មជ្ឈដ្ឋានជាច្រើនរិះគន់ថា អំពើពុករលួយនៅកម្ពុជា ជាឋានសួគ៌សម្រាប់ក្រុមអ្នករកស៊ីទុច្ចរិត ដោយមានប្រព័ន្ធការពារយ៉ាងមានប្រសិទ្ធភាព និងពីក្រុមអ្នកមានអំណាចកំពូលៗដែលរកស៊ីហ៊ុនគ្នា។ ក្រុមអ្នករិះគន់និយាយថា ដើម្បីបំបាត់អំពើពុករលួយ គួរចាំបាច់ត្រូវសម្អាតពីថ្នាក់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលជាមុន។
អ្នកឃ្លាំមើលបញ្ហាសង្គមនៅកម្ពុជា អោយដឹងដែរថា អំពើពុករលួយនៅកម្ពុជា បានជ្រួតជ្រាបជោកជាំតាំងពីលើក្បាលហៀរដល់កែងជើង តាំងពីព្រំដែនខាងកើត ហៀរដល់ព្រំដែនខាងលិច។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម លោក កែម ឡី អះអាងថា ច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា ប្រៀបដូចជាឧបករណ៍មួយសម្រាប់គំរាម ឬចាប់ក្រុមមន្ត្រីទាំងឡាយណាដែលធ្លាប់ប្រព្រឹត្តអំពើពុករលួយ ហើយមានបំណងក្បត់ក្រុមទៅចុះចូលជាមួយក្រុមប្រឆាំង៖ «ម្នាក់ឯងមិនអាចប្រព្រឹត្តអំពើពុករលួយបានទេ។ ទាល់អ្នកហ្នឹងមានអំណាច មានបុណ្យស័ក្តិ មានកន្លែងហ្នឹងទើបអាចប្រព្រឹត្តអំពើពុករលួយបាន។ ហើយអំពើពុករលួយដែលគេខំលាក់ គេខំធ្វើបទអន្តរាគមន៍អីហ្នឹង គឺដើម្បីហេតុផលនយោបាយ។ កាលណាមានមន្ត្រីណាម្នាក់អាចមានទស្សនៈនយោបាយផ្សេង ចង់ទៅចូលគណបក្សនេះ ចង់ទៅចូលគណបក្សនោះ គេអាចយករបកគំហើញនៃករណីអំពើពុករលួយហ្នឹងទៅចោទប្រកាន់ជាប់គុកនៅតុលាការភ្លាម។ គេអាចរឹបអូសទ្រព្យសម្បត្តិទាំងអស់។ អ៊ីចឹងអាហ្នឹងហើយដែលគេមិនចាត់ការ ហើយថែមទាំងគាំទ្រអន្តរាគមន៍ ដើម្បីដាក់មនុស្សនៅក្នុងទ្រុង»។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលតែងនិយាយថា ប្រទេសណាក៏មានអំពើពុលរលួយដែរ រួមទាំងសហរដ្ឋអាមេរិក ដែលជាប្រទេសល្បីខាងការអនុវត្តច្បាប់ ក៏មានអំពើពុករលួយដែរ។
អ្នកឃ្លាំមើលជាច្រើននិយាយថា រដ្ឋាភិបាលកម្ពុជា និយាយត្រូវតែចំកន្លែងខុស ឬនិយាយមិនអស់។ សហរដ្ឋអាមេរិក ពិតជាមានមន្ត្រីពុករលួយមែន ក៏ប៉ុន្តែមន្ត្រីទាំងនោះមិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ។ ជាក់ស្តែងដូចជា អតីតអភិបាលរដ្ឋវឺជីនីញ៉ា (Virginia) លោក រូប៊ឺត ម៉ាកដូនណេល (Robert McDonnell) កាលពីពេលថ្មីៗនេះ ត្រូវបានគេរកឃើញថា បានប្រព្រឹត្តអំពើពុករលួយរហូតដល់ទៅ ១១ករណី ក្នុងការទទួលសំណូកចំនួន ១សែន ២ម៉ឺនដុល្លារ ដើម្បីធ្វើឯកសារក្លែងក្លាយលក់ការិយាល័យ ដែលធ្លាប់កាន់កាប់ដោយអតីតប្រធានាធិបតី លោក ថូម៉ាស ជឺហ្វើស៊ុន (Thomas Jefferson) ក្នុងអំឡុងឆ្នាំ១៨០១ ដល់ឆ្នាំ១៨០៩ ដែលជាអគារប្រវត្តិសាស្ត្រមួយ។ សវនាការជំនុំជម្រះសំណុំរឿងចោទប្រកាន់នេះ នឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំក្រោយ។ ប្រសិនបើតុលាការអាមេរិក រកឃើញថា លោក រូប៊ឺត ម៉ាកដូនណេល មានទោស ជនជាប់ចោទរូបនេះនឹងរងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំ។
