ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​កាណូត​ឬ​ទូក

0:00 / 0:00

ខេត្ត​កំពង់ឆ្នាំង គឺ​ជា​ខេត្ត​មួយ​ជាប់​បឹង​ទន្លេសាប ក្នុង​ចំណោម​ខេត្ត​ចំនួន​៦ របស់​ប្រទេស​កម្ពុជា។ ខេត្ត​នេះ​មាន​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​កំពង់លែង និង​ស្រុក​ជលគីរី ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ទឹក​ព័ទ្ធ​ជុំវិញ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ដោយ​កាណូត​ដ ឬ​ទូក​ផ្ទាល់​ខ្លួន ដើម្បី​ដឹក​ជញ្ជូន​សម្ភារៈ​ផ្សេងៗ និង​ធ្វើ​ដំណើរ​ចេញ​ចូល​ពី​ស្រុក​របស់​ខ្លួន ទៅ​កាន់​ទី​រួម​ខេត្ត។

ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក បាន​ក្លាយ​ជា​ទម្លាប់​របស់​អ្នក​ស្រុក​ទៅ​ហើយ ប៉ុន្តែ​មាន​អ្នក​ស្រុក​មួយ​ចំនួន​ក៏​នៅ​មាន​ការ​ត្អូញត្អែរ​អំពី​ផល​លំបាក នៃ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់​ដែរ នៅ​ពេល​មាន​ការ​អាសន្ន​ម្ដងៗ។

«សំឡេង​កាណូត» កាណូត​ដ ឬ​ទូក​ម៉ាស៊ីន​ធុន​មធ្យម បើក​លាន់​សំឡេង​ទ្រហឹង​ពេញ​ផ្ទៃ​ទន្លេ​ទៅ​មក​ស្រុក​កំពង់លែង និង​ទី​រួម​ខេត្ត​កំពង់ឆ្នាំង ក្នុង​មួយ​ថ្ងៃៗ​រាប់​សិប​គ្រឿង។ ការ​ធ្វើ​ចរាចរ​មមាញឹក​នេះ​មាន​តែ​នៅ​ពេល​ថ្ងៃ ចំណែក​នៅ​ពេល​យប់​មាន​តិចតួច ឬ​គ្មាន​តែ​ម្ដង ប្រសិន​បើ​គ្មាន​ការ​ចាំបាច់ ឬ​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​ឡើង​មក​ទី​រួម​ខេត្ត​កំពង់ឆ្នាំង ឬ​រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះ​បន្ទាន់​នោះ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​កំពង់លែង លោក ឃឹម រ៉េន មាន​ប្រសាសន៍​ថា កន្លង​ទៅ​អ្នក​ភូមិ​របស់​លោក​ធ្លាប់​ស្លាប់​នៅ​ពាក់​កណ្ដាល​ផ្លូវ ខណៈ​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ ដោយសារ​តែ​មាន​ការ​យឺតយ៉ាវ និង​គ្មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​ជួល​ទូក​គេ​នៅ​ពេល​យប់។ លោក​ថា អ្នក​ស្រុក​ត្រូវ​បង្ខំ​ចិត្ត​ជួល​ទូក​ជិះ​ក្នុង​១​គ្រឿង​តម្លៃ ១២​ម៉ឺន​រៀល នៅ​ពេល​មាន​ការ​ប្រញាប់ ឬ​ត្រូវ​បញ្ជូន​សាច់ញាតិ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ឬ​មន្ទីរពេទ្យ​នៅ​ក្រុង​ភ្នំពេញ៖ «សព្វថ្ងៃ​នេះ​ចង់​បាន​ស្ពាន ស្រួល​យើង​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក​ក៏​យើង​ស្រួល ហើយ​អ្នក​ដំណើរ​មក​ពី​ឆ្ងាយ​ចង់​ប្រញាប់ ក៏​គ្នា​ទាន់​ពេល​វេលា ឧបមា​ថា កូន​ក្មួយ ឬ​មួយ​ក៏​កូន​បង្កើត​ឈឺ​កន្លែង​ណា​មួយ យើង​បាន​ទៅ​ទាន់​កាណូត ជួន​កាល​ផុត​ម៉ោង​គ្នា​ទៅ​អត់​ទាន់​ទេ បាន​ស្ពាន​ហ្នឹង​អរ​ណាស់»

