ទាហាន​ព្រំដែន​ខ្មែរ​រង​ការ​ចោទ​ថា​ឲ្យ​ទាហាន​ថៃ​បណ្ដេញ​ពលរដ្ឋ​ខ្លួន

ដោយ ម៉ម មុនីរតន៍
2013-04-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មេ​ប៉ុស្តិ៍​បរថ្មី ច្រក​អូរអែម សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បញ្ឈប់​ពី​តួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ) អង្គុយ​ក្បែរ​បង្គោល​ឡាក់​លេខ ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣។
មេ​ប៉ុស្តិ៍​បរថ្មី ច្រក​អូរអែម សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បញ្ឈប់​ពី​តួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ) អង្គុយ​ក្បែរ​បង្គោល​ឡាក់​លេខ ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣។
RFA/Morm Moniroth

ប្រជាពលរដ្ឋ​រស់នៅ​ជាយ​ដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ប៉ៃលិន ចោទ​ប្រកាន់​មន្ត្រី​យោធា​ការពារ​វរ​ព្រំដែន​៨២១ ថា គឺ​ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​ទាហាន​ឈុត​ខ្មៅ​ថៃ ដែល​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំដុះ ឬ​ធ្វើ​កសិកម្ម​ក្នុង​អធិបតីភាព​របស់​កម្ពុជា។ ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​មេ​បញ្ជាការ​រង​វរ​ព្រំដែន​៨២១ ច្រាន​ចោល ដោយ​អះអាង​ថា ជា​តំបន់​ស និង​ថា​កម្ពុជា ពុំ​ដែល​មាន​គំនិត​ចង់​បំផ្លាញ​ជាតិ​របស់​ខ្លួន​ទេ។

មន្ត្រី​នគរបាល​ការពារ​ព្រំដែន ដែល​ឈរ​ជើង​ក្នុង​ខេត្ត​ប៉ៃលិន ទល់​មុខ​នឹង​ខេត្ត​ចន្ទបូរី របស់​ថៃ រង​ការ​ចោទ​ប្រកាន់​ថា បាន​ស្នើ​កិច្ច​អន្តរាគមន៍​ពី​យោធា​ថៃ មក​បណ្ដេញ​ពលរដ្ឋ​ខ្លួន​ចេញ​ពី​ដី​ដែល​ធ្លាប់​កាន់​កាប់ ដោយ​ចាត់​ទុក​ថា ជា​តំបន់​កំពុង​ស្ថិត​ក្រោម​ការ​វិនិច្ឆ័យ​របស់​គណៈកម្មការ​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ឡើយ។

លោកស្រី ហាន សុខុម ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ប្រមាណ ៥​ហិកតារ ដែល​ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ ហាម​ឃាត់​មិន​ឲ្យ​ដាំ​ដំឡូងមី និង​ដំណាំ​កសិកម្ម​ផ្សេង​ទៀត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៤ មេសា ថា កម្លាំង​ការពារ​ព្រំដែន​ឈុត​ខ្មៅ​ថៃ ជាច្រើន​នាក់​បាន​ចុះ​មក​រារាំង​គ្រួសារ​របស់​លោកស្រី នៅ​ព្រឹក​ថ្ងៃ​ទី៤ មេសា មិន​ឲ្យ​បង្កបង្កើត​ផល​លើ​ដី​ដែល​ធ្លាប់​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០០៨ ទេ។ លោកស្រី​អះអាង​ថា អ្វី​ដែល​ធ្វើ​ឲ្យ​យោធា​ថៃ ហាន​ចូល​មក​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ ក្នុង​ទឹកដី​របស់​កម្ពុជា បែប​នេះ ព្រោះ​តែ​មាន​ការ​បើក​ដៃ​ដោយ​មន្ត្រី​យោធា​របស់​កម្ពុជា។

