បុរសអ្នកកាសែតជាតិកាណាដា ម្នាក់ឈ្មោះ ដេវីឌ វ៉កឃើ (David Walker) ហៅ ដេវ បានបាត់ខ្លួនក្នុងខេត្តសៀមរាប នៃតំបន់ទេសចរណ៍ល្បីល្បាញរបស់កម្ពុជា តាំងតែពីពាក់កណ្ដាលខែកុម្ភៈ រហូតមកដល់ពេលនេះ គឺជិត ៣ខែមកហើយ។ កាលពីពីរថ្ងៃមុន ប៉ូលិសខេត្តសៀមរាប រកឃើញសាកសពជនបរទេសម្នាក់ដែលស្លាប់ រលួយអស់ទៅហើយនៅក្នុងព្រៃចម្ងាយប្រមាណ ២៥០ម៉ែត្រភាគខាងត្បូងឆៀងខាងកើតពីខ្លោងទ្វារជ័យនៃតំបន់ប្រាសាទអង្គរធំ។
តើសាកសពនោះពិតជាបុរសអ្នកកាសែតកាណាដា ឈ្មោះ ដេវីឌ វ៉កឃើ ដែលកំពុងបាត់ខ្លួន ឬក៏យ៉ាងណា?
ក្រុមសមត្ថកិច្ច អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល និងជនជាតិខ្មែរមួយចំនួនទៀត ដែលជាមិត្តភក្ដិស្និទ្ធស្នាលបានជឿថា អ្នកកាសែតជាតិកាណាដា ឈ្មោះ ដេវីឌ វ៉កឃើ ហៅ ដេវ ដែលបាត់ខ្លួនជាច្រើនខែនោះ គឺបានស្លាប់ហើយ។ ការចាត់ទុកលោក ដេវ ថាបានស្លាប់ ព្រមទាំងសម្ដែងទឹកមុខក្រៀមក្រំ សោកស្ដាយ គឺនៅពេលដែលគេប្រទះឃើញសាកសពជនបរទេសម្នាក់ស្លាប់នៅក្នុងព្រៃនៃតំបន់អង្គរធំ កាលពីថ្ងៃទី៣០ ខែមេសា។
ជនជាតិខ្មែរខ្លះដែលជាមិត្តភក្ដិស្និទ្ធស្នាលជាមួយ លោក ដេវីឌ វ៉កឃើ បាននាំគ្នាទៅពិនិត្យមើលសាកសពនោះ ហើយបើទោះបីជាសាកសពរលួយសាច់អស់មើលលែងស្គាល់ជាអ្នកណាទៅហើយក្ដី ក៏គេសន្និដ្ឋានថា វាអាចជាសាកសព លោក ដេវីឌ ដែលបាត់ខ្លួនជាយូរមកហើយនោះដែរ។
មិត្តភក្ដិដែលធ្លាប់រួមសុខទុក្ខ និងធ្វើការងារជាមួយគ្នាជាង ២០ឆ្នាំ គឺលោក សាន់ នី។ គាត់អះអាងថា សាកសពជនបរទេសម្នាក់ដែលគេរកឃើញនៅក្នុងព្រៃនៃតំបន់អង្គរធំនោះ គឺលោកផ្ដោតការសង្ស័យភាគច្រើនថា ជា លោក ដេវីឌ វ៉កឃើ ដោយសារតែលោកនៅចំណាំសម្ភារៈប្រើប្រាស់មួយចំនួននៅជាប់នឹងសាកសព៖ «ស្បែកជើង បើតាមខ្ញុំចំណាំ គាត់មានតែ ២គូទេ។ ស្បែកជើងខ្មៅវាយសារាហ្នឹង គឺសម្រាប់គាត់ពាក់ទៅជួបភ្ញៀវសំខាន់ ហើយឯស្បែកជើងស្ព័រនេះ គឺគាត់ពាក់រាល់ថ្ងៃ។ បើខោវិញ គាត់មិនសូវជាមានខោអាវអីតុបតែងខ្លួនហ៊ឺហាអីទេ ខោអាវគាត់ គឺស្លៀកដដែលៗ។ ខ្ញុំអាចស្គាល់បញ្ជាក់ថា ស្បែកជើង និងខោ ខ្ញុំស្គាល់ ក្រៅពីហ្នឹងទៀត ខ្ញុំមើលអត់ស្គាល់ទេ»។
