គ្រូ​បង្រៀន​នៅ​សាលា​មួយ​នៃ​ខេត្ត​ស្វាយរៀង​រង​ការ​ចោទ​ថា​មិន​ខ្វល់​ពី​ការ​បង្រៀន​សិស្ស

ប្រជាពលរដ្ឋ អាណាព្យាបាល​របស់​សិស្ស​នៅ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង អះអាង​ថា គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា ហ៊ុន សែន ពោធិ ក្រូច មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន​សិស្ស។ ហើយ​លោកគ្រូ​អ្នកគ្រូ​ទៅ​បង្រៀន​សិស្ស​ត្រឹម​តែ ២ ទៅ ៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ប៉ុន្តែ នាយក​សាលា​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អាណាព្យាបាល​សិស្ស​នេះ។

0:00 / 0:00

អាណាព្យាបាល​សិស្ស បាន​រៀប​រាប់​ឲ្យ​ដឹង​ថា គ្រូ​បង្រៀន​អាក់​ខាន​ពុំ​សូវ​ទៅ​បង្រៀន​សិស្ស​ជិត​មួយ​ឆ្នាំ​មក​ហើយ។ ហើយ​ពេល​ដែល​គ្រូ​ពុំ​បាន​ទៅ​បង្រៀន​ម្ដងៗ ពួក​គាត់​និយាយ​ប្រាប់​សិស្ស​ថា ថ្ងៃ​ស្អែក​ពួក​ឯង​ឈប់​សម្រាក មិន​បាច់​មក​រៀន​ទេ ព្រោះ​គ្រូ​ជាប់​រវល់​ទៅ​ប្រជុំ។

អាណាព្យាបាល​របស់​សិស្ស​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ រស់​នៅ​ភូមិ​កែវជះ ឃុំ​បន្ទាយក្រាំង ស្រុក​កំពង់រោទិ៍ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា គ្រូ​បង្រៀន​មិន​ត្រឹម​តែ​អវត្តមាន​ពុំ​បាន​ទៅ​បង្រៀន​សិស្ស​ញឹកញាប់​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​ពួក​គាត់​បង្រៀន​សិស្ស​ដោយ​គ្រាន់​តែ​សរសេរ​នៅ​លើ​ក្ដារ​ខៀន​បន្តិច​បន្តួច ទុក​ឲ្យ​សិស្ស​សិក្សា​ដោយ​ខ្លួន​ឯង។ ចំណែក​ឯ​គ្រូ​បង្រៀន​វិញ ក្រោយ​ពី​សរសេរ​ដាក់​ឲ្យ​សិស្ស​រួច ចេញ​ទៅ​ជជែក​គ្នា​នៅ​ខាង​ក្រៅ​ថ្នាក់​រៀន​រាប់​ម៉ោង ដោយ​មិន​ខ្វល់​ពី​កូន​សិស្ស​របស់​ខ្លួន​ក្នុង​ថ្នាក់​ឡើយ៖ «ដល់​អ៊ីចឹង កូន​ខ្ញុំ​វា​មក​ផ្ទះ​អី​វា ម៉ែ​ខ្ញុំ​គ្មាន​ទឹក​ចិត្ត​ចង់​ទេ បើ​គ្រូ​ធ្វើ​អ៊ីចឹង ហើយ​ក្មួយៗ​ខ្ញុំ ផ្ទះ​នៅ​អី​កើត​ណោះ ក៏​អ៊ីចឹង​ដែរ។ វា​សួរ​ថា លោកគ្រូៗ​ឯង​កត់​មេ​រៀន​ឲ្យ​ខ្ញុំ ហើយ​មិន​នៅ​ពន្យល់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៅ? គ្រូ​ឆ្លើយ​ថា អញ​កត់​ឲ្យ​អា​ឯង​ហើយ អា​ឯង​មិន​ចេះ​មើល ហើយ​ទៅ​អា​ឯង​មិន​កត់ ហើយ​អញ​មិន​ដឹង​ទេ គ្រូ​ថា​អ៊ីចឹងៗ»

