អ្នកសារព័ត៌មាន ៣រូប បានទទួលជ័យលាភីពីមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងការសរសេរបទយកការណ៍អំពីការប្រែប្រួលអាកាសធាតុ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង ថ្លែងថា ការផ្តល់ជ័យលាភីដល់អ្នកសារព័ត៌មានពីស្នាដៃសរសេរបទយកការណ៍ អំពីការប្រែប្រួលអាកាសធាតុ ក្នុងគោលបំណងលើកទឹកចិត្តអ្នកសារព័ត៌មានឲ្យងាកមកចាប់អារម្មណ៍ និងជួយផ្សាយព័ត៌មានពីបម្រែបម្រួលអាកាសធាតុ។ លោកបន្តថា អ្នកឈ្នះរង្វាន់ជ័យលាភីនោះ បានទទួលថវិកាស្មើគ្នា គឺ ៣០០ដុល្លារម្នាក់៖ «ព្រោះយើងគិតថា បម្រែបម្រួលអាកាសធាតុ វាជារឿងគ្រោះថ្នាក់មួយ ប៉ុន្តែផ្ទុយទៅវិញ មនុស្សអត់សូវចាប់អារម្មណ៍»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងថា អ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការផ្តល់សំឡេងទៅដល់អ្នកអត់សំឡេង។ លោកថា អត្ថបទប្រឡងជាប់ គឺអំពីការប្រែប្រួលអាកាសធាតុ អំពីបរិស្ថាន និងអំពីសន្តិសុខស្បៀង គឺអ្នកសរសេរស៊ីជម្រៅត្រូវតែប្រឡងជាប់។ លោកបន្តថា ទឹកជំនន់ក្នុងឆ្នាំ២០១៣ បានជន់លិចខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ជាដើម។ អ្នកស្រុកតែងតែបន្ទោសលើការកាប់ព្រៃឈើ។ ប៉ុន្តែ មិនមានអ្នកណាមួយនិយាយពីតំបន់នោះងាយរងនូវការជន់លិចពីទឹកភ្លៀងធ្លាក់មកពីភ្នំដងរែក ទេ៖ «អ៊ីចឹង ការស្វែងយល់អំពីបញ្ហានេះ គឺជាការសំខាន់ណាស់ដែលយើងត្រូវយល់ឲ្យបានដល់ស៊ីជម្រៅ ដើម្បីឲ្យយើងគិត តើយើងបញ្ចៀសប៉ុណ្ណា ហើយយើងត្រៀមរបៀបហ្នឹងត្រង់ណា? ដូច្នេះហើយ បើ ៣កញ្ចប់ ការប្រែប្រួលអាកាសធាតុ ការស្វែងយល់បរិស្ថាន និងសន្តិសុខស្បៀង ៣នេះគឺសំខាន់ដែលត្រូវជាប់»។
នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន និងជាតំណាងគណៈកម្មាធិការជ្រើសរើស និងវាយតម្លៃអត្ថបទ លោក មឿន ឈានណារិទ្ធ ឲ្យដឹងថា គណៈកម្មាធិការមាន ៥រូប ក្នុងនោះ ២រូបជាអ្នកសារព័ត៌មាន និង ៣រូប ជាអ្នកជំនាញខាងប្រែប្រួលអាកាសធាតុ។
«សំឡេង»
