ស្ត្រី​ក្រីក្រ​ជនជាតិ​ចាម​នៅ​បាត់ដំបង​ភាគ​ច្រើន​បោះបង់​ការ​សិក្សា​ទាំង​វ័យ​ក្មេង

0:00 / 0:00

ស្ត្រី​ជនជាតិ​ចាម នៅ​ខេត្ត​បាត់ដំបង ភាគ​ច្រើន​បាន​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​ទាំង​វ័យ​ក្មេង ដោយសារ​ជីវភាព​គ្រួសារ​ក្រីក្រ។ ពួក​គាត់​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​គ្នា​បោះបង់​ការ​សិក្សា​នេះ ដើម្បី​ទៅ​បំពេញ​ការងារ​ជួយ​រក​ប្រាក់​ឪពុក​ម្ដាយ ដោះស្រាយ​ជីវភាព​ក្នុង​បន្ទុក​គ្រួសារ។ ប៉ុន្តែ​អ្នក​ជំនាញ​វិញ​អះអាង​ថា កត្តា​មាន​កូន​ច្រើន​ជា​ប្រពៃណី​មួយ​ជំរុញ​ឲ្យ​គ្រួសារ​ជនជាតិ​ចាម ឬ​ខ្មែរ​អ៊ិស្លាម មាន​ជីវភាព​ក្រីក្រ និង​បោះបង់​ការ​សិក្សា។

ជនជាតិ​ខ្មែរ​ចាម ភាគ​ច្រើន​ប្រកប​របរ​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត ហើយ​គេ​ច្រើន​រស់នៅ​តាម​ដង​ស្ទឹង និង​ទន្លេ ដើម្បី​ងាយ​ស្រួល​ដល់​ការ​នេសាទ។

ពលរដ្ឋ​ជនជាតិ​ចាម ឬ​ខ្មែរ​អ៊ិស្លាម នៅ​ខេត្ត​បាត់ដំបង គេ​ច្រើន​សង្កេត​ឃើញ​ពួក​គាត់​តាំង​ទីលំនៅ​អម​សង​ខាង​ដង​ស្ទឹង ជាពិសេស​នៅ​ក្រុង​បាត់ដំបង និង​ស្រុក​សង្កែ ជាដើម។ ពួក​គាត់​មួយ​ចំនួន​អះអាង​ថា ពួក​គេ​សោកស្ដាយ​ដោយសារ​ពុំ​មាន​លទ្ធភាព​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅជ្រះ ដូច​កូន​អ្នក​ស្រុក​មួយ​ចំនួន​ទៀត។

យុវតី​ជនជាតិ​ចាម អាយុ ១៨​ឆ្នាំ​ម្នាក់​រស់នៅ​ភូមិ​កំពង់អំពិល ឃុំ​វត្តតាមឹម ស្រុក​សង្កែ ខេត្ត​បាត់ដំបង ថ្លែង​បន្ទាប់​ពី​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​សភា តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង នៅ​វិហារ​អ៊ិស្លាម ភូមិ​កំពង់អំពិល កាល​ពី​ថ្ងៃ​ទី​១២ មិថុនា កន្លង​ទៅ​ថា កញ្ញា​ជា​កូន​ទី​៦ ក្នុង​ចំណោម​បង​ប្អូន ៧​នាក់ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៦ ទាំង​វ័យ​ក្មេង។ កញ្ញា ហាន អាស៊ីគិន អះអាង​ថា មូលហេតុ​ដែល​កញ្ញា​សម្រេច​ចិត្ត​ឈប់​សិក្សា​ក្នុង​វ័យ​កុមារ​ភាព​នេះ ដោយសារ​ជីវភាព​គ្រួសារ​ជួប​ការ​ខ្វះខាត មិន​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត​បាន៖ «ពេល​ដែល​ខ្ញុំ​ឈប់​រៀន​ទៅ ខ្ញុំ​មាន​អារម្មណ៍​ថា​ស្ដាយ​ក្រោយ​ណាស់។ ប៉ុន្តែ​បើ​មាន​អ្នក​ជួយ​ឧបត្ថម្ភ ខ្ញុំ​នឹង​ទៅ​រៀន​បន្ត​ទៀត ហើយ​ប្រសិន​បើ​ខ្ញុំ​រៀន​បាន​ខ្ពស់ ខ្ញុំ​នឹង​ធ្វើ​ជា​គ្រូបង្រៀន ឬ​ក៏​ធ្វើ​ការងារ​ក្នុង​ការិយាល័យ»