ស្របនឹងការអះអាងនេះ ស្ត្រីម្នាក់ផ្សេងទៀតជាអ្នកធ្វើការនៅផ្ទះសំណាក់យីហោ គ្រីន វិលេក អង្គរ (Green Village Angkor) ហើយក៏ជាអ្នកឧស្សាហ៍ចេញចូលទៅរៀបចំបន្ទប់ស្នាក់នៅរបស់ លោក ដេវីឌ វ៉កឃើ ដែរ។ គាត់បានទៅពិនិត្យមើលសាកសពជនបរទេសនៅក្នុងព្រៃអង្គរនោះ ហើយក៏អះអាងថា មុនពេល លោក ដេវីឌ វ៉កឃើ ចាកចេញពីបន្ទប់ គឺគាត់ពាក់អាវយឺតពណ៌ផ្ទៃមេឃ និងស្លៀកខោខោវប៊យជើងវែង។ ស្ត្រីដដែលបានប្រាប់សមត្ថកិច្ចថា ក្នុងពេលដែល លោក ដេវីឌ វ៉កឃើ ចេញទៅ គឺគាត់បានឱ្យទឹកសុទ្ធ១ដបតូចម៉ាក ហៃ ហ្វ្រេស (Hi Fresh) ហើយពេលដែលគាត់ទៅពិនិត្យសាកសព គឺលោកបានឃើញដបទឹកសុទ្ធម៉ាកនោះនៅក្បែរអ្នកស្លាប់នៅឡើយ។ ដូច្នេះ គាត់សន្និដ្ឋានថា សាកសព គឺពិតជាលោក ដេវីឌ វ៉កឃើ។
អ្នកកាសែតកាណាដា លោក ដេវីឌ វ៉កឃើ អាយុ ៦០ឆ្នាំ បានបាត់ខ្លួនពីផ្ទះសំណាក់ គ្រីន វិលេក អង្គរ នាខេត្តសៀមរាប តាំងតែពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយមិនដឹងមូលហេតុ។
មន្ត្រីប៉ូលិសខេត្តសៀមរាប ក៏ជឿដូចគ្នាថា សាកសពជនបរទេសដែលគេទើបតែប្រទះឃើញនោះ ភាគច្រើនអាចជាអ្នកកាសែតកាណាដា នោះមែន។
អធិការនគរបាលក្រុងសៀមរាប លោក ទិត្យ ណារ៉ុង បានមានប្រសាសន៍ថា តាមការសាកសួរពីមិត្តភក្ដិជិតស្និទ្ធ និងអ្នកធ្លាប់រៀបចំបន្ទប់ដេករបស់អ្នកកាសែតកាណាដានោះ គឺលោកសន្និដ្ឋានថា សាកសពជនបរទេសដែលទើបតែប្រទះឃើញ អាចជា លោក ដេវីឌ វ៉កឃើ មែន៖ «ជនជាតិកាណាដា នោះពិតប្រាកដមែនហើយ។ ទី១ គឺអ្នកដែលធ្វើការជាមួយគាត់ ២០ឆ្នាំហើយ គាត់បានទៅឃើញសាកសពនោះ គឺចំណាំបានអាវខោ ហើយនិងស្បែកជើង។ ទី២ គឺអ្នកបម្រើនៅក្នុងបន្ទប់គាត់នោះ មុននឹងគាត់ចេញ នាងហុចទឹកសុទ្ធ ហៃ ហ្វ្រេស ដបតូច៤ជ្រុងតូច ហុចទៅឱ្យ ហើយទៅសុទ្ធទឹកអី គឺនៅក្បែរខ្លួនគាត់ទាំងអស់»។
ទោះយ៉ាងណា លោកអធិការបានបញ្ជាក់ថា តាមប៉ូលិសបច្ចេកទេសពិនិត្យសាកសព បានសន្និដ្ឋានថា ការស្លាប់របស់ជនបរទេសរូបនោះមិនពាក់ព័ន្ធនឹងអំពើឃាតកម្មទេ ទំនងជាដេកស្លាប់ដោយខ្លួនឯងនៅក្នុងព្រៃ។
