ពលរដ្ឋ​៣​នាក់​ស្លាប់​ដោយសារ​ផ្ទុះ​មីន​នៅ​ឧត្តរមានជ័យ

ប្រជាពលរដ្ឋ ៣​នាក់ នៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​មីន​ប្រឆាំង​រថក្រោះ ដែល​កប់​ត្រួត​គ្នា​ជាច្រើន​គ្រាប់​សេសសល់​ក្រោម​ដី កាល​ពី​រសៀល​ថ្ងៃ​ទី៣០ ខែ​កក្កដា កន្លង​ទៅ។

អធិការ​នគរបាល​ស្រុក​ត្រពាំងប្រាសាទ លោក កែវ តាន់ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី៣១ ខែ​កក្កដា ថា កុមារ ២​នាក់ និង​បុរស​ម្នាក់​ដែល​ស្លាប់​នោះ គឺ​ជា​អ្នក​ភូមិ​ទំនប់​អភិវឌ្ឍន៍ នៃ​ឃុំ​អូរស្វាយ៖ «គាត់​បរ​រទេះ​ក្របី ដឹក​ដើម​ត្រាច ដើម​ខ្លុង​យើង គេ​អារ​ធ្វើ​ផ្ទះ​ហ្នឹង​ណា ហើយ​ផ្លូវ​ហ្នឹង​ពី​ដើម​អត់​មាន​ទេ តែ​ក្រោយ​មក គេ​ចេះ​តែ​កាត់​ពី​នេះ​កាត់​ពី​នោះ ដឹក​ដៀវ​អី វា​ចេះ​តែ​កើត​ជា​ផ្លូវ​ទក់ៗ គាត់​ដឹក​ចេញ​ទិសដៅ​ក្នុង​បំណង​មក​ផ្ទះ។ ផ្ទុះ​ទៅ ស្លាប់​ឪពុក​ម្នាក់ កូន​ស្រី​ម្នាក់ ហើយ​ក្មួយ​ប្រុស​នៅ​ជាមួយ​ម្នាក់​ទៀត ឯ​ប្រពន្ធ​ដើរ​តាម​ក្រោយ ៥០​ម៉ែត្រ នោះ​អត់​អី​ទេ»

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា តំបន់​ដែល​ផ្ទុះ​មីន​នោះ គឺ​ជា​អតីត​ខ្សែ​ត្រៀម​ចុង​ក្រោយ​សម្រាប់​ការពារ​មូលដ្ឋាន​យោធា​របស់​ខ្មែរ​ក្រហម។ តំបន់​នោះ គឺ​មិន​ទាន់​បោស​សម្អាត​មីន​នៅ​ឡើយ​ទេ ដោយ ២-៣​ឆ្នាំ​ជាប់ៗ​គ្នា​មក​នេះ គឺ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រងគ្រោះ​ដោយសារ​ផ្ទុះ​មីន​នៅ​ពេល​ចូល​ទៅ​ក្នុង​ព្រៃ​ទី​នោះ។

អាជ្ញាធរ​តែង​ផ្សព្វផ្សាយ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ក្នុង​ព្រៃ​តំបន់​នោះ ហើយ​អ្នក​ភូមិ​ដែល​រស់នៅ​ជា​យូរ​មក​ហើយ សុទ្ធតែ​បាន​ដឹង​ថា តំបន់​ព្រៃ​នោះ​គ្រោះថ្នាក់។ ក៏ប៉ុន្តែ បុរស​ដែល​ស្លាប់​នោះ គឺ​ទើប​ផ្លាស់​ទី​លំនៅ​ពី​ស្រុក​ទ្រាំង ខេត្ត​តាកែវ ទៅ​រស់នៅ​ជិត​តំបន់​គ្រោះថ្នាក់​រយៈពេល​ប្រមាណ​ជាង ៣​ឆ្នាំ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។