កុមារ​រើស​អេតចាយ​នៅ​គំនរ​សំរាម​ជើងឯក​បាត់បង់​ឱកាស​សិក្សា​ដោយសារ​ក្រីក្រ

0:00 / 0:00

កុមារា​កុមារី និង​យុវជន​ដែល​រស់នៅ​ក្បែរ​គំនរ​សំរាម​ជើង​ឯក ស្ថិត​នៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ បោះបង់​ចោល​ការ​សិក្សា​ដោយ​ហេតុ​ថា​មាន​ជីវភាព​ក្រីក្រ ឪពុក​ម្តាយ​មិន​យល់​ពី​តម្លៃ​នៃ​ការ​សិក្សា និង​ខ្វះ​ការ​គាំពារ​ពី​រដ្ឋាភិបាល​កម្ពុជា។

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា កុមារ​ក្រីក្រ​បាត់បង់​ឱកាស​សិក្សា ដោយសារ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់ និង​មិន​បាន​ខ្វល់​ពី​ផល​ប៉ះពាល់​ពី​អនាគត​របស់​កុមារ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល មាន​ប្រសាសន៍​ថា ការ​អប់រំ គឺ​ត្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​មនុស្ស​ក្នុង​សង្គម អង្គការ​សង្គម​ស៊ីវិល គ្រួសារ និង​រដ្ឋាភិបាល។

ប្រជាពលរដ្ឋ​នៅ​ក្បែរ និង​នៅ​លើ​គំនរ​សំរាម​ជើងឯក អះអាង​ថា កុមារា​កុមារី និង​យុវជន​នៅ​មូលដ្ឋាន​នេះ​ភាគ​ច្រើន បាន​បោះបង់​ចោល​ការ​សិក្សា ពីព្រោះ​មិន​មាន​លទ្ធភាព​ចូល​សាលា​ដូច​ក្មេង​ដទៃ​ផ្សេង​ទៀត និង​គ្មាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​កម្ពុជា៖ «ភាគ​ច្រើន​មិន​សូវ​បាន​រៀន គាត់​អត់​ពេក ដល់​ចឹង​កូន​ចេះ​តែ​ទៅ​តាម​ម៉ែ​ឪ​នៅ​គំនរ​សំរាម​ខាង​លើ»

ក្មេងៗ​ជាច្រើន​ដែល​រស់នៅ​ក្បែរ និង​រស់នៅ​លើ​គំនរ​សំរាម​ជើងឯក ស្ថិត​ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ បាន​នាំ​គ្នា​ទៅ​រើស​អេតចាយ​ជាមួយ​ឪពុក​ម្តាយ​ទាំង​យប់​ទាំង​ថ្ងៃ ជា​ហេតុ​បណ្ដាល​ឲ្យ​ខ្វះ​ពេលវេលា​សម្រាប់​ការ​សិក្សា។

កុមារី​ម្នាក់​មាន​សម្បុរ​ស្រអែម​ស្រស់ ពាក់​ខោ​អាវ​ចាស់ៗ ក្នុង​ដៃ​កាន់​ផ្លែ​ឈូក មាត់​ទំពា​គ្រាប់​ឈូក អង្គុយ​នៅ​លើ​គ្រែ​មុខ​ខ្ទម​ចាស់​ប្រក់​ស័ង្កសី ជញ្ជាំង​ស្បូវ ឈ្មោះ ស៊ឹម យីម។ យីម និយាយ​ថា នាង​ចូល​ចិត្ត​រៀន និង​ចូល​ចិត្ត​អាន​សៀវភៅ​រឿង​និទាន សៀវភៅ​មាន​រូប​តុក្កតា ប៉ុន្តែ​ការ​ស្រឡាញ់ និង​ចូល​ចិត្ត​សិក្សា​របស់ យីម ត្រូវ​បាំង​ជិត​ដោយ​ភាព​ក្រីក្រ និង​ខ្វះ​ការ​គាំពារ​ពី​មនុស្ស​ជុំវិញ​ខ្លួន ជាពិសេស​ឪពុក​ម្តាយ៖ «ខ្ញុំ​រៀន​ថ្នាក់​ទី​៣​ក។ អនាគត​ខ្ញុំ​ចង់​ធ្វើ​អ្នក​លក់​ដូរ»