ស្រដៀង​គ្នា​នេះ​ដែរ អាណាព្យាបាល​សិស្ស​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ទៀត រស់​នៅ​ភូមិ​កែវជះ ឃុំ​បន្ទាយក្រាំង ឲ្យ​ដឹង​ថា ដោយសារ​សាលា​នៅ​ឯ​ជនបទ​ដាច់​ស្រយាល ពុំ​មាន​មន្ត្រី​ណា​ចុះ​ត្រួត​ពិនិត្យ​តាម​ដាន​ការ​បង្រៀន​របស់​គ្រូ ទើប​ធ្វើ​ឲ្យ​ពួក​គាត់​បង្រៀន​សិស្ស​តាម​អំពើ​ចិត្ត ដោយ​ពុំ​ខ្វល់​ពី​តួនាទី​បង្រៀន​របស់​ខ្លួន។ លោក​បន្ត​ថា ក្មេងៗ​ក្នុង​ភូមិ​កំពុង​ប្រឈម​នឹង​អក្ខរកម្ម ឬ​ការ​មិន​ចេះ​អក្សរ ដោយសារ​គ្រូ​មិន​យក​ចិត្ត​ទុក​ដាក់​បង្រៀន​សិស្ស៖ «វា​ហូប​ចុក​នៅ​ខាង​ក្រៅ ហូប​សឹង​រាល់​ថ្ងៃ ប្រជាជន​នៅ​ភូមិ​ហ្នឹង​គេ​ស្ងើច​ដែរ។ អ្នក​ខ្លះ​គេ​នៅ​ជិតៗ​ហ្នឹង គេ​មិន​ឲ្យ​ទៅ​រៀន​សាលា​ហ្នឹង គេ​ឲ្យ​ទៅ​រៀន​សាលា​ផ្សារ​ផ្សេង។ បើ​ខ្ញុំ​មាន​សាលា​ផ្សេង ខ្ញុំ​ឲ្យ​កូន​ខ្ញុំ​ទៅ​រៀន​ដែរ នៅ​ភូមិ​ហ្នឹង​មាន​សាលា​តែ​មួយ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយក​សាលា​បឋម​សិក្សា ហ៊ុន សែន ពោធិ ក្រូច លោក សុខ ចេស បញ្ជាក់​ថា លោកគ្រូ​អ្នកគ្រូ​ពុំ​បាន​អវត្តមាន ឬ​ការ​មិន​គោរព​តួនាទី​ក្នុង​ការ​បង្រៀន​សិស្ស​ដូច​ការ​ចោទ​ប្រកាន់​របស់​អាណាព្យាបាល​សិស្ស​នោះ​ឡើយ៖ «បើ​សិន​អវត្តមាន​ថ្ងៃ​ណា សូម​អញ្ជើញ​មក​បើក​នៅ​សៀវភៅ​អវត្តមាន​ខ្ញុំ។ ហើយ​សម្រាប់​សាលា កូន​គាត់ ព្រោះ​ខ្ញុំ​ជា​នាយក​សាលា​បង្រៀន​ផង ទី​១។ ឥឡូវ​ក្នុង​ម៉ោង​នេះ ខ្ញុំ​ឲ្យ​សិស្ស​ទៅ​វិញ​ហើយ ព្រោះ​ខ្ញុំ​មក​ប្រជុំ​ប្រចាំ​ខែ​ទី​១។ ហើយ​មួយ​ទៀត ខ្ញុំ​អាច​ទៅ​បំប៉ន ឬ​ទៅ​ប្រជុំ​អី​តាម​អង្គការ​អញ្ជើញ តែ​បើ​សិស្ស​រៀន​ជាមួយ​នាយក ច្បាស់​ជា​ឈប់​ញាប់​មែន តែ​សូម​ឲ្យ​មក​មើល​សៀវភៅ​អវត្តមាន​បាទ»

សាលា​បឋម​សិក្សា ហ៊ុន សែន ពោធិ ក្រូច ស្ថិត​នៅ​ភូមិ​កែវជះ ឃុំ​បន្ទាយក្រាំង ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។ សព្វថ្ងៃ នៅ​សាលា​មួយ​នេះ​មាន​សិស្ស​កំពុង​សិក្សា​ប្រមាណ​ជិត ១០០​នាក់ ចែក​ចេញ​ជា ៦​កម្រិត​ថ្នាក់​រៀន គឺ​ពី​ចាប់​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ និង​មាន​លោកគ្រូ​បង្រៀន​ចំនួន ៥​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។