ក្រុមសភានិយាយភាសាបារាំង ដែលមកពីប្រទេសចំនួន១៥ ក្នុងទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី កំពុងព្រួយបារម្ភចំពោះភាពអសន្តិសុខនៅជុំវិញពិភពលោក ដែលបង្កឡើងដោយអំពើភេរវកម្មជាបន្តបន្ទាប់។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា នៅមុនពេលចាប់ផ្ដើមប្រជុំគណៈកម្មការអចិន្ត្រៃយ៍ក្នុងខេត្តសៀមរាប ក្រុមសភានិយាយភាសាបារាំង ទាំងនោះ បាននាំគ្នាក្រោកឈរស្មិងស្មាធិ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធប្រជាជនដែលបានស្លាប់ដោយសារអំពើភេរវកម្មនៅជុំវិញពិភពលោក។
ប្រមុខសភាដែលនិយាយភាសាបារាំង បានអំពាវនាវឲ្យប្រទេសដែលជាសមាជិក ត្រូវតែរួមគ្នាប្រឆាំងនឹងភាពអយុត្តិធម៌ ហើយលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដើម្បីឲ្យពិភពលោកបាត់ភ័យខ្លាច និងមានសន្តិភាពពិតប្រាកដ។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងពេលដែលគណៈប្រតិភូនៃសមាជិកសភានិយាយភាសាបារាំង មកពី ១៥ប្រទេស បានជួបប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់ខ្លួនក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា។
ប្រធានសភានិយាយភាសាបារាំង និងជាប្រធានសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Congo Republic) គឺលោក អូប៊ីន មីណាគូ អេនឌី ចាលេនចូកូ (Aubin Minaku NDJALANDJOKO)។ លោកបានថ្លែងនៅក្នុងការបើកកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ នៃសភានិយាយភាសាបារាំង ថា លោកសូមអំពាវនាវទៅកាន់បណ្ដារដ្ឋ តាមរយៈសភានិយាយភាសាបារាំង សូមឲ្យរួមគ្នាទប់ស្កាត់អំពើភេរវកម្ម ដែលកំពុងតែបង្កើតភាពអសន្តិសុខនៅតាមបណ្ដាប្រទេសមួយចំនួនជុំវិញពិភពលោក។ លោក អូប៊ីន មីណាគូ បញ្ជាក់ទៀតថា សភានិយាយភាសាបារាំង ត្រូវតែប្រឆាំងនឹងភាពអយុត្តិធម៌ ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ៖ «ពេលបច្ចុប្បន្ននេះ ក្រុមសភានិយាយភាសាបារាំង គាំទ្រនឹងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ព្រមទាំងការគោរពសិទ្ធិមនុស្ស។ អំពើភេរវកម្ម គឺកំពុងគំរាមកំហែងដល់សន្តិសុខសង្គម ព្រមទាំងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែរ»។
អគ្គលេខាធិការរបស់សភានិយាយភាសាបារាំង លោក ប៉ាស្កាល់ ទែរ៉ាសិ៍ (Passcal Terrasse) ក៏បានថ្លែងប្រហាក់ប្រហែលគ្នាថា វេទិកានៃកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ នៃសភានិយាយភាសាបារាំង ពេលនេះ គឺជាកន្លែងមួយដ៏ល្អសម្រាប់ជួបជជែកគ្នាសម្រាប់កិច្ចការឆ្នាំ២០១៦ ដោយមិនចាត់ទុកកិច្ចការនោះនៅតំបន់អឺរ៉ុប អាមេរិក អាហ្វ្រិក ឬក៏តំបន់អាស៊ី ទេ។ លោក ប៉ាស្កាល់ ទែរ៉ាសិ៍ បញ្ជាក់ថា បណ្ដារដ្ឋដែលនិយាយភាសាបារាំង ត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅក្នុងលំហនៃប្រទេសនិយាយភាសាបារាំង។