កញ្ញា​សម្បុរ​ស្រអែម​រូប​នេះ​បន្ត​ទៀត​ថា បន្ទាប់​ពី​ឈប់​សិក្សា​ភ្លាម កញ្ញា​បាន​ចាកចេញ​ពី​ផ្ទះ ហើយ​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រុង​ភ្នំពេញ ដើម្បី​ជួយ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ក្នុង​បន្ទុក​គ្រួសារ។ ប៉ុន្តែ​ការ​ទៅ​រស់នៅ​ទីក្រុង​ភ្នំពេញ​នោះ មិន​បាន​ដូច​ក្នុង​ក្ដី​ស្រមៃ​របស់​នាង​ឡើយ៖ «កាល​ដែល​ខ្ញុំ​ធ្វើ​ការងារ​រោងចក្រ​នៅ​ភ្នំពេញ ខ្ញុំ​រស់នៅ​ជាមួយ​បង​ស្រី​ខ្ញុំ​ចំនួន ៣​ខែ។ កាល​ដែល​ធ្វើ​ការ​នៅ​ទីនោះ ខ្ញុំ​ចំណាយ​ប្រាក់​ទៅ​លើ​ផ្ទះ​ជួល ហើយ​ត្រូវ​ដើរ​ទៅ​ធ្វើ​ការងារ​ឆ្ងាយ គឺ​ជួប​ការ​លំបាក​ច្រើន​ជាង​នៅ​ផ្ទះ»

កញ្ញា​អះអាង​ថា សិស្ស​ស្រី​ជា​កូន​អ្នក​ភូមិ​ជិត​ខាង ភាគ​ច្រើន​បាន​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា​ចោល​ទាំង​នៅ​ក្មេង​វ័យ​ដូច​គ្នា ដែល​បណ្ដាល​មក​ពី​បញ្ហា​ជីវភាព​ក្នុង​គ្រួសារ។

សមាជិក​សភា​តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង មក​ពី​គណបក្ស​ប្រឆាំង អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​បន្ទាប់​ពី​ជួប​សំណេះសំណាល​ជាមួយ​ជនជាតិ​ខ្មែរ​ចាម នៅ​ភូមិ​កំពង់អំពិល ថា ស្ត្រី​ខ្មែរ​អ៊ិស្លាម នៅ​ខេត្ត​បាត់ដំបង ភាគ​ច្រើន​មាន​ការ​សិក្សា​កម្រិត​ទាប​ត្រឹម​ថ្នាក់​អនុវិទ្យាល័យ​យ៉ាង​ច្រើន គឺ​ទាប​ជាង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​មាន​ការ​សិក្សា​ខ្ពស់ ហើយ​មាន​ឱកាស​ធ្វើ​ការងារ​ល្អ​ក្នុង​ស្ថាប័ន​រដ្ឋ។ អ្នកស្រី​អះអាង​ថា ប្រជាពលរដ្ឋ​មាន​ការ​សិក្សា​តិចតួច​នេះ​ដោយសារ​ការ​ខ្វះ​ចន្លោះ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​កញ្ចប់​ថវិកា​តិចតួច​មិន​គ្រប់គ្រាន់​សម្រាប់​វិស័យ​អប់រំ ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ៖ «ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​មាន​វិធានការ​វិសេស ដោយ​យក​ថវិកា​របស់​ជាតិ​ទៅ​ជួយ​ដល់​ការ​សិក្សា​របស់​ជនជាតិ​ខ្មែរ​អ៊ិស្លាម តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស ជាពិសេស​ការ​អប់រំ​ស្ត្រី​តែ​ម្ដង ពីព្រោះ​ការ​ខ្វះ​ការ​សិក្សា​ធ្វើ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ឡើង»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង គឺ​លោក ងី សែត ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៤ មិថុនា ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​លើក តែ​ពុំ​មាន​អ្នក​ទទួល និង​នៅ​ក្រៅ​ប្រព័ន្ធ​សេវា។

