អ្នក​វិភាគ​ថា​កម្ពុជា​មាន​សមត្ថភាព​តិចតួច​នាំ​អង្ករ​ទៅ​ចិន​តាម​អនុស្សរណៈ​យោគយល់

0:00 / 0:00

អនុស្សរណៈ​យោគយល់​គ្នា​លើ​ពាណិជ្ជកម្ម​អង្ករ​ជាមួយ​ប្រទេស​ចិន មិន​មែន​ជា​បរិមាណ​ដែល​កម្ពុជា អាច​នាំ​ចេញ​បាន​នោះ​ទេ។ ការ​ទទួល​បាន​អនុស្សរណៈ​នេះ គ្រាន់​តែ​ជា​ការ​បើក​ផ្លូវ​នៃ​ពាណិជ្ជកម្ម​អង្ករ​រវាង​ប្រទេស​កម្ពុជា និង​ចិន តែ​ប៉ុណ្ណោះ។

អ្នក​វិភាគ​លើ​វិស័យ​ស្រូវ​អង្ករ​បាន​អះអាង​ថា ការ​កែច្នៃ​នាំ​ចេញ​អង្ករ​កម្ពុជា មាន​សមត្ថភាព​តិចតួច ដើម្បី​ផ្គត់ផ្គង់​ស្រប​តាម​អនុស្សរណៈ​យោគយល់​នោះ។

ប្រទេស​កម្ពុជា បាន​ទទួល​អនុស្សរណៈ​យោគយល់​គ្នា​លើ​ពាណិជ្ជកម្ម​អង្ករ​រវាង​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក។ ក្នុង​ចំណោម​អនុស្សរណៈ​ទាំង​នោះ ភាគ​ច្រើន កម្ពុជា មិន​ដែល​នាំ​ចេញ​អង្ករ​ទាល់​តែ​សោះ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ទ្វេ​ភាគី បាន​ប្រកាស​ឲ្យ​សាធារណជន​បាន​ដឹង។

បច្ចុប្បន្ន ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​ថា កម្ពុជា បាន​ទទួល​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​ចិន លើ​បរិមាណ​អង្ករ​មួយ​សែន​តោន។

ក្រុម​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា បាន​អះអាង​ថា អនុស្សរណៈ​នេះ គឺ​មិន​មែន​ជា​កិច្ច​សន្យា​ធ្វើ​អាជីវកម្ម​រវាង​ប្រទេស និង​ប្រទេស​ឡើយ។ ការ​យោគយល់​នេះ គ្រាន់​តែ​ជា​ការ​បង្ហាញ​ថា កម្ពុជា និង​ចិន សហការ​គ្នា​លើ​ការ​ផ្ដល់​ព័ត៌មាន និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ផ្នែក​បច្ចេកទេស ជាដើម។

ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ខ្មែរ​ហ្វូត (Khmer Food) លោក​ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​ថា រៀង​រាល់​ឆ្នាំ ប្រទេស​កម្ពុជា បាន​ទទួល​អនុស្សរណៈ​យោគយល់​គ្នា​លើ​ពាណិជ្ជកម្ម​អង្ករ​ច្រើន​ណាស់​ជាមួយ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក។ ប៉ុន្តែ ការ​ទទួល​បាន​អនុស្សរណៈ​នេះ ប្រទេស​កម្ពុជា អនុវត្ត​ស្រប​ទៅ​តាម​ការ​យោគយល់​គ្នា​នោះ​បាន​តិចតួច​បំផុត។

ជាក់ស្ដែង ទោះ​បី​ជា​គ្មាន​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ចិន ប៉ុន្តែ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​កម្ពុជា នៅ​តែ​អាច​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន គ្រប់​បរិមាណ​ជិត ៣​ម៉ឺន​តោន​រៀង​រាល់​ឆ្នាំ។ លោក​ឧកញ៉ា គឹម សាវុធ បាន​បញ្ជាក់​ថា អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​ចិន ហាក់​គ្មាន​ប្រយោជន៍ ដោយសារ​តែ​ប្រទេស​ចិន បាន​ប្រកាស​ថា ទោះ​បី​ជា​ខ្លួន​បាន​ចុះ​អនុស្សរណៈ​យោគយល់​នេះ​ក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុន​មាន​សិទ្ធិ​ទិញ​អង្ករ​ពី​ក្រុមហ៊ុន​កម្ពុជា មួយ​ណា​ក៏​បាន៖ «សំឡេង»។

បន្ថែម​លើ​នេះ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ប៊ួស រិច (Boost riche Cambodia) លោក ដាវិត វ៉ាន់វិចិត្រ មាន​ប្រសាសន៍​ថា តាម​រយៈ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ចិន នេះ ក្រុមហ៊ុន​ចិន ធ្លាប់​បាន​ប្រកាស​ថា​នឹង​រក្សា​សិទ្ធិ​ចុះ​កិច្ច​សន្យា​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​កម្ពុជា ដែល​ធ្លាប់​រក​ស៊ី​ជាមួយ​គ្នា​កន្លង​មក។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ គឺ​មិន​មែន​ត្រឹម​តែ​ទទួល​បាន​អនុស្សរណៈ​ហើយ កម្ពុជា មាន​ជោគជ័យ​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ប្រកាស​ទទួល​អនុស្សរណៈ​រវាង​ប្រទេស​ណា​មួយ​លើ​ពាណិជ្ជកម្ម​អង្ករ រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​ការ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​ធានា​ថា សមត្ថភាព​របស់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ទាំងអស់​ស្ថិត​នៅ​កម្រិត​ណា៖ «សំឡេង»។