ចំណែក​អ្នក​ស្រុក​មួយ​ចំនួន​ទៀត បាន​សម្ដែង​ការ​លំបាក​ខុសៗ​គ្នា​ថា ចំពោះ​ពលរដ្ឋ​ក្រីក្រ​ក្រៅ​ពី​ការ​លំបាក​ធ្វើ​ដំណើរ​នៅ​ពេល​យប់ ឬ​ខុស​ម៉ោង​កាណូត​ដ​របស់​រដ្ឋ​ចេញ​ដំណើរ​នោះ គឺ​ត្រូវ​ស្វែងរក​ការ​ព្យាបាល​ពី​គ្រូពេទ្យ​មណ្ឌល​សុខភាព ឬ​គ្រូ​ខ្មែរ​ក្នុង​ស្រុក​ឲ្យ​អស់​លទ្ធភាព​ជា​មុន ទើប​ត្រូវ​បញ្ជូន​មក​ទី​រួម​ខេត្ត​កំពង់ឆ្នាំង ឬ​រាជធានី​ភ្នំពេញ ដើម្បី​ព្យាបាល​ឲ្យ​ស្រប​ពេល នៃ​ការ​ចេញ​ដំណើរ​កាណូត​ដ​របស់​រដ្ឋ​ដែល​មាន​តែ​នៅ​ពេល​ថ្ងៃ​នោះ៖ «អ្នក​ទូក​ហ្នឹង​ក៏​គេ​ឃើញ​យើង​ពិបាក​អ៊ីចឹង​ទៅ ក៏​គេ​មក​ម៉ៅ​កាណូត​គេ​ជិះ ធ្លាប់​ដូច​ថា​មួយ​ជើង​ហ្នឹង​គេ​ធ្លាប់​យក​ប៉ុន្មាន យើង​ម៉ៅ​ប៉ុណ្ណឹង​ទៅ។ ប្រពន្ធ​ខ្ញុំ​ចូល​ពេទ្យ​មណ្ឌល គឺ​ថា​វា​យឺត​អា​មើល​ហ្នឹង​ខ្ញុំ​ច្រើន​មក​ពេទ្យ​ឯកជន និង​ពេទ្យ​ខេត្ត​នេះ​ឯង ព្រោះ​ខ្ញុំ​ចង់​ប្រញាប់​រោគា​របស់​ប្រពន្ធ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​នេះ​ឯង​បាទ។ ពេល​យប់​ខ្ញុំ​មិន​អាច​មក​បាន ព្រោះ​ខ្ញុំ​ខ្វះ​លុយ បើ​មក​ថ្ងៃ​អាច​មក​បាន។ ហើយ​ចុះ​បើ​ឈឺ​ស្កាត់​បន្ទាន់​ធ្វើ​ម៉េច? បើ​បន្ទាន់​ខ្ញុំ​ទៅ​មណ្ឌល​ឲ្យ​ជួយ​ពន្យារ​អា​រោគា ហើយ​ស្អែក​ឡើង​បាន​ខ្ញុំ​ធ្វើ​ដំណើរ​បន្ត​មក​ពេទ្យ»

អ្នក​លក់​សំបុត្រ​ទូកដ​ពី​កំពង់ឆ្នាំង ទៅ​កំពង់លែង ដែល​ដេញ​ថ្លៃ​ពី​រដ្ឋ អ្នកស្រី ហ៊ុយ កុលាប ថ្លែង​បញ្ជាក់​ថា ក្នុង​១​ថ្ងៃ​កាណូត​ដ​ចេញ​ដំណើរ​ចំនួន ១០​ជើង ហើយ​ក្នុង​មួយ​ជើង​មាន​មនុស្ស​ជិះ​តិច​បំផុត​ប្រហែល ២០​នាក់ និង​ច្រើន​បំផុត​ជាង ១០០​នាក់ ដោយ​មិន​គិត​ពី​សម្ភារៈ​ផ្សេងៗ​នៅ​លើ​នោះ​ឡើយ។ អ្នកស្រី​បន្ត​ថា ចំនួន​ជើង​ដែល​បាន​ចេញ​សព្វថ្ងៃ​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​ចំនួន​អ្នក​ធ្វើ​ដំណើរ​ភាគ​ច្រើន ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ត្រូវ​ផ្អាក​ត្រឹម​ម៉ោង ៤​រសៀល បន្ទាប់​ពី​ការ​ចាប់​ផ្ដើម​ចេញ​ដំណើរ​ចុះ​ឡើង​ពី​ម៉ោង ៨​កន្លះ​ព្រឹក​មក៖ «និយាយ​ទៅ​អត់​កំណត់​ដែរ ជួន​កាល​មាន​ច្រើន ជួន​កាល​មាន​តិច អត់​កំណត់​លើ​ខែ​ប្រាំង ឬ​ខែ​វស្សា​ទេ ខែ​ណា​ក៏​មាន​មនុស្ស​ជិះ។ និយាយ​ទៅ ទូទៅ​ខាង​នេះ​ក៏​មាន​ទៅ ខាង​ណោះ​ក៏​មាន​មក គាត់​អ្នក​រក​ស៊ី​អ្នក​លក់​អីវ៉ាន់​ចាប់​ហួយ​អ៊ីចឹង​ណា! ប៉ុន្តែ​សម្រាប់​ការ​ផ្គត់ផ្គង់ នៃ​ការ​ដឹក​ហ្នឹង មាន​អត់​ទាន់​អ្នក​ជិះ​ទេ? មាន​សុំ​ទោស​គាត់​ឲ្យ​គាត់​ចាំ​មួយ​ភ្លែត​ទៅ យើង​មាន​កាណូត​គេ​មក​យក​ផ្សេង​ទៀត។ ចុះ​បើ​ផុត​ពី​ម៉ោង​១០ ជើង​ហ្នឹង​អាច​ធ្វើ​ម៉េច​បាន? ចា៎! អា​ហ្នឹង​អស់​ម៉ោង​ហើយ មាន​តែ​កាណូត​តូច​ផ្សេង​សម្រាប់​គាត់​ម៉ៅ​គេ​អ៊ីចឹង​ទៅ»

