តើ​ភាព​រីក​ចម្រើន​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពិត​ជា​ជួយ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ឬ​យ៉ាង​ណា?

0:00 / 0:00

ភាព​រីក​ចម្រើន​នៃ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា បាន​ជួយ​គាំទ្រ​ដល់​សកម្មភាព​ជាច្រើន​តាម​រយៈ​ការ​ផ្ដល់​ហិរញ្ញប្បទាន ដល់​វិស័យ​ដែល​ជំរុញ​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា ដូចជា ពាណិជ្ជកម្ម សហគ្រាស​ខ្នាត​តូច និង​មធ្យម ការ​នាំ​ចេញ​អង្ករ និង​ប្រជា​កសិករ។

តើ​ភាព​រីក​ចម្រើន​នៃ​គ្រឹះស្ថាន​ទាំង​នោះ ពិត​ជា​បាន​ជួយ​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា ឬ​យ៉ាង​ណា?

វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា មាន​ការ​អភិវឌ្ឍ​ថ្មីៗ​ជាច្រើន ដែល​អ្នក​វិនិយោគ​បរទេស​បាន​ចូល​មក​បណ្ដាក់​ទុន បង្កើត​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ។ កត្តា​សំខាន់​ពីរ​ដែល​ទាក់ទាញ​អ្នក​វិនិយោគ​មក​រក​ស៊ី​លើ​វិស័យ​ហិរញ្ញវត្ថុ​នោះ គឺ​ទី​មួយ កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​ដែល​សម្រេច​បាន ៧% ក្នុង​មួយ​ឆ្នាំ និង​ទី​ពីរ ការ​ជួយ​ជ្រោមជ្រែង​របស់​រាជ​រដ្ឋាភិបាល លើ​ការ​ធ្វើ​ប្រសើរ​ឡើង​បរិយាកាស​វិនិយោគ។

ក្រៅ​ពី​នេះ ធនាគារ​ពិភពលោក ក៏​បាន​គូស​បញ្ជាក់​ថា កម្ពុជា ជា​ប្រទេស​ដែល​មាន​ការ​កែលំអ​ខ្លាំង​ជាង​គេ​នៅ​លើ​ពិភពលោក ក្នុង​ការ​ពង្រីក​សេវាកម្ម​ឥណទាន។ ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​របាយការណ៍​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ បាន​បង្ហាញ​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចុះ​បញ្ជី​នៅ​ក្នុង​សមាគម​បាន​កើន​ឡើង​រហូត​ដល់ ៣៨​ស្ថាប័ន ដែល​បាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាង ៥០% ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា សរុប​ជាង ១៤​លាន​នាក់។ ម្យ៉ាង​វិញ​ទៀត បច្ចុប្បន្ន​ធនាគារ​ជាតិ​កម្ពុជា បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ កើន​រហូត​ដល់ ៤៣​ស្ថាប័ន។

ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ លោក ស៊ឹម សេនាជាតិ មាន​ប្រសាសន៍​ថា ចំនួន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា មាន​ច្រើន​ពិត​ប្រាកដ​មែន ប៉ុន្តែ​ទឹក​ប្រាក់​កម្ចី​របស់​គ្រឹះស្ថាន​ទាំងអស់​នៅ​មាន​កម្រិត​ទាប​ប៉ុណ្ណោះ បើ​ធៀប​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ជាក់ស្ដែង។ លោក​បញ្ជាក់​ទៀត​ថា ការ​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ច្រើន​បែបបទ​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ចំណេញ តាម​រយៈ​ការ​ថយ​ចុះ​ការ​ប្រាក់​ដោយសារ​ការ​ប្រកួត​ប្រជែង។

«សំឡេង»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សាធារណជន​មួយ​ចំនួន​បាន​លើក​ឡើង​ថា ភាព​រីក​ច្រើន​នៃ​ការ​បង្កើត​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ច្រើន អាច​បណ្ដាល​មក​ពី​រូបភាព​នៃ​ការ​ប្រើប្រាស់​លុយ​ខុស​ច្បាប់ ដែល​បាន​មក​ពី​ការ​លក់​គ្រឿងញៀន សព្វាវុធ និង​ល្បែង​ស៊ី​សង។ ប៉ុន្តែ​អ្នក​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នេះ បាន​បដិសេធ​ចំពោះ​ការ​ព្រួយ​បារម្ភ​ទាំង​នោះ។

ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លោក ប៊ុន មុនី មាន​ប្រសាសន៍​ថា ជាក់ស្ដែង​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​ការ​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​វិនិយោគ និង​បង្កើន​ប្រាក់​ចំណូល ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ។ ម្យ៉ាង​វិញ​ទៀត ការ​គ្រប់គ្រង​ហានិភ័យ​ដើម្បី​កសាង​ទំនុក​ចិត្ត​ពី​សាធារណជន​លើ​វិស័យ​ហិរញ្ញវត្ថុ មាន​ភាព​កាន់​តែ​ប្រសើរ​ជាង​មុន។

