា កម្មវិធី​នេះ​ត្រូវ​បាន​លប់​ចោល​វិញ​ហើយ ដោយសារ​តែ​ការ​តវ៉ា​របស់​គ្រូបង្រៀន​ភាគ​ច្រើន៖ «ទី​មួយ​យើង​ខ្វះ​សាលា ហើយ​គេ​ក៏​បាន​ណែនាំ​ឲ្យ​យើង​បង្កើន​ម៉ោង​ដល់​យើង មើល​ទៅ​លោក​គ្រូ អ្នកគ្រូ​យើង​គាត់​អត់​ពេញ​ចិត្ត អ៊ីចឹង​យើង​សម្រួល​ដូច​រាល់​ដង​វិញ​អត់​បញ្ហា​អ្វី​ទេ រួច​រាល់​អស់​ហើយ»

ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ លោក រ៉ុង ឈុន ចាត់​ទុក​ថា ការ​សម្រេច​ឲ្យ​គ្រូបង្រៀន​លើស​ម៉ោង​កំណត់​ដោយ​ក្រសួង​អប់រំ និង​មិន​មាន​ការ​ស្ម័គ្រចិត្ត​ពី​គ្រូបង្រៀន​គឺ​ជា​ប្រការ​ខុស​ច្បាប់។ លោក​កត់​សម្គាល់​ថា ក្រសួង​អប់រំ​បាន​កំណត់​ម៉ោង​បង្រៀន​សម្រាប់​គ្រូ​កម្រិត​វិទ្យាល័យ ១៦​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ និង ១៨​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​គ្រូ​កម្រិត​អនុវិទ្យាល័យ៖ «ការ​ដែល​ធ្វើ​បែប​ហ្នឹង​ខុស​ហើយ បើ​សិន​គ្រូបង្រៀន​ម៉ោង​ច្រើន​ត្រូវ​តែ​មាន​ការ​ប៉ះប៉ូវ​លុយ​ម៉ោង​ឲ្យ​គាត់​ហើយ ហើយ​បើ​គាត់​ថា ហត់​នឿយ គាត់​បង្រៀន​ត្រឹម​តែ​ម៉ោង​គាត់​ទេ នាយក​ក៏​គ្មាន​សិទ្ធិ​ទៅ​ចាប់​បង្ខំ​ពួកគាត់​ដែរ»

យ៉ាង​ណា​ក្តី លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រាក់​បៀវត្សរ៍​គ្រូបង្រៀន​ជា​មធ្យម​ទទួល​បាន​ប្រមាណ ១២០​ដុល្លារ​ក្នុង​មួយ​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។