កម្ពុជា​ចាប់​ជនជាតិ​ថៃ​៣​នាក់​ពី​បទ​ព្យាយាម​ចរាចរ​លុយ​ក្លែង​ក្លាយ​ជាង​៧​លាន​ដុល្លារ

0:00 / 0:00

ជន​សង្ស័យ ៣​នាក់ សុទ្ធ​តែ​ជា​ជនជាតិ​ថៃ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខាង​ភាគី​កម្ពុជា ចាប់​ខ្លួន​បាន​ភ្លាមៗ​នៅ​ជាយ​ដែន​កម្ពុជា​ថៃ ក្នុង​ស្រុក​ភ្នំព្រឹក នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា។

មុខ​សញ្ញា​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ គឺ​បន្ទាប់​ពី​ជនជាតិ​ថៃ ទាំង ៣​នាក់ ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ​ជា​មេបញ្ជាការ​ជាន់​ខ្ពស់​យោធា​ថៃ ផង​នោះ ព្យាយាម​ចរាចរ​លុយ​ដុល្លារ​ក្លែងក្លាយ​ជាង ៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក មិន​បាន​សម្រេច​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អធិការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ ប្រចាំ​ស្រុក​ភ្នំព្រឹក ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​ខាង​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង និង​ឃុំ​ខ្លួន​ជនជាតិ​ថៃ ទាំង​នោះ​នៅ​ឡើយ នៅ​ក្នុង​អធិការដ្ឋាន​ស្រុក មុន​នឹង​បញ្ជូន​បន្ត​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា។

អធិការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​ភ្នំព្រឹក លោក សារ៉េត វីសេដ្ឋ ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជនជាតិ​ថៃ ទាំង ៣​នាក់​នោះ គឺ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​កម្លាំង​បង្កប់​របស់​សមត្ថកិច្ច​ក្នុង​ប្រទេស​ថៃ បាន​ផ្ដល់​ព័ត៌មាន​មក​ថា ពួក​គេ​មាន​លុយ​ដុល្លារ​ក្លែងក្លាយ​ជាង ៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៧​លាន ១​សែន ៦​ម៉ឺន​ដុល្លារ) ចង់​ដូរ​លុយ​ពិត​ពី​កម្ពុជា។ លោក​បន្ត​ថា លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ខាង​សមត្ថកិច្ច​បាន​បញ្ឆោត​ឲ្យ​ជនជាតិ​ថៃ ទាំង ៣​នាក់ ដឹក​លុយ​ដែល​គ្រោង​ថា​នឹង​ត្រូវ​ធ្វើ​ចរាចរ​គ្រប់​ចំនួន និង​ដោះ​ដូរ​នៅ​មាត់​ច្រក​ព្រំដែន​តែ​ម្ដង។

លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ឡាន​ម៉ាក​វីហ្គោ (Hillux VIGO) ដឹក​លុយ​ក្លែងក្លាយ​ចំនួន ៣​កែស ដែល​លុយ​ទាំង​នោះ​សុទ្ធ​តែ​ក្រដាស ១០០​ដុល្លារ ហើយ​ចូល​មក​ដល់​គោលដៅ​នៅ​ត្រង់​ចំណុច​ភូមិ​អូររំដួល ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក កម្លាំង​មាន​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ខ្លួន​បាន​ភ្លាមៗ៖ «បើ​សិន​ជា​លុយ​ហ្នឹង​ចរាចរ​ចូល​ដល់​ប្រទេស​ខ្មែរ យើង​មិន​ដឹង​ជា​ទៅ​ជា​ស្អី​ទេ។ អ៊ីចឹង យើង​ទប់ស្កាត់​ទាន់​ពេល​វេលា​ដោយ​មាន​បទបញ្ជា​ពី​លោក​ស្នងការ ហើយ​ដឹក​នាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ហ្នឹង ហើយ​មាន​ការ​សម្រប​សម្រួល​ពី​ព្រះរាជ​អាជ្ញា។ យើង​បាន​ប្រតិបត្តិការ​ព្រឹក​មិញ​ហ្នឹង»