លោកស្រី​គិត​ថា ហេតុផល​នេះ​កើត​ឡើង​ដោយសារ​គំនុំ ហើយ​លោក អែម ជាតិ មេ​បញ្ជាការ​រង​នគរបាល​វរ​ព្រំដែន​៨២១ ខ្ចី​ដៃ​ទាហាន​ថៃ ប្រើប្រាស់ ដើម្បី​គាប​សង្កត់​លើ​គ្រួសារ​របស់​លោកស្រី៖ «គេ​គុំ​ប្ដី​ខ្ញុំ​តាំង​ពី​ថ្ងៃ​មុន​ហ្នឹង​ណា តាំង​ពី​ប៉ុស្តិ៍​អាស៊ីសេរី មក​ហ្នឹង។ តាំង​ពី​ហ្នឹង គេ​ចោទ​ប្រកាន់ ហើយ​ឥឡូវ​គេ​មក​ឃាត់​ដី​ហ្នឹង​មិន​ឲ្យ​ធ្វើ​ទៀត​ណា​បង។ ទាហាន​ក៏​គេ​អត់​ហ៊ាន​មាត់​ដែរ ទាហាន​នៅ​ហ្នឹង តែ​ខ្ញុំ​ហ្នឹង ក៏​ថា​ម៉េច​ក៏​ខ្ញុំ​ធ្វើ​រាល់​ឆ្នាំ​បាន ហើយ​មក​ឥឡូវ​ខំ​ឃាត់​ខ្ញុំ​អា​ម៉េច។ ហើយ​គេ​ថា អើយ​អា​ហ្នឹង​មក​ពី​ប៉ូលិស​ខាង​ព្រំដែន​ហ្នឹង។ ប៉ូលិស អែម ជាតិ ហ្នឹង​ណា ជា​អ្នក​ទៅ​ទំនាក់ទំនង​ថៃ តាំង​ពី​ថ្ងៃ​ទី២ ហ្នឹង​មក។ ដល់​អ៊ីចឹង​ទៅ វា​មាន​បញ្ហា​ដី​ហ្នឹង​ហ្មង​បង»

ដី​ដែល​ត្រូវ​ទាហាន​ថៃ ដេញ​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ធ្វើ​កសិកម្ម​បន្ត គឺ​ស្ថិត​នៅ​ចំណុច​ទួល​រំដេង នៅ​ចន្លោះ​បង្គោល​ឡាក់​លេខ​៦៥ និង​បង្គោល​ឡាក់​លេខ​៦៧ ក្នុង​សង្កាត់​បរតាំងស៊ូ ខេត្ត​ប៉ៃលិន។

ប៉ុន្តែ មេ​បញ្ជាការ​រង​នគរបាល​វរ​ព្រំដែន​៨២១ លោក អែម ជាតិ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​គឺ​ជា​អ្នក​បោះ​ដៃ​ឲ្យ​ទាហាន​ថៃ បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ទឹកដី​កម្ពុជា បដិសេធ​ចំពោះ​បញ្ហា​នេះ ដោយ​ចាត់​ទុក​ថា យោធា​កម្ពុជា ពុំ​ដែល​មាន​បំណង​អាក្រក់​ណា​មួយ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ទាហាន​ថៃ ដើម្បី​ជិះជាន់ និង​បំផ្លិច​បំផ្លាញ​ជាតិ​របស់​ខ្លួន​ទេ។ លោក​បញ្ជាក់​ថា អ្វី​ដែល​ភាគី​ថៃ ហាមប្រាម​នេះ នោះ​ក៏​ព្រោះ​តែ​ជា​តំបន់​កំពុង​ប្រទង់ប្រទាញ​នៅ​ឡើយ៖ «អត់​ទេ ដែល​មាន​ទាហាន ដែល​មាន​ទាហាន​ខ្មែរ​យើង​ឲ្យ​មក​ណា»

កាល​ពី​ខែ​មីនា ឆ្នាំ​២០១១ កសិករ​ឈ្មោះ តាំង ម៉េង ត្រូវ​ជាប់​ពន្ធនាគារ ព្រោះ​តែ​ត្រូវ​គេ​រក​ឃើញ​ថា លោក​បាន​កាន់​កាប់​លើ​ដី​តំបន់​ស តាម​បណ្ដឹង​របស់​មេ​បញ្ជាការ​វរ​ព្រំដែន​៥៥៥ ត្រង់​ចំណុច​ទួល​រំដេង ដី​ក្បែរ​តំបន់​នោះ​ដែរ។

មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សៃហុង ដែល​ចុះ​អង្កេត​ដោយ​ផ្ទាល់​បញ្ហា​នេះ ចាត់​ទុក​ថា នេះ​ជា​សញ្ញា​គំរាម​កំហែង​ផ្នែក​នយោបាយ​យ៉ាង​ពិត​ប្រាកដ​ចំពោះ​អ្នក​ខ្វល់ខ្វាយ​ពី​បញ្ហា​បូរណភាព​ទឹកដី និង​អធិបតីភាព។ លោក​គិត​ថា ពួក​គេ​គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល ជា​ជាង​ការ​គំរាម​កំហែង៖ «វា​ជា​លក្ខណៈ​ហៅ​ថា​ក្នុង​នាម​កង​កម្លាំង​ប្រដាប់​អាវុធ​អ្ហា យើង​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ទូទៅ។ តែ​សំខាន់​ត្រង់​ថា គាត់​ស្នេហា​ជាតិ​សម្បើម​ណាស់។ គាត់​ស្មោះត្រង់ គាត់​ស្នេហា​ជាតិ គាត់​មើល​ឃើញ​អ្វី​ដែល​ពិត​ប្រាកដ គាត់​រក្សា គាត់​យល់​ច្បាស់»

