ពលករខ្មែរ ៣នាក់ ដែលធ្វើការជាអ្នកនេសាទតាមទូកនៅប្រទេសថៃ ត្រូវគេបញ្ជូនមកដល់កម្ពុជា វិញហើយ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកគេរកឃើញថា មានសារធាតុថ្នាំញៀនក្នុងខ្លួនដ៏ធ្ងន់ធ្ងរ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុម ច័ន្ទគា ឲ្យដឹងនៅថ្ងៃទី១ សីហា ថា គិតមកដល់ពេលនេះ បុរសទាំង ៣នាក់នោះ ត្រូវបានបញ្ជូនដល់លំនៅឋានវិញហើយ។ លោកបន្តថា ពលករទាំងនោះត្រូវរកឃើញថា រងការបង្ខំឲ្យប្រើប្រាស់ថ្នាំញៀន ខណៈពួកគេធ្វើការតាមទូកជាអ្នកនេសាទនៅក្នុងខេត្តស៊ុងខ្លា ប្រទេសថៃ នោះ៖ «មានលក្ខណៈបាត់បង់នូវសតិអារម្មណ៍ ដែលគាត់លក្ខណៈហាក់ដូចជាភ្លេចភ្លាំង លក្ខណៈហាក់ដូចជាភ័យ។ លក្ខណៈហាក់ដូចជានៅក្នុងហ្នឹងមានពោរពេញទៅដោយមនុស្សតក់ស្លុត និងអាចមានការបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន។ យើងឃើញហើយនៅខាងកំពង់ធំ ដែលមានឈ្មោះ ព្រំ ឡាយ នោះ គឺគាត់ បើនិយាយឲ្យចំ គឺគាត់អង្គុយអត់កើតផង។ ស្គមនៅស្បែកដណ្ដប់ឆ្អឹង»។
ក្នុងចំណោមពលករដែលមានសារធាតុថ្នាំញៀនក្នុងខ្លួន រហូតមានសភាពធ្ងន់ធ្ងរនេះ ២នាក់នៅខេត្តកំពង់ធំ ហើយម្នាក់ទៀត នៅខេត្តកំពង់ឆ្នាំង។ ពលករទាំងនេះ បានឆ្លងទៅធ្វើការនៅប្រទេសថៃ តាមច្រករបៀងដោយខុសច្បាប់ ដែលមានមេខ្យល់ជាអ្នកចាត់ចែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