ទោះ​ជា​យ៉ាង​ណា ប្រធាន​ចលនា​អ៊ិស្លាម-កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ លោក ឯល រ៉ាហើត មាន​ប្រសាសន៍​ថា ស្ត្រី​ជនជាតិ​ចាម នៅ​ខេត្ត​បាត់ដំបង ភាគ​ច្រើន​ពុំ​បាន​សិក្សា​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅជ្រះ​ដូច​បុរស​នោះ​ទេ ដោយសារ​ពួក​គេ​ជា​ស្ត្រី​ភេទ មិន​អាច​ចេញ​ទៅ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​បាន​ដូច​បុរស ទើប​ធ្វើ​ឲ្យ​ពួក​គាត់​បោះបង់​ការ​សិក្សា​ចោល​ទាំង​វ័យ​ក្មេង។ លោក​អះអាង​ថា ស្ត្រី​ជនជាតិ​ចាម ដែល​បាន​រៀន​ខ្ពស់​ត្រឹម​ថ្នាក់​វិទ្យាល័យ​ប្រមាណ ២០​ភាគរយ ក្រៅ​ពី​នោះ​គឺ​រៀន​នៅ​អនុវិទ្យាល័យ និង​បឋម​សិក្សា៖ «ការ​គ្មាន​ចំណេះ​ដឹង​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជនជាតិ​ចាម ពិបាក​ក្នុង​ការ​ស្វែងរក​ការងារ​ផង និង​ងាយ​ប្រឈម​មុខ​នឹង​ការ​ចាញ់​បោក​គេ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ផង ជា​ជាង​អ្នក​មាន​ចំណេះ​ដឹង»

ស្ត្រី​ជនជាតិ​ចាម ជា​អាណាព្យាបាល​ម្នាក់​ទៀត នៅ​ភូមិ​កំពង់អំពិល គឺ​អ្នកស្រី ធន់ រ៉ហីម៉ាស់ ថ្លែង​ថា អ្នកស្រី​មាន​កូន​ចំនួន ៤​នាក់​ក្នុង​បន្ទុក​គ្រួសារ ដែល​ពួក​គេ​ទាំង​នោះ​រៀន​សូត្រ​បាន​តិចតួច។ អ្នកស្រី​ថ្លែង​ក្នុង​ទឹក​មុខ​ស្រពោន ដោយ​សម្ដី​មួយៗ​ទៀត​ថា កូន​របស់​អ្នកស្រី​ចំនួន ៣​នាក់ បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​តែ​ថ្នាក់​ទី​៦ ទេ ហើយ​ជួយ​បំពេញ​ការងារ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​ក្នុង​បន្ទុក​គ្រួសារ។ អ្នកស្រី​សោកស្ដាយ​ដែល​ពុំ​មាន​លទ្ធភាព​ឲ្យ​កូន​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅជ្រះ ដូច​កូន​អ្នក​ស្រុក៖ «កាល​ណោះ​ឪពុក​ម្ដាយ​ឈឺ​រក​អី​មិន​បាន​ទេ ហើយ​គ្មាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ដល់​កូនៗ កូន​ក៏​សុំ​ឈប់​រៀន​ទៅ»

ការ​បោះបង់​ការ​សិក្សា​របស់​យុវតី​ជនជាតិ​ចាម មិន​មែន​ជា​កត្តា​ជីវភាព​គ្រួសារ​តែ​មួយ​នោះ​ទេ ការ​បោះបង់​ការ​សិក្សា​របស់​ពួក​គាត់​មួយ​ចំនួន មក​ពី​កត្តា​គ្រួសារ​របស់​ពួក​គាត់ ដែល​មិន​អនុញ្ញាត​ឲ្យ​កូន​ស្រី​ចាក​ចេញ​ឆ្ងាយ​ពី​ផ្ទះ ហើយ​មួយ​ចំនួន​ទៀត​នៅ​តែ​ប្រកាន់​ទស្សនៈ​កូន​ស្រី​មិន​បាច់​រៀន​ច្រើន ឬ​កូន​ស្រី​បង្វិល​ចង្ក្រាន​មិន​ជុំ។ កត្តា​មួយ​ទៀត គឺ​កត្តា​សាសនា ដែល​គ្រួសារ​មួយ​ចំនួន​ទៀត​ប្រកាន់​សាសនា​ខ្លាំង មិន​ចាប់​អារម្មណ៍​នឹង​ការ​ឲ្យ​កូន​រៀន​មាន​ចំណេះ​ដឹង​ទូទៅ​ឡើយ។

