ការបញ្ជាក់នេះ ធ្វើឡើងក្រោយពេលមានព័ត៌មានផ្សាយថា ចំនួនកម្មករស្លាប់មាន ២នាក់ និងរបួស ១២នាក់ ដោយសារការបាក់ពិតាន ការភ័យខ្លាចបាក់ស្មារតី បានកើតមានចំពោះកម្មករមួយចំនួន ដោយសារហេតុការណ៍បាក់ពិតាននោះ និងបានធ្វើឲ្យកម្មករខ្លះលាឈប់ពីការងារ និងប្រជាពលរដ្ឋ កម្មករ ភាគច្រើនមិនហ៊ាននិយាយជាមួយមនុស្សចម្លែក ដែលសាកសួរអំពីព័ត៌មានការបាក់ពិតាននោះទៀតផង។
តើមានរឿងអ្វីកើតឡើង បន្ទាប់ពីហេតុការណ៍បាក់រលំពិតាននៅរោងចក្រ វីងស្តារស៊ូ នេះ?
ហេតុការណ៍បាក់រលំធ្នើរដាក់ឥវ៉ាន់អគាររោងចក្រ វីងស្តារស៊ូ បានកន្លងទៅអស់រយៈពេលជាងមួយសប្ដាហ៍ទៅហើយ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែបានសម្លាប់មនុស្សជាច្រើននាក់ទេ ហើយបានបង្កនូវការភ័យខ្លាច និងបង្កប់ដោយអាថ៌កំបាំង។
អង្គុយយោលជើងលើគ្រែរនាបឫស្សី ក្នុងភូមិមួយជិតទីកើតហេតុ ស្ត្រីវ័យជាង ៦០ឆ្នាំម្នាក់ ដែលវិទ្យុអាស៊ីសេរី សុំហៅថា យាយ ម៉ា ជាឈ្មោះដែលយើងដាក់ឲ្យ។ លោកស្រីរំលឹកថា ពេលដឹងដំណឹងថាបាក់រលំពិតានភ្លាម មនុស្សម្នាក្មេងចាស់ប្រុសស្រីរាប់ពាន់នាក់ សម្រុកចូលទៅក្នុងរោងចក្រដោយក្តីបារម្ភពីសាច់ញាតិដែលធ្វើការនៅទីនោះ។ ពលរដ្ឋទាំងនោះត្រូវបានក្រុមសន្តិសុខរារាំងមិនឲ្យចូលក្នុងរោងចក្រភ្លាមៗទេ ប៉ុន្តែដោយសារពលរដ្ឋមានក្តីបារម្ភចំពោះសាច់ញាតិ និងថែមទាំងគំរាមប្រើប្រាស់ហិង្សាលើសន្តិសុខទៀត ទើបរោងចក្រសម្រេចឲ្យពលរដ្ឋចូលទៅកៀកទីតាំងកើតហេតុ។
លោកស្រីបញ្ជាក់ថា ពេលទៅដល់ភ្លាម គេសង្កេតឃើញថា មានរថយន្តសង្គ្រោះជាច្រើនគ្រឿងតម្រង់ជួរចាំដឹកកម្មករដែលរបួស។ សូមអញ្ជើញស្តាប់អ្នកស្រី សុ ជីវី អានសម្រង់ខ្លឹមសារសម្ដីប្រភពដូចតទៅ៖ «ពេលទៅដល់ភ្លាម គេអត់ឲ្យចូលទេ។ ពួកខ្ញុំឃើញមនុស្សរបួសច្រើនណាស់ ដែលគេលើកដាក់ក្នុងឡាន។ អ្នកខ្លះបាក់ដៃ អ្នកខ្លះបាក់ជើង។ ខ្ញុំប្រញាប់រកកូនខ្ញុំ ខ្ញុំដើរបណ្ដើរ យំបណ្ដើរ រកកូន ប៉ុន្តែកូនក៏មកឱបចង្កេះខ្ញុំពីក្រោយ។ ខ្ញុំអរណាស់ ហើយឱបកូនខ្ញុំ។ ខ្ញុំមិនដឹងមានអ្នកស្លាប់ប៉ុន្មានទេ តែមិនតិចឡើយ»។
