នៅក្រោយការរឹតបន្តឹងក្នុងដំណើរការប្រឡងមួយសប្ដាហ៍ ក្រសួងអប់រំ បានដឹងហើយថា ចំនួនសិស្សដែលអាចជាប់ ទំនងមានចំនួនតិច ទោះជាលទ្ធផលមិនទាន់ប្រកាសជាផ្លូវការក៏ដោយ។ បើទោះបីជាដឹងថា ការរឹតបន្តឹងនោះក្នុងន័យពង្រឹងគុណភាពអប់រំ ក៏វិធានការថ្មីរបស់ក្រសួងអប់រំ បានរងការរិះគន់ ពិសេសនៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
ក្នុងការរិះគន់នោះ ក៏មានការដាក់បន្ទុកថា ការរឹតបន្តឹងតែក្នុងពេលប្រឡង គឺសម្លាប់អនាគតយុវជន ជាដើម។
ស្របគ្នានេះ ក្រសួងអប់រំ នឹងចាត់វិធានការបន្ទាន់មួយ ដែលអាចនិយាយបានថា នឹងជួយសង្គ្រោះអនាគតក្រុមយុវជន ដែលអាចប្រឡងធ្លាក់ ដោយសារតែកំណែទម្រង់ដ៏ឆាប់រហ័សនោះ។ វិធានការបន្ទាន់នោះ គឺការប្រឡងលើកទី២។
តើការប្រឡងលើកទី២នេះ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
នៅពេលកំណែទម្រង់អប់រំចាប់ផ្ដើម ដោយយកករណីប្រឡងបាក់ឌុប ជាគន្លឹះ ចំនួនសិស្សប្រឡងជាប់ទំនងផ្លាស់ប្ដូរស្ទើរស្មានមិនត្រូវ បើប្រៀបធៀបនឹងឆ្នាំមុន។ ពិតមែនថាមិនទាន់មានលទ្ធផលផ្លូវការ ក៏ក្រសួងអប់រំ បានដឹងហើយថា ចំនួនអ្នកជាប់ទំនងមានប្រមាណ ២០% គឺផ្ទុយគ្នាស្រឡះពីឆ្នាំកន្លងទៅ ដែលមានអ្នកជាប់ចំនួនជាង ៨០% នៃចំនួនបេក្ខជនចូលរួមប្រឡង។
បញ្ហាចំនួនសិស្សជាប់ថយចុះនេះ ក្រសួងត្រៀមចាត់វិធានការសង្គ្រោះបន្ទាន់ ដើម្បីស្រោចស្រង់ស្ថានភាព ឬហៅថា ប្រឡងលើកទី២។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន មានប្រសាសន៍ថា ការប្រឡងលើកទី២ កម្ពុជា ធ្លាប់ធ្វើកាលពីអតីតកាល ប៉ុន្តែការកំណត់បែបនេះ គឺពុំមានចែងក្នុងច្បាប់អប់រំទេ។ វិធានការបែបនេះ ជាការផ្ដល់ឱកាសអោយសិស្ស៖ «ជួនកាលថាបេក្ខជនរបស់យើងអាចថា ពេលដែលគាត់ធ្វើ គឺគាត់ថ្លោះធ្លោយប្រការ ឬក៏វប្បធម៌នៃការប្រឡងដែលមានភាពស្អាតស្អំហ្នឹង វាខានជួបច្រើនឆ្នាំមកហើយ មកវិញចឹងអាចថាការត្រៀមខ្លួនរបស់គាត់មិនពេញលេញ។ ខ្ញុំថា ការផ្តល់ឱកាសនេះ ខ្ញុំគិតថា វាជាការល្អវិញ ព្រោះអ្នកខ្លះគាត់ខកខានថ្លោះធ្លោយក្នុងប្រការណាមួយ គាត់អាចមានលទ្ធភាព មានឱកាសម្តងទៀត គឺជាការល្អ»។