ចំណែកនៅកម្ពុជា វិញ កុំថាឡើយអគារប្រវត្តិសាស្ត្រ កុំថាឡើយវត្តអារាម សាលារៀន ក្រសួង មន្ទីរ ស្តាតអូឡាំពិក តែសូម្បីត្រពាំងបឹងបួ ព្រៃឈើ ក៏លក់គ្មានសល់។ ការលក់ដូរ ឬដោះដូរទ្រព្យសម្បត្តិរដ្ឋទាំងអស់នេះ មិនបានធ្វើឡើងដោយតម្លាភាព និងមិនស្របច្បាប់។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺទឹកប្រាក់ដែលបានមកពីការលក់ដូរទាំងនេះ មិនឃើញមានដាក់បង្ហាញក្នុងខ្ទង់ចំណូលចំណាយរបស់រដ្ឋឡើយ។ ប្រការនេះ ធ្វើអោយពលរដ្ឋខ្មែរដែលជាម្ចាស់ និងមន្ត្រីរាជការភាគច្រើនដែលមិនពាក់ព័ន្ធនឹងការលក់ដូរទ្រព្យសម្បត្តិរដ្ឋនោះ មិនអាចដឹងបានឡើយ។
នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ប្រេដ អាដាម (Brad Adams) អះអាងថា មន្ត្រីរាជការដែលពុករលួយ ដោយសារពួកគេទទួលសំណូក និងទាមទារសំណូក ដើម្បីបញ្ចេញកិច្ចសន្យារវាងរដ្ឋ និងក្រុមហ៊ុន។ លោកបន្តថា ពួកគេលួចយកថវិកាដែលបែងចែកសម្រាប់វិស័យផ្សេងៗ ក្នុងនោះមានវិស័យយោធា ដូចជា សម្ភារៈ និងឯកសណ្ឋានសម្រាប់កងទ័ព ជាដើម។ លើសពីនេះ ពួកគេលក់ទ្រព្យសម្បត្តិធនធានធម្មជាតិរបស់ជាតិ ដើម្បីយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន។ បញ្ហានេះនៅតែបន្តកើតមាន បើទោះបីកម្ពុជា មានច្បាប់ប្រឆាំងអំពើពុករលួយតែសម្បកក្រៅក៏ដោយ។
លោក ប្រេដ អាដាម និយាយថា ច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា គឺគ្រាន់តែជាច្បាប់កំប្លុកកំប្លែងមួយប៉ុណ្ណោះ៖ «ច្បាប់នោះមិនមានប្រសិទ្ធភាពទេ ពីព្រោះអង្គភាពប្រឆាំងអំពើពុករលួយត្រួតត្រាគ្រប់គ្រងដោយមនុស្សដែលត្រូវបានចាត់តាំងដោយនយោបាយ មិនមែនគ្រប់គ្រងដោយអ្នកបច្ចេកទេសមានជំនាញ និងឯករាជ្យទេ។ នៅហុងកុង (Hong Kong) និងសិង្ហបុរី (Singapore) ការប្រឆាំងអំពើពុករលួយ ទទួលបានជោគជ័យទៅបាន គឺដោយសារគណៈកម្មការប្រឆាំងអំពើពុករលួយ គ្រប់គ្រងដោយអ្នកបច្ចេកទេស មានជំនាញដែលឯករាជ្យពីអ្នកនយោបាយ ហើយមានធនធានគ្រប់គ្រាន់សម្រាប់ដំណើរការងារនេះ។ ប៉ុន្តែមានការគាំទ្រពីក្រុមអ្នកនយោបាយអោយអនុវត្តបេសកកម្មនេះដោយឯករាជ្យ»។
