ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​នៅ​បាត់ដំបង

អាជ្ញាធរ​ថៃ បាន​យល់​ព្រម​បើក​ច្រក​ទ្វារ​តំបន់​រវាង​ខេត្ត​ត្រាត និង​ខេត្ត​បាត់ដំបង ឡើង​វិញ ក្រោយ​ពី​ថៃ បាន​បិទ​ដោយ​ឯកតោ​ភាគី​អស់​មួយ​រយៈពេល​មក ព្រោះ​ពួក​គេ​មាន​ការ​ខឹង​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេះ​តែ​ចូល​ទៅ​លួច​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី​ថៃ។
ដោយ សួន សុផលមុន្នី
2013-03-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
២៣-មីនា-២០១៣៖ ច្រក​ទ្វារ​៤០០ មើល​ពី​ខាង​ទឹកដី​ខ្មែរ ស្ថិត​នៅ​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង។
២៣-មីនា-២០១៣៖ ច្រក​ទ្វារ​៤០០ មើល​ពី​ខាង​ទឹកដី​ខ្មែរ ស្ថិត​នៅ​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង។
RFA/Soun Sophalmony

ច្រក​ទ្វារ​៤០០ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ប្រទេស​កម្ពុជា ទល់​មុខ​គ្នា​ជាមួយ​ច្រក​បររៃ ក្នុង​ខេត្ត​ត្រាត ប្រទេស​ថៃ បាន​បើក​ទ្វារ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​ជា​ធម្មតា​ឡើង​វិញ​ហើយ ក្រោយ​ពី​ភាគី​ថៃ បាន​បិទ​ទ្វារ​អស់​រយៈពេល​មួយ​ខែ​រួច​មក។

នាយ​រង​ប៉ុស្តិ៍​ប្រចាំ​ច្រក​៤០០ ថ្លែង​កាល​រសៀល​ថ្ងៃ​ទី២៣ ខែ​មីនា ថា ការ​បើក​ច្រក​តំបន់​រវាង​ប្រទេស​ទាំង​ពីរ​នោះ បាន​ដំណើរ​ការ​អស់​រយៈពេល​ពីរ​សប្ដាហ៍​ហើយ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​២០១៣ នេះ៖ «បើក​ទើប​បាន​ពីរ​អាទិត្យ​នេះ​ទេ ថៃ ជា​អ្នក​បើក។ ខ្ញុំ​សួរ​ថៃ ដែរ តែ​ថ្នាក់​លើ​គេ​ឲ្យ​បិទ​តាម​បទ​បញ្ជា​ថ្នាក់​លើ​ដែរ។ ច្រក​នេះ​តាម​ការ​ជាក់​ស្ដែង មាន​ផ្លែ​ម្នាស់ មាន​ក្បឿង ធូរេន ត្រី​ពីរ​បី​គីឡូ​មក​ពី​ថៃ គេ​បើក​ឲ្យ​ចេញ​ចូល​នៅ​ថ្ងៃ​អង្គារ ពុធ ព្រហស្បតិ៍»

កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ អាជ្ញាធរ​ថៃ បាន​បិទ​ច្រក​បររៃ ក្នុង​ខេត្ត​ត្រាត ទល់​មុខ​គ្នា​នឹង​ច្រក​៤០០ ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ ប្រភព​ពី​ក្រុម​អ្នក​ភូមិ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ភាគី​ថៃ បិទ​ច្រក​ទ្វារ​តំបន់​នោះ ដោយសារ​តែ​ពួក​គេ​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​រក​កាប់​ឈើ​នៅ​ក្នុង​ទឹកដី​ថៃ៖ «ប្រជាជន​ដែល​មក​ពី​ក្នុង គាត់​អត់​លុយ គាត់​មក​រក​ស៊ី​លី​ឈើ​គ្រញូង​ឲ្យ​គេ គេ​ជួល។ គាត់​ទៅ​ច្រក​ចរិយា គេ​ហៅ​ថា ភ្នំ​ក្បាល​ឡាន។ ប្រជាជន​យើង​នៅ​តាសាញ នៅ​តាតោក នៅ​ស៊ុង នេះ ក៏​មាន​ទៅ​ដែរ តែ​ការ​ពិត ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង គាត់​អត់​មាន​ទៅ​ទេ ភាគ​ច្រើន​គាត់​មក​ពី​ក្រៅ ដល់​ពេល​យក​ឈើ​ម្ដង​កាល​អ៊ីចឹង​វា​អត់​អី​ទេ ដល់​ពេល​ដើរ​ចុះ​ឡើង​ដើរ​ទៅ​ស្រុក​គេ​ត្រៀម​បាញ់»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ការពារ​ព្រំដែន​ខ្មែរ ពុំ​ហ៊ាន​បញ្ជាក់​ជុំវិញ​មូលហេតុ​ដែល​ភាគី​ថៃ បាន​ប្រកាស​បិទ​ច្រក​ទ្វារ​នោះ​ទេ។ ប៉ុន្តែ ក្នុង​រយៈ​កាល​កន្លង​ទៅ​នេះ ភាគី​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​លើក​ច្រើន​សារ នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​នាំ​គ្នា​ចូល​ទៅ​លួច​កាប់​ឈើ​នៅ​ក្នុង​ខេត្ត​ត្រាត ទឹក​ដី​ថៃ ជាប់​ព្រំដែន​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ហើយ​ក្នុង​ការ​បាញ់​ប្រហារ​នោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់។

មន្ត្រី​ការពារ​ព្រំដែន​ខ្មែរ ឲ្យ​ដឹង​ថា ច្រក​៤០០ ទល់​មុខ​គ្នា​នឹង​ច្រក​បររៃ ជា​ធម្មតា​គឺ​បើក​ទ្វារ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​រយៈពេល​បី​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស​គឺ​កម្ពុជា និង​ថៃ តែង​តែ​ចេញ​ចូល និង​ដោះ​ដូរ​ពាណិជ្ជកម្ម​ជាមួយ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

why all local radio and newspapers rarely broadcast or publish about the cambodia border land?

Mar 24, 2013 12:15 AM

គេហទំព័រ​ទាំងមូល