ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ចោទ​ស្នងការ​នគរបាល​ក្រុង​ថា​មាន​ចេតនា​អាក្រក់

0:00 / 0:00

ក្រុម​ឃាតក​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​នៅ​ឡើយ។ ប៉ុន្តែ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អង្គរក្ស ៤​នាក់​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ ដែល​ជា​ភាគី​ធ្លាប់​មាន​ជម្លោះ​នឹង​គ្នា យក​ទៅ​សួរ​ចម្លើយ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

ស្រប​ពេល​គ្នា​នេះ​ដែរ ម្តាយ​ឪពុក​របស់​លោក កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ បាន​រៀបចំ​សន្និសីទ​កាសែត​មួយ​ដោយ​បញ្ជាក់​ថា កូន​ប្រុស​របស់​ពួក​គាត់​គេច​ខ្លួន​មួយ​រយៈ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព។

ប្ដី​ប្រពន្ធ​ជនជាតិ​វៀតណាម ពីរ​នាក់ ដែល​ជា​ឪពុក​ម្តាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ ចេញ​មុខ​ជា​សាធារណៈ​ចោទ​ប្រកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ថា​មាន​បំណង​អាក្រក់​បំផ្លាញ​កិត្តិយស​ក្រុម​គ្រួសារ​គាត់។

ស្ត្រី​ជា​ម្តាយ​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ គឺ​លោកស្រី កែវ សាវី បញ្ជាក់​ថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​កូន​ប្រុស​របស់​គាត់​យក​ទៅ​សួរ​នាំ និង​ចាប់​ខ្លួន​អង្គរក្ស​កូន​ប្រុស​គាត់ ដោយ​មិន​មាន​ដីកា​បង្គាប់​ពី​តុលាការ​ឡើយ។ លោកស្រី​បញ្ជាក់​ថា កូន​ប្រុស​គាត់​សម្រេច​គេច​ខ្លួន​មួយ​រយៈ ដោយសារ​តែ​ខ្លាច​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រើ​អំណាច​គាប​សង្កត់។ ស្ត្រី​ម្នាក់​នេះ​ថែម​ទាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី ដក លោក ជួន សុវណ្ណ ចេញ​ពី​តំណែង​ទៀត​ផង។

ទោះ​យ៉ាង​ណា​ក្តី ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា លោក​ធ្វើ​ការងារ​តាម​ច្បាប់។ លោក​បន្ត​ថា ប្រតិបត្តិការ​នេះ​ស្ថិត​ក្រោម​បញ្ជា​របស់​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ។ លោក​បន្ត​ថា ម្តាយ​ឪពុក​របស់ លោក ថោង សារ៉ាត់ ចាំបាច់​ត្រូវ​ទទួល​ខុស​ត្រូវ​នូវ​រាល់​ពាក្យ​សម្ដី​ដែល​ខ្លួន​បាន​និយាយ​នោះ។

មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ធ្នូ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​លទ្ធផល​សួរ​ចម្លើយ​អង្គរក្ស​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​ចាប់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ នោះ​នៅ​ឡើយ​ទេ។ ក្រុម​នគរបាល​គ្រាន់​តែ​ប្រាប់​វិទ្យុ​អាស៊ីសេរី ដោយ​ខ្លី​ថា សមត្ថកិច្ច​កំពុង​តែ​ធ្វើ​ការ។ លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ព្រលប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។

បន្ទាប់​ពី​ថ្ងៃ​កើត​ហេតុ​ភ្លាមៗ អ្នក​លេង​ហ្វេសប៊ុក (facebook) បាន​បង្ហោះ​វីដេអូ​ឃ្លីប​ពី​សកម្មភាព​របស់​ឃាតក​នៅ​កន្លែង​កើត​ហេតុ។ អ្នក​លេង​ហ្វេសប៊ុក​ជាច្រើន បាន​ចោទ​ថា ឃាតក​បាញ់​ប្រហារ​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ គឺ​ជា​អង្គរក្ស​របស់​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន។ ពលរដ្ឋ​ទាំង​នោះ​សំអាង​លើ​ភិនភាគ​ជន​ដៃ​ដល់ និង​ស្រដៀង​គ្នា​នឹង​អង្គរក្ស លោក ជួន ណារិន តាំង​ពី​កម្ពស់កំព អាវ ខោ ស្បែក​ជើង ជាដើម នៅ​ពេល​បុរស​នោះ​ចុះ​ពិនិត្យ​សាកសព​ក្រោយ​ឃាតក​បាញ់​សម្លាប់។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក ជួន ណារិន បាន​ចេញ​មុខ​បដិសេធ​ចំពោះ​រឿង​នេះ ហើយ​ក៏​មិន​មាន​សមត្ថកិច្ច​ណា​ហៅ​បុរស​ដែល​ពលរដ្ឋ​ដាក់​ការ​សង្ស័យ ទៅ​សាកសួរ​នោះ​ដែរ។ បើ​តាម​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ខ្លះ​បញ្ជាក់​ថា ក្រុម​គ្រួសារ​របស់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ក៏​បាន​គេច​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស​បាត់​ទៅ​ហើយ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។