អ្នក​សេដ្ឋកិច្ច៖ ការ​វិនិយោគ​ផ្នែក​អាកាសចរណ៍​នៅ​កម្ពុជា​ជា​ការ​វិនិយោគ​ផ្ដាច់​មុខ

0:00 / 0:00

ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ជា​បន្តបន្ទាប់។ បច្ចុប្បន្ន ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះ បាយ័ន អ៊ែឡាញ បាន​ចំណាយ​ទុន​វិនិយោគ​ចំនួន​ជាង ៣០០​លាន​ដុល្លារ​អាមេរិក ក្នុង​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន។

អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ឃើញ​ថា ការ​វិនិយោគ​លើ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​នៅ​កម្ពុជា ជា​ការ​វិនិយោគ​ដែល​ចំណាយ​ទុន​ច្រើន និង​ស្វែងរក​ផល​ចំណេញ​យូរ​អង្វែង ហើយ​វិស័យ​នេះ​ទាមទារ​ឲ្យ​មាន​ការ​ផ្ដាច់​មុខ ឬ​រួម​គ្នា​ផ្ដាច់​មុខ។

ភាព​ជោគជ័យ​នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង គឺ​អាស្រ័យ​លើ​ចំនួន​អតិថិជន ឬ​អ្នក​ប្រើប្រាស់។ ជាក់ស្ដែង ការ​វិនិយោគ​លើ​វិស័យ​ហោះហើរ គឺ​ត្រូវ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ អ្នក​ធុរកិច្ច និង​អ្នក​ទេសចរ។ តាម​ការ​ប៉ាន់ស្មាន​នៅ​កំឡុង​ឆ្នាំ​២០១៤ ប្រទេស​កម្ពុជា អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤​លាន ៦​សែន​នាក់ ដែល​ជា​សក្ដានុពល​មួយ សម្រាប់​អ្នក​វិនិយោគ​លើ​វិស័យ​ហោះហើរ​នៅ​ប្រទេស​កម្ពុជា។

ប៉ុន្តែ ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយ​ឈ្មោះ បាយ័ន អ៊ែឡាញ ដែល​ជា​វិនិយោគ​រួម​ទុន​រវាង​ប្រទេស​កម្ពុជា និង​ចិន បាន​ប្រកាស​ចាប់​ផ្ដើម​វិនិយោគ​របស់​ខ្លួន ដោយ​គ្រោង​ចាប់​ផ្ដើម​ហោះហើរ​នៅ​ចុង​ឆ្នាំ​២០១៤។ ការ​ហោះហើរ​នោះ គឺ​ចាប់​សាកល្បង​នៅ​ក្នុង​ស្រុក ដោយ​យន្តហោះ​ចំនួន​២។ តាម​រយៈ​កិច្ច​ព្រមព្រៀង​នោះ គឺ​ភាគី​កម្ពុជា និង​ចិន បាន​យល់​ព្រម​ទិញ​យន្តហោះ​ចំនួន ២០​គ្រឿង។

ថ្នាក់​ដឹក​នាំ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ បាយ័ន អ៊ែឡាញ យល់​ឃើញ​ថា ការ​វិនិយោគ​របស់​ខ្លួន​នេះ រំពឹង​ថា​នឹង​មាន​ការ​រីក​ចម្រើន និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជាពិសេស​ពី​ប្រទេស​ចិន មក​កម្ពុជា យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ម្យ៉ាង​វិញ​ទៀត ការ​វិនិយោគ​នេះ គឺ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ អាជីវករ ដែល​កំពុង​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា។