លោកបន្តថា អ្វីដែលលោកចង់ឃើញ គឺមានមន្ត្រីដែលមានអំណាច ឬអ្នកនយោបាយពុករលួយដ៏មានឥទ្ធិពលទាំងឡាយណា ដែលមានសម្ព័ន្ធភាពស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រី ឬជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ត្រូវបានស៊ើបអង្កេត ត្រូវបានចោទប្រកាន់ និងត្រូវបានចាប់ខ្លួនដោយស្ថាប័នឯករាជ្យពីបទពុករលួយពេលនោះ ទើបមជ្ឈដ្ឋានជាតិ និងអន្តរជាតិ អាចចាប់ផ្ដើមជឿថា មានសញ្ញានៃសកម្មភាពបំបាត់អំពើពុករលួយចាប់ផ្ដើមមែនទែននៅកម្ពុជា។ បើមិនដូច្នេះទេ នោះសកម្មភាពប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា គ្រាន់តែត្រូវគណបក្សកាន់អំណាច ប្រើដើម្បីបង្ក្រាបក្រុមបក្សប្រឆាំង និងជនណាដែលហ៊ានជំទាស់នឹងរដ្ឋាភិបាលប៉ុណ្ណោះ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានបដិសេធមិនផ្តល់សេចក្តីអត្ថាធិប្បាយតាមទូរស័ព្ទដល់វិទ្យុអាស៊ីសេរី ជុំវិញបញ្ហានេះទេ៖ «សុំទោសខ្ញុំអត់ផ្តល់សម្ភាសតាមទូរស័ព្ទទេបាទ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា ការបំបាត់អំពើពុករលួយនៅកម្ពុជា គឺត្រូវបានធ្វើឡើងតាមនីតិវិធីច្បាប់ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់៖ «អ្នកប្រឆាំងនឹងអំពើពុករលួយ គឺមានតែសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទេ ដែលលះបង់គ្រប់បែបយ៉ាងបង្កើតជាច្បាប់។ ទោះបីជាច្បាប់ប្រឆាំងអំពើពុករលួយ មានការរិះគន់ពី លោក ប្រេដ អាដាម យ៉ាងណាក៏ដោយ ក៏ប៉ុន្តែយើងមិនមែននិយាយបានត្រឹមតែបបូរមាត់ចង្អុលដៃនោះទេ គឺយើងធ្វើទៅតាមផែនការការងារ និងសកម្មភាពរបស់យើង ដែលរាប់ទាំងពីក្នុងកិច្ចការអប់រំ ដើម្បីឲ្យគេចូលរួមប្រឆាំងអំពើពុករលួយ។ អាស្រ័យហេតុដូច្នេះ អំពើពុករលួយខាងជ្រុងមន្ត្រីសាធារណៈ ខាងរាជរដ្ឋាភិបាលយើងបានធ្វើគ្រប់គ្រាន់ហើយ។ យើងមានកិត្តិយសរបស់យើង។ មិនមែនមន្ត្រីរដ្ឋាភិបាលទាំងអស់សុទ្ធសឹងជាមនុស្សពុករលួយទេ សូមឲ្យ លោក ប្រេដ អាដាម យល់។ យើងខ្ញុំក៏ជាមនុស្ស យើងមានកិត្តិយស យើងខ្ញុំក៏ជាមនុស្សដែរ»។
សន្ទស្សន៍ប្រចាំឆ្នាំ២០១៣ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) បង្ហាញថា កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី១៦០ ក្នុងចំណោមប្រទេសចំនួន១៧៧ លើពិភពលោក ដែលមានអំពើពុករលួយខ្លាំងជាងគេ។ ចំណាត់ថ្នាក់របស់កម្ពុជា នៅអន់ជាងវៀតណាម (Vietnam) ថៃ (Thailand) ឡាវ (Lao) ភូមា (Burma or Myanmar) ចិន (China) និងប្រទេសបង់ក្លាដេស (Bangladesh)។
អង្គការអន្តរជាតិមួយនេះរកឃើញថា កត្តាដែលនាំឲ្យមានអំពើពុករលួយ ដោយសារប្រព័ន្ធតុលាការស្ថិតក្រោមអំណាចនយោបាយ អភិបាលកិច្ចទន់ខ្សោយ សេរីភាពរបស់ពលរដ្ឋរងការគំរាមកំហែង និងរឹតត្បិត ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងគ្មានការទទួលខុសត្រូវ។