គម្រោងរបស់ក្រសួងអប់រំ នេះ ក៏បានការគាំទ្រភ្លាមៗដែរពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «បានសេចក្តីថា អ្នកដែលប្រឡងលើកទី១ មិនជាប់ អាចអនុញ្ញាតអោយប្រឡងលើកទី២ ដោយការអប់រំបើកការប្រឡងទៀត ហើយដើម្បីរយៈពេល១ខែ ឬមួយខែកន្លះហ្នឹង អោយប្រឹងរៀន ពេលហ្នឹងប្រឹងតែម្តង ព្រោះអត់មានឱកាសអីចម្លងវិញ្ញាសា លួចចម្លងគ្នាអីទៀតទេ»។
ក្រុមអ្នកធ្វើការងារក្នុងវិស័យអប់រំ និងអ្នកសង្កេតការណ៍ មើលឃើញថា ការប្រឡងលើកទី២ ពុំមែនជាតម្រូវការចាំបាច់ក្នុងការជំរុញគុណភាពអប់រំឡើយ ប៉ុន្តែអាចនឹងជំរុញអោយមានលំអាននៃការពឹងផ្អែកលើការប្រឡង២លើក។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល លើកឡើងថា លោកគាំទ្រចំពោះការផ្ដល់ឱកាសអោយសិស្ស ប៉ុន្តែលោកមិនរំពឹងទេថា ការប្រឡងលើកទី២នោះ អាចនឹងដំណើរការតឹងរ៉ឹងដូចលើកទី១ឡើយ៖ «គឺជាការបញ្ជូនសារមួយទៅយុវជនថា គាត់អាចមានការយោគយល់ ហើយផ្តល់ឱកាសជាលើកទី២ ប្រសិនបើគាត់ប្រឡងធ្លាក់ ចឹងបានន័យថា គាត់មិនចាំបាច់ខំប្រឹងអីពេកដែរ ព្រោះថាគាត់ប្រឡងធ្លាក់ គាត់អាចមានឱកាសលើកទី២ទៀត ចឹងការប្រឡងហ្នឹង មិនសូវមានតម្លៃ ហើយការរឹតបន្តឹងពេលកន្លងមកហ្នឹង ហាក់ដូចជាយើងមិនបានអោយតម្លៃពេញលេញថាវាសារសំខាន់សម្រាប់ការរឹតបន្តឹងគុណភាពអប់រំទេ»។
ក្នុងការប្រឡងដែលបានបញ្ចប់ទៅ អង្គការតម្លាភាពកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ បានសហការដាក់យុវជនចំនួន ២.០០០នាក់ អោយចូលរួមអង្កេតការណ៍។
បើតាម លោក ព្រាប កុល ក្រុមរបស់លោកនឹងមិនមានលទ្ធភាពចូលរួមសង្កេតការណ៍ប្រឡងនៅលើកទី២ឡើយ ព្រោះថវិកាជំនួយមានកំណត់។ លើសពីនេះ លោក ព្រាប កុល បានហៅគម្រោងអោយមានការប្រឡងលើកទី២នេះថា មិនខុសអ្វីនឹងការសាងផ្លូវរួចហើយ ទើបដឹងថា ភ្លេចកសាងប្រព័ន្ធលូបង្ហូរទឹកនោះឡើយ៖ «មិនមានខំមិនអីទៅលើការចាត់វិធានការហ្នឹងទេ ប៉ុន្តែយើងដឹងថាស្រុកខ្មែរយើងធ្លាប់មានការធ្វេសប្រហែស ឬការខ្វះចន្លោះ។ ជួនកាលទៅវិធានការហ្នឹងគិតឃើញភ្លាមធ្វើភ្លាម ហើយមិនបានគិតអោយបានគ្រប់ជ្រុងជ្រោយ ដល់ពេលលទ្ធផលទៅដូរមិនសូវស្រួលទៅ ក៏ធ្វើអ្វីមួយឡើងវិញ ដើម្បីកែតម្រូវ ឬសម្រួលស្ថានភាព»។