ហេតុការណ៍បាក់ពិតានក្នុងរោងចក្រ វីងស្តារស៊ូ កើតឡើងនៅចន្លោះម៉ោង ៧ ទៅម៉ោង ៧ និង ៣០នាទី។ កម្មករបញ្ជាក់ថា ហេតុការណ៍នោះកើតឡើងនៅក្នុងបរិវេណអគារប៊ី (B) នៅជញ្ជាំងដែលជាប់នឹងអគារស៊ី (C)។ កម្មករមួយចំនួនដែលធ្វើការនៅក្នុងអគារជាប់នោះ ទម្លាយថា នៅខាងក្រោមធ្នើរដាក់ឥវ៉ាន់ដែលបាក់ មានកម្មករធ្វើការយ៉ាងតិចណាស់ជិត ១០០នាក់ដែរ ដោយសារតែធ្នើរដែលបាក់មានប្រវែង ១៤ម៉ែត្រ គុណនឹង ៩ម៉ែត្រ ហើយរៀបជាតុវែងពីរជួរឲ្យកម្មករធ្វើការទល់មុខគ្នា។
កម្មករបញ្ជាក់ថា តុវែងមួយម៉ែត្រអាចមានមនុស្សធ្វើការបួននាក់ឡើងទៅ ហើយបើបូកត្រួសៗទៅ អាចនឹងមានមនុស្សធ្វើការជាង ៦០នាក់។ ប៉ុន្តែពេលមានហេតុការណ៍បាក់ពិតានកើតឡើង ក៏មានកម្មករខ្លះរត់រួចពីការស្លាប់។
កម្មករម្នាក់ដែលសុំមិនចេញឈ្មោះ បានរៀបរាប់ប្រាប់ពីហេតុការណ៍គ្រោះថ្នាក់នោះថា ពេលបាក់អគារភ្លាម កម្មករដែលធ្វើការនៅក្នុងអគារស៊ី និងអគារអេ (A) ដែលនៅជាប់នោះ មិនត្រូវបានអនុញ្ញាតឲ្យចេញពីក្នុងអគារធ្វើការទេ ដោយមេការចិន បានប្រជុំប្រាប់កម្មករថា ជារឿងរ៉ាវទុស្សេខ្សែភ្លើងតិចតួច ឲ្យក្រុមកម្មករស្ងប់ចិត្ត ហើយធ្វើការបន្ត។ ប៉ុន្តែដោយសារតែកម្មករក្នុងអគារអេ បានឃើញអ្នកសង្គ្រោះសែងមនុស្សពីក្នុងអគារប៊ី ចេញច្រើនពេក ទើបសម្រុកចេញពីក្នុងអគារអេ ទោះបីមានការហាមមិនឲ្យចេញក៏ដោយ។
សូមអញ្ជើញស្តាប់អ្នកស្រី សុ ជីវី អានសម្រង់ខ្លឹមសារសម្ដីប្រភពដូចតទៅ៖ «គេអត់ឲ្យពួកយើងចេញទេ។ តែយើងមិនអស់ចិត្ត ព្រោះឃើញមានគេសែងមនុស្សច្រើនពេក។ កម្មករក៏សម្រុកចេញទៅ។ គេសែងដាក់ពេញអគារពេទ្យទាំងអស់ យើងមិនដឹងថាប៉ុន្មាននាក់ទេ ហើយគេសែងកម្មករជាច្រើនដាក់ក្នុងឡានពេទ្យមួយឡានៗដាក់ ៦នាក់។ តែខ្ញុំឃើញស្លាប់នៅក្នុងអគារពេទ្យហ្នឹង ៥-៦នាក់ហើយ។ អ្នកខ្លះបាក់ដៃ ខ្លះបាក់ជើង ខ្លះដាច់ត្រគាក ម្រាមដៃ ម្រាមជើង រាយពេញណាពេញណី»។
បន្ទាប់ពីហេតុការណ៍កើតឡើងប្រមាណជាងមួយម៉ោង វិទ្យុអាស៊ីសេរី បានទៅដល់កន្លែងកើតហេតុ និងជួបសម្ភាសជាមួយពលរដ្ឋនៅទីនោះ។ បុរសម្នាក់បានប្រាប់ថា អ្នកស្លាប់សរុបទាំងអស់មាន ១០នាក់។ បុរសម្នាក់ផ្សេងទៀត បង្ហើបថា មាន ៨នាក់ តែលទ្ធផលចុងក្រោយ អាជ្ញាធរប្រកាសថា មានមនុស្សស្លាប់ ២នាក់ និងរបួសចំនួន ១២នាក់។
ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៧ ឧសភា តំណាងក្រុមហ៊ុនផលិតស្បែកជើង វីងស្ដារស៊ូ លោក ចាន់ កុសល ជានាយកផ្នែកវេចខ្ចប់ (Shipping)។ លោកបានប្រកាសថា ហេតុការណ៍បាក់រលំប្លង់សេឡាវតឿផ្ទុកឥវ៉ាន់នោះ បានបណ្ដាលឲ្យកម្មករតែពីរនាក់ប៉ុណ្ណោះស្លាប់ និងកម្មកររបួស ១១នាក់។ ហើយហេតុការណ៍បាក់ធ្នើរឡាវតឿផ្ទុកឥវ៉ាន់នេះ គឺជាមេរៀនមួយ ហើយក្រុមហ៊ុនបានប្ដេជ្ញាថានឹងមិនឲ្យមានការធ្វេសប្រហែសកើតឧបទ្ទវហេតុដូច្នេះម្តងទៀតទេ។ លោកបញ្ជាក់ថា រឿងនេះជារឿងបញ្ហាតូចតាចប៉ុណ្ណោះ ហើយក្រុមហ៊ុននឹងទូទាត់សំណងជូនគ្រួសារកម្មករ។
បន្ទាប់ពីហេតុការណ៍បាក់ពិតានរោងចក្រ វីងស្តារស៊ូ បានសម្រេចឲ្យកម្មករសម្រាករយៈពេល ៤ថ្ងៃ ដើម្បីទុកពេលឲ្យពួកគេបោសសម្អាតកម្ទេចកម្ទីដែលនៅសល់។
លុះដល់ថ្ងៃទី២០ ខែឧសភា ជាថ្ងៃដែលកម្មករចូលធ្វើការដំបូង បន្ទាប់ពីសម្រាក។ កម្មកររោងចក្រដដែលនេះចំនួនជាង ២០នាក់ បានដួលសន្លប់ម្តងវិញ ដោយសារផ្អើលរឿងទុស្សេខ្សែភ្លើង។ កម្មករខ្លះសន្លប់ ខ្លះបាក់ដៃបាក់ជើង ដាច់ម្រាមដៃម្រាមជើង ហើយពួកគេក៏ត្រូវអនុញ្ញាតឲ្យសម្រាកនៅក្នុងមន្ទីរពេទ្យ អ្នកខ្លះក៏ត្រូវសម្រាកនៅផ្ទះវិញ។
នៅពេលដែលភ្នាក់ងារយកព័ត៌មានចុះទៅក្នុងភូមិជាច្រើន ជិតរោងចក្រកើតហេតុ ប្រជាពលរដ្ឋទាំងអស់ដែលបានជួបសាកសួរ សុទ្ធតែបង្ហាញពីភាពអល់អែកក្នុងការប្រាប់ពីចំនួននៃអ្នកស្លាប់។ អ្នកខ្លះប្រាប់ថា មិនហ៊ានអះអាងឡើយ ព្រោះខ្លាចគេធ្វើបាប។ អ្នកខ្លះប្រាប់ថា បើគាត់ប្រាប់ពីហេតុការណ៍ពិតនោះ ពួកគាត់នឹងមិនអាចនៅភូមិនេះបានទៀតឡើយ។ ពលរដ្ឋដែលបានសាកសួរជិត ២០នាក់ ដែលរស់នៅបីភូមិផ្សេងគ្នា សុទ្ធតែសុំលាក់អត្តសញ្ញាណ ដោយបារម្ភពីសុវត្ថិភាព។ រឿងដែលចម្លែកជាងនេះទៀត ពួកគាត់ហាក់ដូចជាដឹងថា អ្នកយកព័ត៌មានទៅស្រាវជ្រាវរកការពិតជុំវិញបញ្ហាស្លាប់នេះ។ គាត់និយាយពាក្យមួយឃ្លាដែលដូចៗគ្នាថា បើវិទ្យុនានាផ្សាយថាស្លាប់ ២នាក់ គឺ ២នាក់ហើយ បើយើងថាលើស មានខ្មោចឯណាឲ្យគេ? ខ្ញុំមិនហ៊ានប្រាប់ត្រង់ទេ គេបិទហើយ។
ស្ត្រីជាជីដូនរបស់កម្មករម្នាក់ ថ្លែងថា ចៅរបស់គាត់ គឺឈប់ធ្វើការក្នុងរោងចក្រនោះហើយ ដោយសារតែភាពភ័យខ្លាច។ ការភ័យខ្លាចនោះ តម្រូវឲ្យពួកគាត់ជាចាស់ទុំ និមន្តព្រះសង្ឃស្រោចទឹករំដោះគ្រោះឲ្យក៏នៅតែមិនបាត់។ ស្ត្រីនោះបន្តថា ចៅគាត់គេងលក់ ក៏ចេះតែយល់សប្តិឃើញមិត្តភ័ក្ដិដែលធ្លាប់ធ្វើការជាមួយ ៤នាក់ ដឹកដៃគ្នាដើរជិតចៅគាត់ ហើយចៅគាត់ក៏ស្រែកយំ និងភ័យខ្លាច។ នៅពេលដែលវិទ្យុអាស៊ីសេរី សួរថា តើមិត្តភ័ក្ដិចៅរបស់គាត់ទាំង ៤នាក់នោះស្លាប់ហើយមែនទេ បានជាចៅគាត់ខ្លាច? ស្ត្រីម្នាក់នោះឆ្លើយទាំងរដាក់រដុបថា ខ្ញុំមិនហ៊ានប្រាប់ទេ ព្រោះខ្លាចប៉ះពាល់។