បើ​មើល​ទៅ​ទឹក​មុខ​កុមារី​កុមារា​ដែល​អង្គុយ​នៅ​ក្បែរ​កុមារី យីម គឺ​សើច​សប្បាយ​ក្អាកក្អាយ​ធម្មតា ដោយ​មិន​បាន​ខ្វាយខ្វល់​ពី​ការ​សិក្សា និង​អនាគត​របស់​ខ្លួន​នោះ​ទេ។ ការ​ជក់​គ្រឿង​ញៀន​រើស​អាហារ​សំណល់​សល់​ពី​ហាង​ទំនើប ការ​រើស​អេតចាយ ការ​រត់​លេង​ចុះ​ឡើង និង​ការ​លក់​ដូរ​ម្ហូប​អាហារ​ផ្សេងៗ គឺ​ជា​សកម្មភាព​ដ៏​សាមញ្ញ​នៅ​លើ​គំនរ​សំរាម​ជើងឯក។

មិន​សូវ​ខុស​ពី​កុមារី ស៊ឹម យីម កុមារា​ម្នាក់​ផ្សេង​ទៀត​មាន​អាយុ ១៣​ឆ្នាំ សម្បុរ​ខ្មៅ សក់​រលាស់ ដៃ​ទាំង​ពីរ​កំពុង​កាន់​ចង្កូត​ម៉ូតូ​ចាស់ មាន​តែ​តួ​ម៉ូតូ និង​ម៉ាស៊ីន មាន​ឈ្មោះ ជីវន្ត ហៅ​កំលោះ​ប្រិមប្រិយ។ ម៉ូតូ​កញ្ចាស់​របស់​កំលោះ​នេះ ផ្ទុក​ពេញ​ដោយ​ជ័រ កំប៉ុង​ស្រាបៀ និង​សម្ភារៈ​អេតចាយ​ផ្សេងៗ​ទៀត ដើម្បី​ដឹក​យក​ទៅ​លក់។

ជីវន្ត និយាយ​ថា គាត់​ចង់​រៀន​ណាស់ និង​មិន​ចង់​រើស​សំរាម​រាល់​ថ្ងៃ​បែប​នេះ​ទេ។ សព្វថ្ងៃ​បន្ទាប់​ពី​ភ្ញាក់​ពី​ដេក អ្វី​ដែល​គាត់​គិត​មុន​គេ គឺ​រើស​អេតចាយ និង​ជួយ​ដឹក​សម្ភារៈ​អេតចាយ​ឪពុក​យក​ទៅ​លក់។ នៅ​ពេល​និយាយ​ដល់​ពាក្យ​ចូល​រៀន ជីវន្ត ហៅ​កំលោះ​ប្រិមប្រិយ ប្រែ​ទឹក​មុខ​ពី​ញញឹម​ស្រស់​ទៅ​ជា​ស្រពោន ហើយ​ងាក​មុខ​ចេញ​បែរ​ទៅ​មើល​វាល​ស្រែ​នៅ​មុខ​ខ្ទម​កញ្ចាស់​របស់​ខ្លួន។ ប្រហែល​មួយ​នាទី​ក្រោយ​មក កំលោះ​ប្រិមប្រិយ​និយាយ​ថា សព្វថ្ងៃ​គាត់​ខ្មាស​គេ​ណាស់ ព្រោះ​គាត់​ធំ និង​អាយុ​ច្រើន​ហើយ ប៉ុន្តែ​រៀន​ថ្នាក់​ទី​១។ គាត់​បន្ត​ថា រៀន​មិន​បាន​មួយ​ឆ្នាំ​ផង ឈប់​រៀន​បាត់ អក្សរ​ក៏​មិន​ទាន់​ចេះ​អាន​នឹង​គេ៖ «ខ្ញុំ​រៀន​ដែរ តែ​គ្រូ​ឈប់​ហើយ លុយ​ដល់​គេ​ឈប់​វិញ។ ប៉ុណ្ណឹង​ហើយ​អត់​ចេះ​អី​ផង ម៉ែ​ខ្ញុំ​ថា តិច​ទៀត​ទៅ​ស្រុក ស្រុក​ខ្ញុំ​បាត់ដំបង។ រើស​អេតចាយ​រាល់​ថ្ងៃ មក​ពី​រើស​អេតចាយ ដេក ងើប​ពី​ដេក រើស​អេតចាយ»

នៅ​ក្បែរ និង​នៅ​លើ​គំនរ​សំរាម​នេះ មិន​មែន​មាន​តែ​កុមារា​កុមារី​ពីរ​បី​នាក់​នោះ​ទេ ប៉ុន្តែ​ក្មេងៗ និង​យុវជន​ជាច្រើន​នាក់​ផ្សេង​ទៀត បោះបង់​ចោល​ការ​សិក្សា ហើយ​មក​រើស​អេតចាយ​នៅ​គំនរ​សំរាម​ជើងឯក​នេះ​ជា​ប្រចាំ។ ពួក​គេ​ទាំង​នោះ​រហូត​ដល់​ពេល​ខ្លះ ដេក​នៅ​លើ​គំនរ​សំរាម​នេះ​ទៀត​ផង។

