បុគ្គលិកបម្រើការនៅកាស៊ីណូ ហូលីដេ ប៉ោយប៉ែត ចំនួន ១០នាក់ កំពុងរៀបចំពាក្យបណ្ដឹងដាក់ទៅសហជីពឈ្មោះ សហភាពការងារកម្ពុជា សុំឲ្យជួយអន្តរាគមន៍ទៅម្ចាស់ក្រុមហ៊ុនកាស៊ីណូ នៅក្រុងប៉ោយប៉ែត ដើម្បីឲ្យម្ចាស់ក្រុមហ៊ុននោះបើកប្រាក់ខែ និងប្រាក់អតីតភាពការងារឲ្យពួកគាត់ឲ្យបានគ្រប់គ្នា។
ការស្វែងរកកិច្ចអន្តរាគមន៍នេះ បានធ្វើឡើងក្រោយពីជនជាតិបរទេសដែលម្ចាស់ក្រុមហ៊ុនកាស៊ីណូ ហូលីដេ ប៉ោយប៉ែត បានបញ្ឈប់ការងារពួកគាត់ជាបន្តបន្ទាប់ ដោយពុំមានមូលហេតុច្បាស់លាស់។ តំណាងបុគ្គលិកកាស៊ីណូ ម្នាក់ ឈ្មោះ ឈុំ ភិរម្យ ថ្លែងកាលពីថ្ងៃទី៧ ខែកញ្ញា ថា ចាប់តាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៩ ខែសីហា កន្លងទៅ ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ហូលីដេ ប៉ោយប៉ែត បានបញ្ឈប់ពួកគាត់ពីការងារជាបន្តបន្ទាប់។
ការបណ្ដេញចេញពីការងារនោះ គឺម្ចាស់ក្រុមហ៊ុនពុំសម្អាងលើហេតុផលច្បាស់លាស់ ដោយចោទបុគ្គលិកទាំងនោះទទួលបានលុយថីប (Tip) ពីភ្ញៀវ៖ «ដូចជាគ្មានមូលហេតុអីប៉ះពាល់ជាមួយក្រុមហ៊ុនសោះ គេចោទថា ពួកខ្ញុំហ្នឹងយកលុយថីបពីភ្ញៀវ។ ក្រុមហ៊ុនគេចង់ជម្រុះបុគ្គលិកចាស់។ ភ្ញៀវអោយថីប យើងមិនមែនលួចលុយក្រុមហ៊ុនទេ អត់មានទាំងអស់ ប៉ុន្តែវាយករឿងហ្នឹងមកនិយាយ ដើម្បីបញ្ឈប់ពួកខ្ញុំ។ ហើយយើងមកធ្វើការងារឲ្យ ១២ឆ្នាំហើយ បើបញ្ឈប់ពួកខ្ញុំត្រូវមានប្រាក់សំណងឲ្យពួកខ្ញុំខ្លះមក ដើម្បីឲ្យពួកខ្ញុំឈប់ តែក្រុមហ៊ុនគំរាមថា បើសិនពួកខ្ញុំអត់ព្រមចុះហត្ថលេខាលាលែងពីការងារទេ គឺប្រាក់ខែ ខែសីហា អត់បើកឲ្យ»។
បុគ្គលិកកាស៊ីណូ ទាំងនោះ ឲ្យដឹងថា ការដែលម្ចាស់ក្រុមហ៊ុនបណ្ដេញ និងបង្ខំឲ្យបុគ្គលិកលាឈប់ពីការងារនេះ បានក្លាយទៅជាវប្បធម៌មួយច្រើនឆ្នាំមកហើយ។ ហេតុផលសំខាន់ក្នុងការបណ្ដេញចេញនោះ គឺដោយសារតែបុគ្គលិកទាំងនោះបានបម្រើការយូរឆ្នាំ ហើយទទួលបានប្រាក់ខែច្រើន៖ «ពួកក្រុមថៅកែទាំងហ្នឹង គឺធ្វើការបណ្ដេញចេញអ៊ីចឹង ដើម្បីរើសបុគ្គលិកថ្មីដាក់។ ការបណ្ដេញចេញអត់មានប្រាក់អីឧបត្ថម្ភ អត់មានប្រាក់បំណាច់ការងារប្រាក់ឆ្នាំទេ ផ្ដាច់ចោល ហើយយកអ្នកថ្មីមកប្រាក់ខែ បើប្រាក់ខែគាត់ឡើងដល់ ១ម៉ឺន ៣ពាន់បាត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនកាស៊ីណូ ដើម្បីបញ្ជាក់ជុំវិញបញ្ហានេះបានទេ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន ថ្លែងថា អ្នកគ្រប់គ្រងកាស៊ីណូ បានកែប្រែលក្ខខណ្ឌផ្ទៃក្នុង ហើយបានបញ្ឈប់បុគ្គលិកចាស់ចោល ដោយពុំបានបើកប្រាក់អោយទៅតាមច្បាប់នោះទេ។ ភាគីក្រុមហ៊ុនបានបង្ខំឲ្យបុគ្គលិកទាំងនោះផ្ដិតមេដៃសុំឈប់ដោយខ្លួនឯង ខុសពីអ្វីដែលបុគ្គលិកទាំងនោះចង់បាន៖ «ហើយចំពោះសហភាពការងារកម្ពុជា គឺយើងមានសិទ្ធិផ្លូវច្បាប់ បន្ទាប់ពីគាត់បានប្ដឹងមកយើង ហើយនឹងដោះស្រាយក្នុងនាមសហភាពការងារកម្ពុជា តំណាងឲ្យគាត់ ដើម្បីឲ្យគាត់ចូលធ្វើការវិញ បើក្នុងករណីមិនបានឲ្យគាត់ចូលធ្វើការវិញ ក៏ត្រូវគុណលុយឲ្យគាត់ឲ្យច្បាស់។ ខ្ញុំអាចនិយាយថា ម្នាក់ៗគាត់ធ្វើការជាង ១០ឆ្នាំ ប្រាក់ខែគាត់ ៤ ទៅ ៥០០ដុល្លារ គាត់អាចបានប្រាក់ខែជាង ១ម៉ឺនដុល្លារ។ អ៊ីចឹង អ្វីដែលបញ្ឈប់គាត់ឲ្យម្នាក់បីបួនរយដុល្លារទេ ការបញ្ឈប់ធ្វើទុក្ខបុកម្នេញទៅលើកម្មករ ដោយសារតែអត់មានសហជីព ហើយពួកគាត់ឥឡូវនៅពេលពួកគាត់ដាក់បណ្ដឹងផ្លូវការ ពួកខ្ញុំនឹងធ្វើការរឿងហ្នឹងហើយ»។
សហភាពការងារកម្ពុជា នឹងអន្តរាគមន៍លើពាក្យបណ្ដឹងរបស់បុគ្គលិកកាស៊ីណូ ទាំង ១០នាក់នោះ ទៅក្រុមហ៊ុន។ បើសិនក្រុមហ៊ុនមិនយល់ព្រមដោះស្រាយតាមសំណើ សហភាពការងារកម្ពុជា នឹងដាក់បញ្ហានោះទៅឲ្យក្រសួងការងារ បន្ទាប់មកបញ្ជូនទៅអាជ្ញាកណ្ដាល ប៉ុន្តែក្នុងករណីភាគីម្ចាស់ក្រុមហ៊ុនកាស៊ីណូ មិនយល់ព្រមទៀតនោះ ជម្រើសចុងក្រោយ សហជីពការងារកម្ពុជា នឹងដឹកនាំការជួបជុំមួយនៅខាងមុខកាស៊ីណូ ដើម្បីធ្វើការចរចា ហើយក្នុងករណីចាំបាច់ សហជីពនឹងដឹកនាំក្បួនធ្វើបាតុកម្មនៅតំបន់ជាយដែននោះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
