ទោះជាសម្ដេចព្រះ នរោត្តម សីហនុ ឬព្រះបរមរតនកោដ្ឋ បានសោយទិវង្គតអស់រយៈពេលជិតពីរឆ្នាំទៅហើយក្ដី តែព្រះកិត្តិនាមរបស់ព្រះអង្គនៅតែស្ថិតក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរជាច្រើន។ តើនរណាខ្លះជាព្រះញាតិវង្សរបស់ព្រះបរមរតនកោដ្ឋ?
ព្រះបរមរតនកោដ្ឋ ជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សោយរាជ្យចាប់ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៥៥ និងគ្រងរាជ្យម្ដងទៀតនៅឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៤។ ព្រះអង្គជាព្រះរាជបុត្រទោលរបស់សម្ដេចព្រះ នរោត្តម សុរាម្រិត និងព្រះមហាក្សត្រិយ៍ ស៊ីសុវត្ថិ កុសមៈ ប៉ុន្តែព្រះអង្គមានព្រះអនុជរួមព្រះបិតាចំនួន ៣អង្គ។ ព្រះអនុជរួមព្រះបិតាទាំង ៣អង្គផ្សេងទៀត គឺព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម វិជ្ជរា ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ និងព្រះអង្គម្ចាស់ ប្រីយ៉ា សុភុម។
សម្ដេចព្រះ នរោត្តម សីហនុ បានឡើងគ្រងរាជ្យតាំងពីព្រះអង្គមានព្រះជន្មត្រឹមតែ ១៨ព្រះវស្សា ហើយព្រះអង្គ គឺជាវីរបុរសដ៏លេចធ្លោបំផុតក្នុងឆាកនយោបាយកម្ពុជា និងត្រូវបានប្រជាពលរដ្ឋគោរពស្រឡាញ់ជាច្រើន។
នៅកំឡុងពេលដែលព្រះអង្គនៅគង់មានព្រះជន្ម និងគ្រប់គ្រងប្រទេសកម្ពុជា មានរឿងជាច្រើនបានកើតឡើង សូម្បីតែជីវិតឯកជនរបស់ព្រះអង្គក៏មានភាពស្រពិចស្រពិលដែរ។ នៅទសវត្សរ៍ឆ្នាំ១៩៤០-១៩៥០ ព្រះអង្គមានព្រះជាយាដែលមានការប្រកាសជាផ្លូវការចំនួន ៦អង្គ និងមានបុត្រាបុត្រីពីព្រះជាយាទាំងនេះចំនួន ១៤អង្គ។ ដោយសារតែមានព្រះបុត្រាបុត្រីច្រើនបែបនេះហើយ ទើបធ្វើអោយព្រះករុណា ព្រះបាទ នរោត្ដម សីហនុ មានការពិបាកក្នុងការចាត់ចែងអ្នកស្នងតំណែង។
ក្នុងចំណោមព្រះជាយាទាំងឡាយរបស់ព្រះបាទ នរោត្តម សីហនុ មានតែព្រះជាយា មុន្នីនាថ ដែលជាកូនកាត់អ៊ីតាលី ត្រូវបានតែងតាំងជាព្រះរាជអគ្គមហេសី នរោត្តម មុន្នីនាថ សីហនុ នៅឆ្នាំ១៩៥៥។ ព្រះអង្គបានជួបម្ចាស់ក្សត្រិយ៍ មុន្នីនាថ ដំបូងនៅឆ្នាំ១៩៥១ នៅពេលនោះទ្រង់បានតែងតាំងម្ចាស់ក្សត្រិយ៍ មុន្នីនាថ ជាបវរកញ្ញា។ ព្រះអង្គបានរៀបអភិសេកនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៥២ ជាមួយព្រះរាជអគ្គមហេសី មុន្នីនាថ មានបុត្រាពីរព្រះអង្គ គឺព្រះអង្គម្ចាស់ស្ដេចក្រុមឃុន សីហមុនី និងព្រះអង្គម្ចាស់ ណារិន្ទ ត្រាពង្ស។
បច្ចុប្បន្ននេះ ព្រះអង្គម្ចាស់ស្ដេចក្រុមឃុន នរោត្តម សីហមុនី ទ្រង់ត្រូវបានតែងតាំងជាព្រះមហាក្សត្ររបស់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីព្រះបរមរតនកោដ្ឋបានដាក់រាជ្យ។ ចំណែកឯព្រះអង្គម្ចាស់ ណារិន្ទ ត្រាពង្ស បានសោយទិវង្គតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយជំងឺគាំងបេះដូង។
ទោះជាយ៉ាងណា ព្រះជាយាទី១របស់ព្រះអង្គមិនមែនព្រះរាជអគ្គមហេសី នរោត្តម មុន្នីនាថ សីហនុ នោះទេ ប៉ុន្តែជានាដការិនីរបាំព្រះរាជ្យទ្រព្យម្នាក់ឈ្មោះអ្នកម្នាង ផាត់ កាញ៉ុល។ ព្រះអង្គទ្រង់រាជាភិសេកជាមួយអ្នកម្នាងនៅឆ្នាំ១៩៤២ ក្រោយមកបានលែងលះគ្នា។ ព្រះអង្គមានបុត្រពីរព្រះអង្គជាមួយនឹងអ្នកម្នាង ផាត់ កាញ៉ុល គឺសម្ដេចព្រះរៀម បុប្ផា ទេវី និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម បុប្ផា ទេវី បានក្លាយជាតួឯករបាំព្រះរាជ្យទ្រព្យដ៏ល្បីល្បាញម្នាក់ នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងរាជរដ្ឋាភិបាលចម្រុះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលបង្កើតឡើងក្រោយឆ្នាំ១៩៩៨ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម បុប្ផា ទេវី