គំនរ​សំរាម​ដែល​មាន​ក្លិន​ស្អុយ​ស្ទើរ​ដក​ដង្ហើម​មិន​កើត​សម្រាប់​អ្នក​ចំណូល​ថ្មី និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្បែរ​ជើងឯក ប៉ុន្តែ​បែរ​ជា​ភាព​ស៊ាំ​សម្រាប់​យុវជន ក្មេងៗ និង​ប្រជាពលរដ្ឋ​ដែល​គ្មាន​ទី​បង្អែក​ទាំង​នោះ។

ភាគ​ច្រើន​នៃ​យុវជន និង​ក្មេងៗ​ដែល​មក​រើស​អេតចាយ​លើ​គំនរ​សំរាម​នៅ​ជើងឯក​នេះ មាន​ឪពុក​ម្ដាយ​ជំពាក់​បំណុល​គេ។ ដើម្បី​អាច​ជួយ​ដោះ​បំណុល​ឪពុក​ម្តាយ យុវជន​ទាំង​នោះ គឺ​សម្រេច​ចិត្ត​រើស​អេតចាយ។ សម្រេច​ចិត្ត​រើស​អេតចាយ ព្រោះ​ពួក​គាត់​គ្មាន​ចំណេះ​ដឹង និង​គ្មាន​ការងារ​ធ្វើ។ ពួក​គាត់​ជាទូទៅ រើស​កំប៉ុង ដប​ទឹក​សុទ្ធ ប្លាស្ទិក សម្បក​កង់​ឡាន សម្បក​ឡាំង ដែក និង​ស្ពាន់ ជាដើម។

រវល់​តែ​រៀន មាន​ពេល​ឯណា​រើស​អេតចាយ នេះ​ជា​សម្ដី​ក្មេង​ស្រី​ម្នាក់​ផ្សេង​ទៀត​ដែល​អង្គុយ​នៅ​ខាង​មុខ​ខ្ទម​ចាស់​របស់​ខ្លួន៖ «ទៅ​រើស​អេតចាយ​ជាមួយ​ម៉ែ អត់​ទៅ​រៀន​ផង»

នាយក​អង្គការ​ស៊ីប៉ា (SIPAR) លោក ហុក សុទ្ធិ ចែក​រំលែក​ថា ចង់​ឲ្យ​សង្គម​កម្ពុជា ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ឲ្យ​មាន​គុណភាព​ល្អ។ ក្មេង​ជា​សរសៃ​ឈាម​ក្នុង​ការ​អភិវឌ្ឍ​សង្គម ហើយ​ដើម្បី​ឲ្យ​កុមារ​ក្លាយ​ជា​ធនធាន​សំខាន់​បាន លុះត្រា​ណា​តែ​មាន​ការ​ចូលរួម​ពី​មនុស្ស​ទាំងអស់​ក្នុង​សង្គម ពិសេស​អាណាព្យាបាល ត្រូវ​តែ​តាំង​ចិត្ត និង​ជំរុញ​ឲ្យ​ក្មេង​បាន​ចូល​សាលា។ បន្ថែម​ពី​លើ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​តែ​ជំរុញ​ឲ្យ​ឪពុក​ម្តាយ បញ្ជូន​កូន​ទៅ​សាលា​រៀន ត្រូវ​ពន្យល់​ដល់​ពួក​គាត់​ពី​គុណ​តម្លៃ​នៃ​ការ​សិក្សា និង​ត្រូវ​បណ្ដុះ​ការ​អាន​ដល់​កុមារ​នៅ​ថ្នាក់​បឋម​សិក្សា និង​ថ្នាក់​វិទ្យាល័យ ដើម្បី​អាច​ធ្វើ​ឲ្យ​ក្លាយ​ជា​បរិយាកាស​នៃ​ការ​អាន​សៀវភៅ និង​ការ​សិក្សា៖ «រដ្ឋាភិបាល​គួរ​តែ​ពង្រឹង គួរ​តែ​ផ្សព្វផ្សាយ ធ្វើ​យ៉ាង​ណា​ឲ្យ​ឪពុក​ម្តាយ​គិត​ថា ការ​សិក្សា​មាន​តម្លៃ។ បើ​អត់​រៀន​ទេ វា​ជា​បន្ទុក​របស់​សង្គម»

