អ្នកភូមិនៅស្រុកបាភ្នំ ខេត្តព្រៃវែង មានជំនឿបន់ស្រន់អ្នកតាម្ចាស់ទឹកម្ចាស់ដីសុំទឹកភ្លៀង សុំសេចក្ដីសុខ និងឲ្យអ្នកតាជួយដេញកម្ចាត់សត្វល្អិតពីផលដំណាំ។ ជំនឿបន់ស្រន់នេះ អ្នកភូមិតែងតែប្រារព្ធ តៗគ្នាតាំងពីដូនតាមក ដោយមានការសែនព្រេននៅរដូវវស្សារៀងរាល់មួយឆ្នាំម្ដង។
នៅក្នុងពិធីសែនព្រេននោះ មានអុជធូប ទៀន មានបាយសម្ល នំចំណី និងលុយកាក់បន្តិចបន្តួច ព្រមទាំងមានភ្លេងពិណពាទ្យលេងហែហមអ្នកតាម្ចាស់ដីផង។
«សំឡេងភ្លេងពិណពាទ្យ»
ក្នុងពិធីនោះអ្នក ភូមិជ្រើសមនុស្សម្នាក់ជាចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ហើយជាស្ត្រីភេទ ដើម្បីបញ្ចូលរូប ដែលអ្នកភូមិមានជំនឿថា ជាអ្នកតាម្ចាស់ដី ឬហៅអ្នកតាប្រសាទ ថែរក្សាពួកគាត់ ឲ្យចូលមកស្ថិតក្នុងខ្លួនស្ត្រីចំណាស់នោះ។ ខណៈពិធីសែនព្រេនតាមវិធីអប្បិយជំនឿចាប់ផ្ដើម អ្នកភូមិទាំងនោះហែហមចោមរោមស្ត្រីបញ្ចូលរូបជាអ្នកតា ដោយម្នាក់ៗ ទឹកមុខញញឹមញញែម។ ពេលអ្នកតាបញ្ចូលរូបហើយ អ្នកភូមិប្រុសស្រីចាស់ក្មេង ចាប់ផ្ដើមបន់ស្រន់សុំសេចក្ដីខុសរៀងៗខ្លួន។
អ្នកភូមិម្នាក់ឈ្មោះ លោក ប៉ែន សាន រស់នៅគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានប្រសាសន៍ថា ការសែនព្រេននេះ ជាពិធីអប្បិយជំនឿតពីដូចតា រៀបចំឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីសុំសេចក្ដីសុខផង និងទឹកភ្លើងពីអ្នកតាផង។ លោកបន្តថា ជារៀងរាល់ឆ្នាំក្រោយពី ប្រារព្ធពិធី តែងតែមានភ្លៀង ផ្គរ ប្រជាពលរដ្ឋមានទឹកធ្វើស្រែគ្រប់គ្រាន់ពុំដែលខានឡើយ។ ម្យ៉ាងទៀត ការរស់របស់អ្នកភូមិមានសេចក្ដី ប្រាសចាកជំងឺទាំងឡាយទាំងពួង ឈ្នះអស់មារសត្រូវ គ្មានចោរលួចចោរប្លន់ ព្រមទាំងមានការសាមគ្គីគ្នារវាងអ្នកភូមិផងរបងជាមួយ រស់នៅដោយសុខដុមរមនា។
«សំឡេង»
ក្រុមអ្នកភូមិដែលមកចូលរួមបន់ស្រន់ម្នាក់ៗ នាំមកជាមួយនូវបាយសម្ល នំចំណីដាក់ក្នុងស្រាក់រៀងៗខ្លួន ហែហមក្នុងពិធីរៀបចំឡើងអស់រយៈពេលប្រមាណជាងមួយម៉ោង។