ប្រជាពលរដ្ឋដែលរស់នៅខាងមុខរោងចក្រ បានប្រាប់ថា បន្ទាប់ពីហេតុការណ៍បាក់រលំពិតាននោះបានបីថ្ងៃ មានម្តាយឪពុកកម្មករប្រាំគ្រួសារមកសួររកកូនដែលធ្វើការនៅរោងចក្រនេះ ប៉ុន្តែភាគីរោងចក្រមិនអនុញ្ញាតឲ្យពួកគាត់ចូលរោងចក្រទេ។ បើទោះបីម្តាយឪពុកកម្មករនេះយំសស្រាក់ និងរង់ចាំកូនតាំងពីព្រលឹមរហូតដល់ម៉ោង ១២យប់ ក៏ពួកគាត់មិនបានជួបកូនៗដែរ។ ពលរដ្ឋបញ្ជាក់ថា រោងចក្រប្រាប់ថា កម្មករទាំងនោះឈប់ធ្វើការយូរហើយ និងប្រាប់ហេតុផលផ្សេងៗទៀត។
នៅថ្ងៃទី២២ ខែឧសភា នៅក្នុងភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានរៀបចំពិធីបុណ្យខួបគំរប់ ៧ថ្ងៃ ឲ្យកម្មករដែលស្លាប់ម្នាក់ឈ្មោះ រឹម រឿន។ ហើយនៅថ្ងៃទី២៣ ខែឧសភា នៅក្នុងភូមិត្រពាំងស្វាយ ក៏មានរៀបចំបុណ្យខួបគម្រប់ ៧ថ្ងៃ សពកម្មការិនីឈ្មោះ ស៊ឹម ស្រីទូច ដែរ។ ទាក់ទងនឹងការរៀបចំពិធីបុណ្យសពទាំងពីរនេះ ស្ត្រីអ្នកភូមិម្នាក់ព្រលយពាក្យថា មានមនុស្សជាច្រើនទំនងជាធ្វើការធំ បានបញ្ជាឲ្យពលរដ្ឋត្រូវតែនិយាយថា ចំនួនអ្នកស្លាប់តែ ២នាក់។
សូមអញ្ជើញស្តាប់អ្នកស្រី សុ ជីវី អានសម្រង់ខ្លឹមសារសម្ដីប្រភពដូចតទៅ៖ «គេឲ្យថា ២នាក់ ២នាក់ទៅ គេឲ្យធ្វើបុណ្យធំតែ ២នាក់ហ្នឹងទេ ត្រពាំងស្វាយ មួយ និងក្រាំងត្បាល់ មួយ អាផ្សេងទៀតហ្នឹង អត់ធ្វើបុណ្យធំទេ»។
ថ្ងៃទី២៣ ខែឧសភា រោងចក្រ វីងស្តារស៊ូ បានបិទទ្វារមិនឲ្យអ្នកក្រៅចូលទេ។ រោងចក្រក៏បានកោះហៅកម្មករទាំងអស់ឲ្យចូលធ្វើការវិញ ទោះបីជាធ្វើការមិនកើតក៏ឲ្យអង្គុយមើលគេដែរ។ រោងចក្រក៏ចាប់ផ្ដើមដុតបំផ្លាញកាកសំណល់ដែលបន្សល់ទុកពីការបាក់ពិតាននោះ។ កម្មករប្រាប់ថា កាកសំណល់នោះធុំក្លិនអាក្រក់ណាស់ ប្រៀបដូចគេដុតសពអ៊ីចឹង ហើយកម្មករមួយចំនួនក៏ពិបាកទ្រាំណាស់។
ស្របគ្នានោះ ក៏មានក្រុមមនុស្សមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានតាមដានអ្នកយកព័ត៌មានដែលចុះទៅជួបប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ទៀតផង។ អ្នកទាំងនោះបានបង្គាប់ឲ្យពលរដ្ឋសួរថា តើអ្នកឯងទៅណា? មកពីណា? មានបំណងអ្វី? ពួកគេព្រលយពាក្យថា ហេតុអ្វីបានជាចង់សើរើអី កម្មករស្លាប់នោះប្រៀបដូចគ្រោះថ្នាក់ចរាចរណ៍អ៊ីចឹង ឬពួកអ្នកឯងចង់ចែកលុយម្នាក់ពាក់កណ្ដាល?