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ បាន​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដើម្បី​ផ្តល់​ឱកាស​សម្រាប់​ក្មេងៗ​ដែល​រស់នៅ​ក្បែរ​គំនរ​សំរាម​ជើងឯក មាន​ឱកាស​សិក្សា។ លោក​បន្ត​ថា ក្រសួង​អប់រំ បង្កើត​អគារ​សិក្សា និង​មាន​គ្រូបង្រៀន​ត្រឹមត្រូវ។ ប្រការ​ដែល​សំខាន់​ដើម្បី​ឲ្យ​ក្មេងៗ​បាន​ចូល​រៀន គឺ​ត្រូវ​មាន​ការ​ចូល​លើក​ទឹក​ចិត្ត​កុមារ​ពី​ឪពុក​ម្តាយ​ផ្ទាល់។ ពួក​គាត់​ត្រូវ​តែ​តាំង​ចិត្ត និង​ផ្តល់​ឱកាស​ឲ្យ​កូន​បាន​រៀន៖ «ទាល់​តែ​ម៉ែ​ឪពុក ការ​ស្រឡាញ់ និង​ហ៊ាន​លះបង់​ម៉ង។ បើ​ម៉ែ​ឪ​មិន​ហ៊ាន​ទេ គឺ​ពិបាក​ណាស់។ ខ្ញុំ​ឧទាហរណ៍​ដូច​ប្រទេស​កូរ៉េ ឪពុក​ម៉ែ​គេ ហ៊ាន​លះបង់​តែ​ម្តង ចឹង​ក្នុង​រយៈ​តែ​ដប់​ម្ភៃ​ឆ្នាំ​ទេ ស្រុក​គេ​អភិវឌ្ឍ​តែ​ម្តង។ បើ​យើង​នៅ​តែ​ទម្លាក់​ទៅ​លើ​តែ​ភាព​ក្រីក្រ ចឹង​វា​នៅ​តែ​ក្រីក្រ​ចឹង»

មាត្រា​៤៨ វាក្យខណ្ឌ​ទី​១ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ ចែង​ថា រដ្ឋ​ធានា​រក្សា​ការពារ​សិទ្ធិ​របស់​កុមារ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដីពី​កុមារ ជាពិសេស​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ទទួល​បាន​ការ​អប់រំ​រៀន​សូត្រ សិទ្ធិ​ត្រូវ​បាន​ទទួល​ការ​គាំពារ​ក្នុង​ស្ថានការណ៍​សង្គ្រាម និង​ការ​ការពារ​ប្រឆាំង​នឹង​អាជីវកម្ម សេដ្ឋកិច្ច ឬ​កាមគុណ​លើ​កុមារ។ រីឯ​វាក្យខណ្ឌ​ទី​២ ចែង​ថា រដ្ឋ​គាំពារ​ប្រឆាំង​នឹង​ការងារ​ទាំងឡាយ​ដែល​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ការ​អប់រំ និង​ការ​រៀន​សូត្រ​របស់​កុមារ ឬ​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​សុខភាព ឬ​សុខុមាលភាព​របស់​កុមារ។

តាម​របាយការណ៍​ក្រសួង​អប់រំ បង្ហាញ​ថា មាន​កុមារ​ជាង ២​លាន​នាក់​ដែល​កំពុង​រៀន​នៅ​ថ្នាក់​បឋម​សិក្សា។ របាយការណ៍​ក្នុង​ឆ្នាំ​២០១៣ នៃ​ផែនការ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ បង្ហាញ​ថា អត្រា​នៃ​ការ​សិក្សា​នៅ​បឋម​សិក្សា​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ បាន​កើន​ឡើង ៩៤,៤​ភាគរយ។ ក្នុង​ពេល​ដំណាល​គ្នា​នេះ មាន​សាលា​បឋម​សិក្សា​ជិត ៧​ពាន់​សាលា (៦.៩១០)។ ក្រសួង​អប់រំ មាន​លុយ ៣​លាន​ដុល្លារ​សម្រាប់​បង្រៀន​ប្រជាពលរដ្ឋ​ដែល​មិន​ចេះ​អាន​អក្សរ ដែល​មាន​អាយុ​ចន្លោះ​ពី ១៥-៦០​ឆ្នាំ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដើម្បី​ឲ្យ​ការ​អប់រំ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ទស្សនវិស័យ​ត្រឹមត្រូវ រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ​នៅ​តាម​សហគមន៍ ជាពិសេស​តំបន់​ដាច់​ស្រយាល ហើយ​ក្រីក្រ ឲ្យ​ទទួល​ការ​អប់រំ​ដោយ​ភាព​ស្មើ​គ្នា និង​មាន​គុណភាព​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។