ក្រសួងអប់រំ យុវជន និងកីឡា គ្រោងរៀបចំសិក្ខាសាលាស្ដីពីការចែករំលែកចំណេះដឹងបច្ចេកវិទ្យា និងសហគ្រិនភាពដល់សាស្ត្រាចារ្យ និស្សិត នៅពាក់កណ្ដាលខែកញ្ញា ខាងមុខ។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២១ ខែសីហា ដែលផ្ញើជូនសកលវិទ្យាធិការនៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន បញ្ជាក់ថា គោលបំណងនៃសិក្ខាសាលា គឺបង្កើតឱកាសឲ្យសិស្សនិស្សិត សាស្ត្រាចារ្យ គ្រូបង្រៀន ព្រមទាំងយុវជន ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសហគ្រិន ភាពពីបណ្ដាអ្នកឯកទេស ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំ និងអាជីវកម្ម ដែលជាកត្តាចាំបាច់មួយក្នុងការកសាងសមត្ថភាព ចំណេះដឹង ជំនាញ និងឈានចាប់យកឱកាសការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន លោកមានប្រសាសន៍បន្ថែមលើសេចក្តីជូនដំណឹងថា ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាពទៅដល់សាស្ត្រាចារ្យ សិស្ស និស្សិត គឺជាផែនការអាទិភាពមួយនៃកំណែទម្រង់សម្រាប់នីតិកាលទី៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។ លោក រស់ សាលីន សង្ឃឹមថា សិក្ខាសាលានៅពេលខាងមុខនេះ នឹងជួយឲ្យសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្សនិស្សិត និងយុវជន ទទួលបានបទពិសោធន៍ល្អៗ និងចំណេះដឹង ព្រមទាំងជំនាញបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់ពួកគេ និងសង្គមជាតិ។
លោក រស់ សាលីន៖ «ទី១ ចំពោះសាស្ត្រាចារ្យគាត់អាចធ្វើបច្ចុប្បន្នភាពចំណេះជំនាញរបស់គាត់ឲ្យទាន់សម័យកាល ដើម្បីយកចំណេះជំនាញនេះ ដើម្បីចែកទៅដល់យុវជន។ ទី២ យុវជនខ្លួនឯង គាត់អាចចាប់បាននូវទិដ្ឋភាព២ ទី១ គាត់អាចទទួលបាននូវការយល់ដឹងជារួម អំពីការវិវឌ្ឍនៃសង្គមកម្ពុជា ទាំងមូល ក៏ដូចជាការវិវឌ្ឍនៃតំបន់ និងពិភពលោក ស្តីអំពីការវិវឌ្ឍនៃបច្ចេកវិទ្យាទំនើប ទន្ទឹមនឹងនេះ គាត់អាចបង្កើននូវគំនិតជាសហគ្រិនភាព មានន័យថា គាត់ចេះផ្ដួចផ្ដើមគ្រប់គ្រងការងារអាជីវកម្ម ចេះរៀបចំផែនការការអនុវត្ត និងចេះរកគន្លឹះ ដើម្បីឈានទៅរកជោគជ័យ ក្នុងការអនុវត្តការងារ និងអាជីវកម្ម ឬក៏ជាការងារទូទៅផងដែរ»។
សិក្ខាសាលាស្ដីពីការចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាពនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកញ្ញា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបើកចំហឲ្យមនុស្សទូទៅចូលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