ចំពោះប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន យល់ថា ក្រសួងគួរគិតគូរពីតម្រូវការផ្សេងៗនៅក្នុងវិស័យអប់រំ។ លោកហៅគម្រោងត្រៀមប្រឡងលើកទី២ នៅពេលនេះថា ជាការបំពេញតាមតម្រូវរបស់គ្រឹះស្ថានឧត្ដមសិក្សាឯកជន ដែលនឹងស្រូបទាញសិស្សប្រឡងជាប់រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ៖ «គ្រាន់តែជាការផ្គាប់ចិត្តនាយករដ្ឋមន្ត្រី ផ្គាប់ចិត្តទៅនឹងសាកលវិទ្យាល័យ មហាវិទ្យាល័យ ពីព្រោះបើសិស្សជាប់តិចតួច មហាវិទ្យាល័យមួយចំនួននឹងត្រូវឈរជើងហើយ អត់មានសិស្សទៅរៀនទៅសូត្រអីហ្នឹង»។
យ៉ាងណា ក៏គម្រោងរបស់ក្រសួងអប់រំ នេះ ត្រូវលោកនាយករដ្ឋមន្ត្រីអះអាងគាំទ្រជាសាធារណៈ។ លោកនាយករដ្ឋមន្ត្រី មិនបានអះអាងថា ការធ្វើបែបនេះដើម្បីតម្រូវតាមគ្រឹះស្ថានឯកជនទេ ប៉ុន្តែក៏លោកមិនទុកអោយវិស័យឯកជនដួលរលំដែរ៖ «ដឹងហើយនយោបាយរបស់ខ្ញុំ ដែលខ្ញុំបានអនុវត្ត ខ្ញុំសុខចិត្តអោយសាលារដ្ឋ អោយសហគ្រាសរដ្ឋដួលរលំ តែខ្ញុំមិនអោយពន្លកនៃវិស័យឯកជនរិចរិលទេ។ យើងមិនដែលមានការរើសអើងរវាងសាលារដ្ឋ និងសាលាឯកជនទេ។ វិស័យមួយចំនួនត្រូវបាន គឺថា ទោះបីជាអោយធ្វើក៏ធ្វើមិនកើតដែរ ការពារជាតិមិនអាចឯកជនធ្វើបានទេ គឺត្រូវមានសកលវិទ្យាល័យការពារជាតិ ដែលដំណើរការសព្វថ្ងៃនេះ។ ក្រៅពីនេះ នៅផ្នែកវេជ្ជសាស្ត្រក៏ត្រូវបានពង្រឹងដែរ ព្រោះហ្នឹងទាក់ទងនឹងសន្តិសុខជាតិ ទាក់ទងជាមួយជីវិតមនុស្ស។ ប៉ុន្តែការរៀនជាទូទៅយើងអត់បានបែងចែកថានេះសាលារដ្ឋត្រូវលើកទឹកចិត្ត ត្រូវផ្តល់អាទិភាពស្អីទេ»។
លោកនាយករដ្ឋមន្ត្រី ក៏បានលើកពីភាពចាំបាច់ក្នុងការជ្រើសយកគម្រោងនេះ បើទោះបីជាត្រូវចំណាយថវិកាបន្ថែមក៏ដោយចុះ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា វិធីនេះ គឺប្រសើរជាងការបន្ថយពិន្ទុគោលដែលអាចប្រឡងជាប់៖ «សំឡេង»។
ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុប ឆ្នាំ២០១៤ នេះ ក្រសួងបានចំណាយប្រាក់សរុបចំនួន ៤លានដុល្លារ ដែលបានកើនឡើងទ្វេដង បើប្រៀបធៀបនឹងការចំណាយនៅឆ្នាំមុនៗ។ ប្រសិនបើមានការប្រឡងលើកទី២នោះទៀត គឺមានន័យថា ប្រឡងបាក់ឌុបឆ្នាំនេះ អាចនឹងថ្លៃជាងឆ្នាំមុនប្រមាណ ៤ដងដែរ។ អ្នកវិភាគមួយចំនួនលើកឡើងថា នោះជាចំនួនដ៏ច្រើន បើប្រៀបធៀបនឹងថវិកាដែលក្រសួងទទួលបានពីថវិកាជាតិក្នុងឆ្នាំនេះ គឺជាង ២៣០លានដុល្លារ។