ម្ចាស់​ទូកដ​ឯកជន​ដែល​ធ្វើ​អាជីវកម្ម​ដឹក​កសិផល និង​មនុស្ស​ទៅ​មក​កំពង់លែង និង​ក្រុង​កំពង់ឆ្នាំង ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ការ​ធ្វើ​ដំណើរ​របស់​ព្រះសង្ឃ ជន​ពិការ និង​និស្សិត គឺ​អាជ្ញាធរ​មិន​តម្រូវ​ឲ្យ​យក​ប្រាក់​នោះ​ទេ ប៉ុន្តែ​កាណូត​ដ​របស់​អ្នក​ម៉ៅការ​ពី​រដ្ឋ គឺ​លើក​លែង​តែ​ព្រះសង្ឃ​ប៉ុណ្ណោះ។

ការ​ធ្វើ​ដំណើរ​តាម​កាណូត​ដ គឺ​មនុស្ស​ម្នាក់​តម្លៃ ១.០០០​រៀល ម៉ូតូ​១​គ្រឿង ២.០០០​រៀល និង​ឡាន​តូច​១​គ្រឿង​តម្លៃ ២០​ដុល្លារ ហើយ​ត្រូវ​ចំណាយ​រយៈពេល​ប្រហែល​កន្លះ​ម៉ោង ដោយ​ជិះ​កាត់​ព្រែក និង​ទន្លេ​ចំនួន​បី​សង្កាត់ មុន​នឹង​ចូល​ដល់​កំពង់ដ​កំពង់បឹង នៃ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ឆ្នាំង ជាពិសេស​អ្នក​ស្រុក​ជលគីរី ឬ​ស្រុក​កំពង់លែង ដែល​ធ្វើ​ដំណើរ​កាត់​ទឹក​ទន្លេ​ស្ទើរ​រាល់​ថ្ងៃ​នោះ គឺ​ពុំ​មាន​អារម្មណ៍​ព្រឺ​ខ្លាច​អ្វី​ឡើយ តែ​បែរ​សម្ដែង​អារម្មណ៍​រីករាយ​ទៅ​វិញ នៅ​ពេល​ធ្វើ​ដំណើរ​តាម​កាណូត​ដ ឬ​ទូក​ម៉ាស៊ីន​ចេញ​ចូល​ក្នុង​ស្រុក​របស់​ខ្លួន​នោះ។