ទាក់ទិន​បញ្ហា​នេះ អតីត​មេ​ប៉ុស្តិ៍​បរថ្មី នៃ​សង្កាត់​បរយ៉ាខា លោក មួន ទឹម ហៅ ញ៉ន ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បញ្ចប់​ពី​តួនាទី និង​កំពុង​រឹត​បន្តឹង​សិទ្ធិ​សេរីភាព ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។ មូលហេតុ​ដែល​ឈាន​ដល់​ការ​ដក​ហូត​តួនាទី​នេះ កើត​ឡើង​ក្រោយ​ពី​លោក​ត្រូវ​គេ​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន និង​រស់នៅ​លើ​ដី​តំបន់​ស តាម​ព្រំដែន​កម្ពុជា-ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

មឿន មួយ

ពី បាត់ដំបង

ក្នុងនាមខ្ញុំជាប្រជាជនខ្មែរម្នាក់ ខ្ញុំឆ្ងល់ថាអាបញ្ហាព្រំដែននឹងហេតុអ្វី បានជាមិនដោះស្រាយឱ្យវារួចរាល់ទៅ ចាំប៉ុន្មានឆ្នាំទៀតទើប ដោះស្រាយ។ រាល់ថ្ងៃកម្ពុជាដោះស្រាយតែរឿងដដែលៗ គ្មានចក្ខុវិស័យថ្មីទាល់តែសោះ។ គ្រាន់តែរឿងប្រជាជនចំណាក ស្រុកក៏គ្មានវិធីដោះស្រាយដែរ។ ល្មមបង្កើតច្បាប់មួយ ស្តីអំពី កុំឱ្យប្រជាជនមានកូន ព្រោះបង្កើតមកហើយគ្មានការងារ ធ្វើដដែល កើតមកលើស្រុកខ្មែរបែបជាទៅបម្រើប្រទេសគេ គ្មានន័យក្នុងជីវិតសោះ។

Apr 06, 2013 01:36 AM

អ្នក​អាន​អនាមិក

ខ្ញុំសូមបញ្ជេញមតិខ្លះអំពីបញ្ហាព្រំដែននៃកម្ពុជាំ
ខ្ញុំស្នើអោយវិទ្យុអាស៊ីសេរីផ្សព្វផ្សាយអោយបានទូលំទូលាយ
អោយបានលឺដល់រដ្ថាភិបាល។
ខ្ញុំដូចជាឆ្ងល់រដ្ថាភិបាលហេតុអ្វីមិនយកចិត្តទុកដាក់លើបញ្ហា
ព្រំដែន ហើយនិងបញ្ហាព្រំដែន​ ។

Apr 05, 2013 11:28 PM

អ្នក​អាន​អនាមិក

ពី Washington, USA

I don't understand: Still have white Zone for 22 years after Paris Peace agreement of 10/23/1991? We're not at war any more? I don't think ordinary citizen tell a lie?

Apr 05, 2013 10:29 PM

អ្នក​អាន​អនាមិក

ខ្មៅប្រែស ល្អប្រែអាក្រក់ រស់ក្នុងនឹមត្រួតត្រាគឺបែបនេះហើយ ក្រោកឡើងទាំងអស់គ្នា តស៊ូទាំងអស់ នោះជោគជ័យទាំងអស់គ្នា ។

Apr 05, 2013 10:23 PM

អ្នក​អាន​អនាមិក

ពី NJGYHGG

ដីនេះ ពលរដ្ឋខ្មែររស់នៅកាន់កាប់ ដាំដុះដំណាំដំណុះ ជាយូរយារមកហើយ តែត្រូវ ​មេ​បញ្ជាការ​(រង)​វរ​ព្រំដែន​៨២១ ទទួលស្គាល់ថា ជា​តំបន់​ស។ ប៉ុន្តែមនុស្សដដែលនេះ អះអាងថា​កម្ពុជា ពុំ​ដែល​មាន​គំនិត​ចង់​បំផ្លាញ​ជាតិ​របស់​ខ្លួន​ទេ។ ម៉េចបានជាខ្មែរនេះ និយាយឡប់ៗអីចឹង? បើកម្ពុជាមិនចង់ឲ្យបាត់បង់ដីណាមួយដុំទេនោះ ម៉េចមិនការពារដី ដែលរាស្ត្រខ្មែរកានកាប់ ជាយូរយារមកហើយហ្នឹង? ម៉េចបានជាខ្មែរនេះ ទទួលស្គាល់តាមសៀមដែរ ថាជាតំបន់ស? ខួរក្បាលខ្មែរនេះ គឺអន់យកតែមែនទែន តែបានធ្វើការកន្លែងធំដុំ។ អស់ដីហើយខ្មែរអើយ។

Apr 05, 2013 06:43 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល