អ្នក​ជំនាញ៖ កម្ពុជា​ពុំ​ទាន់​មាន​សមត្ថភាព​ដាក់​ដេញ​ថ្លៃ​នាំ​ចេញ​អង្ករ​លើ​ផ្សារ​អន្តរជាតិ

ដោយ អាន ស៊ីថាវ
2014.09.19
អង្ករ ៦១០ ផលិត​ផល​សម្រេច​អង្ករ​ផ្កា​ម្លិះ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ការ​ងារ​ដែល​រៀបចំ​ដោយ​​សភា​ពាណិជ្ជកម្ម​អឺរ៉ុបនៅ​កម្ពុជា នៅ​កោះពេជ្រ នា​ថ្ងៃ​ទី ២២ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA/Oung Sereyvuth

អ្នក​ជំនាញ​លើ​វិស័យ​នាំ​ចេញ​អង្ករ​កម្ពុជា បាន​អះអាង​ថា ប្រទេស​កម្ពុជា ពុំ​ទាន់​មាន​សមត្ថភាព​ដាក់​ដេញ​ថ្លៃ​នាំ​ចេញ​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ឡើយ ដោយសារ​តែ​ខ្វះ​បច្ចេកទេស​ផលិត និង​ផលិត​ភាព​ផលិតកម្ម​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក៏​នៅ​មាន​កម្រិត​ទាប។

ម្យ៉ាង​វិញ​ទៀត ការ​ជួយ​ជ្រោមជ្រែង​របស់​រដ្ឋាភិបាល ហាក់​នៅ​មាន​កម្រិត​តិចតួច បន្ទាប់​ពី​ដាក់​ចេញ​នូវ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​រួច​ហើយ ប្រែ​ជា​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តិចតួច។

អង្ករ​កម្ពុជា ក៏​ធ្លាប់​ជាប់​ឈ្មោះ​ជា​អង្ករ​មាន​គុណភាព​ខ្ពស់​នៅ​លើ​ពិភពលោក តែ​អង្ករ​កម្ពុជា ក៏​ធ្លាប់​បរាជ័យ​លើ​ការ​ដាក់​ដេញ​ថ្លៃ​លក់​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ដែរ។ បច្ចុប្បន្ន ការ​បរាជ័យ​លើ​ការ​ដាក់​ដេញ​ថ្លៃ​អង្ករ​នៅ​ប្រទេស​ហ្វីលីពីន (Philippine) ជា​ឧទាហរណ៍​បញ្ជាក់​ថា ផលិតកម្ម​កែច្នៃ​អង្ករ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​កម្ពុជា ហាក់​នៅ​មាន​កម្រិត​តិចតួច បើ​ធៀប​នឹង​ប្រទេស​នាំ​ចេញ​អង្ករ​ជិត​ខាង​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ស្បៀង​អាហារ​ជាតិ (NFA) របស់​ប្រទេស​ហ្វីលីពីន បាន​បង្ហាញ​ថា ការ​ដាក់​ដេញ​ថ្លៃ​អង្ករ​របស់​ខ្លួន​ចំនួន ៥០​ម៉ឺន​តោន គឺ​ត្រូវ​បាន​ប្រគល់​ទៅ​ប្រទេស​វៀតណាម និង​ថៃ ជា​អ្នក​ផ្គត់ផ្គង់​អង្ករ​ឲ្យ​ប្រទេស​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១៤ នេះ។ ចំណែក​ប្រទេស​កម្ពុជា វិញ បាន​បរាជ័យ​ជា​លើក​ទី​ពីរ​ចំពោះ​ការ​ដាក់​ដេញ​ថ្លៃ​នាំ​ចេញ​ទៅ​ប្រទេស​ហ្វីលីពីន នោះ។ ការ​ដាក់​ដេញ​ថ្លៃ​នោះ គឺ​ឆ្លង​កាត់​តាម​រយៈ​ក្របខ័ណ្ឌ​រដ្ឋាភិបាល និង​រដ្ឋាភិបាល សម្រាប់​ប្រទេស​បី គឺ​មាន​ប្រទេស​ថៃ កម្ពុជា និង​ប្រទេស​វៀតណាម។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ប្រទេស​ហ្វីលីពីន ដោយ​ទិញ​អង្ករ ៣០​ម៉ឺន​តោន​ពី​ប្រទេស​វៀតណាម តម្លៃ ៤៥៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន និង​ពី​ប្រទេស​ថៃ ចំនួន ២០​ម៉ឺន​តោន តម្លៃ ៤៧៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន ដោយសារ​តែ​ប្រទេស​ទាំង​នោះ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​កិន​អង្ករ​ផ្គត់ផ្គង់​ទៅ​តាម​ពេល​វេលា​មួយ​ជាក់លាក់​បាន។ តាម​គម្រោង ប្រទេស​ទាំង​ពីរ​នេះ នឹង​ផ្គត់ផ្គង់​ឲ្យ​បាន​នៅ​ចន្លោះ​ថ្ងៃ​ទី​១៥ ខែ​តុលា ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៤។

ដោយ​ឡែក​អ្នក​ជំនាញ​អង្ករ​កម្ពុជា បាន​អះអាង​ថា ការ​បរាជ័យ​លើ​ការ​ដេញ​ថ្លៃ​អង្ករ​នៅ​ប្រទេស​ហ្វីលីពីន នេះ ដោយសារ​តែ​កម្ពុជា មិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​បាន​គ្រប់គ្រាន់ ដែល​កំណត់​ដោយ​ប្រទេស​ហ្វីលីពីន។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ប៊ូស រិច្ឆ (Boost Riche Cambodia) លោក វ៉ាន ដាវីដ មាន​ប្រសាសន៍​ថា បើ​ពិនិត្យ​មើល​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​ប្រទេស​ហ្វីលីពីន មាន​តែ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំ​បំផុត​ប៉ុណ្ណោះ ដែល​អាច​នាំ​ចេញ​បាន ក្នុង​នោះ​រួម​មាន​បច្ចេកទេស​ដឹក​ជញ្ជូន​ទ្រង់ទ្រាយ​ធំ ការ​ផលិត និង​ការ​ផ្គត់ផ្គង់​ទៅ​តាម​ពេល​វេលា​មួយ​ដែល​បាន​ព្រមព្រៀង​គ្នា ជាដើម។ ដោយ​ឡែក​ការ​នាំ​ចេញ​អង្ករ កម្ពុជា ដែល​សម្រេច​បាន​ជាង ៣០​ម៉ឺន​តោន កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ ដោយសារ​តែ​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប តាម​រយៈ​ការ​អនុគ្រោះ​ពន្ធ​គយ។

លោក ដាវីដ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា វិស័យ​នាំ​ចេញ​អង្ករ​កម្ពុជា ទើប​តែ​នឹង​រៀន​ចាប់​ផ្ដើម​ការ​នាំ​ចេញ។ ម្យ៉ាង​វិញ​ទៀត សង្វាក់​ផលិតកម្ម​ទុន​ប្រមូល​ទិញ​ស្រូវ និង​ចំនួន​ស្រូវ ដែល​អាច​ប្រមូល​បាន ដើម្បី​កែច្នៃ​នាំ​ចេញ​ក៏​នៅ​មាន​កម្រិត ជាពិសេស​រង​សម្ពាធ​ពី​ប្រទេស​វៀតណាម និង​ថៃ ដែល​ក្រឡុក​ថ្លៃ​តាម​តែ​អំពើ​ចិត្ត នៅ​ពេល​រដូវ​ច្រូត​កាត់​ម្ដងៗ៖ «សំឡេង»។

លោក ដាវីដ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ជួយ​ជ្រោមជ្រែង​តិចតួច​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​វិស័យ​កែច្នៃ និង​នាំ​ចេញ​អង្ករ​អន់​ខ្សោយ។ ភាព​អន់​ខ្សោយ​នេះ ជះ​ឥទ្ធិ​បន្ត​ដល់​ជីវភាព​កសិករ និង​បាត់​បង់​តម្លៃ​បន្ថែម​ចូលរួម​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​រៀង​រាល់​ឆ្នាំ។

បន្ថែម​លើ​នេះ ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ខ្មែរ​ហ្វូត (Khmer Foods) លោក​ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​ថា សម្រាប់​វិស័យ​នាំ​ចេញ​អង្ករ​កម្ពុជា អាច​ធ្វើ​ទៅ​បាន​ត្រឹម​តែ​ទទួល​កិច្ច​ព្រមព្រៀង​ត្រង់​បរិមាណ ២ ឬ ៣​ម៉ឺន​តោន​ប៉ុណ្ណោះ ជាពិសេស​ការ​រក​កិច្ច​ព្រមព្រៀង​ប្រទេស និង​ប្រទេស ដែល​មិន​ឆ្លង​កាត់​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ។ លោក​បញ្ជាក់​ទៀត​ថា ការ​ចូលរួម​របស់​កម្ពុជា ក្នុង​ការ​ដាក់​ដេញ​ថ្លៃ​អង្ករ​នៅ​ប្រទេស​ហ្វីលីពីន គ្រាន់​ជា​ការ​បង្ហាញ​ទៅ​សាធារណៈ​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​នាំ​ចេញ​អង្ករ​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត លោក​បញ្ជាក់​ថា លុយ​វិនិយោគ​សម្រាប់​វិស័យ​នាំ​ចេញ​អង្ករ អាច​មាន​គ្រប់គ្រាន់ តែ​សមត្ថភាព​ផលិត​កែច្នៃ​នាំ​ចេញ​របស់​កម្ពុជា មាន​កម្រិត​ទាប​នៅ​ឡើយ៖ «សំឡេង»។

លោក​ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ​អង្ករ​កម្ពុជា កាន់​តែ​មាន​ផលិត​ភាព​ខ្ពស់​នា​ពេល​អនាគត​នោះ គឺ​ការ​លើក​ស្ទួយ​វិស័យ​ដឹក​ជញ្ជូន និង​ការ​លើក​ដាក់​ទំនិញ​នាំ​ចេញ ការ​បន្សុទ្ធ​ពូជ និង​ការ​ហិរញ្ញប្បទាន​ត្រង់​អត្រា​ការ​ប្រាក់​ទាប ជាដើម។

តាម​ការ​ប៉ាន់ស្មាន​ដោយ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​កម្ពុជា បាន​បង្ហាញ​ថា ភាព​ជោគជ័យ​ទទួល​បាន​នូវ​ការ​ដេញ​ថ្លៃ​អង្ករ ២០​ម៉ឺន​តោន​ពី​ប្រទេស​ហ្វីលីពីន លុះត្រា​តែ​កម្ពុជា មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទំនើប​ចំនួន ២០​គ្រឿង សមាមាត្រ​នឹង​ទឹក​ប្រាក់​វិនិយោគ ១០០​លាន​ដុល្លារ​អាមេរិក និង​ទុន​ប្រមូល​ទិញ​ស្រូវ​ប្រមាណ ១​ពាន់​លាន​ដុល្លារ​អាមេរិក។

ដោយ​ឡែក​រដ្ឋាភិបាល​កម្ពុជា វិញ តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ វិញ មាន​ប្រាក់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ប្រទេស​កម្ពុជា ប្រមាណ ៥០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ បញ្ហា​ទាំងអស់ អ្នក​វិភាគ​លើ​វិស័យ​នាំ​ចេញ​អង្ករ​បាន​បង្ហាញ​ថា ការ​ចូលរួម​ដេញ​ថ្លៃ​លើ​ការ​ផ្គត់ផ្គង់​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ គឺ​ជា​រឿង​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។