អ្នក​ស្រាវជ្រាវ​អំពី​ជនជាតិ​ចាម លោក អ៊ីសា អូស្មាន មាន​ប្រសាសន៍​ថា ជនជាតិ​ចាម ពុំ​មែន​មាន​តែ​ស្ត្រី​ភេទ​ទេ​ដែល​មាន​ការ​សិក្សា​ទាប​នោះ បុរស​ក៏​រៀន​សូត្រ​មិន​បាន​ជ្រៅជ្រះ​ដែរ។ លោក​អះអាង​ថា កត្តា​ជីវភាព​ជា​បញ្ហា​ចម្បង ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ជនជាតិ​ចាម បោះបង់​ការ​សិក្សា ដើម្បី​ចេញ​ទៅ​រក​ការងារ​ធ្វើ រក​ប្រាក់​ដោះស្រាយ​ជីវភាព​ក្នុង​បន្ទុក​គ្រួសារ។ លោក​បញ្ជាក់​ថា កាល​ពី​សម័យ​ដើម ជនជាតិ​ខ្មែរ​ចាម មិន​ឲ្យ​កូន​ស្រី​រៀន​សូត្រ​ចេះ​ដឹង​ខ្ពង់ខ្ពស់​ដូច​កូន​ប្រុស​នោះ​ទេ ដោយ​យល់​ឃើញ​ថា ការ​រៀន​សូត្រ​ចេះ​ដឹង​ច្រើន ពិបាក​រក​គូស្រករ​ផង និង​ការ​មាន​ជំនឿ​ថា កូន​ស្រី​ជា​អ្នក​ធ្វើ​ការងារ​ផ្ទះ មិន​ត្រូវ​រៀន​សូត្រ​ជ្រៅជ្រះ​ឡើយ៖ «ប៉ុន្តែ​មក​ដល់​ឥឡូវ​នេះ ខ្ញុំ​គិត​ថា មិន​មាន​ប្រពៃណី​បែប​នោះ​ទៀត​ទេ បើ​ទោះ​ជា​មាន​ក៏​នៅ​សល់​ចំនួន​តិចតួច ដែល​ពួក​គាត់​រស់នៅ​ទី​ឆ្ងាយ​នៅ​ឯ​ជនបទ​ដាច់​ស្រយាល ដែល​ពុំ​មាន​ការ​រីក​ចម្រើន​ទៅ​ដល់»

គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បង្ហាញ​ថា គោល​នយោបាយ​របស់​ក្រសួង​អប់រំ គឺ​កុមារ​គ្រប់​រូប​ទទួល​បាន​សេវា​អប់រំ​បាន​ចូល​រៀន​នៅ​បឋម​សិក្សា មធ្យម​សិក្សា ទុតិយភូមិ និង​មាន​ឱកាស​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត។ សម្រាប់​កុមារ​ដែល​ពុំ​មាន​លទ្ធភាព​ចូល​រៀន​ក្នុង​ប្រព័ន្ធ ជម្រើស​ផ្សេង​ទៀត​នឹង​ត្រូវ​ផ្តល់​លទ្ធភាព​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​បាន​ការ​អប់រំ។ ការ​បង្កើន​ចំនួន​កុមារ និង​យុវជន​ឲ្យ​ទទួល​បាន​ការ​អប់រំ​នៅ​គ្រប់​កម្រិត ដោយ​ផ្ដោត​លើ​សមធម៌ និង​តំបន់ និង​ក្រុម​កុមារ​ជួប​ការ​លំបាក។ ការ​បង្កើន​ឱកាស​ដល់​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​ទី​១២ ឲ្យ​ទទួល​បាន​នូវ​ចំណេះ​ដឹង និង​ជំនាញ​ក្នុង​ការ​គិត និង​ហេតុផល នឹង​អាច​ជា​មូលដ្ឋាន​សម្រាប់​បន្ត​ការ​សិក្សា​នៅ​ក្នុង​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​ឧត្ដមសិក្សា​ត​ទៅ​ទៀត។

កុមារ និង​យុវជន​គ្រប់​រូប ទទួល​បាន​ការ​អប់រំ​ដែល​មាន​ពាក់ព័ន្ធ និង​ប្រកប​ដោយ​គុណភាព ដែល​អាច​ឲ្យ​ពួក​គេ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​បង្កើន​ថវិកា​ជាតិ​ក្នុង​វិស័យ​អប់រំ​បន្ថែម​ទៀត​ឲ្យ​បាន​ច្រើន ដើម្បី​លើក​កម្ពស់​ដល់​ការ​សិក្សា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ ឲ្យ​មាន​ចំណេះ​ដំណឹង​ខ្ពស់ ងាយ​ស្រួល​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។