អ្នក​បើក​តាក់ស៊ី​នៅ​បាត់ដំបង​អះអាង​ថា​ការ​ដណ្ដើម​ម៉ូយ​រញ៉េរញ៉ៃ​មក​ពី​អាជ្ញាធរ​មិន​រៀបចំ

0:00 / 0:00

អ្នក​បើកឡាន​តាក់ស៊ី​នៅ​ខេត្ត​បាត់ដំបង​អះអាង​ថា មូលហេតុ​ដែល​ក្រុម​អ្នក​បើក​តាក់ស៊ី រត់​ដណ្ដើម​ម៉ូយ​គ្នា​រញ៉េរញ៉ៃ​តាម​បេនឡាន​នោះ ដោយសារ​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​មិន​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ ដើម្បី​ទុក​ឱកាស​ស្វែងរក​ប្រាក់កម្រៃ​បាន​ច្រើន​ពី​អ្នក​បើកឡាន​តាក់ស៊ី​ដោយ​ងាយស្រួល។ នៅ​ក្នុង​ករណី​នេះ​សមត្ថកិច្ច​ក្រុង​បាត់ដំបង​បញ្ជាក់​ថា​ពុំ​មែន​ជា​កំហុស​របស់​អាជ្ញាធរ​នោះ​ទេ។

ក្រុម​អ្នក​បើកឡាន​តាក់ស៊ី​នៅ​ម្ដុំ​ផ្សា​របឹង​ឈូក​ខេត្ត​បាត់ដំបង​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត រៀបចំ​វេន​ឡាន​តាក់ស៊ី​ចេញដំណើរ​តាម​បេនឡាន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​អ្នក​ធ្វើដំណើរ​មិន​ដណ្ដើម​គ្នា​អនាធិបតេយ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​អ្នក​ធ្វើដំណើរ។

អ្នក​បើកឡាន​តាក់ស៊ី​ពី​ក្រុង​បាត់ដំបង​ទៅ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា​ថា ការ​រត់​ដណ្ដើម​ម៉ូយ​គ្នា​តាម​បេនឡាន​ប្រសេចប្រសាច​ដូច​គោ​ហ្វូង​កន្លងទៅ មិនបាន​ផល​ចំណេញ​ដល់​ក្រុម​អ្នក​បើកឡាន​តាក់ស៊ី​នោះ​ទេ គឺ​ពួកគេ​ធ្វើ​ទាំង​បង្ខំចិត្ត​ដោយសារ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​មិន​ចាត់​របៀប​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឆ្លៀតឱកាស​រក​ប្រាក់​កម្រៃ​ឲ្យ​បាន​កាន់​តែ​ច្រើន​ពី​អ្នក​បើកឡាន​តាក់ស៊ី៖ «វា​អត់​មាន​វេន​មាន​អី​រៀបចំ​ត្រឹមត្រូវ វា​បង្ខំ​ឲ្យ​ប្រទាញ​ប្រទង់​អ៊ីចឹង។ បាទ! ដល់​គេ​ធ្វើ​អ៊ីចឹង​ទៅ គេ​អា​លុយ​ចំណូល​ហ្នឹង​គេ​បាន​ច្រើន អ្នក​ណា​ចាប់​បាន​ម៉ូយ​អ្នក​ហ្នឹង​រហ័ស​ទៅ​បង់​គេ​បាន។ អា​រៀប​វេន​ហ្នឹង​ប្រហែល​គេ​បាន​តិច​បាន​អី​ដឹង​បាន​គេ​មិន​រៀប​ឲ្យ»

លោក​ឲ្យ​ដឹង​ទៀត​ថា​អាជ្ញាធរ​ប៉ូលិលណនិង​មន្ត្រី​ពាក់ព័ន្ធ​មិន​ត្រឹមតែ​មិន​ចាត់​របៀប​វេន​ចេញដំណើរ​ឡាន​តាក់ស៊ី​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ប៉ុណ្ណោះ​ទេ ក្រៅពីនោះ​ថែមទាំង​បាន​យក​ប្រាក់​ពី​អ្នក​បើកឡាន​តាក់ស៊ី​ខុស​ក្នុង​វិក្កយបត្រ​ទៀត​ផង។ លោ​កថា​ក្នុង​វិក្កយបត្រ គេ​សរសេរ​៤​ពាន់​៥​រយ​រៀល (៤៥០០​រៀល) តែ​ជាក់ស្ដែង​ត្រូវ​បង់​ប្រាក់​ពី​៩​ពាន់​(៩០០០)​ទៅ​មួយ​ម៉ឺន​រៀល​ក្នុង​មួយ​ជើង។

