បុគ្គលិក​និង​សាស្ត្រាចារ្យ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បង្រៀន

0:00 / 0:00

បុគ្គលិក​និង​សាស្ត្រាចារ្យ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​ផ្ដល់​ប្រាក់​ជាង ៣​ម៉ឺន​ដុល្លារ​ឲ្យ​មក​សាស្ត្រាចារ្យ និង​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។ ទោះ​បែប​នេះ​ក្ដី គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​មិន​ទាន់​ឆ្លើយ​តប​ការ​ទាមទារ​នេះ​នៅ​ឡើយ​ទេ។ ចំណែក​មន្ត្រី​ក្រសួង​ការងារ ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​រក​ដំណោះស្រាយ​តាម​តុ​ចរចា​ជា​ជាង​ការ​ធ្វើ​កូដកម្ម។

បុគ្គលិក​និង​សាស្ត្រាចារ្យ​ដែល​ស្លៀក​សម្លៀក​បំពាក់​ស្អាតៗ និង​ពាក់​ក្រវាត់​ក​ផង​នោះ ផ្អាក​បង្រៀន​និស្សិត ដោយ​នាំ​គ្នា​ចេញ​មក​ឈរ​តវ៉ា​នៅ​ពី​មុខ​វិទ្យាស្ថាន​ជាតិ​​ពាណិជ្ជសាស្ត្រ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ទាមទារ​ឲ្យ​គណៈ​គ្រប់គ្រង​ផ្ដល់​ប្រាក់​ថ្លៃ​បង់​សាលា​របស់​សិស្ស​មួយ​ចំនួន​ជូន​ពួកគាត់​ទៅ​តាម​កិច្ច​សន្យា។

ក្រុម​គ្រូបង្រៀន​ទាំង​នោះ​លើក​ឡើង​ថា ជាង​រៀងរាល់​ឆ្នាំ វិទ្យាស្ថាន​តែងតែ​ផ្ដល់​ប្រាក់​ថ្លៃ​បង្រៀន​នេះ​ជូន​ពួកគាត់ ប៉ុន្តែ​នៅ​ឆ្នាំ​សិក្សា​២០១៣-​២០១៤ គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​មិន​ព្រម​បើក​លុយ​ភាគរយ​បង់​ថ្លៃ​សិក្សា​របស់​សិស្ស​ឲ្យ​ក្រុម​សាស្ត្រាចារ្យ​ទេ។

សាស្ត្រាចារ្យ​ផ្នែក​ភាសា​អង់គ្លេស លោក ឈឹម ប៊ុនរ័ត្ន ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ទឹក​ប្រាក់​ទាមទារ​ជា​ញើស​ឈាម​ប្រឹងប្រែង​បង្រៀន​របស់​ក្រុម​សាស្ត្រាចារ្យ។ លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ធ្វើ​កូដកម្ម​នេះ ប្រសិន​វិទ្យាស្ថាន​ពុំ​ឆ្លើយ​តប​តាម​ការ​ទាមទារ​ពួកគេ​មិន​ព្រម​ចូល​ធ្វើ​ការ​វិញ​ជា​ដាច់ខាត៖ «អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​នេះ គឺ​ទាល់ច្រក​ហើយ ពី​មុន​មិន​ដែល​ខ្វល់​ទេ ប៉ុន្តែ​ពេល​នេះ គឺ​ទ្រាំ​លែង​បាន​ហើយ»

ក្នុង​លិខិត​ទាមទារ​របស់​សាស្ត្រាចារ្យ​បញ្ជាក់​ថា ទឹកប្រាក់​ដែល​ពួកគេ​ទាមទារ​ចំនួន ៣១.៥០០​ដុល្លារ​សហរដ្ឋអាមេរិក គឺ​បាន​មក​ពី​ថ្លៃ​សិស្ស​បង់​ជូន​សាលា ប្រាក់​ឈ្នួល ១០០% នៃ​ការ​បង្រៀន​នេះ ចំនួន​៦០% វិទ្យាស្ថាន​ជា​អ្នក​ទុក​ដាក់ និង ៤០% នៅ​សល់​វិទ្យាស្ថាន​ត្រូវ​ចែក​ជូន​សាស្ត្រាចារ្យ​បង្រៀន។ ក្រៅ​ពី​នេះ ពួកគេ​ទាមទារ​រក្សា​ប្រាក់​ឧបត្ថម្ភ និង​ប្រាក់​ម៉ោង​បង្រៀន​នៅ​ដដែល ព្រម​ទាំង​ចំណុច​ទាមទារ​ឲ្យ​វិទ្យាស្ថាន​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​ផ្លូវការ ក្នុង​២០១៣-​២០១៤ និង​ឆ្នាំ​បន្ត​បន្ទាប់។