អនុប្រធាន​ក្រុមហ៊ុន បាយ័ន អ៊ែឡាញ លោក តាំង ឈុងលាង មាន​ប្រសាសន៍​ថា ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ក្រុមហ៊ុន​អាកាសចរណ៍​សង្ឃឹម​ថា​នឹង​ជោគជ័យ ដោយសារ​តែ​ដៃគូ​របស់​យើង​មាន​ជំនាញ​ខ្លាំង​លើ​ការ​ផលិត​យន្តហោះ និង​អាជីវកម្ម៖ «យើង​មាន​ការ​ជឿជាក់​ក្រុមហ៊ុន​ដែល​យើង​សហការ​នៅ​ស្រុក​ចិន គឺ​គាត់​មាន​ធនធាន ហើយ​និង​ខាង​កប៉ាល់​ហោះ គឺ​មាន​មាន​ជំនាញ​ខ្លាំង ព្រោះ​ក្រុមហ៊ុន​គាត់​ជា​ក្រុមហ៊ុន​ផលិត​កប៉ាល់​ហោះ​ផ្ទាល់ គឺ​យើង​មាន​ការ​ជឿជាក់ យើង​ចាប់​ដៃ​ជាមួយ​គាត់ គឺ​យើង​មាន​សង្ឃឹម​ថា យើង​អាច​ទៅ​រួម ហើយ​ធ្វើ​បាន​ដោយ​ល្អ​ទៀត»

របាយការណ៍​របស់​ក្រុមហ៊ុន​បាន​បង្ហាញ​ថា តម្លៃ​នៃ​ការ​នាំ​ចូល​យន្តហោះ​ពី​ប្រទេស​ចិន មាន​តម្លៃ ១៦​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រឿង ឬ​សមាមាត្រ​នឹង​ការ​នាំ​ចូល​យន្តហោះ​សរុប​ចំនួន​ជាង ៣០០​លាន​ដុល្លារ​អាមេរិក។

ចំពោះ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​សាទរ​ចំពោះ​ការ​វិនិយោគ​យន្តហោះ​ថ្មី​នេះ។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​យន្តហោះ ដែល​ជា​ការ​វិនិយោគ​របស់​ចិន នេះ នឹង​ជួយ​លើក​កម្ពស់​ដល់​កំណើន​សេដ្ឋកិច្ច តាម​រយៈ​ការ​កើន​ឡើង​វិស័យ​ទេសចរណ៍​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន មាន​ប្រសាសន៍​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ដែល​មាន​ចំណាត់​ថ្នាក់​លេខ​១៧៨ ក្នុង​ចំណោម​ក្រុមហ៊ុន​យន្តហោះ​ធំ​ប្រមាណ ៥០០ នៅ​លើ​ពិភពលោក ជា​ការ​វិនិយោគ​ដែល​មាន​សក្ដានុពល​បំផុត​របស់​កម្ពុជា ជាពិសេស​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​កម្ពុជា កាន់​តែ​ខ្លាំង​នា​ពេល​អនាគត៖ «ការ​បង្កើត​នូវ​ក្រុមហ៊ុន​ថ្មី នឹង​ធ្វើ​ឲ្យ​រឹងមាំ​ថែម​ទៀត​នូវ​ការ​ហោះហើរ ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ និង​អ្នក​ធ្វើ​ដំណើរ​ទាំង​ឡាយ​ពី​ពិភពលោក​ខាង​ក្រៅ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស គឺ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​វា​ក៏​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​រីក​ចម្រើន និង​អភិវឌ្ឍ​ឈាន​ឡើង​នៃ​វិស័យ​ទេសចរណ៍ វប្បធម៌​នៅ​កម្ពុជា»

របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា កំឡុង​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៤ ចំណូល​បាន​មក​ពី​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​តម្លៃ​ជិត ២.៥០០​លាន​ដុល្លារ​អាមេរិក។ បន្ថែម​លើ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​កំពុង​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា មាន​ចំនួន ២៦ នា​ពេល​បច្ចុប្បន្ន។

ម្យ៉ាង​វិញ​ទៀត របាយការណ៍​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍ រាជធានី​ភ្នំពេញ បាន​បង្ហាញ​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤ នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ចូល​តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សរុប​ចំនួន ៤៦៩.១០០​នាក់ កើន​ជិត ៩% បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៣ ខណៈ​ដែល​ក្នុង​ឆ្នាំ​២០១៣ ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ចូល​តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន​សរុប ១.០៥០.២២២​នាក់។ បន្ថែម​លើ​នេះ បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ប្រមាណ ២.៣៦១​កន្លែង និង​បង្កើត​ការងារ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត ៣​ម៉ឺន​នាក់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ស្រាវជ្រាវ​នានា​បាន​លើក​ឡើង​ថា តាម​បទពិសោធន៍​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​បាន​បង្ហាញ​ថា ការ​ផ្គត់ផ្គង់​លើ​ផ្នែក​អាកាសចរណ៍ ត្រូវ​តែ​ជា​ការ​គ្រប់គ្រង​ដោយ​រដ្ឋ ព្រោះ​ជៀសវាង​ការ​កំណត់​ថ្លៃ​ខ្ពស់ ស្រប​ពេល​ដែល​មាន​អតិថិជន​ច្រើន។ ម្យ៉ាង​វិញ​ទៀត តួនាទី​របស់​រដ្ឋ​ក្នុង​ការ​គ្រប់គ្រង​នេះ នឹង​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សេវាកម្ម​នេះ​ប្រកប​ដោយ​ស្មើភាព​គ្នា និង​ចូលរួម​ដល់​ចំណូល​ថវិកា​ជាតិ។

