ទាហានការពារព្រំដែនថៃ ខេត្តសុរិន្ទ បានបាញ់សម្លាប់យុវជនខ្មែរម្នាក់ កាលពីម៉ោង ៣រសៀលថ្ងៃទី២៣ តុលា នៅជាប់ព្រំដែនខេត្តឧត្តរមានជ័យ ក្នុងពេលដែលយុវជនខ្មែរម្នាក់នោះ ឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ គឺលោក ស្រី ណារ៉េន។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃសុក្រ ទី២៤ ខែតុលា ថា យុវជនខ្មែរឈ្មោះ ហេង ម៉េងអ៊ី អាយុ ២១ឆ្នាំ ស្រុកកំណើតនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានទៅស្នាក់នៅរកស៊ីនៅតំបន់អូស្មាច់។ យុវជនរូបនោះ ត្រូវទាហានថៃ បាញ់ស្លាប់នៅពេលដែលគាត់ព្យាយាមចូលទៅក្នុងព្រំដែនថៃ។
លោក ស្រី ណារ៉េន៖ «គេបាញ់ស្លាប់ចូលពីច្រកព្រំដែនខ្មែរយើងទៅ ម្ដុំគេហៅភូមិអូរខ្លាឃ្មុំ សង្កាត់អូស្មាច់ ហើយគេបញ្ជូនសពមកវិញកាលពីម្សិលម៉ោង ៩យប់ តាមច្រកអូស្មាច់។ ភាគីថៃ អះអាងថា យុវជនហ្នឹងចូលទៅលួចម៉ូតូនៅទឹកដីគេ»។
ប្រជាពលរដ្ឋនៅតំបន់អូស្មាច់ រិះគន់ថា បើទោះបីជាទាហានថៃ បាញ់ប្រជាពលរដ្ឋខ្មែរស្លាប់ក៏ដោយ ក៏គ្មានអាជ្ញាធរ និងសមត្ថកិច្ចខ្មែរណា យកចិត្តទុកដាក់ទាមទារឱ្យទាហានថៃ បង្ហាញភស្តុតាងឱ្យច្បាស់លាស់អ្វីទេ ធ្វើដូចជាជីវិតប្រជាពលរដ្ឋខ្មែរមិនមានតម្លៃ។
សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ ឱ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០១៤ នេះ គឺទាហានថៃ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត បានបាញ់ប្រជាពលរដ្ឋខ្មែរចំនួន ៥នាក់ ឱ្យរងរបួស និងម្នាក់ស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
