ការឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ បានស្ងប់ស្ងាត់មួយរយៈ ដោយសារតែមានការរឹតបន្តឹងទីផ្សារដែលទទួលទិញឈើគ្រញូងទាំងនោះ។ ក៏ប៉ុន្តែនៅពេលរដ្ឋាភិបាលកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាកម្មករខ្មែរជាច្រើនម៉ឺននាក់ ដែលត្រូវរដ្ឋាភិបាលថៃ បញ្ជូនត្រឡប់មកវិញនោះ គឺក្រុមឈ្មួញខ្លះក៏ឆ្លៀតឱកាសដើរប្រមូលទិញឈើគ្រញូងជាថ្មី។
បញ្ហានេះ នៅតែធ្វើឱ្យប្រជាពលរដ្ឋខ្មែរខ្លះប្រឈមមុខនឹងការចាប់ខ្លួន ព្រមទាំងរងគ្រោះថ្នាក់ដោយសារតែទាហានថៃ បាញ់។
អ្នកភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងអំពាវនាវឱ្យអាជ្ញាធររដ្ឋាភិបាល ជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តស៊ីសាកេត របស់ថៃ ឱ្យដោះលែងប្រជាពលរដ្ឋខ្មែរ ៣នាក់ កងទាហានថៃ កំពុងចាប់ខ្លួន។
ការចាប់ខ្លួននោះ នៅពេលដែលអ្នកភូមិខ្មែរជាច្រើននាក់ បានឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដើម្បីកាប់ឈើគ្រញូងខុសច្បាប់យកមកលក់ឱ្យក្រុមឈ្មួញ។
អ្នកភូមិទំនប់អភិវឌ្ឍន៍ ម្នាក់ គឺអ្នកស្រី ណេត ហ៊ីង។ គាត់មានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ថា ទាហានថៃ បានចាប់ខ្លួនអ្នកភូមិរបស់គាត់ចំនួន ៣នាក់ កាលពីថ្ងៃទី២៥ កន្លងទៅ។ ប្អូនប្រុសរបស់គាត់ គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកទាំង ៣នាក់ ត្រូវទាហានថៃ ចាប់ខ្លួននៅតំបន់ព្រំដែនចំបក់កោង៖ «វានៅកន្លែងវាលរាំងជិតថ្នល់ក្រហម ប្រហែលជា ៣-៤ម៉ែត្រហ្នឹង គ្នាអត់ដែលទៅទេ ទើបតែទៅ ១ជើងហ្នឹង។ ទៅគ្នា ៩នាក់ ប៉ុន្តែរត់រួចអស់នៅជាប់តែ ៣នាក់»។
អ្នកភូមិបញ្ជាក់ថា ប្រជាពលរដ្ឋ ៣នាក់ ដែលទាហានថៃ ចាប់ខ្លួននោះ គឺឈ្មោះ យឿង ម៉ៅ អាយុ ៣៣ឆ្នាំ ឈ្មោះ ម៉ុន កុសល អាយុ ២៧ឆ្នាំ និងឈ្មោះ ណេត ស៊ីនួន អាយុ ២២ឆ្នាំ។
អនុប្រធានភូមិទំនប់អភិវឌ្ឍន៍ លោក ម៉ី វឿន ទទួលស្គាល់ថា ទាហានថៃ ពិតជាកំពុងចាប់ខ្លួនអ្នកភូមិរបស់លោកចំនួន ៣នាក់មែន៖ «៣នាក់ហ្នឹងកន្លងមកយូរៗគាត់ឆ្លៀត១ជើងទៅ ដល់១ជើងហ្នឹងកំពុងហូបបាយ ស្រាប់តែថៃ គេមកព័ទ្ធចាប់បណ្ដោយ»។
នៅភូមិទំនប់អភិវឌ្ឍន៍ និងភូមិអូរស្វាយ ដែលនៅជាប់គ្នានោះ ឧស្សាហ៍មានប្រជាពលរដ្ឋឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ យកមកលក់ឱ្យឈ្មួញ បណ្ដាលឱ្យអ្នកខ្លះត្រូវទាហានបាញ់ស្លាប់ និងអ្នកខ្លះទៀតត្រូវចាប់ខ្លួនជាបន្តបន្ទាប់។
អាជ្ញាធរមូលដ្ឋានពន្យល់ថា ប្រជាពលរដ្ឋដែលតែងនាំគ្នាឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ នោះ គឺជាអ្នកមានស្រែចម្ការធ្វើជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែពួកគេតែងគិតថា ទៅកាប់ឈើគ្រញូងយកមកលក់ ដើម្បីបានប្រាក់ទិញម៉ាស៊ុតចាក់គោយន្ត ដែលត្រូវការភ្ជួររាស់ ជាដើម។
អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកជាំសាង៉ាំ ស្រុកអន្លង់វែង លោក វរសេនីយ៍ តូច រ៉ា មានប្រសាសន៍ថា លោកទទួលព័ត៌មានមិនទាន់ច្បាស់លាស់ ជុំវិញការចាប់ខ្លួនប្រជាពលរដ្ឋខ្មែរ ៣នាក់នោះនៅឡើយទេ ហើយលោកកំពុងទាក់ទងទៅក្រុមការងារព្រំដែននៃខេត្តស៊ីសាកេត របស់ថៃ៖ «ខ្ញុំបានស្រាវជ្រាវហើយបញ្ហា ៣នាក់ហ្នឹង។ សុំឱ្យខាងថៃ គាត់ឆ្លើយមកវិញ តែគាត់ស្រាវជ្រាវអត់ទាន់ឃើញ។ អ៊ីចឹងបានជាខ្ញុំវាអត់ទាន់បានដំណឹងមកដែរ»។
អាជ្ញាធរខ្មែរនៅតាមព្រំដែនកម្ពុជាថៃ ឱ្យដឹងថា ចាប់តាំងពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០១៤ គឺនៅតែមានប្រជាពលរដ្ឋខ្មែរនាំគ្នាឆ្លងដែន ទៅកាប់ឈើគ្រញូងខុសច្បាប់។ បញ្ហានេះ នៅតែមានប្រជាពលរដ្ឋខ្មែររងរបួស ដោយសារទាហានថៃ បាញ់ ព្រមទាំងចាប់ខ្លួនយ៉ាងហោចណាស់ក៏ ៣នាក់ ក្នុង១ខែៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