ទាំងក្រុមប៉ូលិស និងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ព្រមទាំងមិត្តភក្ដិផង បានសម្ដែងការក្រៀមក្រំ និងសោកស្ដាយ បើសិនជាសាកសពជនបរទេសម្នាក់នោះ គឺពិតជាអ្នកកាសែតកាណាដា លោក ដេវីឌ វ៉កឃើ មែន។
ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តសៀមរាប លោក ចៅ ម៉ៅវិរៈ បានមានប្រសាសន៍ថា ការិយាល័យរបស់លោកបានប្រឹងប្រែងតាមរក លោក ដេវីឌ វ៉កឃើ នោះយ៉ាងសកម្ម ចាប់តាំងពីគាត់បាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ មក។ លោក ចៅ ម៉ៅវិរៈ បញ្ជាក់ទៀតថា ប្រសិនបើសាកសពជនបរទេសនេះជា លោក ដេវីឌ វ៉កឃើ ហៅ ដេវ មែន គឺលោកមានការសោកស្ដាយយ៉ាងខ្លាំង៖ «ខ្ញុំខំប្រឹងប្រែងប៉ុណ្ណឹងហើយ ដឹងដំណឹងថាអ៊ីចឹង គឺខ្ញុំសោកស្ដាយណាស់ ពីព្រោះខ្ញុំផ្សព្វផ្សាយតាំងពីម៉ូតូឌុប រ៉ឺម៉កម៉ូតូ តាក់ស៊ី មគ្គុទ្ទេសក៍ ហើយតាមក្រុមហ៊ុនទួរ ហើយតាមគ្រប់ប៉ុស្តិ៍ទាំងអស់ ១០០ប៉ុស្តិ៍ ដើម្បីឱ្យគាត់ដឹង រូបថតខ្ញុំផ្ដិតបោះៗឱ្យគេរហូត សហការគ្នាដើម្បីស្វែងរកគាត់»។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ក្នុងខេត្តសៀមរាប ក៏សន្និដ្ឋានថា សាកសពជនបរទេសដែលប្រទះឃើញក្នុងព្រៃអង្គរធំនោះ អាចជា លោក ដេវីឌ វ៉កឃើ ដែរ ក៏ប៉ុន្តែគេមិនទាន់យល់ស្របទៅលើការសន្និដ្ឋានដែលថា មរណភាពរបស់ លោក ដេវីឌ វ៉កឃើ គឺដោយសារតែខ្យល់គរទេ។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តសៀមរាប លោក នូ ពុទ្ធិ បានមានប្រសាសន៍ថា មរណៈរបស់បុរសដែលគេសន្និដ្ឋានថាជា លោក ដេវីឌ វ៉កឃើ នោះនៅមានចំណុចសង្ស័យមួយចំនួន៖ «យើងនៅមានមន្ទិលសង្ស័យត្រង់ដបទឹក ដបអីហ្នឹង លោកនាយប៉ុស្តិ៍នគរបាលដែលនៅប្រចាំការពារនៅកន្លែងសាកសពហ្នឹង ក៏គាត់ថា ដូចជាចម្លែកដែរ នៅពេលដែលដបទឹកប្រែក្លាយទៅជាពណ៌ដូចរមៀត។ ថាទៅ ខ្ញុំមិនបានឃើញទេ ប៉ុន្តែគាត់បានប្រាប់ជាព័ត៌មាន អ៊ីចឹងវាហាក់ដូចជាផ្សេងពីដបទឹកសុទ្ធដែល ដេវីឌ បានកាន់ចេញពីផ្ទះសំណាក់របស់គាត់មក។ ភាពងឿងឆ្ងល់នេះហើយបានទាមទារឱ្យមានអ្នកឯកទេសខាងក្រៅមកធ្វើវិភាគឱ្យបានស៊ីជម្រៅនៃមរណភាពរបស់គាត់»។