រយៈពេល ៣-៤ខែជាប់គ្នាមកនេះ អំពើភេរវកម្មធ្លាប់បានគំរាមកំហែងផ្ទួនៗគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង នៅតំបន់មជ្ឈិមបូព៌ា និងនៅកោះបាលី (Bali Island) នៃប្រទេសឥណ្ឌូនេស៊ី (Indonesia) បណ្ដាលឲ្យពលរដ្ឋជាច្រើនបានស្លាប់ និងរងរបួស។
ប្រធានសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ នៃសភានិយាយភាសាបារាំង លោក ហេង សំរិន មានប្រសាសន៍ថា រយៈពេលជាង ៤០ឆ្នាំចុងក្រោយនេះ តំបន់អាស៊ីអាគ្នេយ៍បានធ្វើសមាហរណកម្មយ៉ាងជិតស្និទ្ធ ហើយបានក្លាយទៅជាស្ថាប័ននយោបាយ និងសេដ្ឋកិច្ចប្រកបដោយថាមពលក្នុងតំបន់ ព្រមទាំងឈានទៅរកកិច្ចសហការជាមួយដៃគូសំខាន់ៗនៅតាមបណ្ដាប្រទេសធំៗក្នុងពិភពលោកផង។ ទន្ទឹមនឹងភាពជោគជ័យនេះ តំបន់អាស៊ាននៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន ដូចជា បញ្ហាអសន្តិសុខស្បៀង បញ្ហាប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ បញ្ហាអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរផ្លូវភេទ ជំងឺឆ្លងរាតត្បាត និងបញ្ហាសុវត្ថិភាពតាមផ្លូវសមុទ្រ ជាដើម។
លោក ហេង សំរិន បញ្ជាក់ថា តំបន់អាស៊ានក៏នៅមានការព្រួយបារម្ភចំពោះការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីឈានទៅទទួលបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅឡើយ ស្របពេលដែលតំបន់មជ្ឈិមបូព៌ា និងតំបន់ជាច្រើនទៀត កំពុងទទួលរងការគំរាមកំហែងផ្នែកសន្តិសុខនេះ៖ «វិបត្តិនយោបាយ និងសង្គមដែលកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិកខាងត្បូង និងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប គំរាមដល់សន្តិសុខតំបន់ និងគំរាមពិភពលោកនៅឡើយ»។
ក្រុមសភានិយាយភាសាបារាំង កំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាទប់ស្កាត់អំពើភេរវកម្មនេះ ហើយគេនឹងលើកយកមកពិភាក្សាគ្នាក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍នៅខេត្តសៀមរាប ដើម្បីស្វែងរកនិរន្តរភាពនៃការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ ដែលមកពីគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍សភានិយាយភាសាបារាំង នេះ តាមគម្រោង នឹងអនុម័តទៅលើកំណត់ហេតុរបស់កិច្ចប្រជុំកាលពីខែកក្កដា ឆ្នាំ២០១៥។ ទោះយ៉ាងណា តាមរយៈការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស លោកចង់ឲ្យសភានិយាយភាសាបារាំង ពង្រឹងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិពេញលេញរបស់អ្នកតំណាងរាស្ត្រនៅកម្ពុជា ផងដែរ៖ «របាយការណ៍របស់ប្រទេសនីមួយៗដែលនិយាយភាសាបារាំង ហ្នឹង គេនឹងច្បិចយកចំណុចសំខាន់ៗដែលទាក់ទងនឹងនីតិប្បញ្ញតិ។ ដូច្នេះយើងនឹងតាមដានថ្ងៃនេះ ថ្ងៃស្អែកនឹងមានលើកឡើងអ្វីខ្លះ?»។
តាមកម្មវិធីដែលបានគ្រោងទុក ក្រុមសភានិយាយភាសាបារាំង នឹងជួបប្រជុំគ្នារយៈពេល ៣ថ្ងៃនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៨ រហូតទៅដល់ថ្ងៃទី៣០ ខែមករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