លោក ដាវិត វ៉ាន់វិចិត្រ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា បញ្ហា​ប្រឈម​ដែល​កម្ពុជា ត្រូវ​ដោះស្រាយ ដើម្បី​សម្រេច​បាន​នូវ​អនុស្សរណៈ​យោគយល់​រវាង​កម្ពុជា និង​ចិន គឺ​ហិរញ្ញប្បទាន​ប្រមូល​ទិញ​ស្រូវ និង​កិច្ច​សន្យា​រវាង​ក្រុមហ៊ុន​ចិន និង​កម្ពុជា។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​មេគង្គ អូរីហ្សា (Mekong Oriza) លោក​ឧកញ៉ា ហ៊ុន ឡាក់ មាន​ប្រសាសន៍​ថា ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ចិន សហព័ន្ធ​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​រវាង​ក្រុមហ៊ុន​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា ដើម្បី​រក​ដំណោះស្រាយ និង​ផ្គត់ផ្គង់​ស្រប​ទៅ​តាម​ភាគី​ចិន ចង់​បាន។ ក្រៅ​ពី​នេះ សហព័ន្ធ​ក៏​នឹង​ពិភាក្សា​ការ​បែង​ចែក​ចំណែក​ទីផ្សារ​អង្ករ​របស់​ចិន ដែល​ផ្ដល់​ឲ្យ​កម្ពុជា នោះ បាន​ផ្ដល់​ប្រយោជន៍​ស្មើ​គ្នា និង​មាន​តម្លាភាព​ដល់​គ្រប់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​កម្ពុជា ទាំងអស់។ លោក​បញ្ជាក់​ថា អនុស្សរណៈ​យោគយល់​លើ​ការ​នាំ​ចេញ​អង្ករ​មួយ​សែន​តោន​ទៅ​ប្រទេស​ចិន នេះ គឺ​កម្ពុជា អាច​ធ្វើ​បាន៖ «សំឡេង»។

របាយការណ៍​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ នៃ​ការ​នាំ​ចេញ​អង្ករ បាន​បង្ហាញ​ថា នៅ​រយៈពេល ៧​ខែ​ដើម​ឆ្នាំ​២០១៤ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​អង្ករ​បាន​ចំនួន ១​ម៉ឺន​តោន​ទៅ​កាន់​ប្រទេស​ចិន ដែល​កើន​ប្រមាណ ២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៣។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រៅ​ពី​ចុះ​អនុស្សរណៈ​ជាមួយ​ប្រទេស​ចិន ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា គ្រោង​នឹង​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី ផ្សេង​ទៀត ដើម្បី​ពង្រីក​ចំណែក​ទីផ្សារ​អង្ករ​កម្ពុជា។ ប៉ុន្តែ​អ្នក​វិភាគ​លើ​វិស័យ​នាំ​ចេញ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ចុះ​អនុស្សរណៈ​យោគយល់​ពាណិជ្ជកម្ម​អង្ករ គឺ​ជា​រឿង​ងាយ​ស្រួយ ប៉ុន្តែ​បើ​ការ​អនុវត្ត​មិន​បាន​វិញ នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​កម្ពុជា អាប់ឌិន​នៅ​លើ​ឆាក​អន្តរជាតិ ដោយសារ​តែ​និយាយ​ហើយ​ធ្វើ​មិន​បាន។

ប្រទេស​កម្ពុជា ធ្លាប់​បាន​ទទួល​អនុស្សរណៈ​យោគយល់​គ្នា កាល​ពី​ឆ្នាំ​មុន​រវាង​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ឥណ្ឌូនេស៊ី គ្រប់​បរិមាណ ១​សែន​តោន​ដូច​គ្នា ប៉ុន្តែ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា មិន​ដែល​សម្រេច​បាន​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​អនុស្សរណៈ​នោះ​ឡើយ។ អ្នក​វិភាគ​លើ​វិស័យ​នាំ​ចេញ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ថា អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធ្វើ​នោះ ដើម្បី​លើក​កម្ពស់​បរិមាណ​នាំ​ចេញ​អង្ករ​នោះ គឺ​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល (G2G Agreement)។

តាម​ប៉ាន់ស្មាន​ដោយ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​កម្ពុជា បាន​បង្ហាញ​ថា ការ​សម្រេច​បាន​នូវ​អនុស្សរណៈ​អង្ករ​មួយ​សែន​តោន ឬ​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​អង្ករ​មួយ​សែន​តោន កម្ពុជា ត្រូវ​ការ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទំនើប​ចំនួន ១០​គ្រឿង សមាមាត្រ​នឹង​ទឹក​ប្រាក់​វិនិយោគ ៥០​លាន​ដុល្លារ​អាមេរិក និង​ទុន​ប្រមូល​ទិញ​ស្រូវ​ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។