កម្មករដែលធ្វើការក្នុងរោងចក្រនោះមានប្រមាណជាង ៧ពាន់នាក់។ មន្ត្រីសង្គមស៊ីវិលបញ្ជាក់ថា ក្នុងចំណោមអ្នកទាំងនោះ មានកម្មករមកពីខេត្តផ្សេងៗមកធ្វើការដែរ ហើយបើសិនជាមានកម្មករនៅខេត្តឆ្ងាយៗស្លាប់ ឬរងគ្រោះនោះ ក៏គ្រួសារពួកគេខ្លះអាចមិនទាន់ដឹងដំណឹងនេះនៅឡើយ។
ទន្ទឹមនឹងនេះ ប្រធានសហជីពកម្ពុជា លោក រ៉ុង ឈុន បានថ្លែងឲ្យដឹងថា ក្រុមរបស់លោកនឹងចុះទៅស្រាវជ្រាវ និងស៊ើបអង្កេតចំពោះព័ត៌មានសង្ស័យថាចំនួនកម្មករដែលស្លាប់ និងរបួសដោយសារការបាក់ពិតាននៅរោងចក្រកាត់ដេរស្បែកជើង វីងស្តារស៊ូ នោះឡើងវិញ ដើម្បីបញ្ជាក់ឲ្យមានការពិត និងអស់សង្ស័យចំពោះព័ត៌មានមួយចំនួន ដែលបាននិយាយថា ចំនួនកម្មករស្លាប់ និងរបួសនោះមិនមែនស្លាប់ ២នាក់ និងរបួស ១១នាក់ ដូចការប្រកាសកន្លងមកនោះ។
រោងចក្រ វីងស្តារស៊ូ ជារោងចក្រផលិតស្បែកជើងកីឡាម៉ាក អេស៊ិក (ASICS) ដែលជាម៉ាកស្បែកជើងល្បី ហើយមានទំនាក់ទំនងជាមួយក្រុមហ៊ុនបញ្ជាទិញនៅប្រទេសជប៉ុន។ មកទល់ពេលនេះ រោងចក្រក៏បានសម្រេចវាយកម្ទេចពិតាននៅអគារផ្សេងៗទៀត ដែលសង់ខុសលក្ខណៈបច្ចេកទេសចោលទាំងអស់ ហើយបន្តដុតកម្ទេចកម្ទីពិតាននោះចោលជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ចំនួនអ្នកស្លាប់ពិតប្រាកដនៃហេតុការណ៍នេះ ក៏នៅស្ថិតក្នុងភាពមន្ទិលសង្ស័យ និងបង្កប់ដោយអាថ៌កំបាំង។
ដើម្បីបំបាត់ការមន្ទិលសង្ស័យពីការលាក់បាំងចំនួនតួលេខរបស់កម្មករស្លាប់ និងរបួសនេះ ទាល់តែអ្នកទទួលខុសត្រូវរោងចក្រនេះ ស្វាគមន៍ និងអនុញ្ញាតបើកឲ្យមានការស៊ើបអង្កេតទូលំទូលាយពីគ្រប់មជ្ឈដ្ឋានប្រកបដោយតម្លាភាព ទើបអាចបំបាត់ការភ័យខ្លាច និងសង្ស័យពីសំណាក់ប្រជាពលរដ្ឋបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
