គ្រូ​បង្រៀន​នៅ​ព្រះវិហារ​ត្អូញ​រឿង​បាត់​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង

ដោយ ហង្ស សាវយុត
2014.06.30

ប្រធាន​សាខា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ខេត្ត​ព្រះវិហារ អំពាវនាវ​ឱ្យ​គ្រូបង្រៀន​នៅ​តាម​អនុ​វិទ្យាល័យ វិទ្យាល័យ និង​សាលា​បឋមសិក្សា​ជា​ច្រើន​ក្នុង​ខេត្ត​នេះ ចូល​រួម​ជាមួយ​សមាគម​ដើម្បី​ធ្វើ​សកម្មភាព​ការពារ​ផលប្រយោជន៍​ទាំង​ឡាយ​របស់​គ្រូបង្រៀន។ ការ​អំពាវនាវ​បាន​ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​ប្រាក់​បន្ថែម​ម៉ោង និង​ប្រាក់​តំបន់​សម្រាប់​ឧបត្ថម្ភ​ដល់​គ្រូបង្រៀន​ជា​ច្រើន​កន្លែង​មិន​ឃើញ​បើក​ជាច្រើន​ខែ​មក​ហើយ។

​ក្រុម​គ្រូបង្រៀន​នៅ​តាម​បណ្ដា​ស្រុក​ខ្លះ ព្រមទាំង​ទី​រួម​ខេត្ត​ព្រះវិហារ​ផង អះអាង​ថា ប្រាក់​បង្រៀន​បន្ថែម​ម៉ោង និង​ប្រាក់​តំបន់​ជាច្រើន​ម៉ឺន​រៀល​បាន​បាត់​ជាច្រើន​ខែ​មក​ហើយ មិន​ឃើញ​មន្ត្រី​មន្ទីរ ឬ​ក៏​ការិយាល័យ​អប់រំ​តាម​បណ្ដា​ស្រុក​ណា​ចេញ​មុខ​មក​ពន្យល់​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​​ឡើយ។ ដោយសារ​តែ​ប្រាក់​បន្ថែម​ម៉ោង​និង​ប្រាក់​តំបន់​មិន​ទាន់​បើក​ជា​ច្រើន​ខែ​នេះ គ្រូបង្រៀន​ខ្លះ​ត្អូញត្អែរ​ថា កំពុង​ប៉ះពាល់​ជីវភាព​រស់នៅ​និង​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​យ៉ាង​ខ្លាំង។

គ្រូបង្រៀន​ម្នាក់​ក្នុង​ចំណោម​គ្រូបង្រៀន​ជា​ច្រើន​ទៀត​នៅ​ស្រុក​សង្គម​ថ្មី ដែល​មិន​ហ៊ាន​ប្រាប់​ឈ្មោះ។ គាត់​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​មិថុនា ថា រូប​គាត់​កំពុង​មាន​បញ្ហា​ខ្វះ​លុយ​ចាក់​សាំង​ម៉ូតូ​ទៅ​បង្រៀន​សិស្ស​ប្រចាំ​ថ្ងៃ និង​ថ្លៃ​ជួសជុល​ម៉ូតូ​ខូច​ជាដើម។

គ្រូបង្រៀន​ដដែល​បញ្ជាក់​ថា ជា​ច្រើន​ខែ​កន្លង​មក​នេះ​គាត់​តែង​ទៅ​ខ្ចី​ប្រាក់​ពី​ម្ដាយ ព្រមទាំង​ខ្ចី​បុល​គេ​ខ្លះ​ទៀត​ដោយសារ​តែ​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​និង​ប្រាក់​តំបន់​មិន​ឃើញ​បើក៖ «ប្រាក់​ម៉ោង​បន្ថែម​គេ​ឱ្យ ១​ម៉ោង ២​ពាន់​រៀល។ ១​អាទិត្យ​បង្រៀន ១៥​ម៉ោង ហើយ​បើ ១​ខែ​រហូត​ដល់​ទៅ ៦០​ម៉ោង​ឯ​ណោះ។ ក្នុង​១​ខែ​បាន ១១​ម៉ឺន​រៀល​លើស និយាយ​ទៅ​ក្នុង ១​ត្រីមាស​បើក​ម្ដង ប៉ុន្តែ​ឥឡូវ​ឡើង ៥-៦​ខែ​ហើយ។ ប្រាក់​តំបន់​ក្នុង​១​ខែ ៦​ម៉ឺន​រៀល ក៏​អត់​ឃើញ​បើក​ដែរ តាំង​ពី​ខែ​កុម្ភៈ មក​រហូត​ដល់​ឥឡូវ»