ប្រជា​នេសាទ​ម្នាក់​រស់នៅ​ស្រុក​រលាប្អៀរ លោក កែវ ផាន មាន​ប្រសាសន៍​ថា គ្រួសារ​លោក​មាន​មុខ​របរ​នេសាទ ហើយ​ស្ទើរ​រៀង​រាល់​ថ្ងៃ លោក​ធ្វើ​ដំណើរ​ទៅ​នេសាទ​នៅ​ក្បែរ​ជើង​ភ្នំ​នាង​កង្រី តាម​កាណូត​ដ​កំពង់បឹង នេះ មិន​ដែល​មាន​អារម្មណ៍​តក់ស្លុត​អ្វី​ឡើយ។ ម្យ៉ាង ប្រសិន​បើ​មាន​បញ្ហា លោក​អាច​ហែល​ទឹក​បាន ប៉ុន្តែ​សម្រាប់​អ្នក​មក​ពី​ចម្ងាយ ឬ​អ្នក​មិន​ចេះ​ហែល​ទឹក លោក​មិន​ប្រាកដ​ឡើយ៖ «ខ្ញុំ​ទៅ​ដល់​កន្លែង​កំពង់បឹង ត្រង់​កន្លែង​ដ​ផែ​ហ្នឹង ខ្ញុំ​ចុះ​ត្រង់​ហ្នឹង​ដើរ​តាម​ខ្នង​កោះ​ទៅ។ មាន​អារម្មណ៍​ថា​វា​ស្រួល​អត់​ភ័យ​ខ្លាច​អី​ទេ បើ​ពី​ដើម​ខ្លាច​ដ​តូចៗ ឃើញ​រលក​អី​មក​ខ្លាច។ ដល់​ឥឡូវ​វា​មាន​សុវត្ថិភាព ស្រួល​ហើយ​សម័យ​ជឿនលឿន ពី​ដំបូង​អត់​ទេ គេ​ប្រើ​តែ​ទូក​តូច​ហ្នឹង​ក្មួយ ដល់​ឥឡូវ​ប្រើ​ទូក​ធំៗ​អ៊ីចឹង​មិន​សូវ​គិត​ព្រួយ​អី​ទេ»

នាយ​ផ្នែក​រដ្ឋបាល​បូក​សរុប​របាយការណ៍ នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​ទឹក​ខេត្ត​កំពង់ឆ្នាំង លោក ឡេង សុខ មាន​ប្រសាសន៍​ថា ការ​ធ្វើ​ដំណើរ​របស់​កាណូត​ដ​ធំៗ មិន​ដែល​មាន​ករណី​លិច ឬ​ហេតុការណ៍​ផ្សេងៗ​កើត​ឡើង​ឡើយ តែ​ចំពោះ​ទូក​ម៉ាស៊ីន​តូចៗ​ទេ ដែល​មាន​គ្រោះ​ថ្នាក់​ញឹកញាប់​នៅ​ពេល​យប់​អត់​ភ្លើង​បំភ្លឺ និង​បើក​ក្នុង​ល្បឿន​លឿន។ លោក​ថា ក្នុង​ករណី​ក្រឡាប់ ឬ​លិច​កាណូត​ដ​កើត​ឡើង ខាង​សមត្ថកិច្ច​មាន​ទូក​ប្រចាំ​ការ​ចំនួន ២​គ្រឿង និង​កម្លាំង​សមត្ថកិច្ច​ត្រៀម​បម្រុង​សហការ​លើ​ការងារ​នេះ​ដែរ ប្រសិន​បើ​ហេតុការណ៍​កើត​ឡើង​ភ្លាមៗ៖ «កម្លាំង​ខ្ញុំ​ទាំងអស់ ១៣​នាក់​មួយ​ការិយាល័យ ប៉ុន្តែ​គ្រាន់​ថា បើ​សិន​យើង​មាន​សភាពការណ៍​អា​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល ហើយ​និង​កម្លាំង​ជំនាញ​ផ្សេងៗ​ទៀត។ ពេល​ជួយ​សង្គ្រោះ ទី​១ គឺ​មធ្យោបាយ​របស់​យើង គឺ​យើង​មាន​ពីរ ហើយ​យើង​អាច​ទាក់ទង​កម្លាំង​ជំនាញ​ផ្សេងៗ​ទៀត​ដែល​នៅ​តាម​ដង​ទន្លេ ដូចជា​ប៉េអិម​ជលផល ដែល​គាត់​នៅ​នឹង​ផែ​នេះ យើង​យក​កាណូត​ហ្នឹង​ទៅ​ជួយ​សង្គ្រោះ។ សព្វថ្ងៃ យើង​បាន​ទៅ​ណែនាំ​ម្ចាស់​ជលយាន ឬ​ម្ចាស់​ដ​ហ្នឹង​ឲ្យ​មាន​ពោង​ការពារ​សុវត្ថិភាព​ដល់​អ្នក​ដំណើរ អា​ហ្នឹង​យើង​បាន​ធ្វើ​ការ​ណែនាំ​ជា​ប្រចាំ»

ប្រជាពលរដ្ឋ​ជាច្រើន ចង់​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ ស្ថាបនា​ស្ពាន​សម្រាប់​ឆ្លង​កាត់​ស្រុក​ណា​ដែល​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ។ ទាក់ទង​បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​ធ្លាប់​បង្ហើប​ថា នៅ​ដើម​ឆ្នាំ​២០១៥ ខាង​មុខ រដ្ឋាភិបាល​មាន​គម្រោង​សង់​ស្ពាន​មួយ​ខ្សែ​ពី​ខេត្ត​កំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ធំ ដែល​អ្នក​ស្រុក​កំពង់លែង អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​នេះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។