ទ្រង់បានក្លាយជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រីឯព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទ្រង់បានសិក្សាវិជ្ជាច្បាប់នៅប្រទេសបារាំង ហើយបានក្លាយជាសាស្ត្រាចារ្យច្បាប់នៅសកលវិទ្យាល័យមួយនៅ Aix-en-provence។ នៅទសវត្សរ៍ឆ្នាំ១៩៨០ ព្រះអង្គទ្រង់បានចូលរួមចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញ តាមរយៈគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានបង្កើតឡើងដោយព្រះបិតារបស់ព្រះអង្គ។ ក្រោយមក ព្រះអង្គទ្រង់បានឡើងធ្វើជាព្រះប្រធានរបស់គណបក្សនេះ ហើយបានឈ្នះឆ្នោតដែលរៀបចំធ្វើឡើងនៅឆ្នាំ១៩៩៣ ដោយអង្គការសហប្រជាជាតិ។ ព្រះអង្គទ្រង់ទទួលតំណែងជានាយករដ្ឋមន្ត្រីទី១ ក្នុងរាជរដ្ឋាភិបាលនេះរហូតដល់ខែកក្កដា ឆ្នាំ១៩៩៧ ទើបបានត្រូវលោកនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន បណ្ដេញចេញពីតំណែង។ បច្ចុប្បន្ននេះ ព្រះអង្គជាព្រះប្រធានគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ។
ចំណែកឯព្រះជាយាមួយអង្គទៀតរបស់ព្រះបាទ នរោត្តម សីហនុ គឺម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ មុនីកេសរ និងត្រូវជាមីងបង្កើតរបស់ព្រះបាទ នរោត្តម សីហនុ ទ្រង់បានរាជាភិសេកនៅឆ្នាំ១៩៤៤។ ម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ មុនីកេសរ បានសោយទិវង្គតនៅឆ្នាំ១៩៤៦។ ព្រះអង្គមានបុត្រាមួយព្រះអង្គជាមួយម្ចាស់ក្សត្រិយ៍ មុនីកេសរ ទ្រង់ព្រះនាម នរោត្តម នរាទីប៉ូ។ បើតាមឯកសារ លោក Milton Osborne ថា គឺព្រះអង្គម្ចាស់ នរាទីប៉ូ នេះហើយដែលត្រូវព្រះបាទ នរោត្តម សីហនុ តែងតាំងជាក្សត្រាស្នងរាជ្យបន្តពីព្រះអង្គ ប៉ុន្តែព្រះអង្គម្ចាស់បានបាត់ព្រះកាយយ៉ាងអាថ៌កំបាំងកំឡុងពេលសម័យខ្មែរក្រហម។
ក្រោយមកទៀត ព្រះបាទ នរោត្តម សីហនុ បានចាប់ព្រះហឫទ័យជាមួយម្តាយមីងមួយអង្គទៀតរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ ពង្សសានមុនី ហើយបានក្លាយជាព្រះជាយារបស់ព្រះបាទ នរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៤២ ប៉ុន្តែបានលែងលះនៅឆ្នាំ១៩៥១។ ព្រះអង្គម្ចាស់ក្សត្រិយ៍ ពង្សសានមុនី ទ្រង់បានប្រទានបុត្រាបុត្រី ៧ព្រះអង្គដល់ ព្រះបាទ នរោត្តម សីហនុ គឺព្រះអង្គម្ចាស់ នរោត្តម យុវនាថ ព្រះអង្គម្ចាស់ រៈវីវង្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់ ព្រះអង្គម្ចាស់ សូរិយារង្សី ព្រះអង្គម្ចាស់ គន្ធបុប្ផា ព្រះអង្គម្ចាស់ក្សត្រិយ៍ ខេមានុរក្ស និងព្រះអង្គម្ចាស់ក្សត្រិយ៍ បុទុម បុប្ផា។
នៅមុនការតែងតាំងអ្នកម្នាង Monique ជាព្រះអគ្គមហេសីមានតែព្រះអង្គម្ចាស់ក្សត្រិយ៍ សម្ដេចព្រះរាជ កន្និថា នរល័ក្ខ មួយអង្គគត់ ដែលបានទទួលតំណែងជាព្រះអគ្គមហេសីជាផ្លូវការរបស់ព្រះបាទ នរោត្តម សីហនុ ដែលបានរៀបអភិសេកនៅឆ្នាំ១៩៤៣ តែព្រះអង្គម្ចាស់ក្សត្រិយ៍ កន្និថា នរល័ក្ខ មិនមានបុត្រទេ។ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរល័ក្ខ ក៏ត្រូវជាព្រះអនុជជីដូនមួយរបស់ព្រះអង្គដែរ។
ក្រោយមកទៀតនៅឆ្នាំ១៩៤៩ ព្រះបាទ នរោត្តម សីហនុ មានព្រះជាយាមួយអង្គទៀតជាជនជាតិឡាវ មានព្រះនាមថា ម៉ម មានីវណ្ណ មានព្រះបុត្រីពីរព្រះអង្គ គឺព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម សុជាតា និងព្រះអង្គម្ចាស់ក្សត្រិយ៍ អរុណរស្មី។
យ៉ាងណាមិញ បន្ទាប់ពីទីក្រុងភ្នំពេញ បានធ្លាក់ចូលក្នុងសម័យអន្ធការ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បុត្រាបុត្រីចំនួន ៥ព្រះអង្គ និងរាជនត្តារបស់ព្រះអង្គចំនួន ១៤អង្គ ត្រូវបានគេជឿថា ត្រូវពួកខ្មែរក្រហមបានសម្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