ទាក់ទង​និង​បញ្ហា​នេះ​អភិបាលក្រុង​បាត់ដំបង លោក​សៀង ឯមវូនស្ហី មានប្រសាសន៍​បញ្ជាក់​ថា ហេតុ​ដែល​ក្រុម​អ្នក​បើកឡាន​តាក់ស៊ី ដណ្ដើម​ម៉ូយ​រញ៉េរញ៉ៃ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ គឺ​ពុំ​មែន​សមត្ថកិច្ច​មិន​គិត​គួរ​លើ​ការងារ​នេះ​នោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ​ដោយសារ​ក្រុម​អ្នក​បើកឡាន​តាក់ស៊ី​មិន​អនុវត្តន៍​ការណែនាំ​របស់​សមត្ថកិច្ច៖ «កន្លង​មក​ក៏​ធ្វើ​ហើយ ប៉ុន្តែ​ពេល​ដែល​យើង​ឈប់​ធ្វើ​ពួក​គាត់​ចេញ​មក​វិញ​ដដែល។ ប៉ុន្តែ​ឥឡូវ​លើក​នេះ គឺ​ក្រុង​បាត់ដំបង បាន​ចេញ​ជា​គោលការណ៍​រួម​មួយ ដើម្បី​រៀបចំ​ឲ្យ​បាន​ជា​ការ​រឹងមាំ​រៀង​រហូត ព្រោះ​មិន​ឲ្យ​គាត់​នៅ​លើ​ផ្លូវ​ហ្នឹង​ទៀត​ទេ។ ហើយ​ដល់​ពេល​បន្ទាប់​ពី​យើង​រៀបចំ​លើ​ផ្លូវ​ហ្នឹង​ហើយ ដែល​នៅ​ក្នុង​វេន​នោះ​ណា រៀបចំ​សហការ​ជា​មួយ​នឹង​អ្នក​ម៉ៅការ​នៅ​កន្លែង​បេន ហើយ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​រៀប​វេន​រៀប​អី​ហ្នឹង»

ចំពោះ​រឿង​ដែល​អ្នក​បើកឡាន​តាក់ស៊ី​និយាយ​ថា​មន្ត្រី​ពាក់ព័ន្ធ​យក​ប្រាក់​ខុស​ពី​វិក្កយបត្រ​នោះ លោក​ថា​ពុំ​ទទួល​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​នៅឡើយ​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី​លោក​ថា​នឹង​តាមដាន​លើ​ការងារ​នេះ។

ទាក់ទង​មិន​បញ្ហា​នេះ​ដែរ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់​សំគាល់​ថា ក្រុម​អ្នក​បើកឡាន​តាក់ស៊ី​រត់​ដណ្ដើម​ម៉ូយ​តាម​បេនឡាន​នៅ​ខេត្ត​បាត់ដំបង​នោះ កើតឡើង​ក្លាយ​ជា​ទម្លាប់​ស្ទើរ​គ្រប់​ទីកន្លែង​ទៅ​ហើយ។ លោ​កថា​ដើម្បី​ជៀសវាង​ភាព​អនាធិបតេយ្យ​នៅ​ក្នុង​សង្គម​មួយ​នេះ អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​គួរ​រៀបចំ​ដាក់​ជា​វេន​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ជា​ការ​ប្រសើរ៖ «កន្លង​ទៅ​ខ្ញុំ​សង្កេត​ឃើញ​ថា អាជ្ញាធរ​លោក​អត់​រវល់​ទេ ដោយសារ​លោក​គិត​ថា​បញ្ហា​នេះ គឺ​បញ្ហា​ផ្សារ ដោយសារ​លោក​អត់​បាន​ផល​ប្រយោជន៍ លោក​មិន​មាន​ផល​ប្រយោជន៍។ អ៊ីចឹង​លោក​អត់​រវីរវល់​ទេ តែ​ខ្ញុំ​សំណូមពរ​ថា ក្នុង​នាម​អាជ្ញាធរ​ដែន​ដី​មិន​អាច​អឺ! គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ​បាន​ទេ។ ទោះ​បី​ជា​យើង​បាន​ផល​ប្រយោជន៍​បង់​ចូល​ជា​ថវិកា​សង្កាត់​ក្ដី ថវិកា​បុគ្គល​ក្ដី ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​ចិត្ត ឲ្យ​អ្នក​ធ្វើ​ដំណើរ​គេ​រីករាយ ឲ្យ​ភ្ញៀវ​ទេសចរ​គេ​មើល​មក​ឃើញ​បាន​ល្អ»

យ៉ាងណា​លោក​បន្ត​ថា ដើម្បី​រៀបចំ​វេន​អ្នក​បើកឡាន​តាក់ស៊ី​ឲ្យ​បាន​ល្អ លុះ​ណា​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​មាន​សកម្មភាព​ដូច​ភ្លៀងរលឹម ទើប​ជំរុញ​លើ​ការងារ​នេះ​បាន​យូរ​អង្វែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។