សម្រាប់សហរដ្ឋអាមេរិក វិញ ក៏មិនល្អឥតខ្ចោះនោះដែរ អង្គការតម្លាភាពអន្តរជាតិ បានឲ្យចំណាត់ថ្នាក់ឲ្យប្រទេសមហាអំណាចមួយនេះលេខ១៩ ដែលជាកម្រិតមួយនៅទាបជាងកាណាដា (Canada) អង់គ្លេស (England) ឬ អាល្លឺម៉ង់ (Germany) ជាដើម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រាល់មន្ត្រីធំៗក្នុងជួររដ្ឋាភិបាល ទទួលសំណូកប្រព្រឹត្តអំពើពុករលួយ ឬការកេងប្រវ័ញ្ចថវិការដ្ឋនោះ តែងត្រូវបាននាំយកមកកាត់ទោសចំពោះមុខច្បាប់។
ចំណែកកម្ពុជា វិញ មនុស្សស្ទើរគ្រប់គ្នាទៅហើយដឹងថា អំពើពុករលួយ និងនិទ្ទណ្ឌភាព បានចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមខ្មែរ ជាពិសេសនៅក្នុងរង្វង់សាច់សាលោហិត និងបក្ខពួករបស់នាយករដ្ឋមន្ត្រីតែម្តង។
រីឯនៅតាមក្រសួងមន្ទីររបស់រាជការវិញ រាល់ថវិកាពីចំណូល និងចំណាយ នៅតែជាចំណុចរសើបមួយរបស់ក្រុមរដ្ឋមន្ត្រី ក្នុងការលាតត្រដាងទៅសាធារណជន។
ក្រុមសង្គមស៊ីវិលរិះគន់ថា ថវិកាជាតិប្រើប្រាស់កន្លងមករបស់រដ្ឋាភិបាល មិនមានតម្លាភាពនោះទេ។ ដោយពួកគេជំរុញឲ្យរដ្ឋាភិបាល លាតត្រដាងនូវថវិការដ្ឋទាំងអស់ដែលរកស៊ីបានមកពីគ្រប់វិស័យ។
ប្រធានអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព ហៅកាត់ថា ឌី.ភី.អេ (DPA) លោក ម៉ម សម្បត្តិ មានប្រសាសន៍ថា ពលរដ្ឋបានបង់ពន្ធជូនរដ្ឋ ដូច្នេះរដ្ឋាភិបាលត្រូវតែឲ្យប្រជាពលរដ្ឋបានដឹងអំពីចំណាយថវិកាជាតិប្រចាំឆ្នាំ ដែលសភាបានអនុម័តឲ្យស្ថាប័នរដ្ឋនីមួយៗប្រើប្រាស់នោះ៖ «លោកមានកាតព្វកិច្ចមួយដែលចង់ឲ្យរដ្ឋហ្នឹងបង្ហាញគណនេយ្យភាពចំពោះខ្លួន ព្រោះរាស្ត្រគាត់បានបង់ពន្ធសព្វសារពើទាំងអស់ជូនរដ្ឋ រួមមានអចលនទ្រព្យ យានយន្ត ផ្ទះសម្បែង។ ដូច្នេះ រាស្ត្រក៏ចង់ស្ដាប់ថា លុយទាំងអស់ចាយលើអី អាហ្នឹងជារឿងសំខាន់»។
ក្រុមអ្នកឃ្លាំមើលខ្លះនិយាយថា កុំថាឡើយប្រជាពលរដ្ឋសាមញ្ញ សូម្បីតែមន្ត្រីរាជការ ឬសមាជិកសភាពីខាងបក្សប្រឆាំង ក៏មិនដែលដឹងអំពីការប្រើប្រាស់ថវិកាជាតិ និងចំណូលពីធនធានធម្មជាតិ ទេសចរណ៍ ឬវិស័យវិនិយោគផ្សេងៗនោះដែរ។
អគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត (William Todd) កាលពីឆ្នាំ២០១៣ បានឲ្យដឹងថា ក្រុមវិនិយោគទុននៅតាមបណ្ដាប្រទេសលោកសេរីជាច្រើន តែងចង់មករកស៊ីនៅកម្ពុជា ប៉ុន្តែអំពើពុករលួយ និងប្រព័ន្ធតុលាការទន់ខ្សោយ ជាឧបសគ្គរារាំងដល់ការសម្រេចចិត្តរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
