ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា តែងតែទៅទស្សនកិច្ចនៅប្រទេសចិន ច្រើនជាងគេ។ រាល់ទស្សនកិច្ចម្ដងៗ ថ្នាក់ដឹកនាំប្រទេសទាំងពីរ តែងតែចុះកិច្ចព្រមព្រៀងសំខាន់នានាដូចជា ការធ្វើពាណិជ្ជកម្ម ការលើកលែងពន្ធ រួមទាំងការផ្ដល់កម្ចីដល់ប្រទេសកម្ពុជា ជាដើម។
ទំនាក់ទំនងនេះ កាន់តែបង្ហាញភាពជិតស្និទ្ធរហូតដល់កម្ពុជា ទទួលស្គាល់ថា ប្រទេសចិន ជាដៃគូអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយដែលមិនអាចខ្វះបាន។
តើភាពជាដៃគូនេះ អាចជំរុញសេដ្ឋកិច្ចកាន់តែរឹងមាំ ឬបង្កជាហានិភ័យសម្រាប់សង្គមកម្ពុជា នាពេលអនាគត?
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រឡប់ពីទស្សនកិច្ចពីប្រទេសចិន ម្ដងៗ លោកតែងតែបង្ហាញលទ្ធផលពីទស្សនកិច្ចរបស់លោក ដូចជា ការទទួលបាននូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើផ្នែកសេដ្ឋកិច្ច យោធា និងកម្ចីសម្បទាន។ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០១៤ នៅពេលដែលលោកទៅចូលរួមពិព័រណ៍ចិនអាស៊ាន លើកទី១១ លោក ហ៊ុន សែន បានស្នើសុំទៅរដ្ឋាភិបាលចិន ផ្តល់គម្រោងកម្ចីក្នុងផ្នែកសហប្រតិបត្តិការទ្វេភាគី សម្រាប់វិស័យការពារជាតិ និងសន្តិសុខជាតិ។
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន មានប្រសាសន៍នៅពេលវិលត្រឡប់មកពីចូលរួមពិព័រណ៍ចិនអាស៊ាន លើកទី១១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះថា លោកនាយករដ្ឋមន្ត្រីបានស្នើសុំចិន អនុញ្ញាតឲ្យមានការនាំចូលនូវផលិតផលកសិកម្មជាច្រើន ដូចជា អង្ករដោយមិនមានបង់ពន្ធគយ។ ក្រៅពីនេះ ប្រទេសចិន ក៏បានសន្យាផ្ដល់ប្រាក់ចំនួន ២០០លានយន់ សមាមាត្រនឹងទឹកប្រាក់ជាង ៣២លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជា បន្ទាប់ពីកម្ពុជា ទើបតែបានទទួលកម្ចីប្រមាណ ១០០លានដុល្លារអាមេរិក កាលពីខែសីហា ឆ្នាំ២០១៤ កន្លងទៅ។
ទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ថា ការផ្ដល់ហិរញ្ញវត្ថុពីប្រទេសចិន បានជួយប្រទេសកម្ពុជា ក្នុងការធ្វើសមាហរណកម្មកម្ពុជា ភ្ជាប់ជាមួយអាស៊ាន និងក្នុងតំបន់ តាមរយៈការភ្ជាប់ទំនាក់ទំនងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការភ្ជាប់បណ្ដាញអគ្គិសនី។
ប៉ុន្តែ ស្ថាប័នស្រាវជ្រាវ និងអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនយល់ឃើញថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន បានផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងនោះ កម្ពុជា ទទួលបានប្រាក់កម្ចី និងការសម្រួលសម្រាប់វិស័យពាណិជ្ជកម្ម ប៉ុន្តែចិន វិញទទួលបានកិច្ចសន្យារុករករ៉ែនៅប្រទេសកម្ពុជា និងការពង្រឹងអំណាចទីតាំងភូមិសាស្ត្រនៅតំបន់អាស៊ី។
ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចប្រទេសចិន បច្ចុប្បន្ន ត្រូវការធនធានមកពីប្រទេសខាងក្រៅ ដើម្បីពង្រឹង និងលើកស្ទួយសេដ្ឋកិច្ចរបស់ខ្លួន។ ជាក់ស្ដែង ការជួយជ្រោមជ្រែងរបស់ចិន មកលើប្រទេសកម្ពុជា គឺជាថ្នូរនៃការទទួលបានដីសម្បទានសេដ្ឋកិច្ចលំដាប់លេខពីរ បន្ទាប់ពីប្រទេសវៀតណាម ដើម្បីរុករកធនធានធម្មជាតិ៖ «សំឡេង»។
បន្ថែមលើនេះ អ្នកវិភាគមួយចំនួនទៀតយល់ឃើញថា ស្របពេលប្រទេសចិន បានផ្ដល់កម្ចីកាន់តែច្រើនដល់កម្ពុជា ការវិនិយោគមកពីប្រទេសចិន វិញ ក៏មានចំនួនកាន់តែច្រើនដែរ ដែលបញ្ហានេះ ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើការសិក្សាអំពីផលប៉ះពាល់ និងការចូលរួមចំណែកដល់សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា បច្ចុប្បន្ន។
អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា លោក ស្រី ចន្ធី វិញយល់ឃើញថា តួនាទីរបស់ចិន នៅប្រទេសកម្ពុជា បង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា និងការផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចនៅក្នុងរយៈពេលវែង។ ប៉ុន្តែលោកបញ្ជាក់ទៀតថា ឱកាសទទួលបានផលប្រយោជន៍ច្រើនពីប្រទេសចិន គឺអាស្រ័យផែនការ និងការអនុវត្ត ដើម្បីប្រើប្រាស់កម្ចី និងការវិនិយោគរបស់ចិន នៅប្រទេសកម្ពុជា៖ «សំឡេង»។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ការវិនិយោគរបស់ចិន ភាគច្រើន គឺនៅក្នុងវិស័យកសិកម្ម ការរុករករ៉ែ ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលកាត់ដេរ។ ចំណែកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន បានកើនឡើងដល់ទំហំ ៣ពាន់លានដុល្លារ ហើយរំពឹងថានឹងកើនឡើងដល់ ៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៧។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថា ប្រទេសចិន បានផ្ដល់ទឹកប្រាក់សរុប ២,៨៥ពាន់លានដុល្លារដល់កម្ពុជា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៤ ហើយទឹកប្រាក់ភាគច្រើនបំផុតជាកម្ចីសម្បទាន ដែលប្រទេសកម្ពុជា ត្រូវសងត្រឡប់ទៅប្រទេសចិន វិញនៅពេលអនាគត។ ចំពោះការវិនិយោគដោយផ្ទាល់របស់ប្រទេសចិន នៅកម្ពុជា នៅចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១២ មានតម្លៃជិត ១០ពាន់លានដុល្លារអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ក្នុងនោះរួមមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរិះគន់តួនាទីរបស់ចិន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា គឺឡើងរូបភាពជាកម្ចីសម្បទាន មិនមែនការផ្ដល់ជំនួយឥតសំណងនោះទេ។ ការផ្ដល់ជំនួយឥតសំណងនេះ ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ធ្លាប់បានរិះគន់ថា ជំនួយ និងកម្ចីរបស់ប្រទេសចិន បានប៉ះពាល់សង្គម និងប្រជាពលរដ្ឋកម្ពុជា យ៉ាងធ្ងន់ធ្ងរ ក្នុងនោះបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា បានបាត់បង់ដីធ្លីផ្ទះសម្បែង ប៉ះពាល់ដល់បរិស្ថាន និងបន្ទុកនៃការជំពាក់បំណុលបរទេសរបស់ប្រជាពលរដ្ឋកម្ពុជា នឹងកើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
