មន្ត្រីក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរចំនួន ១៨នាក់ ដែលតម្រួតថៃចាប់ កាលពីថ្ងៃទី៣០ វិច្ឆិកា នោះ មិនពាក់ព័ន្ធបាតុកម្មនយោបាយថៃទេ ហើយអាជ្ញាធរថៃ គ្រោងនឹងបញ្ជូនមកកម្ពុជាវិញ។
មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា គឺលោក កុយ គួង មានប្រសាសន៍នៅរសៀលថ្ងៃទី១១ ធ្នូ ថា អ្នកទាំង ១៨នាក់នោះជាពលករខុសច្បាប់៖ «ការឃាត់ខ្លួននេះ ពិតជាកើតមានមែននៅខេត្តណាខន ស៊ីថាំរ៉ាត់ (Nakhon Si Thammarat) ហើយករណីការឃាត់ខ្លួននេះ ដោយសារតែពលរដ្ឋយើងទាំង ១៨រូបនេះ គាត់ចូលទៅធ្វើការនៅក្នុងប្រទេសថៃ ដោយខុសច្បាប់។ គាត់អត់មានលិខិតស្នាមអ្វីទាំងអស់។ ដូច្នេះ ការឃាត់ខ្លួននេះ មិនមែនពាក់ព័ន្ធទៅនឹងចលនានយោបាយ ឬបាតុកម្មណាមួយ នៅក្នុងប្រទេសថៃទេ។ បច្ចុប្បន្ននេះ ស្ថានឯកអគ្គរាជទូតយើងនៅទីក្រុងបាងកក កំពុងធ្វើការងារជាមួយអាជ្ញាធរថៃ ហើយអាជ្ញាធរថៃថា នឹងបញ្ជូនពលករខ្មែរ ឬពលរដ្ឋខ្មែរទាំង ១៨នាក់ ដែលចូលទៅដោយខុសច្បាប់នេះ ឱ្យត្រឡប់មកប្រទេសកម្ពុជា ក្នុងឆាប់ៗ ខាងមុខនេះ»។
ការបញ្ជាក់របស់លោក កុយ គួង គឺបន្ទាប់ពីមានព័ត៌មានថា ពលករខ្មែរស្រីប្រុសចំនួន ១៨នាក់ ដែលកំពុងបម្រើការនៅប្រទេសថៃ ត្រូវសមត្ថកិច្ចថៃ ចាប់ដាក់គុក ពីបទសង្ស័យថា បានអុកឡុកប្រឆាំងក្រុមបាតុករអាវលឿងរបស់លោក ស៊ូថេប ដែលព្យាយាមធ្វើបាតុកម្មទម្លាក់អ្នកស្រី យីងឡាក់ ពីនាយករដ្ឋមន្ត្រី កាលពីសប្ដាហ៍មុន។
ពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ ចាប់នៅខេត្តណាខន ស៊ីថាំរ៉ាត់ ១៨នាក់នោះ គឺមានប្រុស ១៥នាក់ ស្រី ៣នាក់។ កម្មករសំណង់ខ្មែរមួយរូបដែលថៃ ចាប់ក្នុងចំណោម ១៨នាក់ គឺលោក អ៊ុល អឿន ឲ្យដឹងនៅថ្ងៃទី១០ ធ្នូ ថា តម្រួតថៃ បានចាប់ពួកគាត់កាលពីថ្ងៃទី៣០ វិច្ឆិកា គឺពេលដែលពួកគាត់ឡើងឡានបម្រុងត្រឡប់មកស្រុកកំណើតវិញ។
លោក អ៊ុល អឿន អះអាងថា ភ្លាមៗ បន្ទាប់ពីតម្រួតថៃចាប់ខ្លួន ពួកគាត់ត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងចលនាប្រឆាំងក្រុមបាតុករអាវលឿងរបស់លោក ស៊ូថេប ប្រឆាំងអ្នកស្រីនាយករដ្ឋមន្ត្រី យីងឡាក់។
លោក អ៊ុល អឿន បន្តថា ពលករទាំង ១៨នាក់ ដែលតម្រួតថៃចាប់នេះ គឺជាកម្មករសំណង់មកពីខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ចាម។
រីឯព័ត៌មានជុំវិញករណីដែលថា ក្រុមបាតុករអាវលឿងចាប់ពលរដ្ឋខ្មែរ ២ ឬ ៥នាក់ ដោយចោទថា អ្នកទាំងនោះចូលទៅយកការណ៍ក្នុងក្បួនបាតុកម្មរបស់ពួកគេ ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា គឺលោក កុយ គួង បញ្ជាក់ថា នោះគ្រាន់តែជាព័ត៌មានមិនទាន់ប្រាកដនៅឡើយ។ នៅពេលនេះ ទាំងអាជ្ញាធរថៃ និងស្ថានទូតកម្ពុជា ប្រចាំក្រុងបាងកក កំពុងស្វែងរកព័ត៌មានជាក់លាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
