គ្រូបង្រៀនជាប់កិច្ចសន្យានៅស្រុកបវេល ខេត្តបាត់ដំបង ជាច្រើននាក់ ត្អូញត្អែរបញ្ហាមិនបានបើកប្រាក់ខែបង្រៀនជិតមួយឆ្នាំមកហើយ។ ការមិនបានបើកប្រាក់ខែនេះ បានប៉ះពាល់ជាងខ្លាំងដល់ការរស់នៅរបស់គ្រូបង្រៀន ធ្វើឲ្យពួកគាត់មួយចំនួនជំពាក់បំណុលគេ ដោយសារខ្ចីប្រាក់យកទៅប្រើប្រាស់ដោះស្រាយជីវភាពគ្រួសារ។
ក្រុមគ្រូបង្រៀននៅស្រុកបវេល អំពាវនាវឲ្យក្រសួងអប់រំយុវជន និងកីឡា បើកប្រាក់ខែឲ្យបានឆាប់ ដើម្បីពួកគាត់យកប្រាក់នោះទៅប្រើប្រាស់ឲ្យទាន់ថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុននេះ។
គ្រូបង្រៀនជាប់កិច្ចសន្យាសុំឲ្យមិនបញ្ចេញឈ្មោះម្នាក់ រស់នៅស្រុកបវេល ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី២៨ ខែកញ្ញា ថា រូបគាត់ជាគ្រូបង្រៀនកម្រិតបឋមសិក្សានៅស្រុកបវេល ហើយបានទៅបង្រៀនសិស្សដោយពុំគិតពីការនឿយហត់ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ រហូតមកទល់ខែកញ្ញា ឆ្នាំ២០១៥ នេះ ពុំទាន់បើកប្រាក់ខែបង្រៀននៅឡើយទេ៖ «ពួកខ្ញុំរំពឹងតែប្រាក់ខែបង្រៀនដើម្បីចាយវាយក្នុងគ្រួសារ ដល់ពេលប្រាក់ខែបើកអត់បាន ខ្ញុំខ្ចីប្រាក់ពីប្រជាពលរដ្ឋជិតខាងយកទៅប្រើប្រាស់មួយរយៈសិន។ប៉ុន្តែដល់ថ្ងៃកំណត់ខ្ញុំពុំមានប្រាក់សងគេ ហើយម្ចាស់បំណុលគេមកទារប្រាក់ពីខ្ញុំស្ទើររាល់ថ្ងៃ»។
ស្រដៀងគ្នានេះដែរ គ្រូបង្រៀនបឋមសិក្សានៅស្រុកបវេល ម្នាក់ទៀតថ្លែងថា គ្រូបង្រៀនជាប់កិច្ចសន្យានៅស្រុកបវេល ទាំងអស់ប្រមាណ ៦០នាក់ ពុំទាន់បើកប្រាក់ខែបង្រៀននៅឡើយទេ។គ្រូបង្រៀនរូបនេះបន្តថា សព្វថ្ងៃរូបគាត់រវល់ទៅបង្រៀនសិស្សដោយពុំបានចេញទៅធ្វើការងារក្រៅពីការបង្រៀននោះទេ។ ការមិនបើកប្រាកខែបង្រៀនជិតមួយឆ្នាំមកនេះ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការរស់នៅរបស់ពួកគាត់ គឺពុំមានប្រាក់សម្រាប់ដោះស្រាយជីវភាពគ្រួសារឡើយ៖ «តំបន់ខ្ញុំរស់នៅពិបាកធ្វើដំណើរទៅណាមកណាមិនរួចទេក្នុងរដូវវស្សា។ ពួកខ្ញុំបានត្រឹមតែសួរគ្នាទៅវិញពីរឿងប្រាក់ខែនេះ ពីព្រោះជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុមិនទាន់សងគេនៅឡើយ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានការិយាល័យអប់រំស្រុកបវេល លោក អោក សន្ធឹក ទទួលស្គាល់ថា គ្រូបង្រៀនជាប់កិច្ចសន្យាទូទាំងខេត្តបាត់ដំបង ប្រមាណជាង ៤០០នាក់ ពិតជាពុំទាន់ទទួលបានប្រាក់ខែបង្រៀនជិតមួយឆ្នាំប្រាកដមែន។ ប៉ុន្តែលោកអះអាងថា បញ្ហានេះកើតឡើងដោយសារចំនួនគ្រូបង្រៀនច្រើនលើសពីកញ្ចប់ថវិកាដែលក្រសួងអប់រំ បានកំណត់ ទើបធ្វើពុំមានប្រាក់គ្រប់គ្រាន់ ដើម្បីបើកឲ្យគ្រូបង្រៀនទាន់ពេលដូចឆ្នាំមុនៗ៖ «បាទ! កញ្ចប់ថវិការបស់ក្រសួងអប់រំ សម្រាប់បើកឲ្យគ្រូបង្រៀនមានត្រឹមតែជាង ៣០០នាក់ទេ ដល់យើងមានគ្រូបង្រៀនចំនួនច្រើនជាងការកំណត់នេះ ទើបធ្វើឲ្យរាំងស្ទះ»។
ទោះជាយ៉ាងនេះក្ដី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខេត្តបាត់ដំបង លោក ម៉ែន សុខធៃ មានប្រសាសន៍ថា បញ្ហានេះពុំមែនកើតឡើងដោយសារគ្រូបង្រៀនមានចំនួនច្រើនលើសពីកញ្ចប់ថវិការបស់ក្រសួងអប់រំយុវជន បានកំណត់នោះទេ។
លោកអះអាងថា កញ្ចប់ថវិការបស់ក្រសួងអប់រំ មានគ្រប់គ្រាន់សម្រាប់បើកឲ្យគ្រូបង្រៀន ប៉ុន្តែចំនួនថវិកាមិនគ្រប់គ្រាន់នេះ ដោយសារសាលាមួយចំនួនក្នុងខេត្តបាត់ដំបង លួចធ្វើរបាយការណ៍បន្ថែមម៉ោងបង្រៀនច្រើន ដើម្បីកេងចំណេញប្រាក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន៖ «ម្យ៉ាងទៀត បញ្ហានេះ ដោយសារខាងមន្ត្រីអប់រំខេត្តបាត់ដំបង មើលតែរបាយការណ៍ ហើយធ្វេសប្រហែសមិនបានចុះត្រួតពិនិត្យផ្ទាល់នៅតាមសាលារៀននីមួយៗ ដើម្បីឲ្យដឹងពីចំនួនគ្រូបង្រៀនបានត្រឹមត្រូវនោះទេ»។
យ៉ាងណាប្រធានការិយាល័យអប់រំ ស្រុកបវេល ឲ្យដឹងថា ខាងក្រសួងអប់រំ កំពុងដំណើររៀបចំឯកសារដើម្បីបើកប្រាក់ខែឲ្យគ្រូបង្រៀនជាប់កិច្ចសន្យាទាំងនោះហើយ ដោយប្រាក់ខែនឹងធ្លាក់ដល់ដៃគ្រូបង្រៀនយ៉ាងយូរនៅខែធ្នូ ឆ្នាំ២០១៥ ខាងមុននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។