ក្រុម​គ្រូបង្រៀន​ខេត្ត​ព្រះវិហារ​ខ្លះ​ឱ្យ​ដឹង​ថា គេ​ធ្លាប់​ប្រមូល​ផ្ដុំ​គ្នា​រៀបចំ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​បើក​ប្រាក់​បន្ថែម​ម៉ោង និង​ប្រាក់​តំបន់​យឺតយ៉ាវ​នេះ ក៏ប៉ុន្តែ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​ពេល​ដែល​មាន​គ្រូបង្រៀន​តិច​តូច​ជា​អ្នក​ដែល​ហ៊ាន​តវ៉ា។

មន្ត្រី​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះវិហារ បាន​បដិសេធ​ថា ការ​បើក​ប្រាក់​បន្ថែម​ម៉ោង និង​ប្រាក់​តំបន់ មិន​ដែល​យឺតយ៉ាវ​ដូច​ក្រុម​គ្រូបង្រៀន​ខ្លះ​ចោទ​ប្រកាន់​នេះ​ទេ។

ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះវិហារ លោក ហន ឆន មាន​ប្រសាសន៍​ថា ប្រាក់​បន្ថែម​ម៉ោង និង​ប្រាក់​តំបន់​សម្រាប់​ឧបត្ថម្ភ​ចំពោះ​គ្រូបង្រៀន​សម្រាប់​ត្រី​មាស​ទី​២ គឺ​បើក​រួច​អស់​ហើយ គឺ​នៅ​សល់​តែ​សម្រាប់​ត្រីមាស​ទី​៣៖ «ធម្មតា​១​ត្រី​មាស​យើង​ធ្វើ​ម្ដង ឥឡូវ​ធ្វើ​បាន ២​ត្រី​មាស​ហើយ។ ឥឡូវ​ទើប​តែ​ដាច់​ត្រីមាស​ទី​២ បាន ១​ខែ​ហ្នឹង ហើយ​ធ្វើ​យ៉ាង​ម៉េច​ទាន់? ត្រីមាស​ទី​៣ យើង​ធ្វើ​ហើយ​បាន​លុយ​ហើយ»

ទោះ​យ៉ាង​ណា​ប្រធាន​សាខាសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ខេត្ត​ព្រះវិហារ លោក ធួន ពុធ អះអាង​ថា ប្រាក់​បង្រៀន​បន្ថែម​ម៉ោង គឺ​មន្ទីរ​អប់រំ​បាន​បើក​ឱ្យ​សាលា​ខ្លះ​ដែល​ហ៊ាន​តវ៉ា​ប៉ុណ្ណោះ ចំណែក​ឯ​សាលា​តាម​បណ្ដា​ស្រុក​ជា​ច្រើន​ទៀត គឺ​នៅ​មិន​ទាន់​បាន​បើក​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

លោក ធួន ពុធ អះអាង​ថា លោក​កំពុង​តាម​ឃ្លាំមើល​បញ្ហា​នេះ ហើយ​រក​ឃើញ​ថា ការ​បើក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង និង​ប្រាក់​តំបន់​យឺតយ៉ាវ​គឺ​ជា​ចេតនា​របស់​មន្ទីរ​អប់រំ​យុវជន​និង​កីឡា។

​លោក ធួន ពុធ ឱ្យ​ដឹង​ថា លោក​កំពុង​ស្វែងរក​ភស្តុតាង​នានា ជុំវិញ​បញ្ហា​បើក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង និង​ប្រាក់​តំបន់​យឺតយ៉ាវ​នេះ​ឱ្យ​ច្បាស់លាស់ រួច​ហើយ​នឹង​រៀបចំ​ជា​ពាក្យ​បណ្ដឹង​ដាក់​ទៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ឱ្យ​មាន​វិធានការ​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។