ក្រៅពីការប្រឡង លោកនាយករដ្ឋមន្ត្រី បានលើកពីការជំរុញកំណែទម្រង់ការអប់រំ ដោយលោកបានព្រលយលើកឧទាហរណ៍ពីការអប់រំនៅសហរដ្ឋអាមេរិក ជាទីដែលកូនប្រុសច្បងរបស់លោកបានទៅរៀន៖ «ខ្ញុំសូមលើកឧទាហរណ៍មួយ គឺសាលាវ៉េសផ័ញ (Westpoint) គឺសាលាគេហៅថាបណ្ឌិតសភាសហរដ្ឋអាមេរិក ១ឆ្នាំគេយកនិស្សិតបរទេសដូចជាត្រឹមតែ ១០នាក់។ ក្នុងនិស្សិត ១០នាក់នេះ គឺគេសុខចិត្តទុកកៅអីអោយនៅទំនេរ គេអត់រើសបំពេញអោយខាងគ្រប់ទាំង ១០នាក់ទេ»។
និយាយពីបទពិសោធន៍នៃការប្រឡងបាក់ឌុបក្នុងឆ្នាំនេះវិញ ក្រុមសង្គមស៊ីវិល ចាត់ទុកថា ជាការរកឃើញដ៏ល្អមួយសម្រាប់ការកសាងផែនការយុត្តិសាស្ត្រកែទម្រង់វិស័យអប់រំ។
លោក ព្រាប កុល បានលើកឡើងនូវចំណុចមួយចំនួនដែលក្រសួងត្រូវបំពេញបន្ទាន់ ក្នុងការលើកស្ទួយគុណភាពអប់រំ៖ «ត្រូវមើលជាលក្ខណៈរួម មើលជាប្រព័ន្ធ មិនមែនគ្រាន់តែយើងរឹតបន្តឹងការប្រឡង ហើយយើងមិនបានចាត់វិធានការដូចជាកែតម្រូវកម្មវិធីសិក្សា ផ្តល់ប្រាក់ឧបត្ថម្ភអោយលោកគ្រូអ្នកគ្រូ អោយបានសមរម្យ ហើយមានវិន័យ ពង្រឹងការគោរពវិន័យគោរពពេលវេលាគ្រូបង្រៀនអោយបានទៀងទាត់»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន មានប្រសាសន៍ថា ក្រសួងមានផែនការអភិវឌ្ឍន៍វិស័យអប់រំរួចជាស្រេច ប៉ុន្តែក៏នឹងបង្កើតគម្រោងថ្មី បន្ទាប់ពីបានបទពិសោធន៍នៅក្នុងការប្រឡងក្នុងឆ្នាំនេះ៖ «មានវិធានការ ៨ចំណុច យើងមានផែនការយុទ្ធសាស្ត្រ ២០១៤ ដល់ ២០១៨ មានកម្មវិធី និងគម្រោងនានា អនុវត្តសម្រាប់អភិវឌ្ឍការអប់រំ។ ប៉ុន្តែការប្រឡងនេះ ជាការចាប់ផ្ដើមមួយ ជាការចាប់ជីពចរ ដើម្បីអោយដំណើរផ្សេងៗហ្នឹងវាព្រមគ្នា។ ហើយយើងមានបទពិសោធន៍ឆ្នាំនេះ យើងនឹងពិនិត្យបន្ថែមទៀត»។
ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០១៤ មានបេក្ខជនសរុបចំនួនជាង ៩ម៉ឺននាក់។ ក្នុងការប្រឡងនេះ មានការរឹតបន្តឹង ដែលអាចទប់ស្កាត់បានការលួចចម្លង ការប្រឡងជំនួស អំពើពុករលួយតាមមណ្ឌល និងបន្ទប់ប្រឡង និងការបែកធ្លាយវិញ្ញាសា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
