មន្ត្រីក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អះអាងថា ប្រជាពលរដ្ឋខ្មែរចំនួន ២០នាក់ ដែលសមត្ថកិច្ចថៃ ចាប់ខ្លួន ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជា វិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។
ប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីចំនួន ២០នាក់ ដែលឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ ត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួននៅស្រុកអារញ្ញ ខេត្តស្រះកែវ ខណៈដែលពួកគេធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥។
កាសែតថៃ ឈ្មោះថៃរ៉ាត ចុះផ្សាយកាលពីថ្ងៃទី៤ កក្កដា ឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន ២០នាក់ រួមមានមនុស្សចាស់ចំនួន ១៣នាក់ ក្មេងប្រុស ៨នាក់ និងក្មេងស្រីម្នាក់ ទៅធ្វើការជាកម្មករសំណង់នៅខេត្តឡុបបូរី ប្រទេសថៃ។
កាសែតឲ្យដឹងទៀតថា ពលរដ្ឋទាំង ២០នាក់នោះ ត្រូវបានថៅកែដកលិខិតអនុញ្ញាតធ្វើការងារទុក ហើយដឹកតាមរថយន្តពីខេត្តឡុបបូរី មកទម្លាក់ចោលនៅខេត្តស្រះបូរី ភាគកណ្ដាលនៃប្រទេសថៃ ដើម្បីធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញដោយខ្លួនឯង។ កាសែតថៃរ៉ាត សរសេរទៀតថា ពលរដ្ឋទាំងនោះបានជួលរថយន្តមួយបាំងកន្លះរបស់ថៃ ធ្វើដំណើរទៅចុះនៅស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីឆ្លងដែនទៅកម្ពុជា នៅចំណុចជាយដែនប្រទេសថៃ ទល់មុខក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ត្រូវទាហានថៃ ចាប់ខ្លួនតែម្ដងទៅ។
នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិ លោក ស៊ឹម សំអាត ពុំទាន់បញ្ជាក់ថាយ៉ាងណានៅឡើយ ដោយលោកអះអាងថា ប្រជាពលរដ្ឋដែលសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជា វិញ ភាគច្រើនទៅធ្វើការប្រទេសថៃ ដោយខុសច្បាប់ ហើយថាសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជា រៀងរាល់ថ្ងៃជារឿងធម្មតាទៅហើយ៖ «ថ្ងៃនេះថៃ ចាប់បញ្ជូនបានច្រើនគ្នា ទាល់តែល្ងាចបានខ្ញុំសរុបតួលេខ ហើយបើសិនមានដំណឹងអី ចាំខ្ញុំឆែកមើលឲ្យច្បាស់លាស់សិន»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍ថា មូលហេតុដែលពលរដ្ឋខ្មែរចេញទៅធ្វើការទាំងប្រថុយប្រថាននៅក្រៅប្រទេសនេះ ដោយសារពួកគេគ្មានប្រាក់ទៅធ្វើលិខិតឆ្លងដែនផង និងជួបការលំបាក ក្នុងការធ្វើទិដ្ឋាការចេញទៅធ្វើការងារ ឲ្យស្របច្បាប់នៅក្រៅប្រទេសនោះ។ លោកពន្យល់ថា ពលរដ្ឋចេញទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ ប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារពួកគេឆ្លងដែនទាំងប្រថុយប្រថាន និងធ្វើការងារគ្មានអ្នកទទួលខុសត្រូវ៖ «ប្រសិនជារដ្ឋាភិបាលយើងសម្រួលនីតិវិធីធ្វើលិខិតឆ្លងដែននៅជិត និងផ្ដល់សេវាក្នុងតម្លៃថោក ហើយបានលឿនរហ័សនោះ ពួកគាត់នឹងមិនចេញទៅធ្វើការងារក្រៅប្រទេសប្រថុយប្រថានទេ។ បើបញ្ហានេះនៅតែបន្តការលំបាកទៅមុខទៀតនោះ ប្រជាពលរដ្ឋនឹងតែប្រើរូបភាពចេញទៅធ្វើការក្រៅប្រទេសខុសច្បាប់ដដែល»។
ប្រធានក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សៅ វាសនា មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរដែលសមត្ថកិច្ចថៃ ចាប់ខ្លួនបញ្ជូនមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភាគច្រើនពួកគេទៅធ្វើការងារនៅប្រទេសថៃ ដោយខុសច្បាប់ប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។ លោកបន្តថា ចំពោះប្រជាពលរដ្ឋចំនួន ២០នាក់ដែលសមត្ថកិច្ចថៃ ចាប់ខ្លួននោះ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជា វិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