ក្រុមអ្នកភូមិដែលចូលរួមក្នុងពិធីនោះ ខ្លះបានសំណេះសំណាលជាមួយអ្នកតា តាមរយៈការបញ្ចូលរូបស្ត្រីចាស់ទំក្នុងភូមិ។ ពួកគាត់បញ្ជាក់ថា អ្នកតាប្រាសាទ ជាម្ចាស់ទឹកម្ចាស់ដី នៅពេលដែលចូលមកដល់តែងតែប្រោះព្រំ ផ្ដល់សេចក្ដីសុខ និងបណ្ដេញចង្រៃឧបទ្រពទាំងឡាយចេញពីអ្នកភូមិរៀងរាល់ឆ្នាំ។ ដោយម្នាក់ៗ គោរពស្រឡាញ់អ្នកតាម្ចាស់ទឹកម្ចាស់ដី ដែលបានថែរក្សាឲ្យមានសេចក្ដីសុខគ្រប់ៗគ្នា ក៏បានប្រារព្ធពិធីសែនព្រេនតាមបែបអប្បិយជំនឿជួនដល់អ្នកតាវិញ និងសុំឲ្យអ្នកតាថែរក្សាកូនចៅឲ្យមានសេចក្ដីសុខបន្តទៀត។
«សំឡេង»
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រៃវែង លោក ពុត សាវ៉ាត មានប្រសាសន៍បញ្ជាក់ថា ពិធីសែនព្រេនបួងសួងសុំទឹកភ្លៀង និងសុំសេចក្ដីសុខនេះ ជាជំនឿតាមបែបព្រហ្មញ្ញសាសនា អ្នកភូមិតែងតែមានជំនឿបន់ស្រន់តៗគ្នាតាំងពីដូនតា ធ្វើឡើងនៅដើមរដូវវស្សាជារៀងរាល់ឆ្នាំ។ លោក ពុត សាវ៉ាត បញ្ជាក់ថា តាមអប្បិយជំនឿដែលអ្នកភូមិប្រារព្ធធ្វើតៗគ្នានេះ នៅខេត្តព្រៃវែង មានសេសសល់បន្តរហូតមកទល់សព្វថ្ងៃ មានដូចជា ពិធីឡើងអ្នកតា ជំនឿបញ្ចូលអារក្ស និងពិធីបន់ស្រន់សុំទឹកភ្លៀង សុំសេចក្ដីសុខជាដើម។ ពិធីបែបអប្បិយជំនឿទាំងនេះមានសេសសល់តាមបណ្ដាស្រុកនានាទូទាំងខេត្ត ជាពិសេសនៅស្រុកបាភ្នំតែម្ដង។
«សំឡេង»
លោកបន្តថា ពិធីអប្បិយជំនឿបែបបន់ស្រន់នេះ គេច្រើនធ្វើនៅពេលព្រឹកថ្ងៃត្រង់ និងពេលរសៀល ហើយអ្នកភូមិច្រើនជ្រើសរើសយកទីតាំងណាដែលមានដើមឈើធំៗ មានដំបូក និងភ្នំជាដើម ដែលជាទីកន្លែងសមរម្យសម្រាប់ធ្វើពិធី ហើយម្យ៉ាងជាកន្លែងដែលអ្នកភូមិជឿជាក់ថា ជាទីស្នាក់អាស្រ័យ របស់អ្នកតានិងវត្ថុស័ក្ដិសិទ្ធិ ដូចជាពិធីឡើងអ្នកតានៅភ្នំឈើកាច់ ស្រុកបាភ្នំ ជាដើម។
វិធីបន់ស្រន់សុំសេចក្ដីសុខ និងសុំទឹកភ្លៀងរបស់អ្នកភូមិ ធ្វើឡើងនៅភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង និងមានប្រជាពលរដ្ឋចូលរួមប្រមាណជិត ១០០នាក់។ ពិធីបន់ស្រន់នេះបញ្ចប់ក្នុងរយៈពេលជាងមួយម៉ោង។ ក្រោយពីបញ្ចប់នៃការបន់ស្រន់អ្នកភូមិរំពឹងថា ទឹកភ្លៀងឆ្នាំនេះ សមល្មមសម្រាប់ធ្វើស្រែ និងទទួលបានសេចក្ដីសុខសប្បាយដូចឆ្នាំមុនៗដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
