ពលករ​ខ្មែរ​១៣​នាក់​ដែល​ចាញ់​បោក​មេ​ខ្យល់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា

0:00 / 0:00

ពលករ​ខ្មែរ​ចំនួន ១៣​នាក់ ដែល​ចាញ់​បោក​មេ​ខ្យល់​នាំ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ សីហា បន្ទាប់​ពី​ពួក​គេ​ជាប់​ពន្ធនាគារ​នៅ​ទីនោះ​អស់​ជាង ២​ខែ។

ពលករ​ដែល​ចាញ់​បោក​មេ​ខ្យល់​ទាំង ១៣​នាក់ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​មន្ត្រី​ពាក់ព័ន្ធ ចាប់​មេ​ខ្យល់​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ឆាប់ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​មេ​ខ្យល់​ដោយ​ខុស​ច្បាប់​ទៀត។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​១២ សីហា ថា ដោយសារ​ជីវភាព​ក្រីក្រ និង​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ក៏​បាន​សម្រេច​ចិត្ត​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​រយៈ​មេ​ខ្យល់​ក្នុង​ភូមិ​ម្នាក់​ឈ្មោះ អ្នកស្រី ចិក សឿន អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ដូនទ្រ ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប ដោយ​ក្នុង​តម្លៃ ២.៥០០​បាត ឬ​ប្រមាណ​ជិត ៣០​ម៉ឺន​រៀល​ក្នុង​ម្នាក់។ មេ​ខ្យល់​សន្យា​ប្រាប់​ពួក​គាត់​ថា ទៅ​ធ្វើ​ការ​ជា​កម្មករ​រោងចក្រ​នំ​ប៉័ង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

ពួក​គាត់​អះអាង​ថា នៅ​ពេល​ទៅ​ដល់​ប្រទេស​ថៃ នោះ មេ​ខ្យល់​បាន​នាំ​ពួក​គាត់​ទាំង ១៣​នាក់​លក់​ឲ្យ​ថៅកែ​ជនជាតិ​ថៃ ធ្វើ​ជា​កម្មករ​សំណង់​ក្នុង​តម្លៃ ៥.៣០០​បាត ឬ​ប្រមាណ ៧០​ម៉ឺន​រៀល​ក្នុង​ម្នាក់។ ពួក​គាត់​បញ្ជាក់​ថា នៅ​ពេល​ធ្វើ​ការ​នៅ​ខេត្ត​នន់បុរី ក្បែរ​ទីក្រុង​បាងកក ប្រមាណ ២​ថ្ងៃ ក៏​ត្រូវ​តម្រួត​ថៃ ចាប់​ដាក់​ពន្ធនាគារ​អស់​រយៈពេល ២​ខែ​កន្លះ។ ពលករ​បញ្ជាក់​ថា ពួក​គាត់​នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​លំបាក​លំបិន​បំផុត ចំណែក​ឯ​មេ​ខ្យល់​បាន​រត់​គេច​ខ្លួន​បាត់៖ «នៅ​ក្នុង​គុក​អ្នក​ជាប់​គុក​មុនៗ គេ​វាយ​ធ្វើ​បាប​ខ្ញុំ គេ​ចាប់​ឲ្យ​ខ្ញុំ​វាយ​គ្នា​ឯង បើ​ខ្ញុំ​មិន​វាយ​ទេ គេ​នឹង​ធ្វើ​បាប​ខ្ញុំ រហូត​ដល់​ខ្ញុំ​សន្លប់​ពី ២ ទៅ ៣​ដង​ក្នុង​មួយ​ថ្ងៃ និង​ធ្វើ​ទារុណកម្ម​ឲ្យ​ខ្ញុំ​ជក់​បារី​ជាដើម។ គេ​វាយ​កូន​ខ្ញុំ​សន្លប់ ៤ ទៅ ៥​ដង​ក្នុង​មួយ​ថ្ងៃ រហូត​ហើម​ពេញ​ខ្លួន​អស់ ខ្ញុំ​មិន​ដឹង​សុខភាព​កូន​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ នាយ​នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក ស៊ឹម សំអាត មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​ទាំង ១៣​នាក់​ដែល​ថៃ ចាប់​ខ្លួន​នោះ រស់នៅ​ខេត្ត​សៀមរាប ក្នុង​នោះ​ពលករ​ស្រី​ចំនួន ៧​នាក់ និង​ប្រុស ៦​នាក់ ត្រូវ​បាន​តម្រួត​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា វិញ​កាល​ពី​រសៀល​ថ្ងៃ​ទី​១១ សីហា៖ «មេ​ខ្យល់​យក​ទៅ​លក់​ឲ្យ​ថៅកែ​ថៃ ម្នាក់​មួយ​ម៉ឺន​បាត (ប្រមាណ​ជិត ៣០០​ដុល្លារ​អាមេរិក) ហើយ​គាត់​ធ្វើ​ការ​មិន​បាន​ប៉ុន្មាន​ផង ក៏​ខាង​ប៉ូលិស​អន្តោប្រវេសន៍​ថៃ គេ​ចុះ​ធ្វើ​រដ្ឋបាល​ឃើញ​ពួក​គាត់​អត់​មាន​ច្បាប់​ទម្លាប់​អី​ក្នុង​ខ្លួន ក៏​ចាប់​ពួក​គាត់​ដាក់​ពន្ធនាគារ​ទៅ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទាំង​ប្រថុយប្រថាន​នេះ ដោយសារ​ពួក​គាត់​ពុំ​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក និង​គ្មាន​ជម្រើស ទើប​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ លោក​បញ្ជាក់​ថា ប្រសិន​បើ​សមត្ថកិច្ច​ប្រចាំ​ការ​តាម​ច្រក​ព្រំដែន រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​បាន​ល្អ បញ្ហា​នេះ​នឹង​មិន​កើត​មាន​ឡើយ៖ «បញ្ហា​នេះ​ពុំ​មាន​អី​ពិបាក​នោះ​ទេ ឲ្យ​តែ​ខាង​ក្រសួង​មហាផ្ទៃ ដាក់​បទបញ្ជា​តឹងរ៉ឹង គឺ​ឲ្យ​តែ​ជន​ណា​ប្រព្រឹត្ត​បទល្មើស នាំ​ពលករ​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​ខុស​ច្បាប់ និង​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ព្រោះ​មន្ត្រី​តាម​ច្រក​នីមួយៗ​បាន​ស្គាល់​ច្បាស់​ហើយ​ថា អ្នក​ណា​ជា​មេ​ខ្យល់​នោះ»

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​ចាប់​មេ​ខ្យល់​ដែល​នាំ​ពួក​គាត់​ទៅ​ប្រទេស​ថៃ ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

របាយការណ៍​របស់​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឲ្យ​ដឹង​ថា សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា ប្រមាណ​ពី ២០០​នាក់ ទៅ ៣០០​នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។