«សំឡេង»

លោក ប៊ុន មុនី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ផ្លូវ​ការ មាន​អត្រា​ការ​ប្រាក់​ទាប​ជាង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មិន​រៀបរយ ឬ​ការ​ខ្ចី​បុល​ពី​ឈ្មួញ​ដែល​យក​អត្រា​ការ​ប្រាក់​ខ្ពស់​បំផុត។

ទោះ​បី​ជា​មាន​ការ​អះអាង​ថា វិស័យ​ហិរញ្ញវត្ថុ​បាន​ជួយ​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច តាម​រយៈ​ការ​ផ្ដល់​ប្រាក់​កម្ចី ប៉ុន្តែ​អ្នក​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​សំខាន់ៗ ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច បាន​លើក​ឡើង​ផ្ទុយ​ពី​នេះ។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា លោក​ឧកញ៉ា តែ តាំងប៉ មាន​ប្រសាសន៍​ថា ភាព​រីក​ចម្រើន​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពិត​ជា​បាន​ជួយ​គាំទ្រ​ដល់​ការ​ផ្ដល់​ប្រាក់​កម្ចី​កាន់​តែ​ច្រើន ដល់​សហគ្រាស​នានា​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ប៉ុន្តែ​ការ​ជួយ​ជ្រោមជ្រែង​នោះ នៅ​មាន​កម្រិត​នៅ​ឡើយ។ លោក​បន្ថែម​ទៀត​ថា អ្វី​ដែល​ជា​ចម្ងល់​នោះ ហេតុ​អ្វី​ការ​ប្រាក់​នៅ​តែ​ខ្ពស់ នៅ​ពេល​ដែល​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​បង្កើត​ឡើង​កាន់​តែ​ច្រើន។

«សំឡេង»

បន្ថែម​លើ​នេះ អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា ងួន ម៉េងតិច មាន​ប្រសាសន៍​ថា លោក​មិន​អាច​ប៉ាន់​ថា ការ​រីក​ចម្រើន​វិស័យ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន បាន​ជួយ​លើក​កម្ពស់​ពាណិជ្ជកម្ម​នាំ​ចេញ​របស់​កម្ពុជា កម្រិត​ណា​នោះ​ទេ។

ប៉ុន្តែ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​ចំនួន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នេះ ជា​ឱកាស​សម្រាប់​អ្នក​ធ្វើ​ពាណិជ្ជកម្ម​អង្ករ។ ភាគ​ច្រើន​នៃ​អ្នក​រក​ស៊ី​នាំ​ចេញ តែង​ពឹង​ប្រភព​ទុក​ខ្លាំង​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ ប៉ុន្តែ​អត្រា​ការ​ប្រាក់​វិញ នៅ​តែ​ជា​ក្ដី​កង្វល់​របស់​អ្នក​រក​ស៊ី​នាំ​ចេញ​អង្ករ។ លោក​បញ្ជាក់​ទៀត​ថា ចំពោះ​កសិករ​វិញ ក៏​មិន​មាន​ការ​ស្រាវជ្រាវ​ជាក់​លាក់​ណា​មួយ ដែល​បញ្ជាក់​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ជួយ​គាំទ្រ​ដល់​អ្នក​ក្រីក្រ។

«សំឡេង»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់ បាន​បង្ហាញ​ថា ទឹក​ប្រាក់​កម្ចី​សរុប​មាន​តម្លៃ ៧​ពាន់​លាន​ដុល្លារ​អាមេរិក បាន​ផ្ដល់​ទៅ​ប្រជាពលរដ្ឋ​ជិត ២​លាន​គ្រួសារ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា សរុប​ជាង ៣​លាន​គ្រួសារ។

ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​នោះ បាន​អះអាង​ទៀត​ថា ការ​កំណត់​អត្រា​ការ​ប្រាក់​ដោយសារ​តែ​មូលហេតុ​សំខាន់​ពីរ។ ទី​មួយ អាស្រ័យ​លើ​ការ​ប្រាក់​នៃ​ប្រភព​ទុន​វិនិយោគ ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ទាំងអស់​បាន​ខ្ចី​ពី​បរទេស និង​ទី​ពីរ ការ​ដាក់​ប្រាក់​សន្សំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​មាន​កម្រិត​ដោយសារ​ការ​ទុក​ចិត្ត​តិចតួច​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ ម្យ៉ាង​វិញ​ទៀត ធនាគារ​ជាតិ​កម្ពុជា ដែល​ជា​អាជ្ញាធរ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា ក៏​មិន​អាច​កំណត់​អត្រា​ការ​ប្រាក់​បាន​ឡើយ ដោយសារ​តែ​ការ​ចរាចរ​ភាគ​ច្រើន​ជា​ប្រាក់​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។