បញ្ហា​នេះ អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ឃើញ​ថា ការ​វិនិយោគ​ផ្នែក​អាកាសចរណ៍​នៅ​ប្រទេស​កម្ពុជា ជា​ការ​វិនិយោគ​ផ្ដាច់​មុខ ដោយសារ​តែ​មាន​អ្នក​ផ្គត់ផ្គង់​តែ​ម្នាក់ ឬ​គ្មាន​អ្នក​ផ្គត់ផ្គង់​ជំនួស។ អំណាច​របស់​អ្នក​ផ្ដាច់​មុខ​កើត​ឡើង​ដោយសារ ទី​មួយ ការ​គ្រប់គ្រង​កត្តា​ផលិតកម្ម ឬ​វត្ថុ​ធាតុ​ដើម។ ជាក់ស្ដែង ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ បាយ័ន អ៊ែឡាញ គឺ​នាំ​ចូល​មក​ពី​ប្រទេស​ចិន ទាំងអស់។ ទី​ពីរ សិទ្ធិ​ស្រប​ច្បាប់។ ទី​បី ឧត្ដមភាព​សេដ្ឋកិច្ច លើ​ការ​ផលិត​យន្តហោះ ជាដើម។

ម្យ៉ាង​វិញ​ទៀត ការ​ផ្គត់ផ្គង់​ផ្ដាច់​មុខ គឺ​គ្មាន​អ្នក​ណា​ផ្សេង​ទៀត​អាច​ចូល​ទៅ​ក្នុង​ទីផ្សារ​បាន​ឡើយ ដែល​អ្នក​ផ្គត់ផ្គង់​ផ្ដាច់​មុខ​ត្រូវ​កំណត់​បរិមាណ​ឲ្យ​តិច​ជាង​តម្រូវ​ការ​ជាក់ស្ដែង ដើម្បី​កំណត់​ថ្លៃ​ខ្ពស់​ទទួល​យក​ផល​ចំណេញ​ខ្ពស់។ ប្រាក់​ចំណេញ​លើស​ពី​ធម្មតា​នេះ កើត​មាន​ទាំង​ក្នុង​រយៈពេល​ខ្លី និង​វែង ដោយសារ​គ្មាន​អ្នក​ប្រកួត​ប្រជែង។

បន្ថែម​លើ​នេះ ការ​វិនិយោគ​លើ​វិស័យ​អាកាសចរណ៍​អាច​ជា​របរ​នៃ​ការ​វិនិយោគ​រួម​គ្នា​ផ្ដាច់​មុខ ដែល​កើត​ឡើង​ដោយ​សហគ្រាស​មួយ​ចំនួន ដែល​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក។ ចំនួន​សហគ្រាស​តិច អាច​ធ្វើ​ឲ្យ​ពួក​គេ​ព្រមព្រៀង​គ្នា​ស្ងាត់ៗ ឬ​រួម​គ្នា​បង្កើត​ជា​ក្រុម សហការ​គ្នា​កំណត់​ថ្លៃ​ដូច​ដែល​ធ្លាប់​កើត​ឡើង​នៅ​ក្នុង​វិស័យ​ប្រេង​ឥន្ធនៈ ជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុន​យន្តហោះ​ដែល​កំពុង​ដំណើរ​ការ​ហោះហើរ​ក្នុង​ស្រុក​នៅ​កម្ពុជា មាន​តិចតួច​បំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។