លោក ប៉ា ងួនទៀង ឲ្យដឹងថា កម្មវិធីផ្តល់រង្វាន់ដល់អ្នកសារព័ត៌មានចំនួន ៤លើកមកហើយ ចាប់ពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០១៣។ នៅឆ្នាំ២០១៣ មានអ្នកសារព័ត៌មាន ៩នាក់ បានដាក់អត្ថបទប្រឡងពីការប្រែប្រួលអាកាសធាតុ។ ក្នុងនោះ ៣នាក់សរសេរពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុស៊ីជម្រៅល្អជាងគេ គឺទី១ កញ្ញា ធិក កល្យាណ ជាអ្នកកាសែតភ្នំពេញប៉ុស្តិ៍ ប្រចាំខេត្តសៀមរាប ទី២ កញ្ញា ហេង លីនណា មន្ត្រីវិទ្យុជាតិចម្ការចេក ខេត្តបាត់ដំបង និងទី៣ លោក ឡៅ សំពរ មន្ត្រីទូរទស្សន៍ជាតិ ប្រចាំខេត្តបន្ទាយមានជ័យ។
ជ័យលាភីម្នាក់ គឺកញ្ញា ហេង លីនណា ថ្លែងថា អត្ថបទប្រឡងនោះ គឺចំណាយពេល ២សប្ដាហ៍ ដើម្បីបានព័ត៌មានពេញលេញក្នុងការចែករំលែកព័ត៌មានពីការប្រែប្រួលអាកាសធាតុ៖ «ដោយសារតែប្រភពទាក់ទងពិបាកដែរ ហើយក៏ត្រូវការចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ ដែលគាត់រងគ្រោះជាមួយការប្រែប្រួលអាកាសធាតុនៅឯអាងកំពីងពួយ ដែលកន្លែងបាក់ទំនប់តែម្តង»។
ជ័យលាភីម្នាក់ទៀត គឺលោក ឡៅ សំពរ ថ្លែងថា គាត់សរសេរអត្ថបទនោះបានក្បោះក្បាយ ដោយសារតែខេត្តបន្ទាយមានជ័យ បានរងគ្រោះទឹកជំនន់ខ្លាំងជាប់ៗគ្នាច្រើនឆ្នាំ។ ចំណែកព័ត៌មានអំពីការប្រែប្រួលអាកាសធាតុនេះ ក៏មិនបានទៅដល់ប្រជាពលរដ្ឋនៅទីនោះឡើយ៖ «ជាពិសេស គឺដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងគាត់បានយល់ ហើយនឹងត្រៀមលក្ខណៈក្នុងការការពារ ក៏ដូចជាបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ»។
ជ័យលាភីម្នាក់ទៀតមកពីស្ថាប័នអន្តរជាតិ គឺកាសែតភ្នំពេញប៉ុស្តិ៍ កញ្ញា ធិក កល្យាណ អះអាងថា អត្ថបទដែលគាត់ចង់ផ្សព្វផ្សាយ គឺគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ៖ «ជួយឲ្យប្រជាជន ក៏ដូចរដ្ឋាភិបាល យល់ដឹងអំពីផលលំបាករបស់ប្រជាជន ទាក់ទងជាមួយការប្រែប្រួលអាកាសធាតុ ហើយក៏ឲ្យប្រជាជនទូទាំងប្រទេសបានដឹងថា រាជរដ្ឋាភិបាលសព្វថ្ងៃនេះកំពុងអនុវត្តគោលនយោបាយ និងអនុសាសន៍អ្វីខ្លះក្នុងការជួយបន្ស៊ាំប្រជាជនគាត់ទៅលើការប្រែប្រួលអាកាសធាតុ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ឲ្យដឹងថា ក្រសួងបន្តគាំទ្ររាល់កម្មវិធីទាំងអស់ ក្នុងការលើកទឹកចិត្តអ្នកសារព័ត៌មាន។ លោកថា នៅពេលខាងមុខ នឹងមានការប្រឡងអំពីការសរសេរអត្ថបទអំពីសិទ្ធិនារី និងការជួយគាំពារសិទ្ធិកុមារ ហើយទៅថ្ងៃក្រោយទៀត អាចនឹងមានជ័យលាភីធំៗដល់អ្នកសារព័ត៌មានណាដែលសរសេរអំពីប្រសិទ្ធភាពដែលមានជះឥទ្ធិពលក្នុងសង្គមខ្លាំងជាងគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