របាយការណ៍​ពី​កម្លាំង​មាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនជាតិ​ថៃ ទាំង ៣​នាក់​នោះ មាន​ឈ្មោះ ជិត គិត អាយុ ៤៧​ឆ្នាំ ឈ្មោះ ប្លា មូត មាន​តួនាទី​ជា​យោធា​ថៃ និង​ឈ្មោះ ចំរ៉ាត់ វង្សា ជា​មេបញ្ជាការ​កង​អនុ​សេនា​ធំ​លេខ​៥២ របស់​ថៃ។

ពាក់ព័ន្ធ​នឹង​សំណួរ ថា​តើ​ការ​ធ្វើ​ចរាចរ​លុយ​ដុល្លារ​ក្លែងក្លាយ​ដ៏​ច្រើន​បែប​នេះ អាច​មាន​ជាប់​ទាក់ទិន​នឹង​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ដែរ​ឬ​យ៉ាង​ណា​នោះ? ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ខេត្ត​បាត់ដំបង លោក ជេត វណ្ណី អះអាង​ថា ការ​ជួញ​ដូរ​រូបិយវត្ថុ​ដែល​ផ្ដើម​ដោយ​ភាគី​ថៃ នេះ ទំនង​ជា​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​កម្ពុជា នោះ​ទេ។ ទោះ​ជា​បែប​ណា លោក​និយាយ​ថា នេះ​ជា​របាយការណ៍​បឋម​នៅ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ភស្តុតាង​ទាំង​នេះ គឺ​ជា​បន្ទុក​ដ៏​មាន​សារសំខាន់​ណាស់ ក្នុង​ការ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​បន្ត ក្រោយ​ពី​បញ្ចប់​ការ​ស្រាវជ្រាវ​រួច​រាល់៖ «បញ្ហា​នេះ​ដូចជា​មិន​មាន​ទេ។ គ្រាន់​តែ​យើង​បង្ក្រាប​បាន។ អា​នេះ​ជា​លក្ខខណ្ឌ​មួយ យើង​បង្ក្រាប​បាន​ថា​រូបិយវត្ថុ​ក្លែងក្លាយ»

ចំណែក​បុគ្គលិក​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក ហេង សាយហុង ចាត់​ទុក​ថា នេះ​ជា​មោទនភាព​មួយ​របស់​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ច្រក​ព្រំដែន​កម្ពុជា​ថៃ។ លោក​ទទួល​ស្គាល់​ថា វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​តាម​ប្រមាញ់ ដើម្បី​ទប់ស្កាត់​រឿង​នេះ។ ហេតុ​នេះ អ្វី​ដែល​កម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ពេល​នេះ វា​គឺ​ជា​សំណាង​ល្អ​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​ចៀស​ផុត​ពី​ការ​ប្រើប្រាស់​លុយ​ក្លែងក្លាយ​ដូច​នេះ៖ «មាន​ការ​ប្រសើរ​ណាស់​ដែល​សមត្ថកិច្ច​យើង​នៅ​តាម​ជាយ​ដែន ជាពិសេស​នៅ​តាម​ជាយ​ដែន​ព្រំប្រទល់​កម្ពុជា​ថៃ។ គាត់​មាន​វិធាន​ការ​ល្អ។ រឿង​ការ​ឃាត់ ឬ​ក៏​ចាប់​ក្នុង​បទល្មើស​មួយ ដែល​យើង​មាន​ការ​ពិបាក​ដូច​សព្វថ្ងៃ»

អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ជា​រឿយៗ ប្រទេស​កម្ពុជា តែង​ជួប​បញ្ហា​នេះ ដោយសារ​តែ​ប្រទេស​កម្ពុជា ភាគ​ច្រើន​បំផុត គឺ​ប្រើប្រាស់​រូបិយវត្ថុ​បរទេស ក្នុង​នោះ​មាន​លុយ​ដុល្លារ​ផង នៅ​ជាយ​ដែន​ភាគី​ខាង​លិច និយម​លុយ​បាត​ថៃ។ ដោយ​ឡែក​នៅ​ជាយ​ដែន​ផ្នែក​ខាង​កើត​វិញ និយម​លុយ​ដុង​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។