ចំណែកអ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ ចំរើន ក៏មិនយល់ស្របទៅលើមរណភាពនោះថា បណ្ដាលមកពីខ្យល់គរដែរ។ លោក ចំរើន បានពន្យល់ថា បើសិនជា លោក ដេវីឌ វ៉កឃើ ចូលទៅក្នុងព្រៃដើម្បីស្រាវជ្រាវឯកសារផ្សេងៗ ហើយខ្យល់គរស្លាប់មែន ហេតុអ្វីបានជានៅនឹងខ្លួនសាកសពមិនឃើញមានកាមេរ៉ាថត ពីព្រោះគាត់ជាអ្នកកាសែត មិនដែលចោលសម្ភារៈទាំងនោះទេ។ ចំណុចមួយផ្សេងទៀត គឺលោករកឃើញថា មុនពេល លោក ដេវីឌ វ៉កឃើ ចាកចេញពីផ្ទះសំណាក់ គឺគាត់បានប្រាប់អ្នកធ្វើការនៅផ្ទះសំណាក់ថា ទៅតែមួយភ្លែតទេ ដោយទុកចោលទូរស័ព្ទដៃ កុំព្យូទ័រ (Laptop) នៅក្នុងបន្ទប់ផ្ទះសំណាក់ផង ក៏ប៉ុន្តែហេតុអ្វីបានជាគាត់ទៅស្លាប់នៅក្នុងព្រៃអង្គរធំទៅវិញ៖ «ខ្ញុំសំណូមពរទៅដល់សមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការស៊ើបអង្កេតឡើងវិញឱ្យបានហ្មត់ចត់ ព្រោះតាមយើងឃើញមុនដំបូង គឺសមត្ថកិច្ចធ្វើការសន្និដ្ឋានលឿនពេក ពីព្រោះយើងផ្អែកតាមប្រវត្តិរូបជនរងគ្រោះ គាត់ជាមនុស្សជួយសង្គ្រោះខ្មែរយើងច្រើន តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះ យើងគួរតែផ្ដល់កិត្តិយស និងយុត្តិធម៌ដល់រូបគាត់»។
ការស្រាវជ្រាវជុំវិញរឿងបាត់ខ្លួនអ្នកកាសែតកាណាដា លោក ដេវីឌ វ៉កឃើ ជំហានដំបូងបានឲ្យដឹងថា នៅថ្ងៃបាត់ខ្លួននោះ គឺមានអណិកជនខ្មែរកាណាដា ២នាក់ បានអញ្ជើញលោកទៅពិសារអាហារ ហើយចាប់ពីពេលនោះមក គឺបាត់ខ្លួនរហូត។
ស្ថានកុងស៊ុលកាណាដា ប្រចាំទីក្រុងបាងកក ប្រទេសថៃ នៅមានការមន្ទិលសង្ស័យចំពោះការស្លាប់របស់អ្នកកាសែតម្នាក់នោះនៅឡើយ ដោយគេកំពុងរកអ្នកជំនាញបរទេសមកពិនិត្យមើលសាកសពនៅពេលឆាប់ៗ។
លោក ដេវីឌ វ៉កឃើ បានមកស្នាក់នៅខេត្តសៀមរាប ចុងក្រោយរយៈពេល១ឆ្នាំហើយ។ បុរសអ្នកកាសែតម្នាក់នេះ ធ្លាប់បានធ្វើការងារមនុស្សធម៌ជួយជនភៀសខ្លួនខ្មែរនៅជំរំតាមបណ្ដោយព្រំដែនខ្មែរថៃ ចាប់តាំងពីអំឡុងទសវត្សទី៨០ ហើយធ្លាប់បានជួយក្មេងស្រីខ្មែរម្នាក់ដែលបែកពីឪពុកម្ដាយក្នុងសម័យខ្មែរក្រហម ឱ្យបានជួបជុំគ្នាវិញនៅឯប្រទេសកាណាដា ទៀតផង។ លោក ដេវីឌ វ៉កឃើ ស្គាល់ខេត្តសៀមរាប នៃប្រទេសខ្មែរលើកដំបូង ដោយជិះលើឡានដឹកស្រូវ១គ្រឿងក្នុងឆ្នាំ១៩៩០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