​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​នេះ​ម្នាក់ គឺ​លោក ទឹម ផាន់ណាក់ ព្រួយ​បារម្ភ​ថា ជម្លោះ​រវាង​សាស្ត្រាចារ្យ និង​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​នេះ​អាច​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​និស្សិត។ ប៉ុន្តែ​និស្សិត​រូប​នេះ​គាំទ្រ​ការ​ទាមទារ​របស់​គ្រូ ដោយ​យល់​ឃើញ​ថា ប្រសិនបើ​សាលា​មិន​បើក​ប្រាក់​គ្រប់គ្រាន់​ទេ នឹង​ធ្វើ​ឲ្យ​គ្រូបង្រៀន​បាក់​ទឹក​ចិត្ត៖ «បើ​ជម្លោះ​អូស​បន្លាយ​យូរ​នឹង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ពួក​ខ្ញុំ។ ខ្ញុំ​សំណូមពរ​ឲ្យ​ក្រសួង​ឆាប់​ដោះស្រាយ​រឿង​នេះ»

​ក្រៅ​ពី​ការ​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ទាំង​នោះ ក្រុម​អ្នក​តវ៉ា​ដែល​មាន​គ្នា​ជាង ៨០​នាក់ បាន​ផ្តិត​មេដៃ​ចោទ​ប្រកាន់​ថា គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​ប្រព្រឹត្ត​អំពើ​ពុករលួយ បក្សពួកនិយម​ដាក់​តែ​សាច់​ញាតិ​ឯង​ធ្វើ​ការ​ក្នុង​វិទ្យាស្ថាន​ពុំ​មាន​សញ្ញាប័ត្រ​ត្រឹមត្រូវ​ផង។

​នាយក​រង​នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ លោក ទីវ អ៊ីវហួត ដែល​មាន​វត្តមាន​នៅ​ក្នុង​វិទ្យាស្ថាន​ក្នុង​ពេល​ផ្ទុះ​ការ​តវ៉ា​នេះ បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ទេ។ ស្រដៀង​គ្នា​នេះ​ដែរ នាយក​គ្រប់គ្រង​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ លោក លី សុធា បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​មក​វិទ្យុ​អាស៊ីសេរី​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា រឿង​នេះ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​ពន្យល់៖ «រឿង​នេះ​ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​ខ្ញុំ​មិន​អាច​ពន្យល់​អស់​តាម​ទូរស័ព្ទ​បាន​ទេ»

ទាក់ទង​ករណី​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ថា​លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ។ ទោះ​បែប​នេះ​ក្តី លោក​ទាមទារ​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ​វិល​ចូល​រក​តុ​ចរចា​ជាជាង​ការ​ធ្វើ​កូដកម្ម។ ជាង​នេះ​ទៅ​ទៀត លោក ហេង សួរ ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​ផ្ដល់​របាយការណ៍​ពី​​កំណត់ហេតុ​ប្រជុំ​នៅ​ពេល​កន្លង​មក ឲ្យ​ក្រសួង​ដើម្បី​ពិនិត្យ​មើល៖ «សុំ​ឲ្យ​ពួកគាត់​ដាក់​ឯកសារ​កិច្ច​ប្រជុំ​មក​ក្រសួង​ដើម្បី​ពិនិត្យ​មើល»

ឯកសារ​ដែល​ក្រុម​សាស្ត្រាចារ្យ​ផ្ដល់​ឲ្យ​អ្នក​សារព័ត៌មាន បញ្ជាក់​ថា មុន​ឈាន​ដល់​ការ​ធ្វើ​កូដកម្ម ពួកគេ​ប្រជុំ​ច្រើន​ដង​ច្រើន​សា រហូត​ដល់​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ខែ​មេសា ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។